រដ្ឋាភិបាលណែនាំ៤ចំណុច លើកា៖ ររៀបចំបណ្ដាញអគ្គិសនីសុវត្ថិភាពក្នុងអគារ និងលំនៅដ្ឋាន

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសេចក្តីព្រាង បទប្បញ្ញតិ្តបច្ចេកទេសអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រៀបចំបណ្ដាញអគ្គិសនីប្រកបដោយសុវត្ថិភាពនៅក្នុងអគារ និងលំនៅដ្ឋាន ដែលម្ចាស់អគារ និងម្ចាស់លំនៅដ្ឋាន ត្រូវតែអនុវត្តដើម្បីបង្ការការពារហានិភ័យដែលកើតឡើ។

គន្លឺះសំខាន់ៗចំនួន៤ ដែលម្ចាស់អគារ និងលំនៅដ្ឋានត្រូវតែអនុវត្តជាចំាបាច់រួមមានដូចខាងក្រោម ៖

១. ការសាងសង់ ការដំឡើង និងការការពារបរិក្ខារអគ្គិសនីទាំងអស់ត្រូវដំឡើង ដាក់បរិធានការពារ និងអាចឱ្យគេថែទាំ ត្រួតពិនិត្យ និងការសាកល្បងបានគ្រប់ពេល

២. បរិក្ខារ ខ្សែចម្លងទាំងអស់ត្រូវមានសមត្ថភាពអាចឱ្យគេប្រើរហូតដល់កម្លាំងអតិបរមារបស់ឧបករណ៍ ឬគ្រឿងទទួលអគ្គិសនី

៣. ខ្សែចម្លងអគ្គិសនីទាំងអស់ត្រូវមានអ៊ីសូឡង់ការពារត្រឹមត្រូវ ឬត្រូវបានតម្លើង និងធានាសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់

៤. គ្រប់តំណ និងការតភ្ជាប់ត្រូវរៀបចំឱ្យបានត្រឹមត្រូវដោយគិតដល់ភាពចម្លងអគ្គិសនីមានអ៊ីសូឡង់ និងភាពធនមេកានិច និងការការពារឱ្យបានគ្រប់គ្រាន់។

នៅក្នុងលំនៅដ្ឋាន ជាទូទៅខ្សែបណ្តាញមានសភាពសាមញ្ញ តែមានចំនួនច្រើនទៅតាមចំនួនបន្ទប់ ទំហំបន្ទប់ ចំនួនឧបករណ៍ប្រើប្រាស់ និង អានុភាពប្រើប្រាស់ ។ ធាតុផ្សេងៗនៃខ្សែបណ្តាញមាន ប្រអប់បញ្ជារួម ខ្សែមេ ឬ ទ្វារចរន្ត ប្រអប់បំបែក ខ្សែផ្តល់ចរន្ត ចំណុចបញ្ជា ឬ តភ្ជាប់ និង ខ្សែប្រើប្រាស់ចរន្ត ។

ខ្សែមេ ឬ ខ្សែទ្វារចរន្ត ជាខ្សែដឹកនាំថាមពលក្នុងផ្ទះទៅដល់ឧបករណ៍មួយចំនួនធំ ឬ មួយចំនួនតូច ដែលមានអានុភាពធំ ។ខ្សែផ្តល់ចរន្ត គឺជាខ្សែសម្រាប់ផ្តល់ចរន្តដល់ក្រុមឧបករណ៍ ដែលត្រូវបញ្ជាចេញពីចំណុចមួយក្នុងលំនៅដ្ឋាន ។ ជាទូទាំ ចំណុចបញ្ជាគឺនៅនឹងមាត់ទ្វារ ឬ នៅតាមទីកន្លែងធ្វើការ ឬ នៅជិតក្រុមឧបករណ៍ ។ ខ្សែប្រើប្រាស់ គឺខ្សែដែលភ្ចាប់ពីចំណុចបញ្ជាទៅឧបករណ៍អគ្គិសនី ៕

ស្ពានអាកាសថ្មើរជើងថ្មីនឹងបង្ហាញខ្លួននៅផ្លូវជាតិលេខ៥ នៃខេត្តពោធិ៍សាត់

ដោយ ៖ រ៉ាណេត

ពោធិ៍សាត់ ៖ រដ្ឋបាខេត្តពោធិ៍សាត់គ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ជាលើកដំបូងរបស់ខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសម្រួលដល់ការធ្វើដំណើរព្រមទាំងគ្រោះថា្នក់ចរចរណ៍។

ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ ( SPACE MEDIA ) នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យ និងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែងសម្រាប់សាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ដែលសាងសង់ឡើងនៅពេលខាងមុខនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ធ្លាប់បានមានប្រសាសន៍ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះផងដែរ។

ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ទើបតែត្រូវបានស្ថាបនា និងកែលម្អថ្មី។ ជាមួយនឹងវត្តមានស្ពានអាកាសនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។

