ក្រុមហ៊ុនកាស៊ីណូរបស់ហុងកុងប្តូរទិសដៅវិនិយោគពីខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគកាស៊ីណូរបស់ហុងកុង Century Entertainment International Holdings បានបង្ហាញព័ត៌មានច្បាស់ការណ៍ថា ក្រុមហ៊ុនសម្រេចចិត្តប្តូរទិសដៅវិនិយោគរបស់ខ្លួនពីក្រុងព្រះសីហនុ សម្តៅទៅខេត្តកោះកុងជំនួសវិញ។

ក្រុមហ៊ុន Century Entertainment នឹងផ្លាស់ប្ដូរតំបន់ប្រតិបត្តិការតុល្បែងពីទីតាំងកំណើតរបស់ខ្លួនស្ថិតនៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់សណ្ឋាគារមួយនៅក្នុងស្រុកតារាសាគរ ខេត្តកោះកុងវិញ។

ជាមួយនឹងគោលបំណងនៃការផ្លាស់ប្តូរនេះ ប្រធានក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Century Entertainment លោក Ng Man Sun ធ្លាប់បានបង្ហាញពីផែនការផ្លាស់ប្តូរទីតាំងពីសណ្ឋាគារ Sunshine Bay Hotel នៅក្នុងខេត្តព្រះសីហនុ ទៅកាន់សណ្ឋាគារ Ming Guan ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដូចគ្នា។

ផ្ទុយទៅវិញ ម្ចាស់កាស៊ីណូរូបនេះទទួលបានការផ្តល់ជូនដ៏ពិសេសពីអចលនទ្រព្យនៅស្រុកតារាសាគរ ខេត្តកោះកុងជំនួសវិញ។ ទីតាំងថ្មីនេះមានផ្ទៃក្រឡាសរុប ១០,៥០០ ម៉ែត្រការ៉េ ដែលអាចតម្លើងតុល្បែងចំនួន ៤០ តុ លំដាប់វីអាយភីចំនួន ៥៥ និងស្លុតម៉ាស៊ីន ៨០ ដោយក្នុងនោះក៏មានការបង្កើតភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។ កាស៊ីណូនេះគ្រោងនឹងបើកដំណើរការនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ។

ក្រុមហ៊ុន Century Entertainment បានបង្ហាញកាលពីឆ្នាំមុនថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយក្រុមហ៊ុន Lion King Entertainment Company Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងដោយនាយកប្រតិបត្តិរបស់ខ្លួនដែលក្នុងនោះក្រុមហ៊ុនត្រូវបានគេផ្តល់សិទ្ធិឱ្យធ្វើតារាងតុល្បែងរយៈពេល ៥ ឆ្នាំដោយគិតជាទឹកប្រាក់ចំនួន ១២០ លានដុល្លារហុងកុង។ ។ ក្រោយមកស្ថាបនិកក៏បានជូនដំណឹងទៅក្រុមហ៊ុនថា ការសម្រេចផ្លាស់ប្តូរទីលំនៅនឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងនោះទេ។

គម្រោងដំបូងដែលត្រូវបានបង្កើតឡើងជា គម្រោងទេសចរណ៍ដ៏ធំមួយនៅពេលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន TianJin Union Development របស់ប្រទេសចិនក្នុងឆ្នាំ ២០០៨។ ផែនការមហិច្ឆិតារយៈពេលវែងនៅក្នុងស្រុកតារាសាគររួមបញ្ចូលទាំងបណ្តាញផ្លូវដែកទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ចំណតសម្រាប់នាវាកម្សាន្តអាកាសយានដ្ឋាន សណ្ឋាគារ និងទីលានវាយកូនហ្គោលផងដែរ៕

កម្ពុជា ទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរក្នុងរយៈពេល៩ខែកន្លងទៅនេះ

ដោយ ៖ ចរិយា

ភ្នំពេញ ៖ រមណីយដ្ឋានអង្គរវត្ត នៃខេត្តសៀមរាបបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុប ៣៩៦ ២៤១នាក់ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២០នេះ ដោយរកចំណូលបាន ១៨ ៤៥៦ ០៣៧ ដុល្លារអាមេរិក។

តាមរយៈការបង្ហាញតួលេខពីគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋស្ថិតក្នុងបន្ទុកផ្នែកគ្រប់គ្រងប្រាក់ចំណូលអង្គរកាលពីម្សិលមិញ បានឱ្យដឹងថា ចំនួននៃអ្នកទេសចរបរទេសបានធ្លាក់យ៉ាងខ្លាំងរហូតដល់ ៧៦.១៧ភាគរយ ខណ:ដែលប្រាក់ចំណូលក៏បានធ្លាក់ចុះ ៧៥.១៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

