អនុប្រធាន​សភាពាណិជ្ជកម្ម​រំពឹងថា​នឹង​ទទួលបាន​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់ពី​កូរ៉េ​កាន់តែច្រើន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​កំឡុងពេល​នៃ​ការរៀបចំ​គោល​កា​រ៍ សម្រាប់​បន្ត​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា-កូរ៉េ​ជុំ​ទី៣ខាងមុខនេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ពី​ក្ដី​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​ក្រុមហ៊ុន​វិនិយោគ ផ្នែក​សំណង់ និង​អចលនទ្រព្យថ្មីៗពី​កូរ៉េ​បន្ថែម ក្រោយ​កិច្ចចរចារ​ដ៏​មាន​សារសំខាន់​មួយ​នេះ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ថា ភាពល្អប្រសើរ និង​ផលប្រយោជន៍​ជាច្រើន​ដែល​កម្ពុជា នឹង​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា-កូរ៉េ ដែល​ក្រៅពី​មាន​ភាពងាយស្រួល ក្នុង​ធ្វើ​ពាណិជ្ជ​ទ្វេភាគី​ក្រោម​ការ​រួចផុត​របាំង​ពន្ធ កម្ពុជា​ក៏​អាច​ទទួលបាន​គម្រោង​វិនិយោគថ្មីៗទៀត នៅក្នុង​វិស័យ​សំណង់ បន្ថែម​ពីលើ​ក្រុមហ៊ុន​ដែលមាន​ស្រាប់។

លោក​ឧកញ៉ា​បញ្ជាក់ថា “ក្រោម​ឥទ្ធិពល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ ភាគី​នៃ​ប្រទេស​ទាំង២ នឹង​ទទួលបាន​ផលប្រយោជន៍​រួមគ្នា​ជាច្រើន ដែល​ក្រៅពី​បង្កើន​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ក្នុង​តំបន់ ថែមទាំង​មានលទ្ធភាព​ខ្ពស់​ក្នុង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផងដែរ។ នៅក្នុង​នោះ វិស័យ​សំណង់​ក៏​ទទួលផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ផងដែរ” ។

កាលពីពេល​កន្លងទៅ ក៏ដូចជា​នៅពេល​បច្ចុប្បន្ន សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា យើង​ឃើញ​មាន​ក្រុមហ៊ុន​កូរ៉េធំៗជាច្រើន ដែល​បណ្តាក់​វិនិយោគ ដោយផ្ទាល់​លើ​ការអភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ ដូចជា​គម្រោង​សំណង់​អគារ Golden Tower 42, គម្រោង​ទីក្រុង Star City Cambodia, គម្រោង Booyoung Town ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី គម្រោង​ក្រុង​រណប Camko City នៅ​ខណ្ឌ​ឬ​ស្សី​កែវ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​សំណង់ អគារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ជាច្រើន​ទៀត ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ និង​ជាប់​លំដាប់​ទី៣លើ​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​បន្តថា “វា​ជា​ការពិត ក្រោយពេល​បញ្ចប់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ប្រកបដោយ​ភាពជោគជ័យ យើង​មិន​ត្រឹមតែ​ទទួលបាន​ផលចំណេញ លើ​ការនាំចេញ​ផលិតផល​ទៅកាន់​ប្រទេស​កូ​រ៉​នោះទេ” ។ លោក​បន្តថា “ប៉ុន្តែ​ថែមទាំង​អាច​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​សំណង់ មកពី​បណ្តា​ប្រទេស​នានា​ជាច្រើន​ទៀត​ឱ្យ​កាន់​កម្ពុជា ដើម្បី​ធ្វើជា​ទីតាំង​ផលិត សម្រាប់​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​ទីផ្សារ​កូរ៉េ តាមរយៈ​ការកាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ” ។

លោក​បន្តថា “ដូច្នេះ​សម្រាប់​អត្ថប្រយោជន៍​របស់​កម្ពុ​ជា គឺ​ចំណេញ​លើ​ចំណេញ​ទ្វេដង” ៕

តើ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​បច្ចុប្បន្ន​ស្ថិតក្នុង​សភាព​បែបណា?

ដោយៈ​វុត្ថា

ភ្នំពេញៈ ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង​ស្ថិតនៅក្នុង​ស្ថានភាព​ស្ងប់ស្ងាត់  តែ​វា​នឹងមាន​កម្រើក​ឡើងវិញ បន្ទាប់ពី​គម្រោង​សាងសង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និ​ដាក់ឱ្យ​ដំណើរ​អាជីវកម្ម និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​វៀតណាម​ឡើងវិញ។

លោក​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ម្សិលមិញ​នេះ​ថា បច្ចុប្បន្នភាព​ទីផ្សារ​អ​ល​ចនទ្រ​ព្យ​នៅក្នុង​ក្រុង​បាវិត ហាក់​មិនទាន់មាន​សកម្មភាព​ឡើងវិញ​ខ្លាំង​ទេ ដោយសារតែ​អា​ជីក​វ​កម្ម​កាស៊ីណូ​ត្រូវបាន​បិទ និង​បង្កឡើង​ដោយ​ជំ​ង​កូ​វីដ១៩ ។