ខេត្តពោធិ៍សាត់ ក៏មានគម្រោងកែលម្អសោភ័ណភាពក្រុងឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ៕

ថៃពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ត្រៀមទទួលអ្នកដំណើររហូតដល់ ១៥លាននាក់ ក្នុងឆ្នាំ ២០២១

ដោយ ៖ ហ្សូលី

បាងកក ៖ ការពង្រីកស្ថានីយ៍អ្នកដំណើររបស់អាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បានបញ្ចប់ជាស្ថាពរ ក្រោយពីការផ្អាកសាងសង់អំឡុងពេលជំងឺ Covid-19 រាតត្បាតកាលពីពេលកន្លងទៅថ្មីៗ។

យោងតាមប្រធានអាកាសយានដ្ឋានប្រទេសថៃ លោក Nitinai Sirismatthakarn បានឱ្យដឹងថា ស្ថានីយ៍អ្នកដំណើរមួយនេះត្រៀមដាក់ឱ្យដំណើរការប្រើប្រាស់នៅក្នុងខែមេសា ឆ្នាំ២០២១ខាងមុខ។ វាមិនត្រឹមតែកាត់បន្ថយភាពអ៊ូអរប៉ុណ្ណោះទេ តែបង្កើនសមត្ថភាពបន្ថែមដែលអាចទទួលអ្នកដំណើរប្រមាណ ១៥លាននាក់សម្រាប់អាកាសយានដ្ឋានទាំងមូល។

គម្រោងពង្រីកអាកាសយានដ្ឋាននេះនឹងមានចំណតរថយន្ត ២៨ កន្លែង កាត់បន្ថយការកក់ស្ទះ និងអនុញ្ញាតឱ្យមានទីតាំងធំទូលាយងាយស្រួលធ្វើដំណើរ។ អ្នកជំនាញព្យាករណ៍ថា អាកាសយានដ្ឋានសុវណ្ណភូមិ មានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១៥ លាននាក់ ក្នុងមួយឆ្នាំ។

ឧបករណ៍ទំនើបៗដូចជា ប្រព័ន្ធរថភ្លើងអេឡិចត្រូនិច ផ្លូវដើរស្វ័យប្រវត្តិ អាចដឹកជញ្ជូនអ្នកដំណើរប្រមាណ ៦០០០នាក់ ក្នុងមួយម៉ោង ដោយប្រើប្រាស់ផ្លូវក្រោមដីតភ្ជាប់ទៅកាន់ស្ថានីយ៍អ្នកដំណើរផ្ទាល់។

មេរោគរាតត្បាតបង្អាក់ដំណើរការសាងសង់អាកាសយានដ្ឋាននេះ នាំឱ្យការផ្គត់ផ្គង់សម្ភារៈមានភាពយឺតយ៉ាវក្នុងការដឹកជញ្ចូន ចំណែកឯអ្នកជំនាញមកពីក្រៅប្រទេសមិនអាចចូលមកក្នុងប្រទេសបាន ដោយសារការរឹតបន្តឹងការធ្វើដំណើរ។

សំណង់អគារស្ថានីយ៍ទាំងមូលបានចប់សព្វគ្រប់អស់ហើយ នៅសល់តែការរចនាម៉ូដ និងការតុបតែងផ្នែកខាងក្នុងប៉ុណ្ណោះ ដែលស្ថិតនៅក្នុងការពិភាក្សាសម្រេចបញ្ចប់។ អាកាសយានដ្ឋានថៃកំពុងធ្វើការនៅលើប្រព័ន្ធ APM ដែលបំពាក់នៅអគារផ្កាយរណប ហើយបច្ចុប្បន្នដំណើរការសាងសង់ប្រមាណ ៧០ ភាគរយ។

បើគិតសរុបទាំងអគារផ្កាយរណប អាចនឹងរួចរាល់នឹងក្នុងខែមេសា ឆ្នាំ ២០២២៕

សេដ្ឋកិច្ចរបស់អាមេរិកបានដាំក្បាលចុះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ដោយ៖ ចរិយា

អន្តរជាតិ ៖ សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅក្នុងអត្រា ដែលមិនធ្លាប់មានពីមុនមក ហើយសេដ្ឋកិច្ចអាមេរិកនឹងទំនងជាធ្លាក់ក្នុងឆ្នាំនេះជាលើកដំបូង បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក។

ផលិតផលក្នុងស្រុកសរុប (GDP) របស់សេដ្ឋកិច្ចអាមេរិក និងសេវាកម្មទាំំងឡាយ បានធ្លាក់ចុះនៅអត្រា ៣១.៤ភាគរយ នៅក្នុងត្រីមាសមួយគិតពីខែមេសា ដល់មិថុនា មានការប្រែប្រួលតែបន្តិចពីការប៉ាន់ស្មានកាលពីមួយខែមុនគឺ ៣១.៧ភាគរយ។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋានពាណិជ្ជកម្មអាមេរិក។

