ដីទំហំជាង២៣ម៉ឺនហិកតា ក្នុងខេត្តសៀមរាបត្រូវបានរក្សាទុកជាតំបន់ការពារធម្មជាតិ

ដោយ ៖ រ៉ាណេត

សៀមរាប ៖ ផ្ទៃដីទំហំសរុបជាង ២៣ ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានរដ្ឋាភិបាលកំណត់រក្សាទុក និងអភិរក្សជាតំបន់ការពារធម្មជាតិប្រកបដោយចីរភាព បន្ទាប់ពីបានធ្វើការសិក្សាលម្អិត និងបែងចែកដាច់ដោយឡែកពីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។

នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រុមការងារ និងមន្ត្រីជំនាញ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព ការពិនិត្យ ការសិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ការប្រើប្រាស់ដីរបស់កងទ័ពក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ការរៀបចំដីបម្រុងទុកសម្រាប់ការអភិវឌ្ឍន៍ក្រុង ស្រុក ខេត្តសៀមរាប។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ការអនុវត្ត ការធ្វើទិន្នន័យប្រជាពលរដ្ឋ ដែលបានកាន់កាប់ និង អាស្រ័យផលជាក់ស្តែង ដើមី្បធ្វើការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ សំខាន់នៅតំបន់ឧទ្យានជាតិ ភ្នំគូលែន និង ដែនជម្រកសត្វព្រៃព្រហ្មទេព។

លោកបានបន្តទៀតថា តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបមានចំនួន៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៣៣ ៦៨៨ហិកតា ក្នុងនោះតំបន់ការពារទេសភាពអង្គរមានទំហំ ១០ ៨០០ ហិកតា , ឧទ្យានជាតិព្រះជ័យវរ័្មន.នរោត្តម (ភ្នំគូលែន) មានទំហំ ៣៧ ៣៧៣ ហិកតា (ក្នុងនោះដីអាស្រ័យផលមាន ១៥៣ ហិកតា , ដីចំការ ២ ៨៥៣ ហិកតា , ការសង់ខ្ទម និងបោះបង្គោលរបងអាណាធិបតេយ្យ ១៥៨ខ្នង , ដែនជម្រកសត្វព្រៃគូលែន.ព្រហ្មទេព ទំហំ ៤២ ៩០៣ ហិកតា , ដែនជម្រកសត្វព្រៃបឹងពែរ ទំហំ ៣៧ ៤៦៩ ហិកតា ដែនជម្រកសត្វព្រៃភ្នំត្នោត. ភ្នំពកទំហំ ១៧ ៥៦៩ ហិកតា , តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប (សត្វខឹ្សប) ទំហំ ៤ ៨៧១ ហិកតា , តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ទំហំ ៧៧ ៧០៣ ហិកតា និងតំបន់ស្នូលបឹងទន្លេឆ្នា (តំបន់រ៉ាមសារ) ទំហំ ៥ ០០០ ហិកតា ។

ក្នុងនោះដែរក៏មានសហគមន៍ការពារធម្មជាតិ ចំនួន១០កន្លែង មានផ្ទៃដីសរុប ១២ ៩៨៤ ហិកតា មានប្រជាពលរដ្ឋ ៣ ០៩៩ គ្រួសារ ដែលបានគ្រប់គ្រងដីព្រៃសហគមន៍តំបន់ការពារធម្មជាតិឱ្យមាននីរន្តរភាព។ ក្នុងនោះដែរលោក ក៏បានលើកនូវបទពិសោធន៍ និងវិធានការល្អៗមួយចំនួនក្នុងការធ្វើទិន្នន័យដីធ្លីឱ្យបានចប់សព្វគ្រប់ ដើមី្បបញ្ចប់នូវបញ្ហាវិវាទដីធ្លីង និងការរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានធ្វើការជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងមេភូមិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការរុករាន ក្នុងតំបន់ការពារធម្មជាតិ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន សូមត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗឱ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត។

លោកបានបន្តឱ្យដឹងទៀតថា ពេលនេះជាឱកាសដែលអាជ្ញាធរមូលដ្ឋាន គឺត្រូវគ្រប់គ្រងដីធ្លីនៅក្នុងដែលសមត្ថកិច្ចរដ្ឋបាលខ្លួនគ្រប់គ្រងឱ្យបានជាក់ច្បាស់ ដើមី្បក្នុងការធ្វើសម្រងទិន្នន័យឱ្យបានត្រឹមត្រូវ ព្រមទាំងធ្វើការស្រាវជ្រាវពីប្រវត្តិសាវតាប្រជាពលរដ្ឋបានច្បាស់ ដើមី្បធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលស្នើសុំធ្វើការឆ្វៀលដីជូនពួកគាត់ទៅតាមការជាក់ស្តែង។

នៅក្នុងពេលនេះការធ្វើទិន្នន័យបានច្បាស់លាស់នឹងផ្តល់ជូនពួកគាត់ហើយនោះ តែបែរជាពួកគាត់នៅតែបំពានរុករានយកដីរដ្ឋបន្តនោះ នឹងត្រូវចាត់ការអនុវត្តទៅតាមច្បាប់រដ្ឋបាលផងដែរ ។ ម៉្យាងទៀតអាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវធ្វើការពន្លឿនក្នុងការធ្វើទិន្នន័យប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ ដើមី្បបានទិន្នន័យសម្រាប់ជាធាតុចូលក្នុងការកំណត់បែងចែកតំបន់ផងដែរ ៕

បុគ្គលបួនរូបត្រូវបានតែងតាំងជាទីប្រឹក្សានិងថ្នាក់ដឹកនាំសមាគមអចលនទ្រព្យសកល

ដោយគង់ សូរិយា

ភ្នំពេញៈ បុគ្គលចំនួន៤រូប ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យ និងចំណេះដឹងផ្នែកសង្គមច្រើន ត្រូវបានសមាគមអចលនទ្រព្យសាកល តែងតាំងជាទីប្រឹក្សានិងថ្នាក់ដឹកនាំសមាគមសំរាប់អាណត្តិទី១។

អ្នកដែលត្រូវបានតែងតាំងជាទីប្រឹក្សាសំរាប់សមាគមនេះ រួមមាន ទី១ តែងតាំង​លោកលោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ជាទីប្រឹក្សាទទួលបន្ទុកផ្នែកព៌តមាន និងការផ្សព្វផ្សាយ ទី២ លោក ឡោ វិចិត្រ ជាអនុប្រធានសមាគមអចលនទ្រព្យសកល ប្រចាំរាជធានីភ្នំពេញទទួលបន្ទុកទំនាក់ទំនងជាតិ និងអន្តរជាតិ។

ទី៣ លោក ឃឹម យាន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអចលនទ្រព្យសកលប្រចាំខេត្តកណ្តាល និងទី៤ លោកស្រី គង់ សុខលីន ជាប្រធានសមាគមសកលអចលនទ្រព្យប្រចាំខេត្តកំពង់ស្ពឺ។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន ហៅSAMបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ តុលាកន្លងមកថា ការតែងតាំងទីប្រឹក្សា និងអនុប្រធានសមាគម ប្រធានសមាគមនៅតាមបណ្តាខេត្តនានាជាការរួមសតិបញ្ញា ស្មារតី ក្នុងការធ្វើ​ការងារជាក្រុម ដើម្បីជួយសមាគមឲ្យមានភាពរីកចម្រើន ពិសេសគាំទ្រគោលនយោបាយ​របស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបន្តថា “សមាគមអចលនទ្រព្យសកលមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញការទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិមកវិនិយោគនៅកម្ពុជា”។

