ដោយ ៖ វុត្ថា
ភ្នំពេញ៖ កម្ពុជារំពឹងថា ទេសចរបរទេសនឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២១នេះបន្ទាប់ពីមានវ៉ាក់សាំងសម្រាប់ព្យាបាល និងចាក់បង្ការពីជំងឺកូវីដ១៩ ប៉ុន្តែក៏វាមិនអាចត្រឡប់មកជាប្រក្រតីភាពឡើងវិញដែរ ដែលទាមទារក្នុងរយៈពេលយូរបន្ថែមទៀត។
លោកតុប សុភ័គ អ្នកនាំពាក្យក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី៧ ខែមករា នេះថា កម្ពុជាត្រូវបានពិភពលោកវាយតម្លៃថាជាប្រទេសដែលមានចំណាត់ថ្នាក់លេខ១ក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អជាងគេ ដែលនឹងធ្វើឱ្យទេសចរបរទេសចាប់អារម្មណ៍ ហើយនឹងមកកាន់កម្ពុជាសាជាថ្មី។
លោកបន្តថា “ចំពោះការវិលត្រឡប់នូវទេសចរបរទេសមិនដូចដើមឡើយ ប៉ុន្តែវាអាចនឹងត្រូវការពេលយូររហូតដល់ឆ្នាំ២០២៥ ទើបអាចទទួលបានតួលេខស្មើនឹងឆ្នាំ២០១៩” ។ លោកបន្ថែមថា “នៅក្នុងផែនការនៃការរំពឹងទុករបស់ក្រសួងនឹងអាចមានស្ថានភាពល្អប្រសើរចាប់ពីពាក់កណ្តាលឆ្នាំ២០២១នេះតទៅ នៅពេលណាមិនមានករណីឆ្លងថ្មី និងមានថ្នាំវ៉ាក់សំាងសម្រាប់ព្យាបាល និងការពារ”។
លោកហូ វណ្ណឌី អគ្គនាយកក្រុមហ៊ុនភ្នាក់ងារទេចរណ៍ វើល អ៊ិចប្រេស បានឱ្យដឹងដែរថា វិស័យទេសចរណ៍ពាក់ព័ន្ធនឹងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ហើយនៅពេលកម្ពុជា និងប្រទេសដទៃទៀតបានបញ្ជាទិញ ហើយបានចាក់ជូនពលរដ្ឋរបស់គេនឹងធ្វើឱ្យស្ថានការប្រសើរឡើង ។
លោកបន្តថា “បើមិនមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩បន្តទៀតទេនោះ វិស័យអាកាសចរណ៍ ឬការដឹកជញ្ជូនតាមផ្លូវអាកាសវានឹងងើបឡើងវិញ ដែលនឹងអាចនាំទេសចរពីកម្ពុជាទៅក្រៅប្រទេស និងពីក្រៅប្រទេសមកកាន់កម្ពុជា”។
លោកបន្ថែមថា “ដូច្នេះ ខ្ញុំសង្ឃឹមថា ទេសចរណ៍បរទេសនឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២១នេះ ប៉ុន្តែវាមិនទាន់ដូចដើមនោះទេ”។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍អាចនឹងងើបឡើងវិញខ្លះ ប្រសិនបើប្រជាជននៅលើពិភពលោកអាចទទួលបាននូវការចាក់វ៉ាក់សាំងការពារភាគច្រើន។
លោកស្រីបញ្ជាក់ថា ទេសចរណ៍ជាវិស័យដែលផុយស្រួយ និងងាយទទួលរងផលប៉ះពាល់ជាងគេ ព្រោះការចេញធ្វើទេសចរណ៍ត្រូវការកត្តាចម្បង៣ គឺសេដ្ឋកិច្ច សុវត្ថិភាព និងសុខភាព។
លោកស្រីរំពឺងថា វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ត្រូវការរយៈពេលយ៉ាងតិច៥ឆ្នាំទៀត ដើម្បីអាចទទួលបានកំណើនភ្ញៀវទេសចរបរទេសដូចកាលឆ្នាំ២០១៩ឡើងវិញ។
ក្រសួងទេសចរណ៍នៅមិនទាន់បានបូកសរុបលើតួលេខទេសចរបរទេសចូលមកកាន់កម្ពុជាក្នុងរយៈពេលពេញ១ ឆ្នាំ២០២០នៅឡើយទេ ប៉ុន្តែសម្រាប់តួលេខគិតត្រឹមខែតុលា ឆ្នាំ២០២០ មានជាង១,២៦លាននាក់ ថយចុះប្រមាណជាង៧០ភាគរយ ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា វិស័យទេសចរណ៍របស់កម្ពុជាបានធ្វើឱ្យមានការបាត់បង់ចំណូលប្រមាណជាង៣ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ ដែលបង្កឡើង និងមានផលប៉ះពាល់ពីជំងឺកូវីដ ១៩ ៕