ការតាមដានចុងក្រោយរបស់រាជរដ្ឋាភិបាលនៅក្នុងត្រីមាសទី២បានបង្ហាញពីការធ្លាក់ច្រើនជាងមុន៣ដង ដែលត្រឹម១០ភាគរយប៉ុណ្ណោះនៅត្រីមាសទី១នៃឆ្នាំ១៩៥៨ ដែលមានលោក Dwight Eisenhower ជាប្រធានាធិបតី ដែលកាលនោះគឺជាការធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ។
សេដ្ឋកិច្ចវិទូបានជឿជាក់ថា សេដ្ឋកិច្ចនឹងកើនឡើងវិញក្នុងអត្រា ៣០ភាគរយ បើមានដំណើរការអាជីវកម្មឡើងវិញ និងមនុស្សរាប់លាននាក់ត្រលប់ទៅធ្វើការងារវិញ។

កាលពីពេលលោក Harry Truman ជាប្រធានាធិបតី ការកើនឡើងសេដ្ឋកិច្ចដំបូង១៦.៧ភាគរយ។
រដ្ឋាភិបាលនឹងមិនចេញផ្សាយរបាយការណ៍ GDP ចាប់ពីខែកក្កដា-កញ្ញា រហូតដល់ថ្ងៃទី២៩ ខែតុលា មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរយះពេល៥ថ្ងៃ។

ខណ:ពេលនេះ Donald Trump កំពុងពឹងផ្អែកទាំងស្រុងទៅលើការងើបឡើងវិញនៃសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអោយគាំំទ្ររដ្ឋបាលរបស់លោកជាលើកទីពីរ។ សេដ្ឋវិទូបាននិយាយថា អ្វីៗនឹងវិញត្រឡប់មកវិញក្នុងរយះពេលយូរ។

សេដ្ឋវិទូបានព្យាករណ៍ថា ការកើនឡើងវិញក្នុងរយះពេល ៣ខែចុងក្រោយនេះ ត្រឹមតែអត្រា៤ភាគរយ ហើយអាមេរិកអាចនឹងដួលរលំយ៉ាងពិតប្រាកដ ប្រសិនបើសភាបរាជ័យក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងការងើបឡើងវិញនៃការឆ្លង Covid-19។ ខណ:ពេលនេះមានការរាតត្បាតកំពុងកើតឡើងនៅតាមបណ្ដាលរដ្ឋផ្សេងៗ រួមទាំងទីក្រុងញូវយ៉កផងដែរ។

លោក Gus Faucher ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនPNC financial Services បានមានប្រសាសន៍ថា “មានចំណុចគ្រោះថ្នាក់ជាច្រើននៅទីនោះ។ ពួកយើងកំពុងដោះស្រាយជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់មួយចំនួនដែលបណ្ដាលមកពីការរាតត្បាតសកល”។

ក្នុងឆ្នាំ២០២០នេះ សេដ្ឋវិទូបានរំពឹងថា GDP ធ្លាក់ចុះត្រឹមតែ៤ភាគរយ ដែលនេះជាការធ្លាក់ចុះប្រចាំឆ្នាំដំបូងនៃផលិតផលក្នុងស្រុកសរុបចាប់តាំងពីការធ្លាក់ចុះ២.៥ភាគរយក្នុងឆ្នាំ២០០៩ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច៕

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល៖ ការអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញដើម្បីលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព

ដោយ៖វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការអភិវឌ្ឍន៍ម មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនាថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ជាមួយនឹងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ គឺជាទិសដៅក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី បន្តថា ក្រសួងនិងក្រុមហ៊ុនYCH និងក្រុមហ៊ុន IA បានពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេស បម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា ដើម្បីជំរុញឱ្យគម្រោងនេះមានដំណើរការកាន់តែរលូន និងឆ្ពោះទៅមុខ តាមផែនការ ក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ ហើយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានការណែនាំនិងចង្អុលបង្ហាញបន្ថែម មុនចាប់ផ្តើមកិច្ចប្រជុំលើកក្រោយ។

លោកបញ្ជាក់ទៀតថា ក្រសួងនិងក្រុមហ៊ុនYCH និងក្រុមហ៊ុន IA បានផ្ដល់ធាតុចូលដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានណែនាំឱ្យក្រុមការងារចំពោះកិច្ចធ្វើការងារនេះឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការរលូនស្របតាមកាលវិភាគ ដែលបានគ្រោងទុក៕