លោក​បន្តថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ និង​ការបិត​ល្បែង​អន​ឡាញ​បានធ្វើឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុង​ក្រុង​នេះ​មានការ​ធ្លាក់ចុះ តែ​នៅពេលដែល​រដ្ឋាភិបាល​ប្រកាស ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន  ការបើក​អាជីវកម្ម​កាស៊ីណូ និង​ប្រតិបត្តិការ​ពាណិជ្ជ​វ​កម្ម​តាម​ព្រំដែន នឹងធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុង​ក្រុង​មួយ​នេះ​កម្រើក​ឡើងវិញ។

លោក​បន្ថែមថា “ជាមួយគ្នានេះ​ប្រទេស​វៀតណាម ដែល​កំពុងមាន​ការរីក​ចំរើន​នឹងធ្វើ​ឱ្យចំ​ហាយ​នេះ​មកដល់​កម្ពុជា​ផងដែរ តាមរយៈ​វិស័យ​ទេសចរណ៍ (ភ្ញៀវ​មកលេង​កាស៊ីណូ) និង ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត​មួយ​មានការ​រីកចំរើន​ផងដែរ” ។

លោក​ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង​នាពេល​បច្ចុប្បន្ននេះ មិនទាន់មាន​សកម្មភាព​ឡើងវិញ​នោះទេ ដោយសារ​មានការ​ព្រំដែន និង​ជំងឺ​កូ​វីដ១៩ បាននិងកំពុង​រាតត្បាត​ជាស​កល ហើយ​មាន​ភាពមិន​ប្រកដប្រជា។

លោក​ថ្លែងថា “សម្រាប់​ទីផ្សារ​តម្លៃ​អចលនទ្រព្យ នៅក្នុង​ខេត្ត​នេះ​មិនទាន់​មានការ​ងើប​ខ្លាំង ហើយ​ការទិញ​ដី​ពី​សំណាក់ នៃ​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន​ចិន​ក៏មាន​ស្ថានភាព​ស្ងប់ស្ងាត់​ផងដែរ។ លោក​បន្ថែមថា ”ជារួម​តម្លៃ​អចលនទ្រព្យ​ជាពិសេស​ដីធ្លី​នៅក្នុង​ក្រុង​បាវិត​នៃ​ខេត្តស្វាយរៀង​នេះ មិនទាន់មាន​អ្វី​ប្រែប្រួល​នោះទេ ពោលអ្វីៗទាំងអស់​ស្ថិតនៅក្នុង​ស្ថានភាព​ធម្ម​តា” ៕

តើ​ខេត្តកណ្តាល​មាន​សក្តានុពល​ដូចម្តេច​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ

ដោយ វណ្ណា​រ៉ា

ភ្នំពេញ៖ ខណៈ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ឥ​ទ្ឋិ​ពល​នេះ​បាន​ពង្រីក​ដល់​ខេត្តកណ្តាល ដែលមាន​ភូមិសាស្ត្រ​ស្ថិត​នៅជាប់​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ឲ្យ​ខេត្ត​នេះ​រីកចម្រើន​លឿន ព្រោះ​កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ភូមិសាស្ត្រ និង​កត្តា​ប្រជាសាស្ត្រ ។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា​នួន រិទ្ធី បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ចុង​សប្តាហ៍​មុន​ថា  ខេត្តកណ្តាល ជា​ខេត្ត​មួយ​ដែលមាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន ដ្បិត​វា​មាន​វិសាលភាព​ធំ​ទូលាយ និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស។ លោក​បន្តថា នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ត្រូវបាន​ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​ខេត្តកណ្តាល ដែល​ក្នុងនោះ រួមមាន​តំបន់​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ៦ ផ្លូវ​លេខ៤៤ និង​ផ្លូវ​លេខ៥១ ដើម។

លោក​ឧកញ៉ា​បន្តថា “យើង​ឃើញ​ហើយ​ថា ខេត្តកណ្តាល​គឺមាន​សក្តានុពល​ខ្លាំង ដែល​ក្រៅពី​មាន​វិសាលភាព​ធំ​ទូលាយ ហ៊ុំព័ទ្ធ​ជុំវិញ​រាជធានី​ភ្នំពេញ​ហើយ​នោះ គឺ​ថែមទាំង​មាន​ភាព​អំណោយផល​យ៉ាង​ប្រសើរ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ” ។ លោក​បន្តថា “នៅក្នុង​ខេត្ត​មានអ្វីៗគ្រប់យ៉ាង ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដូចជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ មាន​ផែស្ងួត មាន​រោងចក្រ សហគ្រាសធំៗ ឃ្លាំង​ផ្ទុកទំនិញ​នានា ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រណីត និង​លំនៅដ្ឋាន​តម្លៃ​មធ្យម​ជាដើម ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់” ។