សម្រាប់ប្រាក់ចំណូល ដែលបានមកពីខាងលើ មកទល់ពេលនេះ ត្រូវបានបរិច្ចាកទៅកាន់មូលនិធិគន្ធបុប្ផាចំនួន ៧៩២.៤៨២ដុល្លាររួចទៅហើយ ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌។

នៅក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ ច្រកលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ បាន ចំនួន២៩៤៨សំបុត្រទៅកាន់ភ្ញៀវទេសចរបរទេស ដោយទទួលបានប្រាក់ចំណូល ១២៤,២៩៦ដុល្លារ បានធ្លាក់ចុះប្រមាណ ៩៧.៣៤ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាើពីឆ្នាំមុន។

លើសពីនេះទៅទៀត នៅក្នុងរយៈពេល៩ខែកន្លងទៅនេះ ភ្ញៀវទេសចរបរទេសចំនួន ៨ ៩១៤នាក់បានចូលទស្សនាប្រាសាទកោះកែស្ថិតនៅក្នុងខេត្តព្រះវិហារ ដោយរកចំណូលបាន ៩៨ ១៤០ដុល្លារពីការលក់សំបុត្រ៕

អាជ្ញាធរខេត្តកណ្តាល រំលឹកជាថ្មីចំពោះអ្នកទិញដីឡូតិ៍ត្រូវបង្កើនការប្រុងប្រយ័ត្ន

ដោយ ៖ រ៉ាណេត

កណ្តាល ៖ ជាថ្មីម្ដងទៀត អាជ្ញាធរខេត្តកណ្តាលបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានបំណងទិញដីឡូតិ៍ទុកសម្រាប់សាងសង់លំនៅដ្ឋាននៅតាមតំបន់មួយចំនួន ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងទទួលរងនូវការខាតបង់ថវិកា ក្រោមការចាញ់បោកជនឆបោក។

អភិបាលរងខេត្តកណ្តាល លោក គីម រិទ្ធី នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសរបស់លក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់សាធារណជនត្រូវយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍។

លោកបានបញ្ជាក់ថា “ការទិញដីឡូតិ៍ ឬគម្រោងផ្ទះល្វែងដោយការបង់រំលោះ គឺជាវិធីសាស្ត្រមួយដែលត្រូវបានអ្នកអភិវឌ្ឍន៍យកមកប្រើយ៉ាងទូលាយ ហើយក៏ជាការផ្តល់ឱកាសដល់អ្នកដែលមានធនធានតិច ប៉ុន្តែចង់មានដី និងផ្ទះកម្មសិទ្ធិរសប់ខ្លួន។ ប៉ុន្តែអ្វីដែលជារឿងសំខាន់ គឺត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងសិក្សាអំពីប្រវត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាគម្រោងឱ្យបានច្បាស់ជៀសវាងនូវការចាញ់បោកជនខិតខូចមួយចំនួនដែលលក់គម្រោងខ្យល់ ឬលក់គម្រោងដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៅមិនទាន់ដោះស្រាយចប់”។

ជាការទប់ស្កាត់នូវបញ្ហាមួយចំនួនដែលតែងកើតមាននៅលើទីផ្សារទិញ-លក់ អចនទ្រព្យ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងការទិញដីឡូតិ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលអាចជួយពង្រឹងសុវត្ថិភាពនៃការទិញ-លក់អចលវត្ថុនានា ជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ ដូច្នេះ សម្រាប់សាធារណជនទាំងអស់ មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនពីគម្រោងឱ្យបានច្បាស់ មុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូតិ៍។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងសំខាន់ៗចំនួន៥។ គោលបំណងទី១ ធានាប្រសិទ្ឋភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធ៌ម និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ៕

ផ្សារទំនើបថ្មីមួយទៀត សម្ពោធដាក់ឱ្យដំណើរការនៅខេត្តព្រះសីហនុ

ដោយវុត្ថា

ភ្នំពេញ៖ ផ្សារទំនើប Prince Mall ដែលមានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរសាកល្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីករចំរើនយ៉ាងឆាប់រហ័យនៃខេត្តព្រះសីហនុនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

លោក Zhang Rui Jun នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ហ័នយូ រៀលអ៉ីស្ទេត មានប្រសាសន៍ កាលពីម្សិលមិញនេះ ឱ្យដឹងថា ដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រុមហ៊ុនព្រីនស៍ ហ័នយូ រៀលអ៉ីស្ទេតគ្រុប ជាមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះដំបូងបង្អស់នៅខេត្តព្រះសីហនុ ហើការបើកសម្ពោធសាកល្បងថ្ងៃនេះគឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ។