អ្នកលក់អចលនទ្រព្យ មានជម្រើសពីរលើការបង់ពន្ធលើចំណេញមូលធន

ដោយ៖ ប៊ី
ភ្នំពេញ៖ បន្ទាប់មានការព្រួយបារម្ភអំពីពន្ធលើចំណេញមូលធន ក្នុងអត្រាពន្ធ ២០ភាគរយ ដែលនឹងដាក់ឱ្យអនុវត្តពីដើមឆ្នាំ ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់លម្អិតពីពន្ធលើចំណេញមូលធន និងលើកថា អ្នកលក់អចលនទ្រព្យ មានជម្រើសពីរលើការបង់ពន្ធលើចំណេញមូលធន។

ថ្លែងក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ស្តីពី ពន្ធលើចំណេញមូលធន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កន្លងទៅ មានមតិមហាជន តែងតែលើកឡើងថា ពន្ធនេះមានអត្រា ២០ ភាគរយ ដែលជាទូទៅគឺមានការលើកឡើង ការព្រួយបារម្ភ ដូចជាការរអ៊ូរទាំដែរថា អត្រា ២០ ភាគរយនេះខ្ពស់ តែ២០ភាគរយនេះគឺសូមជម្រាបជួនថា បន្ទាប់ពីការកាត់កងការចំណាយហើយ ដូច្នេះរដ្ឋាភិបាលបានអនុគ្រោះ ៨០ភាគរយ ដោយទុក ២០ភាគរយដើម្បីយកមកគណនាជាមួយអត្រា២០ភាគរយនេះ។

លោក បានថ្លែងថា បើនិយាយរួមទៅវាប្រមាណជា ៤ភាគរយ។ ៤ភាគរយចំពោះរូបវ័ន្ធបុគ្គលទូទៅដែល។ នេះជាមូលដ្ឋាននៃគិតពន្ធ។ បើមិនមានមូលដ្ឋានអីទេ យើងខ្ញុំយកតាមប្រកាសតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយដកចេញ ៨០ភាគរយ ហើយគុណនឹង២០ភាគរយនេះតែម្តង។

លោក បានឱ្យដឹងទៀតថា យើងមិនមែនយកបញ្ញាត្តិនេះ តាមប្រទេសនានានោះទេ គឺយើងយកទៅតាមសភាពការជាក់ស្តែងនៃប្រទេសកម្ពុជា។ បើយកទៅតាមប្រទេសអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍មួយចំនួនទៀត អត្រាខ្ពស់ជាងកម្ពុជាឆ្ងាយណាស់ ដូច្នេះហើយយើងយកតែ ២០ភាគរយ នៃ២០។ វាអាចស្មើប្រហែល ៤ភាគរយ បើគិតតាមតម្លៃនៃអចលនទ្រព្យ ដែលប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺទាបជា ៤ភាគរយនេះទៀត ដូច្នេះក្នុងរង្វង់ពី ២ទៅ៣ភាគរយ ទៅតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ថា ទឹកប្រាក់បង់ពន្ធប្រហែលជាទាបជាងប្រាក់កំរៃជើងសារ ដែលអ្នកលក់បានបង់ទៅឱ្យភ្នាក់ងារ ហើយកំរៃជើងសារជាទូទៅគឺ ៣ភាគរយ។
លោក ដូច្នេះវាមិនមែន ២០ភាគរយលើចំណុលដុល ដែលមហាជនមួយចំនួនបានលើកឡើងនោះទេ។

លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ពន្ធនេះត្រូវបានកំណត់ដោយច្បាប់ ឱ្យយកតាំងតែពីឆ្នាំ ២០០៧មកម្លេះ ប៉ុន្តែដោយសារថា សភាពការសេដ្ឋកិច្ចរបស់កម្ពុជា មិនទាន់អំណោយផល ហើយរាជរដ្ឋាភិបាល បានពន្យាពេលមកដល់សព្វថ្ងៃនេះ។

លោក ប្រសាសន៍ថា “មានសំនួរមួយចំនួន សួរថា ហេតុចាំបាច់យកពន្ធនេះ ខ្ញុំជម្រាបជួនថា ប្រជាជនកម្ពុជាទាំងអស់ត្រូវមានការចូលរួមចំណែកក្នុងការបង់ពន្ធ ដើម្បីផលប្រយោជន៍នៃថវិកាជាតិ។ បើយើងពិនិត្យកន្លងយូរមកហើយ សូម្បីតែនាយោជិតរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ និងកម្មករផ្សេងៗដែលមានប្រាក់បៀវត្តន៍ជាប់ដល់កម្រិតត្រូវបង់ពន្ធ គឺគេបានចូលរួមចំណែកបង់ពន្ធយូរមកហើយ”។

ក៏ប៉ុន្តែដោយឡែកចំពោះ រូបវន្តបុគ្គលមួយចំនួន ដែលប្រកបរបរខាងវិស័យអចលនទ្រព្យ គឺពុំបានចូលរួមឱ្យបានគ្រប់គ្រាន់ទៅតាមកាតព្វកិច្ចរៀងៗខ្លួនទេ មានន័យថា បើសិនជាមានប្រាក់ចំណូល គឺត្រូវបង់។ នេះជាផ្នែកមួយនៃប្រាក់ចំណូលដែលប្រជាជនគ្រប់រូបមានកាតព្វកិច្ចបង់ចំពោះរដ្ឋ។