លោកបន្តថា ជាមួយគ្នានេះសមាគម នឹងទទួលយកសមាជិកភាពជាលក្ខណៈបុគ្គល​និងក្រុមហ៊ុននានា ដែលធ្វើការងារទាក់ទងនឹងវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេ​សការរួមសម្លេង និងទុនរួមគ្នា ដើម្បីជំរុញនូវបរិយាកាសវិនិយោគកាន់តែល្អប្រសើរ។

លោកបន្តថា “អ្វីដែលកាន់់តែពិសេសនាពេលអនាគតឆាប់ៗនេះ សមាគមនឹងបើកការិយាល័យនៅតាមបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសកូរ៉េ ជប៉ុន ក្រុងហុងកុង ខេត្តគ័ងចូវប្រទេសចិនជាដើម”៕

 

 

 

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុងនឹងជួយជំរុញឱ្យមានការអភិវឌ្ឍន៍គម្រោង លំនៅឋានកាន់តែច្រើន

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ប្រព័​ន្ធហេដ្ឋារនាសម្ព័ន្ធឱ្យកាន់តែល្អ និងមានភាពល្អប្រសើរនៅតាមបណ្តាជាយក្រុងបានជំរុ​ញឱ្យមានការអភិវឌ្ឍន៍គម្រោងលំនៅឋានកាន់តែច្រើន និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ព្រមទាំងកាន់បន្ថយកកស្ទះចរាចរណ៍។

លោកឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានប្រាប់គេហទំព័រPropertyarea.asia កាលពីចុងសប្តាហ៍កន្លងមកនេះថា រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្តារ និងស្ថាបនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅតាមជាយក្រុងឱ្យកាន់តែប្រសើរ (ផ្លូវបេតុង និងផ្លូវក្រវ៉ាត់ក្រុងជាដើម) ដែលនេះ ជំរុញឱ្យមានការអភវិឌ្ឍន៍គម្រោងលំនៅឋាន។

លោកបានថ្លែងថា “បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអភិឌ្ឍហេ ដ្ឋារនាសម្ព័ន្ធ មានភាពល្អប្រសើរជាងមុននៅតាមជាយក្រុង ដូចជា ផ្លូវក្រវាត់ក្រុងជាដើម និងផ្លូវមួយចំនួនត្រូវចាក់បេតុងបានស្អាត ដែលជំរុញឱ្យមានការសាងសងបុរី និងគម្រោងលំនៅឋានកម្រិងមធ្យមកាន់តែច្រើន”។

លោកបន្ថែមថា នៅពេលដែលមានគម្រោងលំនៅឋានកាន់តែច្រើន តម្លៃដីធ្លី ក៏ដូចជា អចលនទ្រព្យផ្សេងៗ កាន់តែមានតម្លៃថ្លៃ តែចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ មក និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាស្ថិតនៅក្នុសភាពទ្រឹង ហើយក៏វាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចសកលផងដែរ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះធ្លាប់បានថ្លែងថា  រាជធានីភ្នំពេញ បាននឹងកំពុងពង្រីកខ្លួនពី៣០០ ទៅ៧០០គីឡូម៉ែត្រក្រឡា  ដែលមាន​ប្រ​ជាពលរដ្ឋរស់នៅជិត៣លាននាក់ និងប្រកបមុខរបរគ្រប់ប្រភេទ  ហើយរដ្ឋបាលរាជានីភ្នំពេញបាននឹងកំពុងកែលម្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ន្ធជុំវិញក្រុងបានយ៉ាងល្អ ដើម្បីបង្កមានភាពស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយកកស្ទះចរាចរណ៍។

លោកបន្តថា “ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្រុងនេះ បានជំរុញឱ្យមានការអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន ជាពិសេសនៅភាគខាងលិនៃទីក្រុងភ្នពេញ បណ្តុំទៅដោយគម្រោងលំនៅឋាន និងរោងចក្រសហគ្រាសគ្រប់ប្រភេទដែលកត្តាទាំងនេះ កើតចេញពីសុខសន្តិភាពនៅក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន”៕

វិភាគ៖ តើ​លោក Donald Trump ឬ Joe Biden នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី៤៦

ដោយ​យិន លាង​គង់ ស្ថាបនិក​គេហទំព័រ Propertyarea.asia

ភ្នំពេញៈ ការបោះឆ្នោត​នៅ​អាមេរិក ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​មហាអំណាច​មួយ​នេះ បាន​ដល់ពេល​រាប់​ថយក្រោយ​ហើយ ខណៈ​បេក្ខជន​មកពី​គណបក្ស​ទាំងពីរ​កំពុង​បង្ហាញ​ក្តីសង្ឃឹមរៀងៗខ្លួន។

ប៉ុន្តែ​ការឆ្លង​មេរោគ Covid-19 របស់​ប្រធានាធិបតី​បច្ចុប្បន្ន បានធ្វើ​ឲ្យ​ឆាក​សម្តែង​លែង​សូវ​ល្អមើល ខណៈ​ការតស៊ូ​មតិ​ដ៏​ក្តៅគគុក បាន​ទាក់ទាញ​ការចាប់អារម្មណ៍ ហើយ​ការលើកឡើង​របស់លោក Joe Biden បានធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់លោក Trump ធ្លាក់ចុះ។

ការបោះឆ្នោត​ដែល​ទាក់ទាញ ចំណាប់អារម្មណ៍​ពី​មនុស្ស មកពី​ជុំវិញ​ពិភពលោក​នេះ បានធ្វើ​ឲ្យ​ប្រែប្រួល​គោលនយោបាយ​សង្គម សេដ្ឋកិច្ច និង​យោធា​ក្នុង​ពិភពលោក ហេតុនេះ​ការជាប់ឆ្នោត​របស់​អ្នកណាម្នាក់ ក្នុងចំណោម​បេក្ខភាព​ដ៏​មាន​សក្តានុពល​ទាំងពីរ​បាននិងកំពុង​ក្លាយជា​ចំណោទ​មួយ នៃ​គោលនយោបាយ​កា​ទូត​របស់​ពួកគេ។

ប្រធានាធិបតី​លោក Donald Trump

ប្រធានាធិបតី​រូបនេះ ទំនងជា​មនុ​ស្សមានភាព​ចម្រូងចម្រាស់​ច្រើនជាងគេ ក្នុងចំណោម​ប្រធានាធិបតី​អាមេរិក​ទាំងអស់ សំរាប់​សហគមន៍​អន្តរជាតិ ដោយសារ​លោក​បានដាក់​ចេញ​នូវ​គោលនយោបាយ អាមេរិក​ជា​អាទិភាព (American First) ដែល​គោលនយោបាយ​នេះ សំដៅ​ធ្វើ​ឲ្យ​អាមេរិក​មាន​សេដ្ឋកិច្ច និងអ្វីៗគ្រប់យ៉ាង​មាន​ភាព​អស្ចារ្យ ប៉ុន្តែ​ល​ទ្ឋ​ផល​ទទួលបាន គឺ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​មហាអំណាច​នេះ​ងើបឡើង​មួយរយៈ​ខ្លី​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ​ប្រធានាធិបតី​រូបនេះ បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ក្តៅក្រហាយ តាមរយៈ​ការដកខ្លួន​ចេញ​ពីស​ទ្ឋិ​សញ្ញា​នានា ការដាក់​ទ័​ណ្ឌ​កម្ម​ជា​ឯកតោភាគី ដោយ​មិន​គោរព​តាម​គោលការណ៍​អង្គការសហប្រជាជាតិ ការដាក់​ទ័​ណ្ឌ​កម្ម​លើ​ប្រទេស​ជាច្រើន ពិសេស​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​មហា​យក្ស​ចិន​ជាដើម។

