ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាលម្អិតដើម្បីធ្វើយ៉ាងណាកាន់តែបង្កភាពងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសបង្កើនភាពទាក់ទាញ សំដៅលើកកម្ពស់អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ម្សិកមិញនេះបានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដោយមានការចូលរួមពីក្រុមការងាររៀបចំច្បាប់វិនិយោគរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកតំណាងមកពីស្ថាប័នពាក់ព័ន្ធផងដែរ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីការវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះត្រូវបានរៀបចំឡើងតាមការអង្អុលបង្ហាញរបស់ឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើឱ្យច្បាប់វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង សំដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ទៀតថា នៅក្នុងសេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម(ឃ)យកមកពិភាក្សាជាមួយតំណាងផ្នែកឯកជន ដើម្បីទទួលធាតុចូលជាយថាហេតុ។
ច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ១៩៩៤ និងបានធ្វើវិសោធនកម្មកាលពីឆ្នាំ២០០៣។
ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក ម៉ី កល្យាណ ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា ការធ្វើវិសោធនកម្មលើច្បាប់ស្ដីពីការវិនិយោគនេះត្រូវបានវិស័យឯកជនរង់ចាំរយៈពេលយូរមកហើយ។ ច្បាប់នេះគឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមវិនិយោគិន និងដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃបរិយាកាសវិនិយោគអាជីវកម្មពេលបច្ចុប្បន្ន។
លោកបន្ថែមថា “ច្បាប់វិនិយោគរបស់កម្ពុជាចាំបាច់ត្រូវកែតម្រូវ ដើម្បីស្របតាមបរិយាកាសសេដ្ឋកិច្ចថ្មី។ ការមានច្បាប់វិនិយោគដែលមានការទាក់ទាញមួយ គឺសំខាន់ណាស់ ប៉ុន្តែការមានការអនុវត្តល្អជាការចាំបាច់ផងដែរ”។
លោកបញ្ជាក់ថា “ជំហានដំបូង យើងចាំបាច់ត្រូវមានច្បាប់ល្អ និងគោលនយោបាយល្អ ហើយក្រោយមក យើងត្រូវការការអនុវត្តល្អ។ យើងចាំបាច់ត្រូវមានច្បាប់ និងគោលនយោបាយល្អមួយជាដំបូង បន្ទាប់មកយើងនឹងកែតម្រូវការងាររបស់យើងជាបណ្ដើរៗឆ្ពោះទៅរកយុទ្ធសាស្ដ្រដ៏ល្អ” ៕