លោកបន្តថា នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថារដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឲ្យខេត្តព្រះសីហនុ ទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលពន្ធជូនរដ្ឋ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានថ្លែងសម្តែងការគាំទ្រសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហរ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។

លោកបន្តថា ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគអន្តរជាតិយ៉ាងច្រើនមកវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ភាពរីកចម្រើនលើវិស័យទាំងនេះបានចូលរួមចំណែកដល់កំណើនចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចខេត្ត ។

លោកអភិបាលរងខេត្តបានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ដែលវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd កំពុងបណ្ដាក់ទុនលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។

លោកបញ្ជាក់ទៀតថា នេះគឺជាសកម្មភាពបង្ហាញពីការជឿជាក់របស់អ្នកពីនិយោគទុនមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ៕

តើ​អចលនទ្រព្យ​នៅ​ក្រុង​បាត់ដំបង​កំពុង​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ?

ដោយ​ប៊ី

បាត់ដំបងៈ ជា​ខេត្ត​មាន​សេដ្ឋកិច្ច​រីកចំរើន​ជាងគេ ខេត្តបាត់ដំបង​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​លើ​ផ្នែក​អចលនទ្រព្យ ដោយ​ខេត្ត​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ ខណៈ​អ្នកវិនិយោគ​ចាប់ផ្តើម ទៅ​វិនិយោគ​នៅ​ទីក្រុង​បាត់ដំបងបណ្តើរៗ នាពេល​បច្ចុប្បន្ននេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម  បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ទី១ ខែតុលា ឆ្នាំ២០២០កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង ចាប់ផ្តើម​បង្ហាញ​សក្តានុពល​សម្រាប់​វិនិយោគ ហើយ​ទីក្រុង​នេះ​ទទួលបាន​ការវិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ជាបណ្តើរ។

លោក​បាន​លើកឡើងថា“ខេត្តបាត់ដំបង​ជាមួយ​ខេត្ត​មួយ ដែល​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្តផ្សេងៗដូចជា ខេត្តកោះកុង និង​ខេត្តសៀមរាប ហើយ​ខេត្ត​ជា​ខេត្ត ដែល​សម្បូរ​ដោយ​ប្រជាជនមាន​ជីវភាព​ធូរធា ដូច្នេះ​ការប្រកប​របរ​មួយចំនួន​ក៏មាន​ភាព​ធូរ​ដែរ” ។

លោក​បាន​ថ្លែងថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្តបាត់ដំបង ចាប់ផ្តើម​រីកចម្រើន​នៅក្នុង​តំបន់​នេះដែរ ជាពិសេស​តំបន់​នៅ​ជាយក្រុង​បាត់ដំបង​តែម្តង ហើយ​អ្នក​វិនិយោគិន​មួយចំនួន​ចាប់ផ្តើម​វិនិយោគ​នៅក្នុង​ខេត្ត។ លោក​បន្តថា “ផ្ទះល្វែង​នៅ​កៀក​ទីក្រុង​បាត់ដំបង​អាច​តម្លៃ​ចន្លោះ​ពី៧ ទៅ៨ម៉ឺន​ដុល្លារ ហើយ​តម្លៃ​ផ្ទះល្វែង ក្នុង​ក្រុង​អាចមាន​តម្លៃ​ជាង ១០ម៉ឺន​ដុល្លារ ហើយ​វា​នៅ​ជាត​ម្លៃ​សមរម្យ។

លោក​ច្រឹ​ក សុខ​នី​ម បានឱ្យដឹង​ទៀតថា “អ្នកវិនិយោគ​ចាប់ផ្តើម​ទៅ​វិនិយោគ​នៅ​ទីក្រុង​បាត់ដំបងបណ្តើរៗនាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​គ្រាន់​ល្បឿន​នៃ​ការវិនិយោគ​មិនទាន់​លឿន ហើយ​វិនិយោគិន​ភាគច្រើន​ជា​អ្នក​មក​ក្នុងស្រុក” ។

អភិបាលខេត្ត​បាត់ដំបង​លោក​ងួន រតនៈ​បានឱ្យដឹង​កន្លងមកនេះ​ថា ខេត្តបាត់ដំបង​កាលពី​កន្លងមកនេះ បាន​ទាក់ទាញ​ចំពោះ​ការធ្វើ​អាជីវកម្ម និង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​មាន​គម្រោង​មួយចំនួន​បាន​អនុវត្តន៍ បំពាន​លើ​ច្បាប់​ដែនដី ដូចជា ការចាក់ដី​លុប​ស្ទឹង លុប​ប្រឡាយ​របស់​រដ្ឋ​ជាដើម ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្ពស់ ដែល​សកម្មភាព​នេះ​ត្រូវតែ​ជៀសវាង​ជាដាច់ខាត។