មានសំនួរខ្លះលើកឡើងថា ហេតុអ្វីបានពន្ធថ្លៃរហូតដល់ ២០ភាគរយ? បងប្អូនមួយចំនួនច្រឡំថា ពន្ធនេះស្មើនឹង ២០ភាគរយនៃតម្លៃលក់។ លោក បានពន្យល់ថា អត្រា ២០ភាគរយលើកម្រិតចំណេញមូលធន ដែលសម្រេចបានដោយរូបវត្តបុគ្គល។
ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់ ទិញដី ឬទិញអគារណាមួយក្នុងតម្លៃ ១០ ម៉ឺន។ បើគាត់លក់ទៅវិញ គាត់មានឯសារត្រឹមត្រូវ មានការបញ្ជាក់ច្បាសលាស់ ពីស្ថាប័នមានសមត្ថកិច្ច ហើយគាត់លក់ទៅវិញទាបជាតម្លៃនេះ ដោយគាត់មានឯកសារការពារថា គាត់បានលក់ត្រឹមត្រូវដូច្នេះមែន។ បើគាត់លក់ខាត គាត់មានបង់ពន្ធលើមូលធននោះទេ។

ប៉ុន្តែប្រសិនបើគាត់លក់លើសពីតម្លៃ ដែលគាត់ទិញ។ ឧទាហរណ៍គាត់លក់ក្នុងតម្លៃ ១៥ ម៉ឺន គឺគាត់មានជម្រើសពីរ។ គាត់អាចជ្រើសយកវិធីណាមួយ ដែលគាត់ចំណេញជាង។ ឧទាហរណ៍ថា ប្រសិនគាត់ទិញមកតម្លៃ ១០ ម៉ឺន គាត់ចំណាយលើការកែលម្អ ២ម៉ឺន គាត់ក្ចីលុយធនាគារមកបង់ការប្រាក់ ឬចំណាយលើសេវាផ្សេងៗ ១ម៉ឺនទៀត និងចំណាយផ្សេងៗ គាត់លក់ចេញ ១៥ ម៉ឺន ហើយចំណេញតែ ១ម៉ឺនម ដូច្នេះគាត់មានឯកសារច្បាស់លាស់ត្រឹមត្រូវ ដូច្នេះយក ១ម៉ឺន ត្រូវយកគុណនឹង ២០ ភាគរយ។

ប្រសិនបើគាត់អត់ឯកសារនោះទេ យើងបើប្រាស់វិធីហៅថា កំណត់នូវកាត់កងរបស់គាត់។ ឧទាហរណ៍ គាត់លក់បាន ១៥ម៉ឺន។ បើសិនជាគាត់មានឯកសារទិញតម្លៃទាបពេក ដែលនាំឱ្យចំណេញច្រើន គាត់បង់ពន្ធចំណេញលើមូលធនច្រើន គាត់អាចជ្រើសរើសលើវិធីកាត់កងតាមការកំណត់ គឺយើងឱ្យគាត់ចំណេញ ២០ភាគរយ ដូច្នេះ ២០ភាគរយនៃ ១៥ម៉ឺន គឺគណនាឃើញប៉ុន្មាន យើងយកគុណ២០ភាគរយ៕

រយៈពេល៩ខែ កម្ពុជាបានបង្កើនការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិបានជិត៦លានតោន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៩ខែនៃឆ្នាំ២០២០ ដែលកំពុងតែប្រឈមនឹងការគំរាមកំហែងនៃវិបត្តិសេដ្ឋកិច្ចសកលនៃជំងែ Covid-19 នៅលើសាកលលោក សម្រាប់ប្រទេសកម្ពុជា បានធ្វើពិពិធកម្មបង្កើនលទ្ធភាពនៃការផលិត ផលិតផលកសិកម្ម និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានជិត៦តោន។

តាមរយៈរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលបង្ហាញនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជិត៦លានតោន។