គោលនយោបាយ​របស់ Donald Trump

ក្តីសង្ឃឹម ដែល​សេដ្ឋកិច្ច​នឹង​ងើបឡើង​វិញឆាប់ៗ កំពុង​បាត់បង់​បន្តិចម្តង។ អ្នកបោះឆ្នោត​គាំទ្រ​លោក Donald Trump កំពុង​ងឿងឆ្ងល់​ថា តើ​ប្រធានាធិបតី Donald Trump ឬ​អ​តី​តៈ​អនុ​ប្រធានាធិបតី Joe Biden មាន​ផែនការ​ល្អប្រសើរ​ជាង​មុន ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ឆ្លង​ផុតពី​ការ​រាតត្បាត និង​វិលត្រឡប់​មករក​ភាពរឹងមាំ​ឡើងវិញ។

ផែនការ​របស់​ពួកគេ​មិនអាច​ខុសគ្នា​ច្រើន​ទេ។ ផ្អែកលើ​ការវិភាគ​របស់​យើង លោក Biden មាន​ផែនការ​ត្រឹមត្រូវ ហើយ Trump មាន​ផែន​ការមិន​ត្រឹមត្រូវ។ ផែនការ​របស់លោក Trump គឺ​សាមញ្ញ – បង្កើន​ធ្វើ​ការងារ​ទ្វេដង​លើ​គោលនយោបាយ ដែល​លោក​បានធ្វើ​នៅក្នុង​អាណត្តិ​ដំបូង​របស់លោក។

ការដែល​លោក Trump ធ្វើបែបនេះ ដោយសារតែ​លោក​គិតថា​លោក បាន​ស្តារ​សេដ្ឋកិច្ច​មុនពេល​មាន​ជំងឺ​រាតត្បាត ដូច្នេះ​លោក​គិតថា​លោក​អាច​ស្ដារ​វា​ម្តងទៀត។ បញ្ហា​ជា​គឺ​លោក​គិតថា សេដ្ឋកិច្ច​កំពុងតែ​ដំនើរ​ការល្អ នៅពេលដែល​លោក​ចូលកាន់​ដំណែង​តែប៉ុណ្ណោះ។

លោក Joe ជា​អ្នកណា និង​ដាក់ចេញ​គោលនយោបាយ​បែបណា?

តើ​លោក Joe Bidn eជា​អ្នកណា? លោក Joe Biden (ឈ្មោះ​ពេញ Joseph Robinette Biden Jr) កើត​នៅ​ថ្ងៃទី ២០ ខែវិច្ឆិកា​ឆ្នាំ ១៩៤២ គឺជា​អ្នកនយោបាយ​អាមេរិក ដែល​បាន​បម្រើការ​ជា​អនុ​ប្រធានាធិបតី​ទី៤៧ របស់​សហរដ្ឋអាមេរិក​ឆ្នាំ ២០០៩ ដល់​ឆ្នាំ២០១៧ និង​បាន​ធ្វើជា​តំណាងឱ្យ​រដ្ឋ Delaware នៅ​ព្រឹទ្ធសភា​អាមេរិក​ពី​ឆ្នាំ១៩៧៣ ដល់ ២០០៩ ។

ជា​សមាជិក​ម្នាក់ នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក Biden គឺជា​បេក្ខជន​ដែល​បានតែងតាំង​ជា​អ្នកតំណាង​បក្ស​ប្រជាធិបតេយ្យ ដើម្បី​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០២០ ។ លោក​មិន​ទទួលបាន​ជោគជ័យ ក្នុងការ​តែងតាំង​ប្រធានាធិបតី​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ១៩៨៨ និង​ឆ្នាំ ២០០៨ នោះទេ។

លោក Biden ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅ​ទីក្រុង Scranton រដ្ឋ Pennsylvania និង​ទីក្រុង New Castle County រដ្ឋ Delaware ។ គាត់​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​University of Delaware មុនពេល​គាត់​បានទទួល​សញ្ញាប័ត្រ​ច្បាប់ ពី​សាកលវិទ្យាល័យ​Syracuse University ។

លោក​បាន​ក្លាយជា​មេធាវី​នៅ​ឆ្នាំ១៩៦៩ ហើយ​ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា New Castle County Council នៅ​ឆ្នាំ ១៩៧០ ។ លោក Joe Biden ត្រូវបាន​ជ្រើសរើស​ជាថ្មី​ចំនួន៦ដង និង​ជា​សមាជិក​ព្រឹទ្ធសភា​ជាន់ខ្ពស់​បំផុត​ទី៤ នៅពេលដែល​គាត់​បាន​លាលែង​ពី​តំណែង ដើម្បី​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ ២០០៩ ។

ការចរចារ​របស់លោក​ជាមួយ សមាជិកសភា​សាធារណ​រដ្ឋ បាន​ជួយ​រដ្ឋបាល​លោក អូ​បា​ម៉ា អនុម័ត​ច្បាប់រួម​មានការ​បន្ធូរបន្ថយ​ពន្ធ ការធានារ៉ាប់រង​ភាព​គ្មាន​ការងារ​ធ្វើឡើង​វិញ​និង ច្បាប់​បង្កើត​ការងារ​ឆ្នាំ២០១០ ដែល​បាន​ដោះស្រាយ​ការជាប់​ពន្ធ។ ច្បាប់​ត្រួតពិនិត្យ​ថវិកា​ឆ្នាំ២០១១ ដែល​បាន​ដោះស្រាយ​វិបត្តិ​បំណុល​ឆ្នាំ​នោះ និង​ច្បាប់​ផ្តល់ជំនួយ​ដល់​អ្នក​ជាប់ពន្ធ​អាមេរិក​ឆ្នាំ២០១២ ដែល​បាន​ដោះស្រាយ​អំពី​សារពើពន្ធ ដែល​ជិត​មកដល់។ លោក​អូ​បា​ម៉ា និង​លោក Biden ត្រូវបាន​ជ្រើសរើស​ជាថ្មី​ក្នុង​ឆ្នាំ ២០១២ ។