លោក​បញ្ជាក់ថា “អ្នកធ្វើអាជីវកម្ម​វិស័យ​អចលនទ្រព្យ មុននឹង​ចង់​វិនិយោគ​លើ​អាជីវកម្ម​របស់ខ្លួន ត្រូវ​សិក្សា​ស្វែងយល់​ពី​តំបន់នីមួយៗ ឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់ទុន​វិនិយោគ ជៀសវាង​មាន​ផលប៉ះពាល់” ។

លោក​បាន​បន្តថា អាជ្ញាធរខេត្ត​នឹង​ផ្ដល់​លទ្ធភាព លើកទឹកចិត្ត ឱ្យមាន​ការវិនិយោគ​ផ្នែក​អចលនា​ទ្រព្យ​ក្នុង​ខេត្ត តាមរយៈ​ការផ្ដល់​ឯកសារ​រដ្ឋបាល ដោយមាន​គណនេយ្យភាព តម្លាភាព លឿន​រហ័ស ប៉ុន្តែ​ខាង​ម្ចាស់​អាជីវកម្ម ក៏ត្រូវ​សិក្សា​ពី​ប្រព័ន្ធ​លូ បណ្ដាញ​អគ្គិសនី ទឹក និង​ផ្លូវ​ជាដើម ដោយ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ផ្នែក​ច្បាប់៕

ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ជាតិ-អន្តរជាតិ នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ពី​ការលក់ខុន​ដូ​នៅ Urban Village

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ នឹង​ឡើង​ធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត​ពី​ទីផ្សារ​អចលនទ្រព្យ ក៏ដូចជា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​អធិប្បាយ​បញ្ជាក់​ទៅលើ​ផលចំណេញ ពី​ការទិញ​គម្រោង​ខុន​ដូ​ប្រណីត តម្លៃ​សមរម្យ Urban Village ដែល​កំពុងមាន​ប្រជាប្រិយភាព​ខ្ពស់។

នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DNZ Realty លោក រិ​ន ច័ន្ទ​រិ​ទ្ធិ បាន​មានប្រសាសន៍ប្រាប់​នៅ​ល្ងាច​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ​ថា កម្មវិធី​នៃ​ការបណ្តុះបណ្តាល និង​បង្ហាញ​ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ជាពិសេស​ការបង្ហាញ​ពី​ឱកាស​ចំណេញ​ពី​ការទិញ​គម្រោង​ខុន​ដូ​ប្រណីត Urban Village នឹងត្រូវ​ធ្វើ​ឡើ​នៅ​រសៀល​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ចុង​សប្ដាហ៍​នេះ នៅ​ទីតាំង​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ Urban Village តែម្ដង ក្រោម​ប្រធានបទ “ការវិនិយោគ​លើ​គម្រោង​ខុន​ដូ” ។

លោក​បាន​បន្តថា “នៅក្នុង​កម្មវិធី​នេះ នឹងមាន​ការចូលរួម​បកស្រាយ ទៅលើ​ប្រធានបទសំខាន់ៗផ្សេងទៀត ដែល​ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ​អចលនទ្រព្យ និង​ឱកាស​នៃ​ការវិនិយោគ​ពី​សំណាក់​បណ្តា​អ្នកជំនាញ នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ ដូចជា លោក ALAN NEO នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CSA លោក SOTH JOHNNY លោក BEN LI អ្នកនាង NIKA TENG រួម​ជាមួយនឹង​រូបខ្ញុំ​ផងដែរ” ។

សម្រាប់​កម្មវិធី​បណ្តុះបណ្តាល លើ​គម្រោង​ខុន​ដូ​ក្រោម​ប្រធានបទ “ការវិនិយោគ​លើ​គម្រោង​ខុន​ដូ” ក្រោម​កិច្ចសហការ​រៀបចំឡើង ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DNZ Realty និង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CSA នឹងត្រូវ​បាន​បើក​យ៉ាង​ទូលាយ​សម្រាប់​សាធារណៈជន ដែល​ចង់​ចូលរួម​ជាមួយនឹង​កម្ម​វិធី ដោយ​មិនមាន​ចំណាយ​ថវិកា​នោះទេ។ នៅ​ក្នុងឱកាស​ជាមួយគ្នានេះ ក៏​នឹងមាន​ការធ្វើ​បទ​បង្ហាញ​ពី​គោលបំណង​នៃ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំង២ ទៅលើ​ការលក់​គម្រោង​ខុន​ដូ Urban Ville ផងដែរ។