លោក​ឧកញ៉ា​បានបញ្ជាក់​ទៀតថា វា​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​គម្រោង​សាងសង់ ព្រលានយន្តហោះ​មួយទៀត ដែល​ប្រការនេះ​កាន់តែ​ធ្វើ​ខេត្ត​នេះ មាន​សក្ដានុពល​កាន់​ខ្លាំង​ជាង​មុន​ទ្វេ​រដង និង​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​ខេត្ត​មួយ​នេះ​ឡើងកាន់​ខ្ពស់។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ភូមិសាស្ត្រ​ដែលមាន​ការរីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត កណ្តាល​គឺមាន​ច្រើន ដូចជា ស្រុក​ពញាឮ ដែល​ស្ថិតនៅ​ទិសខាងកើត ខាងជើង និង​ខាងលិច​ក្រុង ដែល​វិសាលភាព​ត្រូវបាន​លាតសន្ធឹង​រហូត​ដល់​តំបន់ភ្នំ​រាប ភ្នំ​ប្រ​សិ​ទ្ឋ តំបន់​ផ្លូវ ៥១ តំបន់​ផ្លូវ៤៤ ។ ដោយឡែក​ចំពោះ​តំបន់ ដែល​ស្ថិត​ទិស​ខាងត្បូង​រាជធានី​ភ្នំពេញ ក៏មាន​សក្ដានុពល​ខ្លាំង​ផងដែរ ជាពិសេស​តំបន់​ដែល​នៅជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​លាតសន្ធឹង​រហូត​ដល់​ស្រុក​ស្អាង និង​ទើបតែ​កាត់​ចូល​ចំណុះ​ក្រុង​តាខ្មៅ​ចំនួន៤សង្កាត់ ដែល​កំពុង​តែមាន​គម្រោង​អភិវឌ្ឍ​ជាច្រើន ជាពិសេស​គម្រោង​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​តែម្ដង។

លោក​បាន​បន្តទៀតថា ជាមួយគ្នានេះ បើ​យើង​ងាក​ទៅ​មើល​តំបន់ ដែល​ស្ថិតនៅ​ក្នុងស្រុក​អង្គស្នួល ក៏​កំពុង​តែមាន​សក្ដានុពល​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ផងដែរ។ ទាំងអស់នេះ វា​គឺជា​ភាពល្អប្រសើរ ដែល​អាច​ទាកទាញ​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគ ក៏ដូចជា​អ្នក​អភិវឌ្ឍ​នានា​ផងដែរ ដែល​ស្ទើរតែ​ប្រៀបបាន​ទៅនឹង​កូនក្រមុំ​មួយ​ដ៏​ស្រស់ស្អាត​នៅក្នុង​ក្រសែភ្នែក​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ ។

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​បណ្ឌិត​វ៉ាន់ វ៉ាត​ក៏បាន​ទទួលស្គាល់​ពី​ភាព​រីកចម្រើន និង​វឌ្ឍនភាព​យ៉ាង​លឿន​រហ័ស​របស់​ខេត្តកណ្តាល​ផងដែរ។ លោក​បាន​បន្តថា បច្ចុប្បន្ននេះ​ចំពោះ​ខេត្តកណ្តាល​គឺ​កំពុង​តែមាន​សកម្មភាព​អភិ​វ ឌ្ឍ​ជាច្រើន ក្នុងនោះ​វិស័យ​អចលនទ្រព្យ​បាន​ដើរ​ឈានមុខ រាប់ទាំង​គម្រោង​ដែលមាន​ស្រាប់ និង​កំពុងដំណើរការ​បញ្ចប់​គម្រោង ក៏ដូចជា​គម្រោងថ្មីៗជាច្រើន​ទៀត ដែល​នឹង​អនុវត្ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ៕

ចំណេះដឹង! តើ​អ្វី​ជាការ​ធ្វើ​វិមជ្ឈការ​ការងារ​តម្លៃ​គិត​ពន្ធគយ?

ដោយ វុត្ថា

ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា​ពន្យល់ថា ការធ្វើ​វិមជ្ឈការ​តម្លៃ​គិត​ពន្ធគយ មាន​គោលបំណង​បង្ក​ភាពងាយស្រួល​បន្ថែមទៀត ដល់​ការនាំចេញ នាំចូល​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ពាក់ព័ន្ធ នឹង​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០១៥ ការងារ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ ត្រូវបានធ្វើ​វិមជ្ឈការ​ទៅ​បណ្តា​អង្គភាព​គយ និង​រដ្ឋាករ​មូលដ្ឋាន​នានា នៅតាម​មាត់ច្រក​ព្រំដែន​នៃ​កម្ពុជា លើកលែងតែ​សាខាគយ​និង​រដ្ឋាករ​កំពង់ផែ​ក្រុងព្រះសីហនុ និង​កំពង់ផែ​ភ្នំពេញ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ព​ន្យ​ល់​ថា រាល់​ការនាំ​ចូល​តាម​មាត់ច្រក​នានា​ក្រៅពី​កំពង់ផែ​អន្តរជាតិ​ទាំងពីរ​ខាងលើ ធុរជន​អាច​ទៅ​ផ្ទៀងផ្ទាត់​តម្លៃ គិត​ពន្ធគយ​នៅតាម​អង្គភាព​គយ និង​រដ្ឋាករ​មូលដ្ឋាន​តែម្តង លើកលែងតែ​ការនាំ​ចូល​មុខទំនិញ មាន​ហានិភ័យ​ខ្ពស់​មួយចំនួន ដូចជា​មុខទំនិញ​ប្រើ​រួច យានយន្ត​គ្រប់​ប្រភេទ សម្ភារ​បរិក្ខារ​ទូរគមនាគមន៍ ផលិតផល​តេ​ល​សិ​សា និង​បរិក្ខារ​ល្បែង​ជាដើម ដែលជា​កម្មវត្ថុ​នៃ​ការផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​នៅ​ទីចាត់ការ​កណ្តាល (នាយកដ្ឋាន​ផែនការ បច្ចេកទេស និង​កិច្ចការ​អន្តរជាតិ)។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា  បាននិងកំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការធ្វើ​វិមជ្ឈការ​នេះ ឲ្យ​មាន​ភាព​គ្របដណ្តប់​ពេញលេញ នៅ​គ្រប់​អង្គភាព​គយ​និង​រដ្ឋាករ​មូលដ្ឋាន​ទូទាំងប្រទេស៕