នៅ​ខែតុលា​ឆ្នាំ ២០១៥ បន្ទាប់ពី​មានការ​សង្ស័យ​ជាច្រើន​ខែ លោក Biden បានប្រកាសថា លោក​នឹងមិន​ស្វែងរក​តំណែង​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០១៦ទេ។ នៅ​ខែមករា​ឆ្នាំ ២០១៧ លោក​អូ​បា​ម៉ា បានប្រគល់​មេដាយ​សេរីភាព​ប្រធានាធិបតី​ដល់​លោក។ បន្ទាប់ពី​បញ្ចប់​អាណត្តិ​ទី​ពីរ​របស់លោក ជា​អនុ​ប្រធានាធិបតី​លោក Joe Biden បាន​ចូលរួម​ជាមួយ​មហាវិទ្យាល័យ នៃ​សាកលវិទ្យាល័យ Pennsylvania ជា​កន្លែង​ដែល​លោក ត្រូវបាន​គេ​ដាក់ឈ្មោះ​ជា​សាស្ត្រាចារ្យ Benjamin Franklin  នៃ​ការអនុវត្ត​ប្រធានាធិបតី។

លោក​បានប្រកាស​បេក្ខភាព​ជា​ប្រធានាធិបតី របស់លោក​នៅ​ឆ្នាំ២០២០ នៅ​ថ្ងៃទី ២៥ ខែមេសា​ឆ្នាំ ២០១៩ ដោយ​ចូលរួម​ជាមួយ​បេក្ខជន​ប្រជាធិបតេយ្យ​ជាច្រើន ដើម្បី​ស្វែងរក​ការតែងតាំង​គណបក្ស។

សារ​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​លោក Joe Biden

លោក Biden សន្យា​អនុវត្តន៍ ផ្ទុយ​ពី​គោលនយោបាយ​ជាច្រើន​របស់ Trump ។ លោក​បាន​សន្យាថា លោក​នឹង​បន្ត​ជំរុញ​ប្រជាជន​ចិន ឱ្យ​គោរព​តាមច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ ប៉ុន្តែ​លោក​នឹងធ្វើ​ដូច្នេះ​ដោយ​ចូលរួម​ឡើងវិញ ជាមួយ​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក និង​អនុវត្ត​យុទ្ធសាស្ត្រ​ពហុភាគី​ផ្សេងទៀត។

លោក Biden បាន​និយាយ​អំពី​លទ្ធភាព នៃ​ការផ្តល់​អនុសាសន៍​ទៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីភាព ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ជាមួយនឹង​បទ​ប្បញ្ញត្តិ​ពលកម្ម និង​បរិស្ថាន​តឹងរឹង​ជាង​មុន។ TPP គឺជា​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ ប៉ាស៊ីហ្វិក​ផ្សេងទៀត ដែល​មិន​រាប់បញ្ចូល​ប្រទេស​ចិន ពីព្រោះ​ប្រទេស​ចិន​មិនមាន​ភាពយុត្តិធម៌​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទេ។

រដ្ឋបាល​លោក Obama បាន​ព្រមព្រៀង​ជាមួយ TPP ប៉ុន្តែ​លោក Trump បាន​ដកខ្លួន​ចេញពី​បទបញ្ជា​មួយ ក្នុងចំណោម​បទបញ្ជា​ប្រតិបត្តិ​ដំបូង​របស់លោក។

លោក Biden ក៏​នឹង​ធ្វើឱ្យ​មានការ​អន្តោប្រវេសន៍​ពី​បរទេស​វិញ តាមរយៈ​ការផ្តល់​ក្តី​តាមរយៈ​ការផ្តល់ សញ្ជាតិ និង​អនុញ្ញាតឱ្យ​ជនភៀសខ្លួន និង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ចូលមក​អាមេរិក និង​គាំទ្រ​ច្បាប់​កំណែទម្រង់​អន្តោប្រវេសន៍ ដែល​ស្ទើរតែ​ចូល​ជា​ធរមាន​នៅក្នុង​អាណត្តិ​ទី២របស់​អូ​បា​ម៉ា។

ផែនការ​របស់លោក Biden នឹង​បង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល​យ៉ាងខ្លាំង។ លោក​ស្នើឱ្យ​មានការ​វិនិយោគធំៗ លើ​ហេដ្ឋារចនាសម្ព័ន្ធ​រួម ដោយ​សង្កត់ធ្ងន់​ជាធម្មតា​លើ ផ្លូវថ្នល់ និង​ស្ពាន ប៉ុន្តែ​ក៏​ថាមពល​ស្អាត ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ ដូចជា បច្ចេកវិទ្យា​5G បច្ចេកវិទ្យា​ផ្ទុក​ថាមពល និង​បញ្ញា​សិប្បនិម្មិត (AI)។ ការវិនិយោគ​លើ​វិស័យ​អប់រំ​ក៏​នឹង​ទទួល​បានការ​ជម្រុញ​ដ៏​ធំ​មួយ​ផងដែរ រួមមាន​ការអប់រំ​កុមារតូចៗ ការបង់ថ្លៃ​សិក្សា​នៅតាម​មហាវិទ្យាល័យ សាធារណៈ​ឥតគិតថ្លៃ​សម្រាប់​និស្សិត ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម និង​ការដោះស្រាយ​បំណុល​ប្រាក់កម្ចី​របស់​និស្សិត។

បណ្តាញ​សុវត្ថិភាព​សង្គម ក៏​នឹង​កាន់តែ​រឹងមាំ​ផងដែរ ដោយមាន​ថវិកា​កាន់តែច្រើន​សម្រាប់​ការថែទាំ​សុខភាព​ការថែរក្សា​កុមារ និង​មនុស្ស​ចាស់​ផ្ទះ​និង​សន្តិសុខ​សង្គម។

ការស្ទង់មតិ

ការស្ទង់មតិ​ជាច្រើនលើក​ដែល​ធ្វើឡើង នៅតាម​ស្ថាប័នធំៗរបស់​អាមេរិក បាន​រកឃើញថា ប្រធានាធិបតី Trump ទំនង​គ្មាន​វាសនា​ជាប់ឆ្នោត​ទៀត​នោះទេ ប៉ុន្តែ​ភាពចម្រូងចំរាស់​នៃ​ការបោះឆ្នោត​លើក​នេះ ទំនងជា​ធ្វើ​ឲ្យ​ល​ទ្ឋ​ផល​ចាញ់​ឈ​ឈ្នះ កាន់តែ​ពិបាក ដោយសារ​ប្រ​ព័​ន្ឋ​បោះឆ្នោត​តាម​ប្រៃសណីយ៍ ត្រូវបាន​ត្រាំ​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ច្រើន ហើយ​លោក​ទំនងជា​នឹងមិន​ចុះ​ចេញពី​ដំណែង ប្រសិនជា​លោក​គិតថា ល​ទ្ឋ​ផល​ឆ្នោត​មិនមាន​ភាពប្រក្រតី។

ជាមួយគ្នា​នឹង​ការ​ប្រកាសថា លោក​នឹងមិន​ចុះ​ចេញពី​ដំណែង ប្រសិន​ជាល​ទ្ឋ​ផល​ឆ្នោត​មាន​ការលួចបន្លំ​ច្រើន មេដឹកនាំ​យោធា​ដ៏​មាន​ឥ​ទ្ឋិ​ពល​នៅ​អាមេរិក បាន​អះអាង​រួ​វច​ហើយ​ថា ពួកគេ​នឹងមិន​លូកដៃ​ចូលក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​នោះទេ។