បន្ថែម​ពីនេះ គ្រប់​អ្នក​ដែល​បាន​ចូលរួម នឹង​ទទួលបាន​ចំណេះដឹង​បន្ថែមថ្មីៗពាក់ព័ន្ធ​ទៅនឹង​ប្រណីតភាព និង​លក្ខណៈពិសេស​នៃ​គម្រោង​ខុន​ដូ Urban Village  ជាពិសេស​ការ​ជ្រាប់​កាន់តែច្បាស់​ពី​ឱកាស នៃ​ការវិនិយោគ​ជាមួយ​គម្រោង​ប្រណីត ដែល​ស្ថិតនៅ​ទីតាំង​ដ៏​មាន​សក្ដានុពល​របស់ Urban Village ផងដែរ។

សូម​ចូលរួម​ទាំងអស់គ្នា​ចាប់ពី​ម៉ោង ២៖៣០នាទី និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ទាំងអស់៕
ទំនាក់ទំនងលេខ៖ 012/010 570 571

ឧកញ៉ា​លឹម ហេង៖ វិស័យសំខាន់ៗចំនួន២របស់​កម្ពុជា​កំពុងមាន​សក្តានុពល​ខ្ពស់នាពេល​បច្ចុប្បន្ន

ដោយៈ​វុត្ថា

ភ្នំពេញៈ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មើល​ពី​សក្តានុពលសំខាន់ៗចំនួន២ ដែល​កំពុងមាន​សក្តានុពល​ខ្ពស់ និង​មានការ​ទាក់​លើ​ការ​វិនិយោគិន​អន្តរជាតិ​នាពេល​បច្ចុប្បន្នេះ បើទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩។

លោក​ឧកញ៉ា លឹម ហេង បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០កន្លងមក​ឱ្យដឹងថា នាពេល​បច្ចុប្បន្ននេះ វិស័យសំខាន់ៗដែល​កំពុង​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង​របស់​កម្ពុជា រួមមាន វិស័យ​ឧស្សាហកម្ម ដូច​កាបូប ស្បែកជើង និង កង់ និង​ជាពិសេស​វិស័យ​កសិកម្ម ដែល​កំពុងមាន​ការចាប់​អារម្មណ៍​លើក​វិនិយោគ​ទាំង​វិនិយោគិន​ជាតិ និង​អន្តរជាតិ។

លោក​ថ្លែងថា “នៅក្នុង​សម័យ​កូ​វីដ​នេះ យើង​ឃើញ​វិស័យ​កសិកម្ម កំពុង​កំរើក​ខ្លាំង ហើយ​នេះ គឺជា​ក្តីសង្ឃឹម​របស់​កម្ពុជា” ។ លោក​បន្តថា “ខ្ញុំ​បាន​ជួប​ក្រុមហ៊ុន​អាមេរិក​ជាច្រើន បានបង្ហាញ​បំណង​ពី​ការវិនិយោគ​លើ​វិស័យនេះ​នៅ​កម្ពុជា ទាំង​ក្រុមហ៊ុន​កូរ៉េ ក្រុមហ៊ុន​ជប៉ុន ជាពិសេស​ក្រុមហ៊ុន​ចិន ដែល​បង្ហាញ​ឆ​ន្ទះ​ក្នុងការ​វិនិយោគ​ជាងគេ” ។

លោក​បន្តថា ក្រៅពីនេះ​យើង​ឃើញ​វិស័យ​ឧស្សាហកម្ម ដែល​កំពុង​មានការ​កំ​រើ​ក​ខ្លាំង​ដែរនោះ ដូចជា ផលិត​កាបូប (ផលិតផល​ធ្វើដំណើរ) ស្បែកជើង និង​កង់  ដែលមាន​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ច្រើន ក្នុងចំណោម​វិស័យ​ផ្សេងទៀត ។

លោក​បញ្ជាក់ទៀតថា “អ្វីដែល​ប៉ះពាល់​ខ្លាំង នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​នេះ វិស័យ​ទេសចរណ៍ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​គ្មាន​លំហូរ​ភ្ញៀវទេសចរ​ពី​ក្រៅប្រទេស តែ​សម្រាប់​ទេសចរណ៍​ក្នុងស្រុក មាន​កំណើន​ឡើងវិញ​ដោយសារ​អ្នក​ដែលមាន​ធនធាន មិនអាច​ទៅ​ដើរលេង​នៅ​ស្រុក​ក្រៅ​បាន។ អ៊ីចឹង មានតែ​ដើរលេង​នៅក្នុង​ស្រុក ដែល​ជំរុញ​ឱ្យ​វិស័យនេះ មាន​កំណើន​ឡើងវិញ” ។

បើទោះបី​វិស័យ​មួយចំនួន​មាន​សក្តានុពល​ខ្ពស់ ដូចជា វិស័យ​កសិកម្ម​ជាដើម​របស់​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន​កាលពីពេល​ថ្មី​នេះ បានដាក់​ចេញ​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់គ្រង ផលប៉ះពាល់​លើ​វិស័យសំខាន់ៗ នៃ​សេដ្ឋកិច្ច​នៅក្នុង បរិការណ៍​នៃ​វិបត្តិ និង​ការស្ដារ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ ។