កត្តាចំនួន ២ នាំឲ្យវិនិយោគិនហុងកុងចង់វិនិយោគនៅកម្ពុជា

ដោយ ហ្សូលី

ភ្នំពេញ៖ ហុងកុងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដោយក្នុងនោះហុងកុងបង្ហើបប្រាប់ពីកត្តាដែលកម្ពុជាអាចទាក់ទាញវិនិយោគិនបរទេសបានយ៉ាងងាយស្រួល។

វិនិយោគិនប្រមាណ ២០០ មកពីហុងកុង បានដាក់វិនិយោគយ៉ាងច្រើន នៅក្នុងវិស័យអចលនទ្រព្យ លក់រាយ ផលិតកម្ម សម្លៀកបំពាក់ ស្បែកជើង ថ្នាំពេទ្យ និង ភោជនីយដ្ឋាន ជាកម្លាំងចលករជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។

នាយកប្រតិបត្តិសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា លោក Larry Shuen Fai Ng បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ហេតុផលដែលវិនិយោគិនហុងកុងចង់មក ប្រទេសកម្ពុជាគឺដោយសារតែសេដ្ឋកិច្ចមានដុល្លារូបនីយកម្ម ។ ទាំងនេះគឺពិតជាមានសារៈសំខាន់សម្រាប់ពួកគេពីព្រោះ នៅហុងកុងមានអាជីវកម្មជាច្រើនក៏ប្រើប្រាស់ប្រាក់ដុល្លារ អាមេរិកដែរ។

លោកបន្តថា ហេតុផលទី ២ គឺ រដ្ឋាភិបាលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនមកធ្វើពាណិជ្ជកម្មនៅកម្ពុជា ទោះបីថ្លៃដើមមិនទាបខ្លាំងប៉ុន្តែក៏មានភាពងាយស្រួលក្នុង ការធ្វើពាណិជ្ជកម្មដែរ។

លោក Ng ថ្លែងថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំៗក៏កំពុងសម្លឹងមើលបន្ថែមទៀត ដើម្បីលើកទឹកចិត្តដល់ការធ្វើ ពាណិជ្ជកម្មរវាងហុងកុង ចិនដីគោក និង កម្ពុជា ប៉ុន្តែចំណង ពាណិជ្ជកម្មដ៏រឹងមាំកំពុងរងផលប៉ះពាល់ ដោយសារតែជំងឺ រាតត្បាតកូវីដ១៩ បានរារាំងការធ្វើពាណិជ្ជកម្ម និងការធ្វើ ដំណើររបស់វិនិយោគិន។

ជាធម្មតានៅពេលវិនិយោគិនសម្រេចមកវិនិយោគនៅទីនេះ ពួកគេចង់មកកាន់ប្រទេសនេះដើម្បីស្វែងយល់អំពីប្រជាជន និងវប្បធម៌ ប៉ុន្តែដោយសារការធ្វើដំណើរត្រូវបានរឹតបន្តឹង។ ពួកគេមិនអាចមកកាន់ទីនេះបានទេ ដូច្នេះការវិនិយោគ ផ្ទាល់ពីបរទេសមានល្បឿនយឺត៕

ក្រសួងសាធារណៈការរៀបចំថវិកាស្ថាបនានិងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស

ដោយៈ វុត្ថា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំការអនុវត្តថវិកា និងរៀបចំផែនការមេលើគម្រោងសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១នាពេលខងមុខនេះ។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះឱ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំ ក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោង/កម្មវិធីអភិ​វ ឌ្ឍន៍ និងជួសជុលថែទាំផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែទន្លេ សម្រាប់ឆ្នាំ២០២១ តែមិនទាន់បានដឹងពីចំនួនថវិកាប៉ុន្មានដែលបានដាក់ស្នើទៅរដ្ឋាភិបាល។

លោកបន្តថា “ជាធម្មតាក្រសួងតែងតែបើកិច្ចប្រជុំពិភាក្សា ជាមួយអន្តរក្រសួងរៀប​ចំ​ថវិកា និងផែនការវិនិយោគជារៀងរាល់ឆ្នាំ ដើម្បីដាក់សំណើរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ តែយើងមិនដឹងពីចំនួនថវិកា និងគម្រោងវិនិយោគប៉ុន្មាននោះទេ ដែលក្រសួងសេដ្ឋកិច្ចនឹងសម្រេចមកឱ្យក្រសួង”។

លោកបន្ថែមថា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចរួចហើយ ត្រូវឆ្លងរដ្ឋសភា និងព្រឹទ្ធសភា ទើបផែនការអនុវត្តថវិកា និងផែនការគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងអាចយកមកប្រើប្រាស់បាន ហើយការរៀបចំនេះហាក់មានភាពយឺតយ៉ាវបន្តិចដោយសារយើងជួបនូវបញ្ហាជំងឺ Covid-19 ព្រោះជាធម្មតាយើងធ្វើតាំងពីខែកក្កដាកន្លងទៅម្លេះ។