ជាមួយនឹង​ប្រ​ព័​ន្ឋ​បោះឆ្នោត ដែល​ផ្អែកលើ​សម្លេង​ប្រតិភូ​ធំ​ជាង សម្លេង​ប្រជា​ពល រដ្ឋ ល​ទ្ឋ​ផល​ឆ្នោត​ពិតជា​ពិបាក​ប៉ាន់ស្មាន ហើយ​អ្នកណា​ជាប់​ឬ​ធ្លាក់​ពិតជា​ពិបាក​ក្នុងការ​ទស្សន៍ទាយ​យ៉ាងពិត​ប្រាកដ។

ច​រិ​ក​បេក្ខជន​ទាំងពីរ

ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រតិភូ​នៅតាម​បណ្តា​រដ្ឋ​និមួយៗនៅ​សហរដ្ឋអាមេរិក ពិតជា​សំខាន់​ណាស់ ដើម្បី​កំណត់​វាសនា​មហាអំណាច​មួយ​នេះ ក៏​ដូច​ការប្រែប្រួល​នៃ​ពិភពលោក​ទាំងមូល។

ការបង្កើត​នូវ​វប្ប​ធ៌​ម​គាំពារ​និយម ជាការ​ទាត់ចោល​សាកលភាវូបនីយកម្ម ដែល​ពិភពលោក​កំពុង​ត្រូវការ ការមិន​ទទួលយក​កំហុស ហើយ​ចូលចិត្ត​ទម្លាក់កំហុស​ឲ្យ​អ្នកដទៃ ចូលចិត្ត​សម្លុត​គំរាម និង​ការដាក់​ទ័​ណ្ឌ​កម្ម​លើ​បណ្តា​ប្រទេស​នានា ដែល​មិន​សហការ​ជាមួយ​ខ្លួន​គឺជា​ច​រិ​ករ​បស់ Trump ។

ជាល​ទ្ឋ​ផល​ក្នុង​កំឡុង​លោក​កាន់អំណាច ប្រទេស​ជាច្រើន​ត្រូវបាន​ដាក់ទណ្ឌកម្ម ដោយ​អាមេរិក មានដូចជា​ប្រទេស Balkans, Belarus, Burundi, Central African Republic, Cuba, Democratic Republic of Congo, Hong Kong, Iran, Iraq, Lebanon, Libya, Mali, Nicaragua, North Korea, Somalia, Sudan, South Sudan, Syria, Ukraine/Russia, Venezuela, Yemen, and Zimbabwe ។

ការបង្កើត​ឲ្យ​មាន​ដោយ​ចេតនា នូវ​ការរើសអើង​ជាតិ​សាសន៍ ដែល​ធ្វើ​ឲ្យ​មានប្រតិកម្ម ពី​អតីត​ប្រធានាធិបតី​ខ្មែរ​ខ្មៅ​ដំបូង​គេ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក លោក Barack Obama និង​ប្រធានាធិបតី Bush ពិសេស​សហគមន៍​ស្បែក​ខ្មៅ​នៃ​សហរដ្ឋអាមេរិក ការគ្រប់គ្រង​ជំងឺ Covid-19 មិនបាន​ល្អ កំពុង​ធ្វើ​ឲ្យ Trump ធ្លាក់​ប្រជាប្រិយភាព​ទាំង​នៅ​អាមេរិក និង​សហគមន៍​អន្តរជាតិ។

ផ្ទុយទៅវិញ​លោក Joe Biden ជា​មនុស្ស​មានចិត្ត​ត្រជាក់ ជាមួយ​គោលនយោបាយ​ដាក់ចេញ​ច្បាស់លាស់ មាន​ភាពទន់ភ្លន់ ការជាប់ឆ្នោត​របស់លោក​ទំនង ជា​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​មហាមិត្ត​ចិន​ទំនងជា​សម្បាយ​ចិត្ត ដោយសារ​លោក​មាន​គោលនយោបាយ​សហ​វិជ្ជមាន និង​ជ្រើសរើស​សាកលភាវូបនីយកម្ម ជាជាង​ការ​គាំពារ​និយម​ឬ​ឯកតោភាគី។

ក្នុងពេល​ឈរ​ដំណែង​ជា​អនុ​ប្រធានាធិបតី លោក Joe បាន​ជួយ​លោក Barack Obama ជាច្រើន លើ​ការរៀបចំ​គោលនយោបាយ​នានា​ទាក់ទង​នឹង​សង្គម សេដ្ឋកិច្ច ការកាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ គោលនយោបាយ​គាំពារ​សង្គម​ជាដើម។

ការសម្រេចចិត្ត​ចុងក្រោយ

ប្រជាពលរដ្ឋ និង​ប្រតិភូ​នៅតាម​បណ្តា​រដ្ឋ​និមួយៗរបស់​អាមេរិក បាននិងកំពុង​ឈានដល់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ដើម្បី​វាស់​ពី​កម្រិត​សមត្ថភាព​នៃ​ការវិនិច្ឆ័យ​របស់​ពួកគេ ប៉ុន្តែ​ការ​វិ​និ​ច​ឆ័យ​ដែល​នឹង​បង្ហា​ញល​ទ្ឋ​ផល​ក្នុង​រូបភាព​ពីរ ដែល​ឆ្លុះបញ្ចាំង​ពី​ច​រិ​ក​ប្រជាជាតិ​អាមេរិក។

ទី១ ប្រសិនជា​ប្រ​ធានា​ធ​ប​តី Trump ជាប់ឆ្នោត​ជាថ្មី វា​នឹង​បង្ហាញថា​ប្រជាជន​អាមេរិក​មិនមែនជា​មនុស្ស​ស៊ី​វិ​ល័យ​ទៀត​ទេ ពួកគេ​ចាប់ផ្តើម​មានគំនិត​អញ​និយម​កាន់តែខ្លាំង ហើយ​សង្គម​អាមេរិក​នឹង​ចាប់ផ្តើម​បែកបាក់ នឹង​ដួលរលំ​កាន់តែ​ឆាប់រហ័ស ពិសេស​ធ្លាក់​ចេញពី​ដំណែង​លេខ១របស់​ពិភពលោក។

ទី២ ប្រសិនជា​លោក Joe Biden ជាប់ឆ្នោត ដែល​លោក​មាន​គោលនយោបាយ​ទន់ភ្លន់ និង​លើក​កំពស់​នូវ​សាកលភាវូបនីយកម្ម វា​នឹង​បង្ហាញថា​ប្រជាជន​អាមេរិក ជា​ជនជាតិ​ដែលមាន​ភាព​ស៊ី​វិ​ល័យ ជា​ជាតិ​សាសន៍​ដែលមាន​អរិយ​ធ៌​ម ជា​ជន​ដែល​គួរ​ឲ្យ​គោរព​មិនមែនជា​មនុស្ស​គួរ​ឲ្យ​ភ័យខ្លាច​នោះឡើយ៕

កំឡុង​ខែកញ្ញា​រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​ចំនួន១០មាន​ទុន​សរុបជិត ៣៥លាន​ដុល្លារ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​រយៈពេល៣០ថ្ងៃ​នៃ​កញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត និង​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​ចំនួន១០ ដែលមាន​ទុន​សរុប​ជិត៣៥លាន​ដុល្លារ នៅក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ និង​រោងចក្រ​គ្រឿងអគ្គិសនី។

cdc

យោងតាម​តួលេខ​ដែល​កត់ត្រា ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បង្ហាញថា នៅក្នុង​ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន១០គម្រោង ត្រូវបាន​អនុម័ត​ឱ្យ​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ទុនវិនិយោគ​សរុប​ជិត៣៥លាន​ដុល្លារ​អាមេរិក។