រដ្ឋាភិបាល​បញ្ជាក់ថា មកដល់​បច្ចុប្បន្ន​ការខិតខំ អភិវឌ្ឍន៍​វ៉ាក់សាំង​បង្ការ​កំពុងមាន វឌ្ឍន​ភាពល្អ​គួរ​ជាទី​សង្ឃឹម ប៉ុន្តែ​គ្មាន​នរណា​ដឹងថា ពេលណា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ នេះ នឹង​បញ្ចប់​ហើយក៏​គ្មាន​នរណា អាច​ទស្សន៍ទាយ អំពី​ផលប៉ះពាល់​មកលើ​គ្រប់​ទិដ្ឋភាព នៃ​ជីវភាព​រស់នៅ​របស់​ស​ង្គ​ម​ជាតិនីមួយៗ បាន​ជាក់ច្បាស់​នោះដែរ។

រាជរដ្ឋាភិបាល​បន្ដថា នៅ​កម្ពុជា​វិបត្តិ​កូ​វីដ-១៩ នៅតែ​បន្ត​មាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច ទោះបីជា​រាជរដ្ឋាភិបាល​បាន និង​កំពុង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ក៏ដោយ។ ក្រោម​ស្មារតី​បុ​រេ​សកម្ម និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់ ប្រជាជន វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា វិធានការ​ចំនួន៥ជុំ​ត្រូវបាន​ដាក់ចេញ និង​បានផ្តល់​លទ្ធផល​វិជ្ជមាន ដូចដែល​បាន​ព្រាងទុក។

ជាក់ស្តែង លំនឹង​ជីវភាព​របស់​ប្រជាជន ក៏ដូចជា​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម​ក្នុង​វិស័យ​ដែល​បាន រង​ផលប៉ះពាល់ ក៏​ចាប់ផ្តើម​មាន​ស្ថិរភាព និង​ប្រតិបត្តិការ​ឡើងវិញ។ទោះបីជា​យ៉ាងនេះ​ក្ដី វិស័យ​សំខាន់ ៗមួយចំនួន រួមមាន​ដូចជា៖ វិស័យ​កាត់ដេរ-វាយ​ន​ភណ្ឌ ,វិស័យ​ទេសចរណ៍ និង​វិស័យ​អាកាសចរណ៍​ជាដើម នៅតែ​រង​ផលប៉ះពាល់ ខ្លាំងជាងគេ ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ-១៩ នេះ ។ ស្របពេល​នេះដែរ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​មួយចំនួន​ក៏​នៅ​កំពុង​បន្ត​ប្រឈម​នឹង​បញ្ហាលំបាក ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ-១៩ , ស្ថានភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ក្របខណ្ឌ​តំបន់ និង​សកលលោក ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ-១៩ មកលើ​វិស័យសំខាន់ៗនៃ​សេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅ​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​វិធានការ​ចាំបាច់ ដែល​បាន​ដាក់ចេញ ព្រមទាំង​ត្រៀម​ដាក់ចេញ​នូវ​វិធានការថ្មីៗប ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ ជំងឺ​កូ​វីដ-១៩ ៕

អ្នកជំនាញ៖ ទីផ្សារ​ខុន​ដូ​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន ប៉ុន្តែ​អ្នកទិញ​ក៏ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ចាប់​តាំងពីដើម​ត្រីមាស​ទី៣ ជាពិសេស​នៅ​ដើម​ត្រីមាស​ទី៤នេះ ទីផ្សារ​ខុន​ដូ​ដែល​ផ្នែក​មួយ នៅក្នុង​វិស័យ​អចលនទ្រព្យ​បានបង្ហាញ ពី​ភាព​ពុះកញ្ជ្រោល​ជាងគេ​បើ​ប្រៀបធៀប​ទៅនឹង​ផ្នែក​ដទៃទៀត ដូចជា ផ្នែក​ដីធ្លី និង​លំនៅដ្ឋាន​ជាដើម។

ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា បានលើកឡើង​ថា​នេះ​គ្រាន់តែ​ជា​ចាប់ផ្តើម​តែប៉ុណ្ណោះ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ​ថា ភាព​ពុះកញ្ជ្រោល​នៃ​ទីផ្សារ​ខុន​ដូ​ពេល គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ ប៉ុន្តែ​វា​ជា​សញ្ញា​ល្អ​ដែល​បង្ហាញ​ពី​ស្ថានភាព​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ ងាក​មករក​ភាពល្អប្រសើរ​វិញ​ជាបណ្តើរ។