លោកបញ្ជាក់ទៀតថា កាលពីឆ្នាំកន្លងមកនេះ ថវិកាដែលក្រសួងស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់គម្រោងថែទាំ និងជួសជុលផ្លូវថ្នល់ជាមធ្យមចំនួន៣០០ ទៅ៤០០លានដុល្លារអាមេរិក ហើយសម្រាប់គម្រោងវិនិយោគ មានទំហំទឹកប្រាក់ប្រមា​ណ៤០០ទៅ៥០០ លានដុល្លារអាមេរិក តែសម្រាប់ឆ្នាំនេះយើងមិនទាន់ដឹងនៅឡើយទេ វាអាចប្រែប្រួល ដោយរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គណៈកម្មការអន្តរក្រសួងនៅថ្ងៃនេះ បានបើកកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗចំនួន២ រួមមាន៖ (១)-វឌ្ឍនភាពនៃការអនុវត្តថវិកា(គម្រោងវិនិយោគផ្ទាល់) និងការងារជួសជុល ថែទាំ ឆ្នាំ២០២០ និង (២)-ការរៀបចំផែនការគម្រោងសាងសង់ស្ពាន ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ហរិញ្ញប្បទាន ដោយថវិកាជាតិ (គម្រោងវិនិយោគផ្ទាល់) និង (ការងារជួសជុល និងថែទាំ) ឆ្នាំ២០២១៕

វិភាគៈហេតុអ្វីបានសេដ្ឋកិច្ចអាមេរិកនឹងកាន់តែរឹងមាំ? ក្រោមដឹកនាំរបស់លោកBiden?

ដោយៈ  វុទ្ឌី

អាមេរិកៈ អស់រយៈពេលជាងប្រាំមួយខែ ចាប់តាំងពីការរាតត្បាតCovid-19 ផ្ទុះឡើង សេដ្ឋកិច្ចអាមេរិកនៅតែស្ថិតក្នុងស្ថានភាពអាក្រក់។ មួយភាគប្រាំនៃពលករអាមេរិកគឺគ្មានការងារធ្វើ ហើយខ្លះទៀតបានកាត់បន្ថយម៉ោងធ្វើការ ឬត្រូវបានកាត់បន្ថយប្រាក់ខែ ដោយសារតែជំងឺរាតត្បាត។

ក្តីសង្ឃឹម ដែលសេដ្ឋកិច្ចនឹងងើបឡើងវិញឆាប់ៗ កំពុងបាត់បង់បន្តិចម្តងៗ។ អ្នកបោះឆ្នោតគាំទ្រលោកDonald Trumpកំពុងងឿងឆ្ងល់ថា តើប្រធានាធិបតី Donald Trump ឬអតីតៈអនុប្រធានាធិបតីJoe Biden មានផែនការល្អប្រសើរជាងមុន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចឆ្លងផុតពីការរាតត្បាត និងវិលត្រឡប់មករកភាពរឹងមាំឡើងវិញ។

ផែនការរបស់ពួកគេមិនអាចខុសគ្នាច្រើនទេ។ ផ្អែកលើការវិភាគរបស់យើង លោក Biden មានផែនការត្រឹមត្រូវ ហើយTrump មានផែនការមិនត្រឹមត្រូវ។ ផែនការរបស់លោក Trump គឺសាមញ្ញ – បង្កើនធ្វើការងារទ្វេដងលើគោលនយោបាយ ដែលលោកបានធ្វើនៅក្នុងអាណត្តិដំបូងរបស់លោក។

ការដែលលោកTrump ធ្វើបែបនេះ ដោយសារតែលោកគិតថាលោក បានស្តារសេដ្ឋកិច្ចមុនពេលមានជំងឺរាតត្បាត ដូច្នេះលោកគិតថាលោកអាចស្ដារវាម្តងទៀត។ បញ្ហា​ជាគឺលោកគិតថា សេដ្ឋកិច្ចកំពុងតែដំនើរការល្អ នៅពេលដែលលោកចូលកាន់ដំណែង​។

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនៃការកាន់ដំណែង ជាប្រធានាធិបតីរបស់លោក Obama សេដ្ឋកិច្ចបានបង្កើតការងារកាន់តែច្រើន ហើយភាពអត់ការងារធ្វើបានធ្លាក់ចុះច្រើនជាង ក្នុងរយៈពេលបីឆ្នាំដំបូងរបស់លោកTrump ។ លោកប្រធានាធិបតីរូបនេះ ចូលចិត្តចង្អុលទៅផ្សារភាគហ៊ុន ដែលជាភស្តុតាងបង្ហាញថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកកំពុងដំណើរការ។

ប៉ុន្តែឥណទានសម្រាប់ទីផ្សារ ដែលកំពុងកើនឡើង គួរតែចូលទៅក្នុងសហព័ន្ធបម្រុង ដែលបានកាត់បន្ថយអត្រាការប្រាក់ជិតដល់សូន្យ ហើយដែលបានបង្ហាញថាអត្រាការប្រាក់ នឹងមិនធូរស្បើយទេរហូតដល់សេដ្ឋកិច្ច បានស្តារឡើងវិញទាំងស្រុង។

ទោះយ៉ាងណាលោកប្រធានាធិបតីជឿជាក់ថា គោលនយោបាយសេដ្ឋកិច្ចរបស់លោកទទួលបានជោគជ័យ ហើយយើងគួររំពឹងថានឹងមានភាពដូចគ្នា នៅក្នុងអាណត្តិទី ២របស់លោក។ នេះមានន័យថាការកាត់បន្ថយពន្ធកាន់តែច្រើន។ សាជីវកម្ម និងការងារដែលត្រូវធ្វើ ទទួលផលចំណេញច្រើន ពីការកាត់បន្ថយពន្ធយ៉ាងច្រើន ដែលលោក Trump បានចុះហត្ថលេខាចូលជាធរមាននៅចុងឆ្នាំ២០១៧ ប៉ុន្តែការកាត់បន្ថែមួយចំនួនត្រូវផុតកំណត់ក្នុងពេលឆាប់ៗ នេះហើយលោកចង់ធ្វើឱ្យកាត់បន្ថយពន្ធ មានជាអចិន្ត្រៃយ៍។

