រដ្ឋបាលខេត្តកំពតនឹងដាក់ចេញនូវវិធានការដោះស្រាយវិបត្តិដីធ្លីជា៣ដំណាក់កាល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បញ្ហានៃទំនាស់ និងវិវាទដីធ្លីនៅក្នុងខេត្តកំពតដែលកំពុងមានការអភិវឌ្ឍ និងរីកចម្រើនប្រែក្លាយទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់ប្រចាំប្រទេសនាពេលបច្ចុប្បន្ន បានក្លាយជាបញ្ហាដែលមានភាពប្រឈមជាងគេ និងតម្រូវឱ្យមានយន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាពបំផុត។

អភិបាលខេត្តកំពត លោកជាវ តាយ បានប្រសាសន៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា រឿងដែលកំពុងប្រឈមជាងគេ នៅតាមបណ្តាក្រុង ស្រុក គឺបញ្ហាបទស្មើសដីធ្លី ដែលទាមទារឱ្យអភិបាលក្រុង ស្រុក ត្រូវមានវិធានការម៉ឺងម៉ាត់ បើមិនដូច្នេះ ទេបទល្មើសនឹងបន្តកើតមានឡើង យ៉ាងអនាធិបតេយ្យជាក់ជាមិនខាននោះទេ។

លោកបានបន្តថា “វាពិតជាសំខាន់បំផុតសម្រាប់រាលការប្រជុំពិភាក្សាក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងលទ្ធផលការងារអំពីបញ្ហាប្រឈម សំណូមពរ ដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានដើម្បីរួមគ្នាពិនិត្យ និងបន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព”។

ដោយឡែកពាក់ព័ន្ធទៅនឹងដំណោះស្រាយនៃវិវាទដីធ្លីទាំងនៅក្នុង និងជុំវិញខេត្តកំពតដែលតែងកើតមានខាងលើនេះលោកអភិបាលខេត្តបានជំរុញឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធរួមសហការគ្នាអនុវត្តផ្អែកលើមូលដ្ឋាន ៣ដំណាក់កាលសំខាន់រួមមាន ទី១ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិឲ្យបានទូលំទូលាយដល់ពលរដ្ឋបានដឹង ទី២ ចុះពន្យល់ណែនាំ និងធ្វើកិច្ចសន្យាលើការប្រព្រឹត្តល្មើស ហើយទី៣ ការអនុវត្តនិតិវិធីច្បាប់ដោះស្រាយតាមប្រព័ន្ធតុលាការ។

ជាមួយគ្នានេះ លោកជាវ តាយ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងជំនាញពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ត្រូវបន្តការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់នូវហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ កុំឱ្យចូលក្នុងសហគមន៍ខេត្តកំពតឱ្យបានដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here