លោក​បញ្ជាក់ថា “នៅ​ចុង​ត្រីមាស​ទី៣នេះ ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​បានបង្ហាញ​សញ្ញា​វិជ្ជមាន​ជាបណ្តើរៗ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​តែប៉ុណ្ណោះ ដែល​ភាពល្អប្រសើរ​នឹង​បង្ហាញ​កាន់​ច្បាស់​នៅ​ដើមឆ្នាំ​បន្ទាប់” ។ លោក​បន្តថា “ភាព​ក​ល្អប្រសើរ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅពេលនេះ ត្រូវបាន​ចែកដាច់​ពីគ្នា ដែល​ក្នុងនោះ​ផ្នែក​ទីផ្សារ​ដីធ្លី​នៅតែ​ទទួលរង​នូវ​ផលប៉ះពាល់ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ បន្ទាប់មក​ទីផ្សារ​លំនៅដ្ឋាន​មាន​ភាពល្អប្រសើរ​បន្តិច ដែល​ទាំង​សកម្មភាព​សាងសង់ និង​សកម្មភាព​ទិញ​លក់​នៅតែ​បន្ត​មាន​តម្រូវការ​ពី​អ្នក​ក្នុងស្រុក។

ដោយឡែក​សម្រាប់តែ​ទីផ្សារ​ខុន​ដូ ឬ​លំនៅដ្ឋាន​សហកម្មសិទ្ធិ ហាក់​មាន​ភាពល្អប្រសើរ និង​លេចធ្លោ​ជាងគេ​បន្តិច។

លោក​បាន​បន្តទៀតថា “អ្វីដែល​ជម្រុញឱ្យមាន​កំណើន​តម្រូវការ​ទីផ្សារ​ខុន​ដូ ក៏​ព្រោះតែ​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​នៅក្នុង​ក្រុង​កាន់តែ​ធំ ចំនួន​មនុស្ស​កាន់តែច្រើន ហើយ​រុញច្រាន​ផ្នែក​ទីផ្សារ​លំនៅដ្ឋាន ចេញទៅ​ក្រៅ​ក្រុង ដូច្នេះ​ចង់​មិន​ចង់ ការទិញ​ខុន​ដូ​សម្រាប់​រស់នៅ​របស់​មនុស្ស​ជំនាន់​ថ្មី និង​ទើបតែ​រៀបការ ជាពិសេស​អ្នក​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុង​ត្រូវតែ​ចាប់យក​ទីផ្សារ​សម្រាប់​ស្នាក់នៅ​ជាក់ស្ដែង ឬ​ជា​ផ្ទះ​ទី២របស់ខ្លួន” ។

លោក​សំ សុខ​នឿន​បាន​ថា ទោះជា​កំណើន​នៃ​តម្រូវការ ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម​មាន​ភាព​ពុះកញ្ជ្រោល​យ៉ាងណាក៏ដោយ សម្រាប់​អតិថិជន​ដែលជា​អ្នកទិញ​សម្រាប់​ស្នាក់នៅ ក៏ដូចជា​ទិញ​សម្រាប់​វិនិយោគ​បន្ត​គួរតែ​ពិចារណា និង​សិក្សា​ពី​គម្រោង​ឱ្យ​ល្អិតល្អន់ ជៀសវាង​ជួប​គម្រោង​គាំង ឬ​គម្រោង​ពន្យា​ពេល​សាងសង់ ដែល​ប្រឈម​ទៅនឹង​ការខកចិត្ត និង​ខាតបង់​ថវិកា។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បានទទួល​ស្គាល់​ពី​កំណើន នៃ​ទីផ្សារ​ខុន​ដូ​ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ ដោយ​លោកស្រី​អះអាងថា ភាគច្រើន​ជា​តម្រូវការ​របស់​យុវជន​ជំនាន់​ក្រោយ។

លោកស្រី​បន្តថា “ពួកគាត់​ដែល​ទើបតែ​រៀបការ​រួច ហើយ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការទិញ​លំនៅដ្ឋាន​ជាប់​ដី​ដែលមាន​តម្លៃ​ថ្លៃ ដូច្នេះ​ក្រោយពេល​គាត់​កកើត​ជា​គ្រួសារ​ថ្មី ពួកគាត់​អាច​ទិញ​ខុន​ដូ​ដែលមាន​តម្លៃ​ត្រឹម​ជាង៥ម៉ឺន ឬ​ជាង៨ម៉ឺន​ដុល្លារ ដែលជា​តម្លៃ​សមរម្យ​សម្រាប់​ពួកគាត់” ។