លោក Donald Trump ក៏ទំនងជានឹងធ្វើសង្គ្រាមបំផ្លាញពន្ធគយ ជាមួយប្រទេសចិន ដែលលោកបានផ្អាកកាលពីចុងឆ្នាំមុន ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១។ នៅពេលដែលបញ្ហាបានដោះស្រាយ បន្ទាប់ពីការរាតត្បាតហើយ វាច្បាស់ណាស់ថាកិច្ចព្រមព្រៀងនេះ មានផលប៉ះពាល់តិចតួចទៅលើចិន។ សង្គ្រាមពន្ធនេះនឹងឡើងកម្តៅម្តងទៀត ហើយភាពតានតឹងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត ក៏នឹងនៅខ្ពស់ដែរ។

រាល់ការធ្វើឱ្យប្រសើរឡើង នូវឱនភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើម មិនត្រូវបានឆ្លើយតប ដោយធ្វើឱ្យមានការកើនឡើងនូវឱនភាពរវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

ក្រុមហ៊ុនផលិតកម្ម មិនបានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេ ត្រឡប់ទៅសហរដ្ឋអាមេរិកវិញទេ។ ផ្ទុយទៅវិញ ពួកគេបានផ្លាស់ទៅប្រទេសផ្សេងទៀត ដូចជា ប្រទេសវៀតណាមជាមួយនឹងថ្លៃដើមផលិតកម្មទាប។

លោកTrump បានផ្តោតអារម្មណ៍ (កំហឹង) របស់លោក ទៅលើប្រជាជាតិនានាដែលសហរដ្ឋអាមេរិក ធ្វើឱ្យមានឱនភាពពាណិជ្ជកម្ម ហើយអារម្មណ៍នេះ នឹងបន្តក្នុងរយៈពេល៤ឆ្នាំទៀតរបស់លោក។ លោក Trump ក៏នឹងរឹតបន្តឹងជនអន្តោប្រវេសន៍បរទេស ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចចុះខ្សោយរយៈពេលវែង។ ការរឹតត្បិតលើជនអន្តោប្រវេសន៍ធ្វើឱ្យកម្លាំងពលកម្មធ្លាក់ចុះ ដែលជាបញ្ហាដោយសារតែការថយចុះ នៃយុវជនដែលមានសក្តានុពល និងផលិតភាពការងារ ដោយសារជនអន្តោប្រវេសន៍ មានទំនោរទៅរកអ្នកប្រថុយប្រថាន ដែលចាប់ផ្តើមក្រុមហ៊ុនថ្មី និងការច្នៃប្រឌិតប្រេងឥន្ធនៈ។

លោកBiden សន្យាអនុវត្តន៍ ផ្ទុយពីគោលនយោបាយជាច្រើនរបស់ Trump ។ លោកបានសន្យាថា លោកនឹងបន្តជំរុញប្រជាជនចិន ឱ្យគោរពតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែលោកនឹងធ្វើដូច្នេះដោយចូលរួមឡើងវិញ ជាមួយអង្គការពាណិជ្ជកម្មពិភពលោ​ក និងអនុវត្តយុទ្ធសាស្ត្រពហុភាគីផ្សេងទៀត។

លោកBiden បាននិយាយអំពីលទ្ធភាព នៃការផ្តល់អនុសាសន៍ទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក ជាមួយនឹងបទប្បញ្ញត្តិពលកម្ម និងបរិស្ថានតឹងរឹងជាងមុន។ TPP គឺជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅ ប៉ាស៊ីហ្វិកផ្សេងទៀត ដែលមិនរាប់បញ្ចូលប្រទេសចិន ពីព្រោះប្រទេសចិនមិនមានភាពយុត្តិ​ធម៌ក្នុងការធ្វើពាណិជ្ជកម្មជាមួយទេ។

រដ្ឋបាលលោក Obama បានព្រមព្រៀងជាមួយ TPP ប៉ុន្តែលោក Trump បានដកខ្លួនចេញពីបទបញ្ជាមួយ ក្នុងចំណោមបទបញ្ជាប្រតិបត្តិដំបូងរបស់លោក។

លោក Biden ក៏នឹងធ្វើឱ្យមានការអន្តោប្រវេសន៍ពីបរទេសវិញ តាមរយៈការផ្តល់ក្តីតាមរយៈការផ្តល់ សញ្ជាតិ និងអនុញ្ញាតឱ្យជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនចូលមកអាមេរិក និងគាំទ្រច្បាប់កំណែទម្រង់អន្តោប្រវេសន៍ ដែលស្ទើរតែចូលជាធរមាននៅក្នុងអាណត្តិទី២របស់អូបាម៉ា។