ចំនួន និងប្រភេទផលិតផលកសិកម្មដែលត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិទាំងអស់នោះរួមមានដូចជា៖
១៖ អង្ករសម្រេចបាន ៤៨៨ ៧៧៥ តោន មានកំណើន ២២.៦៣% ធៀបទៅនឹងរយៈពេល៩ខែដើម ឆ្នាំ២០១៩ (៣៩៨ ៥៨៦ តោន) បាននាំចេញទៅកាន់ ៦០ ប្រទេស។
២៖ ស្រូវសម្រេចបាន ១ ៣៩២ ៣០៦ តោន, ថយចុះប្រមាណជា១៧% ធៀបប្រៀបទៅឆ្នាំ២០១៩, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
៣៖ គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០.៥%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ។
៤៖ គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់។
៥៖ ចេកស្រស់ សម្រេចបាន ២៣៥ ១៧១.៦៣ តោន មានកំណើន ២២៥.៦៩%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
៦៖ ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់ប្រទេសថៃ។
៧៖ ដំណាប់ស្វាយ សម្រេចបាន ៤ ៩៩៨.៦៤ តោន បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។
៨៖ ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ។
៩៖ ចំណិតដំឡូងមីក្រៀម សម្រេចបាន ១ ២០២ ៦៤៤.៨១តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)
១០៖ ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៦.៧២%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និងអ៊ីតាលី។
១១៖ ស្វាយស្រស់ សម្រេចបាន ៦២ ៩២០.៥៦ តោន មានកំណើន ១៥៨.៨៣%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង។
១២៖ ម្រេច សម្រេចបាន ៤ ១២១.៩៥ តោន មានកំណើន ១២៣.៧៦% បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
១៣៖ ម្ទេសស្រស់ ៥៥ ១៥៤.៦០ តោន និងម្ទេសក្រៀម ១ ៥០០ តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ២០១៩, បាននាំចេញទៅកាន់ប្រទេសថៃ។
១៤៖ បន្លែ សម្រេចបាន ៨៧.៥៧ តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់។ ទន្ទឹមនឹងនេះកម្ពុជា ក៏មានផលិតផលកសិកម្មជាច្រើនមុខទៀត ដែលបាននាំចេញ។

សូមជម្រាបថា គិតមកទល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហិកតា ក្នុងនោះមានស្រូវស្រាលចំនួន ៨២៨ ៧៣៣ ហិកតា ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហិកតា, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហិកតា, ស្រូវចម្ការចំនួន ២០ ៦៦៨ ហិកតា និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហិកតា។

សម្រាប់ការប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហិកតា ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣.៨១តោន/ហិកតា៕

វិនិយោគិនអន្តរជាតិកាត់បន្ថយការទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ ៖ វុត្ថា

ពិភពលោក ៖ វិនិយោគិនអន្តរជាតិបានកាត់បន្ថយការចំណាយយ៉ាងច្រើនលើការទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បើធៀបទៅនឹងតំបន់ផ្សេងទៀត ស្របពេលដែលមាការរីករាលដាលនៃជំងឺ Covid-19 និងនៅតែជាបញ្ហាប្រឈម។

យោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ទំហំសរុបនៃការទិញអចលនទ្រព្យពាណិជ្ជកម្មរួមមានអគារការិយាល័យ ការិយាល័យលក់រាយ និងសណ្ឋាគារមានការថយចុះប្រមាណ ៦៥ភាគរយ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញបរិមាណនៅទ្វីបអាមេរិចបានធ្លាក់ចុះត្រឹមតែ ២៥ភាគរយ ក្នុងឆមាសទី ១ នៃឆ្នាំនេះ ខណៈនៅទ្វីបអាហ្រ្វិក ទ្វីបអឺរ៉ុប និងមជ្ឈឹមបូព៌ាមានការធ្លាក់ចុះបន្តិចបន្តួច។

ធនាគារអន្តរជាតិ Bank for International Settlements ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ដែលបានចេញផ្សាយនូវបាយការណ៍នេះបានឱ្យដឹងថា វិនិយោគិនអន្តរជាតិ ត្រូវបានហាមឃាត់ដោយសារប្រឈមនឹងទៅនឹងការផ្ទុះឡើងនូវជំងឺ Covid-19 ជាសកល ដែលជំរុញឱ្យពួកគេមិនហ៊ានចំណាយលើការទិញអចលនទ្រព្យពាណិជ្ជកម្មនៅក្រៅប្រទេស។

ធនាគារអន្តរជាតិ BIS បានបន្តថា កំណើននៃចំនួនមនុស្សឆ្លងនូវជំងឺ Covid-19 ជាច្រើនករណីបានបង្ខំឱ្យប្រទេសនានាដូចជាប្រទេសចិន និងសឹង្ហបុរី បានរឹតត្បិតចេញចូលតាមព្រំដែន និងបិទប្រទេសទាំងស្រុងនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងនូវចំនួនមនុស្សឆ្លងនៅក្នុងប្រទេសខ្លួន ដែលធ្វើឱ្យវិនិយោគិនពិបាកចុះកិច្ចព្រមព្រៀងទិញលក់អចលនទ្រព្យពាណិជ្ជកម្ម។