គម្រោង​វិនិយោគថ្មីៗទាំង១០នោះ ដែល​ទទួលបាន​ការគាំទ្រ​រួមមាន ទី១៖ ក្រុមហ៊ុន GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​អន្លង់​គង ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៨កន្លែង។

ទី២ ក្រុមហ៊ុន SINODEX GARMENT (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២០កន្លែង។

ទី៣ ក្រុមហ៊ុន GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ម៉ាស់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣ ភូមិ​ស្រែ​ញ័រ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២.៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤កន្លែង។

ទី៤ ក្រុមហ៊ុន Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​តែម​កង់ បោះពុម្ព​ក្រដាស់ និង​សម្ភារ:វេច​ខ្ចប់​គ្រប់​ប្រភេទ, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០កន្លែង។

ទី៥ ក្រុមហ៊ុន Leadone International Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ផ្លា​ស្ទិ​ក គ្រាប់​ជ័រ និង​ស្បែក​សិប្បនិម្មិត​គ្រប់​ប្រភេទ, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ២.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០កន្លែង។

ទី៦ ក្រុមហ៊ុន New Phoenix Development Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រឿង​បង្គុំ​អំពូល និង​ខ្សែភ្លើង, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៨៣០កន្លែង។

ទី៧ ក្រុមហ៊ុន Simple Packing Products Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ២.១២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២០កន្លែង។

ទី៨ ក្រុមហ៊ុន JIN XINSHENG (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព ទ្រនាប់​កអាវ ស្កុ​ត និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម វៀល​ស៊ុន អគារ A ផ្លូវជាតិ​លេខ៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩៨នាក់។

ទី៩ ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៣.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៨នាក់។

ទី១០ ក្រុមហ៊ុន LOGWOOD APPAREL CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សម្លៀកបំពាក់​ពេទ្យ និង​ម៉ាស់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគ​ប្រមាណ ២.៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៨១៤កន្លែង៕

គេហទំព័រ PROPERTY AREA ASIA ចុះ​អនុស្សារណ​យោគយល់​ជាមួយ​សមាគម​អចលនទ្រព្យ​សកល (GRA)

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្នុង​គោលបំណង​លើកស្ទួយ និង​ជំរុញ​ការផ្សព្វផ្សាយ​ពី វិស័យ​អចលនទ្រព្យ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ ក្រុមហ៊ុន​គេ​ទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច PROPERTY AREA ASIA បាន​ចុះ​កិច្ច​អនុស្សារណ​យោគយល់ ជាមួយ​សមាគម​អចលនទ្រព្យសកល (GRA) ក្រោម​ការចូលរួម​អបអរសាទរ និង​ធ្វើជា​សាក្សី​ពី​សំណាក់​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​នាក់។

នៅក្នុង​ពិធី​ចុះហត្ថលេខា​នា​ព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅ​សាលសន្និសីទ Urban Village ភ្នំពេញ លោក យិន លាង​គង់ ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ PROPERTY AREA ASIA បាន​មានប្រសាសន៍ថា ការចុះ​កិច្ច​អនុស្សារណ​យោគយល់​នាពេលនេះ គឺជា​ការរួបរួម​គ្នារ​វាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ព័ត៌មាន និង​សមាគម​អចលនទ្រព្យ​សកល ក្នុង​ការជួយ​ជំរុញ និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក​បាន​បន្តថា “ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​អចលនទ្រព្យ មាន​សារ​សំខាន់បំផុត​សម្រាប់​បណ្តា​អ្នកជំនួញ អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ទាំង​ជាតិ និង​អន្តរជាតិ” ។ លោក​បន្តថា “បន្ថែម​ពីនេះ តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​នេះ ប្រៀបបាន​ទៅនឹង​ដែក​ឆក់​មួយ ក្នុងការ​ទាក់ទាញ​បណ្តាញ​ក្រុមហ៊ុន​អន្តរជាតិ​ឱ្យ​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​ន៍ ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ផងដែរ” ។

លោក​បញ្ជាក់ថា “តាមរយៈ​ការចុះ​កិច្ច​អនុស្សារណ​យោគយល់​នេះ នឹងចូលរួម​លើកកម្ពស់​ទីផ្សារ និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​យ៉ាង​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត” ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក​សំ សុខ​នឿន បាន​មានប្រសាសន៍ថា “ក្នុងនាម​តំណាង​សមាគម​អចលនទ្រព្យ​សកល សូម​សម្ដែង​នូវ​ភាព​រីករាយ ដែល​បាន​សហការ​ជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច PROPERTY AREA ASIA ដែលជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា” ។

លោក​បន្តទៀតថា “ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវ​ពឹងផ្អែក​មួយចំណែក​ធំ ទៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ដែលមាន​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព ពី​ទីផ្សារ​ក្នុងស្រុក ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក” ។ លោក​បន្តថា “ការផ្សព្វផ្សាយ​ព៌​ត​មាន​ពិត គ្រប់​ជ្រុងជ្រោយ​នឹង​ផ្ត​ល់នូវ​គុណប្រយោជន៍ ដែល​អាច​អូសទាញ​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​ឱ្យចូល​មកកាន់​កម្ពុជា” ។

ក្រៅពីនេះ រាល់​ព័ត៌មាន​អចលនទ្រព្យ ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ក៏​ជា​ធាតុ​មួយ​យ៉ាងសំខាន់ សម្រាប់​អ្នកជំនួញ​ក្នុង​វិស័យ​មួយ​នេះ ដើម្បី​ធ្វើការ​សិក្សា ស្វែងយល់​លម្អិត​ពី​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ មុនពេល​សម្រេច​បណ្តាក់​ទុនវិនិយោគ ក្នុង​ផ្នែក​ណាមួយ។

ក្រោយពេល​បញ្ចប់​កិច្ច​ចុះហត្ថលេខា លើ​អនុស្សារណ​យោគយល់​ខាងលើនេះ លោក យិន លាង​គង់ ក៏ត្រូវ​បានប្រកាស​តែងតាំង ជាទី​ប្រឹក្សា​របស់​សមាគម​អចលនទ្រព្យ សកល (GRA) ដោយ​ទទួលបន្ទុក​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ផងដែរ ៕

តើ​ទីផ្សារ​អាគារ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបណា?