ផែនការរបស់លោក Biden នឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលយ៉ាងខ្លាំង។ លោកស្នើឱ្យមានការវិនិយោគធំៗ លើហេដ្ឋារចនាសម្ព័ន្ធរួម ដោយសង្កត់ធ្ងន់ជាធម្មតាលើ ផ្លូវថ្នល់ និងស្ពាន ប៉ុន្តែក៏ថាមពលស្អាត ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដូចជា បច្ចេកវិទ្យា5G បច្ចេកវិទ្យាផ្ទុកថាមពល និងបញ្ញាសិប្បនិម្មិត (AI)។ ការវិនិយោគលើវិស័យអប់រំក៏នឹងទទួលបានការជម្រុញដ៏ធំមួយផងដែរ រួមមានការអប់រំកុមារតូចៗ ការបង់ថ្លៃសិក្សានៅតាមមហាវិទ្យាល័យ សាធារណៈឥតគិតថ្លៃសម្រាប់និស្សិត ដែលមានប្រាក់ចំណូលទាប និងមធ្យម និងការដោះស្រាយបំណុលប្រាក់កម្ចីរបស់និស្សិត។

បណ្តាញសុវត្ថិភាពសង្គម ក៏នឹងកាន់តែរឹងមាំផងដែរ ដោយមានថវិកាកាន់តែច្រើនសម្រាប់ការថែទាំសុខភាពការថែរក្សាកុមារ និងមនុស្សចាស់ផ្ទះនិងសន្តិសុខសង្គម។

ដើម្បីជួយចំណាយខាងលើ លោក Biden និយាយថា លោកនឹងតម្លើងពន្ធលើក្រុមហ៊ុនសាជីវកម្ម។ ការកាត់បន្ថយពន្ធរបស់លោក Trump មិនបានបង្កើនការវិនិយោគអាជីវកម្ម និងកំណើនសេដ្ឋកិច្ចច្រើនទេ ជាពិសេសមិនដល់កម្រិត ដែលលោកបាននិយាយនោះទេ។

ផែនការចំណាយរបស់រដ្ឋាភិបាលលោកBiden នឹងនាំឱ្យមានឱនភាពថវិកាកាន់​តែច្រើន។ នេះអាចជាបញ្ហានៅក្នុងពេលខាងមុខ ខណៈវានឹងនាំឱ្យមានអត្រាការប្រាក់ខ្ពស់ជាងមុន ដែលនឹងធ្វើឱ្យការចំណាយកើនឡើង។ តែមិនមែនពេលនេះទេ។ ពីព្រោះប្រសិ​នបើលោកBiden ឈ្នះការបោះឆ្នោត លោកនឹងទទួលបានបន្ទុកសេដ្ឋកិច្ចមួយ ជាមួយនឹងអត្រាគ្មានការងារធ្វើខ្ពស់ខុសពីធម្មតា។

នេះគឺជាពេលវេលា ដើម្បីដោះស្រាយឱនភាពធំៗ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចវិលត្រឡប់ទៅរកការងារពេញលេញវិញបានឆាប់រហ័ស៕ CNN៕

ស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់ផ្លូវវេងស្រេង ក្រោយដំណើរចាកចេញវិស័យឧស្សាហកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំបន់ផ្លូវេងស្រេងនៃខណ្ឌមានជ័យ ដែលធ្លាប់តែជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រសហគ្រាស និងឃ្លាំងយ៉ាងច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានជំនួសទៅដោយបណ្តុំលំនៅដ្ឋានបែបទាន់សម័យ និងមានតម្លៃសមរម្យចាប់ពីជាង៧ម៉ឺនដុល្លាររហូតដល់ប្រមាណ១៥ម៉ឺនដុល្លារ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance Property លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ តំបន់ដែលធ្លាប់តែជាបណ្តុំរោងចក្រ និងឃ្លាំងកាលពីប្រមាណ២ឆ្នាំមុននោះ បានក្លាយជាបណ្តុំលំនៅដ្ឋានបែបទំនើប និងទាន់សម័យស្អេកស្កះ រួមមានទាំងប្រភេទបុរីធំៗ និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលក្ខណៈជាបណ្តុំ។

លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍បន្តថា “សកម្មភាពអភិវឌ្ឍន៍សំណង់លំនៅដ្ឋាននៅក្នុងតំបន់នេះនៅតែភាពមមាញឹកមិនចាញ់តំបន់ភាគខាងត្បូង និងខាងជើងក្រុងនោះឡើយ ដោយហេតុថា តំបន់នេះមានសក្ដានុពល និងមានអំណោយផលដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មលក្ខណៈគ្រួសារផងដែរ”។

លោកបញ្ជាក់ថា “បន្ថែមពីគម្រោងដែលមានស្រាប់ និងកំពុងអនុវត្តនូវសកម្មភាពសាងសង់នាពេលបច្ចុប្បន្ន សម្រាប់ថ្ងៃខាងមុខនេះ គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនទៀតនឹងបង្ហញរូបរាង ដោយសារតែក្រៅពីមានសក្ដានុពល តម្លៃដីនៅទីនេះនៅមានកម្រិត ដែលអនុគ្រោះដល់ការវិនិយោគផ្នែកលំនៅដ្ឋាន”។

ជាមួយនឹងសកម្មភាពដ៏មមាញឹកនៃការសាងសង់សំណង់លំនៅដ្ឋាន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន រួមមានដូចជាផ្លូវក្រវ៉ាត់ទី៣ដែលមានទំហំ ផ្លូវក្នុងតំបន់ ក៏ដូចជាបណ្តាញអគ្គិសនីផងដែរ ដែលជាការឆ្លើយតប និងសម្របសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលកំពុងតែមានកំណើន។

លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍បញ្ជាក់ថា “ជាធម្មតា នៅពេលដែលមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ ជាពិសេសបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាមានភាពរីកចម្រើន វានឹងជំរុញឱ្យមានមនុស្សចូលទៅរស់នៅច្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញតម្លៃដី ក៏ដូចជាតម្លៃអចលនទ្រព្យមានការកើនឡើងជាបន្តបន្ទាប់” ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបានឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្រ្តពីសាកលវិទ្យាល័យនៃប្រទេសថៃ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកករុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ពីសាកលវិទ្យាល័ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃឡង់ដ៍។

ឯកសណ្ឋានបណ្ឌិតកិត្តិយសនេះ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា យកមកប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី បានឱ្យដឹងកន្លងមកនេះថា ការប្រគល់សញ្ញាបត្រកិត្តិយសដោយសាកលវិទ្យាល័យខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញនៃសាកលវិទ្យាបានពិនិត្យឃើញពីគុណតម្លៃនៃការបំពេញការងារដ៏មានប្រយោជន៍សម្រាប់ជាតិ និងសង្គមកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon បានបញ្ជាក់ថា ការសម្រេចចេញលិខិតសាទរនៃការផ្តល់សញ្ញាបត្រកិត្តិយសដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ គឺជាការបញ្ជាក់ពីកិច្ចទទួលស្គាល់ចំពោះកិច្ចខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រីក្នុងការបំពេញការងារមានប្រយោជន៍សម្រាប់ប្រទេសជាតិ សង្គមជាតិ ក៏ដូចជាមនុស្សជាតិផងដែរ។

លោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយក ព្រមទាំងបុគ្គលិក នៃគេហទំព័រ propertyarea.asia បានសម្តែងការសាទរ និងត្រេកអរចំពោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលលោកទទួលបាននូវឯកសណ្ឋានបណ្ឌិតកិត្តិយសផ្នែកករុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត
ពីសាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon នៃព្រះរាជាណាចក្រថៃឡង់ដ៍នេះ។

សូមគោរពជូនពរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍ ជាពិសេសលើវិស័យព័ត៌មាននៅកម្ពុជា៕

លោក ឃាង ពុទ្ធី ៖ និយាយពីមូលហេតុដែលខេត្តក្រុងមួយចំនួននៅតែមិនមានការរីកចំរើនលើវិស័យអចលនទ្រព្យ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលមានការរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសម្រាប់ខេត្តក្រុងមួយចំនួនត្រូវបានគេមើលឃើញថា ហាក់នៅមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងក្លាលើវិស័យមួយនេះនៅឡើយ ដែលបណ្តាលមកពីហេតុផលសំខាន់ៗមួយចំនួន ដូចបានបង្ហាញជូននៅខាងក្រោមនេះ។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រទំព័រ propertyarea.asia នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះថា មានហេតុផលជាច្រើនដែលធ្វើឱ្យបណ្តាខេត្តក្រុងទាំងនោះមិនសូវមានភាពរីកចំរើនលើវិស័យសំណង់ និងអចលនទ្រព្យ បើទោះជាខេត្តក្រុងទាំងនោះមានស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ល្អប្រសើរក៏ដោយ។

លោកពន្យល់ថា ទី ១ ដង់ស៊ីតេប្រជាជននៅមានកម្រិត ពោលនៅក្នុងខេត្តក្រុងមួយចំនួនរបស់កម្ពុជាមានប្រជាជនរស់នៅតិច ដែលជាកត្តាធ្វើឱ្យអចលនទ្រព្យមិនមានការរីករចំរើន ។ ទី ២ លំហូរនៃការធ្វើពាណិជ្ជកម្មមិនសូវមានក៏ជាហេតុធ្វើឱ្យវិស័យអចលនទ្រព្យមិនមានការរីកចំរើនផងដែរ ហើយទី ៣ គឺកត្តាទេសចរណ៍។ ខេត្តក្រុងដែលមានការរីកចំរើនលើវិស័យទេសចរណ៍ (មានរមណីយដ្ឋានទេសចរណ៍ និង កន្លែងលេងកម្សាន្តច្រើន) បានចូលរួមធ្វើឱ្យមានការរីកចំរើនលើវិស័យអចលនទ្រព្យផងដែរ តាមរយៈការសាងសង់សំណង់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗដែលពាក់ព័ន្ធទៅនឹងទេសចរណ៍”។

លោកបន្ថែមថា “កត្តាទាំងអស់នេះហើយ ដែលមន្ត្រីថ្នាក់ក្រោមជាតិគួរគិតគូរលើការអភិវឌ្ឍន៍បន្ថែម ដូចជាហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសវិស័យទេសចរណ៍។ ជាក់ស្ដែង ដូចគ្នាទៅនឹងភូមិព្រះដាក់នៃស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលមានថ្នាក់ដឹកនាំឆ្លាតបានធ្វើឱ្យមានកំណើនទេសចរ និងធ្វើឱ្យមានតម្រូវការអចលនទ្រព្យ”។

លោកបញ្ជាក់ថា “ភាពកង្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុង គឺជាឧបសគ្គរាំងស្ទះដល់ការរីកចំរើន ទាំងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ ។ កត្តានេះ ទាមទារ ឱ្យមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានស្អាត និងសមរម្យ នៅក្នុងខេត្តក្រុងដែលមិនទាន់មានការីកចំរើន”៕