ក្រៅពីនេះ ក៏មាន​តម្រូវការ​ពី​អ្នក ដែលមាន​ផ្ទះ​ជាន់​ផ្ទាល់​ដី​រួចហើយ ដែល​ស្ថិតនៅ​ជាយក្រុង​ផងដែរ ប៉ុន្តែ​បម្រើ​ការងារ ឬ​ធ្វើ​អាជីវកម្ម​ប្រចាំថ្ងៃ​នៅក្នុង​ក្រុង ដូច្នេះ​ពួកគាត់​អាច​ជ្រើសរើស​ខុន​ដូ​ណា​នៅ​ទីតាំង​ណាមួយ ដើម្បី​ធ្វើជា​ផ្ទះ​ទី២របស់​ពួកគាត់ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​បំពេញការងារ។

លោកស្រី អាន សុធី​តា​បាន​បញ្ជាក់់ថា “ខ្ញុំ​គិតថា ក្នុង​រយៈពេល​ប្រមាណ១០ឆ្នាំ​ទៅមុខទៀត ប្រជាជន​ខ្មែរ​អាច​ផ្លាស់ប្ដូរ ឥរិយាបទ​នៃ​ការរស់នៅ​ក្នុង​ខុន​ដូ អាច​ចន្លោះ​ពី៣០-៤៥ភាគរយ ខណៈដែល​ពេល​បច្ចុប្បន្ននេះ ទើប​តែមាន​ប្រមាណ១០ភាគរយ​តែប៉ុណ្ណោះ” ៕

តើ​ការ​នាំចូល​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​ជំនួយឥតសំណង ឥណទាន និង​ជំនួយ​មនុស្សធម៌​ត្រូវមាន​និតិ​វិធី​បែបណា?

ដោយ ​វុត្ថា

ភ្នំពេញៈ ការ​នាំចូល​ទំនិញ​ត្រូវធ្វើ​ក្នុង​ក្របខ័ណ្ឌផ្សេងៗគ្នា ប៉ុន្តែ​ការនាំ​ចូល​ទំនិញ​ក្នុង​ក្របខ័ណ្ឌ​មនុស្ស​ធ៌​ម ជា​ឥណទាន ជំនួយឥតសំណង​ជាដើម ត្រូវមាន​និតិ​វិធី​ដាច់ដោយឡែក​ពីគ្នា​ផងដែរ។

តាមពិត ការ​នាំចូល​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​ជំនួយឥតសំណង (ទ្វេភាគី ពហុភាគី អង្គការ​មិនមែន រដ្ឋាភិបាល) មុន​ការស្នើសុំ​លិខិតអនុញ្ញាត​គយ​នាំចូល ដើម្បី​នាំចូល​ឧបករណ៍ សម្ភារ គ្រឿងចក្រ យានយន្ត និង ផលិតផល​តេ​ល​សិលា​ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់ អនុវត្ត​គម្រោង​ឬ​បម្រើ​ក្នុង​ការិយាល័យ​របស់​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ ភ្នាក់ងារ​អនុវត្ត​គម្រោង (រួមមាន ក្រសួង​និង​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុ​ជា និង/ឬ ស្ថាប័ន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នៃ​ដៃគូ អភិវឌ្ឍន៍ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល) ។

អ្នកអនុវត្ត​គម្រោង ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ឲ្យ នាំចូល​ដោយ​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា/ គណៈកម្មាធិការ​នីតិសម្បទា​និង​អភិវឌ្ឍន៍ (ក.អ.ក/គ.ជ.នា) ។

បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ទំនិញ ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ ពី​ក.អ.ក/គ.ជ.នា អ្នក​នាំចូល​ខាងលើ ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​គយ​នៅ អគរ (នាយកដ្ឋាន​របប​គយ) ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​ចាំបាច់​នានា​រួមមាន៖

  1. លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ទំនិញ​ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ​ពី​ក.អ.ក/គ.ជ.នា
  2. លិខិត​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​នាំចូល​ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ​ពី​ក.អ.ក/គ.ជ.នា។
  3. វិក្កយបត្រ​ទំនិញ បញ្ជី​វេច​ខ្ចប់ និង ឯកសារ​ដឹកជញ្ជូន លិខិត​ប្រគល់​សិទ្ធិ​សម្រាប់​អ្នកតំណាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងករណី​ចាំបាច់៕

រដ្ឋាភិបាលអនុម័តបង្កើតរោងចក្រចំនួន ២នៅក្នុងរាជធានីភ្នំពេញក្នុងទំហំទុនជិត ៥លានដុល្លារ

ដោ៖យ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២នៅក្នុងរាជធានីភ្នំពេញ ដែលផ្តល់ឱកាសការងារដល់ពលរដ្ឋជាង ១០០០នាក់

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. AWTEX GARMENT CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

២. HERMO (CAMBODIA) CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៤កន្លែង៕