ដោយ​វុត្ថា

ភ្នំពេញៈ ទីផ្សារ​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រហូតមក​ដល់ពេលនេះ នូវតែ​ទទួលរង​នូវ​ផលប៉ះពាល់ ពី​ការ​រាតត្បាត​ជាស​កល​ពី​ជំងឺ​កូ​វីដ១៩ ស្រប​ពេលដែល​វិបត្តិ​នេះ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា។

លោកស្រី​អាន សុ​ធិ​តា នាយិកា​ក្រុម​អន្តរជាតិ CBRE Cambodia បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ថា  ការសង​សង់​អគារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ផ្តោត​សំខាន់​លើ​ទីផ្សារ​អន្តរជាតិ  ដែល​សំដៅ​ដល់ទី​ផ្សារ​សម្រាប់​វិនិយោគិន​បរទេស ដែល​មករក​ស៊ី​នៅក្នុង​ប្រទេស​កម្ពុជា តែដោយសារ​ការ​មានការ​ផ្ទុះឡើង​នូវ​វិបត្តិ​បានធ្វើឱ្យ​ទីផ្សារ​មួយ​នេះ​ធ្លាក់ចុះ។

លោកស្រី​ថ្លែងថា “កាលពីពេលថ្មីៗ នៅពេលដែល​ទទួលរង​នូវ​ផលប៉ះពាល់ ពី​កា​ររ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ទីផ្សារ​អគារ​ពាណិជ្ជកម្ម ស្ថិតនៅក្នុង​សភាព​យឺត​បន្តិច ហើយ​ការសាងសង់​អគារ​ពាណិជ្ជកម្ម​ភាគច្រើន ផ្តោតលើ​ទីផ្សារ​អន្តរជាតិ  តែ​ដោ យ​សារ​មាន​បញ្ហា (ជំងឺ​កូ​វីដ១៩) បាន​ហាមឃាត់​វិនិយោគិន​ចូលមក​កម្ពុជា” ។

លោកស្រី​បញ្ជាក់ទៀតថា បើ​ធៀប​ទៅនឹង​ទីផ្សារ​អគារ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​អាស៊ាន​គឺ​នៅមានកម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការវិនិយោគ​បន្ថែមទៀត តែ​យ៉ាងណា​បើ​ច្រើនពេក​វា​អាច​នឹងមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ” ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា  វិ​បិ​ត្ត​នៃ​ជំងឺ​កូ​វីដ-១៩ ជាស​កល បានធ្វើ​វិស័យ​ជាច្រើន​បាន​ធ្លាក់ចុះ ក្នុងនោះ​ក៏ រួមមាន វិស័យ​អចលនទ្រព្យ​មួយចំណែក​ផងដែរ ។ តែ​យ៉ាងណា​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​ងើប​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ១៩បាន ។

លោក​បន្តថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា ដោយសារ​ពួកគេ (អ្នក​ដែលមាន​បំណង​មក​វិនិយោគ) មិនអាច​ធ្វើដំណើរ មកកាន់​កម្ពុជា ហើយ​ត្រូវបាន​ផ្អាក តែ​យ៉ាងណា​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​ស្រុក​នៅតែមាន​ធម្មតា ។

យោងតាម​ការព្យាករណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia បានបង្ហាញ​កាលពី​ខែ​មុ​នេះ​ថា ទីផ្សារ​ការិយាល័យ​សម្រាប់​ជួល នៅក្នុង​អគារ​ពាណិជ្ជ​កម្មបាន​ធ្លាក់ចុះ នៅ​ឆ្នាំ២០២០នេះ ស្រប​ពេលដែល​អត្រា​នៃ​ការជួល​ការិយាល័យ របស់​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ទ្រឹង ចាប់តាំងពី​ត្រីមាស​ទី១ឆ្នាំ២០២០មក​ម្លេះ។

ការព្យាករណ៍​នេះ បានលើកឡើង​ទៀតថា ចរន្ត​ទីផ្សារ​នៃ​ការជួល​អគារ​ពាណិជ្ជក​ម្ម​សម្រាប់​បម្រើ​ជា​ការិយាល័យ របស់​ក្រុមហ៊ុន​បានចាប់ផ្តើម​ធ្លាក់ចុះ ចាប់តាំងពី​ត្រីមាស​ទី២នៅ​ឆ្នាំនេះ ជាពិសេស​ចាប់តាំងពី​ខែឧសភា​ឆ្នាំ២០២០នេះ រហូតមកដល់​បច្ចុប្បន្ន​ផ្ទាល់​តែម្តង ហើយក៏​រំពឹងថា អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្តទៀត រហូតដល់​ដំណាច់ឆ្នាំ២០២០នេះ​ផងដែរ។

អគារ​ពាណិជ្ជកម្ម​គឺជា​អគារ ដែល​ត្រូវបាន​ប្រើ​សម្រាប់ គោលបំណង​ពាណិជ្ជកម្ម​រួម​អគារ​ការិយាល័យ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សណ្ឋាគារ ផ្សារ​ទំនើប ហាង​លក់រាយ អគារ​លំនៅដ្ឋាន អគារ​ពហុ​មុខងារ  ឃ្លាំង និង​យានដ្ឋាន​ជាដើម។ នៅក្នុង​ទីក្រុង អគារ​ពាណិជ្ជកម្ម​នវ ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​រួម​ផងដែរ ទាំង​ការិយាល័យ ផ្សារ​ទំនើប និង​កន្លែង​ហាក់​ប្រាណ ហើយ​ការវិនិយោគ​អគារ​ពាណិជ្ជ​កម្មនេះ ទទួលបាន​ចំណូល​ពី​ការជួល​ទៅឱ្យ​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ៕

ចំណេះដឹង! ហេតុអ្វី​ត្រូវបង្កើត​យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន

ដោយ​វុត្ថា

ភ្នំពេញៈ យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន ត្រូវបាន​បង្កើតឡើង​ដោយ​ប្រកា​សលេខ ៩០៦ សហវ.ប្រក ចុះ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​ផ្នែក​ឯកជន ក្នុងការ​ជម្រុញ​នូវ​អនុលោមភាព​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

យន្តការ​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០  ក្នុង​គោល បំណង​លើកកម្ពស់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ល្អ ប្រកបដោយ​សមធម៌​សម្រាប់​ផ្នែក​ឯកជន​បន្ថែមទៀត។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរ​យន្តការ​នេះ ដោយ​ឈរលើ​ស្មារតី​ភាពជា​ដៃគូ​ស្នើ​ភាព​គ្នា​រវាង​គយ និង​ផ្នែក​ឯកជន  ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ចេញប្រកាស​លេខ ៣២០ សហវ.ប្រក ចុះ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពី​ការកែសម្រួល​សមាសភាព​និង​កិច្ចដំណើរការ​ភាព ជា​ដៃគូ​គយ-ផ្នែក​ឯកជន ដោយ​កែសម្រួល​ឲ្យ​មាន​សហប្រធាន​ជា​តំណាង អគរ និង​ផ្នែក​ឯកជន​ក្នុង​សម​សភាព​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​ទាំង​បី ។

ក្រុមការងារ​បច្ចេកទេស​ទាំងបី​មាន ៖

១. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​កាត់ដេរ

២. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ

៣. ក្រុមការងារ​គយ-ធុរកិច្ច​បម្រើ​ទីផ្សារ​ក្នុងស្រុក

យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន ជា​យន្តការ​សម្របសម្រួល ឲ្យ​មាន​កិច្ចសហការ និង​ការយោគយល់​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​គយ និង​ផ្នែក​ឯកជន ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ពាក់ព័ន្ធ នឹង​គយ​ឲ្យ​អស់​លទ្ធភាព​ជាមុន មុននឹង​ឈានទៅ​ដោះស្រាយ​កម្រិត​អន្តរក្រសួង ឬ​ដាក់ជូន​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។

នេះ​គឺជា​កត្តា​មួយ​ដ៏​សំខាន់ ក្នុង​ការធានា​នូវ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោលនយោបាយ​នៃ​កិច្ច​សម្រួល ពាណិជ្ជកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការអនុវត្ត​យន្តការ​ភាពជា​ដៃគូ​គយ និង​ផ្នែក​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ដោះស្រាយ នូវ​រាល់​បាតុភាព​អសកម្ម ដែល​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ​មិន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕

គម្រោងសាងសង់ទីក្រុងចិនដ៏ធំនៅខេត្តព្រះសីហនុ កំពុងដំណើរការចាក់ដីបំពេញ

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ គម្រោងសាងសង់ទីក្រុងរណបរបស់ក្រុមហ៊ុនចិនដ៏ធំមួយនៅតំបន់រាម ខេត្តព្រះសីហនុ នៅតែមានសកម្មភាព និងដំណើរទៅមុខជាបណ្តើរៗ ខណៈដែលពេលបច្ចុប្បន្ននេះកំពុងតែចាក់ដីបំពេញនៅទីតាំងគម្រោង។

 

លោក នងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ថា ស្ថិតនីក្នុងតំណាក់កាលដែលបណ្តាប្រទេសនានានៅលើសាកលកំពុងតែជួបវិបត្តិ សម្រាប់ប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលមានវិធានការដែលអាចទប់ស្កាត់បានលទ្ធផលដ៏ល្អ ជាមួយនឹងការបន្តនូវសកម្មភាពអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផងដែរ។

លោកបានមានប្រសាសន៍ថា “សម្រាបតែខេត្តព្រះសីហនុ គម្រោងសាងសង់មួយចំនួនត្រូវបានផ្អាកដោយសារតែភាគច្រើនក្រុមហ៊ុនអភិវឌ្ឍន៍មានប្រភពមកពីប្រទេសចិន ដែលកំពុងមានវិបត្តិ ប៉ុន្តែក៏មានគម្រោងខ្លះទៀតនៅតែបន្តសកម្មភាពសាងសង់ផងដែរ។ ដោយឡែកសម្រាប់តែគម្រោងអភិវឌ្ឍន៍ និងសាងសង់ទីក្រុងចិនដ៏ធំដែលមានឈ្មោះថា លីស៊ីន ស្ថិតនៅតំបន់រាម បច្ចុប្បន្ននេះកំពុងតែដំណើរការចាក់ដីបំពេញនៅលើទីតាំងគម្រោង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៤ខ្សែនៅទូទាំងក្រុងព្រះសីហនុត្រូវបានសាងសង់រួចរាល់”។

ក្រុមហ៊ុន លីស៊ីន គ្រុប និងរដ្ឋាភិបាលប្រទេសកម្ពុជាបានសហការគ្នាសាងសង់ទីក្រុងថ្មីនៃលីស៊ីនក្រុងព្រះសីហនុ ដែលមានទំហំ២៥០០ហិតា ដោយគម្រោងនេះត្រូវបានផ្អែកទៅលើការការពារបរិស្ថានវិទ្យាធម្មជាតិនៃមូលដ្ឋានជាគោល និងក្រោមការជំរុញគោលនយោបាយជាតិ ។

តាមរយៈគម្រោងស្តង់ដារកម្រិតកំពូលមួយនេះ នឹងជួយចូលរួមអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានាពេលអនាម័យបានយ៉ាងប្រសើរ។

ការអភិវឌ្ឍន៍តំបន់ក្រុងព្រះសីហនុ ក៏អាចជំរុញអោយវប្បធម៏នៅតំបន់នោះមានភាពរីកចំរើន ហើយអាចរកឃើញលក្ខណៈពិសេសនៃតំបន់នោះដោយពឹងផ្អែកលើធនធានដែលនៅជុំវិញ ដែលនឹងបង្កើតជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាកន្លែងលំហែរ និងកម្សាន្តកំរិតខ្ពស់ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រលំដាប់ខ្ពស់។ ដោយឡែកអេកូទេសចរណ៍នៅតាមតំបន់ឆ្នេរ ក៏ជាទិសដៅដែលអ្នកទេសចរទាំងឡាយនៅលើសកលលោកចង់មកកម្សាន្ត និងជាទីក្រុងសេដ្ឋកិច្ចថ្មីនៃកម្ពុជា៕

កម្ពុជា-អាមេរិក បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគដើម្បីសម្រេចបាននៅស្តង់ដារយាន្តយន្តលើទីផ្សារកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា បានជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិកនៅលើទីផ្សារកម្ពុជា ខណៈដែលកម្ពុជាបាននឹងកំពុងពង្រឹងលើការអនវត្តស្តង់ដារនេះ ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីម្សិលមិញនេះ បានពិភាក្សាផ្តោតលើការយកចិត្តទុកដាក់ទលើវឌ្ឍនភាពនៃការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក នៅលើទីផ្សារកម្ពុជា ការពង្រឹងវិស័យសហគ្រាសខ្នាតតូចនិងមធ្យម ក៏ដូចជាវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាជាដើម ។

លោកថ្លែងថា កិច្ចខិតខំប្រឹងប្រែងនៃក្រុមបច្ចេកទេសភាគីទាំងពីរ (កម្ពុជា-អាមេរិក) សម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិកនៅលើទីផ្សារកម្ពុជា តាមរយៈយន្តការប្រើប្រាស់កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ។

លោកបន្តថា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដារកម្ពុជាជាសេនាធិការជំនាញ និងដោយឈរលើគោលជំហរការអនុវត្តក្របខណ្ឌនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្រសួងបានធ្វើប្រកាសថ្មីស្តីពីការពន្យាពេលអនុវត្តក្នុងការទទួលយកវិញ្ញាបនបត្របញ្ជាក់អំពីការបញ្ចេញសារធាតុបំពុលខ្យល់ពីយានយន្តរបស់ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិកក្នុងប្រការ៣ នៃប្រកាស លេខ:205 MIH/2019 ដោយផ្អែកលើសារាចរលេខ:០១សរ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីអាចដំណើរការទៅបានសម្រាប់ការចរាចរណ៌ផលិតផលយានយន្តស្តង់ដារសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានមើលលឃើញពីសមិទ្ធផលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងជាមួយសហគមន៍អឺរុប ។

លោកថ្លែងថា កិច្ចការនេះសហរដ្ឋអាមេរិក ពិតជាមានបំណងធ្វើជាមួយកម្ពុជា សម្រាប់ក្របខណ្ឌកិច្ចការពារវិស័យកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកនៅកម្ពុជាផងដែរ។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា កម្ពុជាបានអនុវត្តធ្វើកិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent Cooperation ) ជាមួយប្រទេសជាច្រើនរួចទៅហើយ រួមមាន៖ជាមួយសឹង្ហបុរី ចិន កូរ៉េ ជប៉ុន និងសហគមន៍អឺរ៉ុប ដើម្បីអនវត្តការចុះបញ្ជីការពារសុពលភាពប្រកាសនីយបត្រតក្កកម្ម (Patent ) ក្នុងន័យការពារនូវការលួចចម្លងបច្ចេកវិទ្យារបស់ប្រទេសទាំងនោះ ដែលដាក់ការវិនិយោគនៅកម្ពុជា ។

ភាគីទាំងពីរបានឯកភាពគ្នាថានឹងខិតខំធ្វើការរួមគ្នាដើម្បីអាចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងឱកាសនៃការប្រារព្វពិធីខួបលើកទី៧០ នៃទំនាក់ទំនងវិស័យការទូតរវាងកម្ពុជា-សហរដ្ឋអាមេរិក នាពេលខាងមុខ ៕