ទោះបីប្រទេសទាំងនេះ បានបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនវិញជាបណ្តើរៗក៏ដោយ ក៏ប្រទេសទាំងនោះនៅតែមានការប្រុងប្រយ័ត្នក្នុងការរឹតបន្តឹងចំពោះការធ្វើដំណើររបស់វិនិយោគិនអន្តរជាតិ ខណៈចំនួនករណីមនុស្សឆ្លងជំងឺ Covid-19 ថ្មីនៅក្នុងពិភពលោកនៅតែមាន ដែលគំរាមកំហែងដល់កិច្ចប្រឹងប្រែងដល់ការទប់ស្កាត់របស់ប្រទេសទាំងនោះ។

ដោយមើលឃើញពីសារៈសំខាន់នៃអចលនទ្រព្យចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី អ្នកធ្វើគោលនយោបាយបានពិចារណាលើការកាត់បន្ថយភាពប្រែប្រួលនៃទីផ្សាររួមទាំងការរឹតត្បិតលើលំហូរចូលបរទេស។ របាយការណ៍បានរកឃើញថា តម្លៃអចលនទ្រព្យពាណិជ្ជកម្ម គឺស្មើនឹងជាង ១០០ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅទីក្រុងហុងកុង និងប្រហែល ៤៧ ភាគរយនៅប្រទេសសិង្ហបុរី។

ទំហំហិរញ្ញវត្ថុឆ្លងកាត់ព្រំដែនដូចជាមូលនិធិអចលនទ្រព្យ និងការវិនិយោគលើអចលនទ្រព្យបានបង្ហាញពីការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្លាក់ចុះដល់ ៦១ ភាគរយនៃប្រតិបត្តិការទាំងអស់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះពី ៧៤ ភាគរយកាលពីឆ្នាំមុន។

ធនាគារអន្តរជាតិ BIS បន្ថែមថា បរិមាណលុយដុល្លារអាមេរិកបានធ្លាក់ចុះពី ២៩ ពាន់លានដុល្លារមកនៅត្រឹម ១៨ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការវិភាគទិន្នន័យរបស់ក្រុមហ៊ុន Real Capital Analytics ។

របាយការណ៍បានរកឃើញដែរថា ប្រទេសជប៉ុនមានការការទិញលំនៅដ្ឋានពហុគ្រួសារកាន់តែច្រើនឡើង ៗ ពីសំណាក់វិនិយោគិនអន្តរជាតិជាពិសេសពីសហរដ្ឋអាមេរិកដែលបានដកថយពីតំបន់ផ្សេងទៀត។

របាយការណ៍នេះបញ្ជាក់ថា សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តមានបញ្ហាប្រឈមលើប្រតិបត្តិការទិញលក់អចលនទ្រព្យពាណិជ្ជកម្ម។ នៅក្នុងរយៈពេលមធ្យម ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតអាចទទួលនូវរងផលប៉ះពាល់ដោយសារបញ្ហាប្រាក់កម្ចី និងការធ្លាក់ចុះសកម្មភាពនៅក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្ម ប្រសិនបើជំងឺ Covid-19 នៅតែបន្តមានរយៈពេលយូរ ហើយរដ្ឋាភិបាលបានបញ្ចប់ការគាំទ្រដល់ការចុះកិច្ចសន្យាមុនពេលសេដ្ឋកិច្ចងើបឡើងវិញ៕

សមាគមCVEA កំពុងរៀបចំវគ្គបណ្តុះបណ្តាលជំនាញ Property Management ដើម្បីលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជំនាញលើការផ្តល់សេវា និងគ្រប់គ្រងអចលនវត្ថុ ជាពិសេសអគារធំៗ (Property Management) គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងវិស័យអចលនទ្រព្យ ខណៈដែលផ្នែកមួយនេះហាក់ត្រូវបានគេមើលរំលង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះថា ជំនាញលើការគ្រប់គ្រង់អចលនវត្ថុ ឬគ្រប់គ្រងអគារធំៗនៅកម្ពុជាមិនសូវមានអ្នកចាប់អារម្មណ៍ ហើយក៏មិនសូវសម្បូរក្រុមហ៊ុនវិនិយោគនោះទេ ខណៈដែលផ្នែកមួយនេះមានសារសំខាន់ និងមានទីផ្សារទូលាយ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តថា “ដោយមើលឃើញពីចំណុចខ្វះខាតទាំងនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានរៀបចំកម្មវិធីសម្រាប់បណ្តុះបណ្តាលពីជំនាញ និងការផ្តល់សេវាកម្មក្នុងផ្នែកមួយនេះ ដោយបើកឱកាសដល់បណ្តាសាធារណៈជនដែលចាប់អារម្មណ៍ ជាពិសេសសិស្ស និស្សិត ដែលមានចំណូលចិត្តផ្នែកការគ្រប់គ្រង់ និងផ្តល់សេវាថែទាំអគារ ចូលមកទទួលការសិក្សាបានជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលត្រូវបានកំណត់ដោយសមាគម”។

លោកបានបញ្ជាក់ថា “មិនថាអគារពាណិជ្ជកម្ម ខុនដូ អាផាត សណ្ឋាគារ ឬលំនៅដ្ឋានគ្រប់ប្រភេទនោះទេ សុទ្ធតែត្រូវការប្រើប្រាស់នូវសេវា Property Management ទាំងអស់ ដើម្បីអាចរក្សាបាននូវសោភ័ណភាព និងគុណភាពនៃសំណង់បានយូរអង្វែង ហើយម្ចាស់សំណង់មិនចាំបាច់ព្រួយបារម្ភក្នុងការថែទាំដោយខ្លួនឯងនោះទេ។ បច្ចុប្បន្បការផ្តល់សេវាកម្មមួយនេះនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ ខណៈដែលទីផ្សារអចលនទ្រព្យ ជាពិសេសវត្តមាននៃសំណង់អាគារជាច្រើន បាន និងកំពុងរីកដុះស្អេកស្កះនៅកម្ពុជា”។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយមានអ្នកជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង និងធ្វើឱ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែទាំ និងជួសជុលអគារទាំងមូល។

លោកស្រីបន្តថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឱ្យអចលនទ្រព្យនោះទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញគ្រប់គ្រងអចលនទ្រព្យបែបនេះច្រើននៅឡើយ”។

លោកស្រី អាន សុធីតា បានបញ្ជាក់ថា “ការផ្តល់សេវាគ្រប់គ្រងអាគារឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើយថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ”៕

តម្លៃអចលនទ្រព្យនៅកណ្តាលរាជធានីភ្នំពេញមិនមានការប្រែប្រួលនោះទេ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ បើទោះបីជាកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិជំងឺ Covid-19 រហូតមកដល់ពេលនេះយ៉ាងណាក្តី ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ នៅតែរក្សាបានភាពរឹងមាំ និងមិនមានការប្រែប្រួល ឬធ្លាក់ចុះនោះទេ។

លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០នេះថា វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចនៅក្នុងពិភពលោក បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីមានការផ្ទុះឡើយនូវជំងឺ Covid-19 ប៉ុន្តែសម្រាប់តម្លៃអលចនទ្រព្យនៅកណ្តាលក្រុងភ្នំពេញស្ថិតនៅថេរ។

លោកស្រីពន្យល់ថា “តម្លៃអចលនទ្រព្យកណ្តាលក្រុងភ្នំពេញ រហូតមកដល់ពេលនេះ គឺមិនមានការធ្លាក់ថ្លៃនោះទេ ពោលគឺតម្លៃនៅថេរនៅឡើយ ដោយសារមិនសូវមានប្រតិបត្តិការទិញ-លក់ពីអ្នកវិនិយោគក្រៅស្រុក ខណៈដែលលទីផ្សារអចលនទ្រព្យរបស់កម្ពុជាភាគច្រើនពឹងផ្អែកលើវិនិយោគិនចិន”។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបន្ថែមថា ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 មានតែអ្នកវិនិយោគនៅក្នុងស្រុកទាំងអស់ ដែលមានតម្លៃក្រោម ១លានដុល្លារអាមេរិក ប៉ុណ្ណោះ ខណៈដែលវិនិយោគិនមកពីក្រៅស្រុក ជាពិសេសវិនិយោគិនមិនសូវមាននោះទេ ពោលគឺមិនអាចធ្វើដំណើរមកកម្ពុជាបានដោយព្រួយបារម្ភពីការឆ្លងនូវជំងឺ Covid-19 ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃលអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ស្ថានភាពអលចនទ្រព្យនៅក្នុងកម្ពុជាបច្ចុប្បន្ននេះ មិនមានអ្វីប្រែប្រួលនោះទេ ខណៈប្រតិបត្តិការទិញលក់នៅក្នុងស្រុកនៅតែមានធម្មតា តែមិនមានទំហំធំដូចពីមិនទាន់មានការផ្ទុះឡើងនូវជំងឺ Covid-19 ។

លោកបន្តថា “ការដែលមានប្រតិបត្តិការទិញលក់ពីសំណាក់អ្នកវិនិយោគមកពីក្រៅស្រុក ដោយសារប្រទេសនីមួយៗ ក៏ដូចជាកម្ពុជា បានរឹតត្បិតការធ្វើដំណើររបស់អ្នកនិយោគអន្តរជាតិដែលមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា តែយ៉ាណាតម្លៃអចលនទ្រព្យនៅក្នុងប្រទសហាក់មិនទាន់មានការការចុះថ្លៃផងដែរ”។

លោកបន្ថែមថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ទាមទារក្នុងរយៈពេលយូរបន្ថែមទៀត ទើបអាចមានស្ថានភាពដូចដើម ខណៈជំងឺ Covid-19 នៅក្នុងពិភពលោកស្ថិតនៅក្នុងភាពមិនប្រកដប្រជា”៕