ក្រុមហ៊ុនអ៊ីតាលី អាមេរិក និងបារាំងច្របាច់បញ្ចូលគ្នាក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៤ក្នុងលោក

0

ដោយ: សុខុម

អន្តរជាតិ: ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី-អាមេរិក Fiat Chrysler Automobiles ហៅកាត់ FCA និងក្រុមហ៊ុនផលិតរថយន្តបារាំង Groupe PSA ហៅកាត់ PSA ដែលផលិតរថយន្ត Peugeot និងរថយន្ត Citroën រំពឹងថា ដំណើរការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនទាំងពីរនេះក្រោមឈ្មោះថ្មីថា Stellantis នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៦ មករា។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ មករា។

ក្រុមហ៊ុនទាំងពីរបានប្រកាសរួមគ្នាថា ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនទាំងពីរបានអនុម័តការច្របាច់បញ្ចូលគ្នានេះកាលពីថ្ងៃច័ន្ទ ទី៤ មករា។

ក្រុមហ៊ុន FCA ផលិតរថយន្តដូចជា Chrysler រថយន្ត Dodge រថយន្ត Ram រថយន្ត Jeep រថយន្ត Fiat រថយន្ត Alfa Romeo រថយន្ត Maserati និងរថយន្ត Lancia។ ចំណែកឯក្រុមហ៊ុន PSA ផលិតរថយន្តដូចជារថយន្ត Peugeot រថយន្ត Citroën រថយន្ត DS រថយន្ត Opel និងរថយន្ត Vauxhall។

លោក Jeff Schuster អ្នកវិភាគប្រចាំក្រុមហ៊ុនវិភាគទីផ្សាររថយន្ត LMC Automotive បានលើកឡើងថា នៅពេលច្របាច់បញ្ចូលគ្នារួចរាល់ ក្រុមហ៊ុនរួមថ្មីនេះនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៤ ក្នុងពិភពលោកជាមួយនឹងទ្រព្យសកម្មសរុបរហូតដល់ទៅប្រមាណ ៥៧ ពាន់លានដុល្លារ។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនទាំងពីរលក់រថយន្តរួមគ្នាបាន ៨ លានគ្រឿង បើធៀបទៅនឹងក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen ដែលលក់រថយន្តដាច់បានប្រហែល ១១ លានគ្រឿងក្នុងឆ្នាំនោះ។

លោក Jeff Schuster គូសបញ្ជាក់ថា ក្រុមហ៊ុន FCA និងក្រុមហ៊ុន PSA ប្រកួតប្រជែងក្នុងទីផ្សាររថយន្តនៅអឺរ៉ុប ប៉ុន្តែក្រុមហ៊ុន PSA ស្ទើរតែគ្មានវត្តមាននៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន FCA ជាក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៤ និយាយអំពីការលក់នៅក្នុងប្រទេសមហាអំណាចមួយនេះ។ ប៉ុន្តែក្រុមហ៊ុនទាំងពីរបានប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញនៅក្នុងទីផ្សាររថយន្តដែលរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសចិន។

អ្នកវិភាគរូបនេះបានបន្ថែមទៀតថា ភ្លាមៗការច្របាច់បញ្ចូលគ្នានេះមិនអាចជួយអ្វីបានច្រើនឡើយ ដូចនេះបញ្ហាប្រឈមនឹងនៅតែមានសម្រាប់ក្រុមហ៊ុនរួមបញ្ចូលគ្នាថ្មីនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Stellantis នឹងចាប់ផ្ដើមធ្វើការជួញដូរនៅលើទីផ្សារភាគហ៊ុនក្នុងក្រុងប៉ារីស ប្រទេសបារាំង និងក្រុងមីលែន (Milan) ប្រទេសអ៊ីតាលី នៅថ្ងៃច័ន្ទ ទី១១ មករា និងនៅលើទីផ្សារភាគហ៊ុនអាមេរិក New York Stock Exchange នៅថ្ងៃបន្ទាប់។

ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ថា ការច្របាច់បញ្ចូលគ្នានេះនៅត្រូវការការអនុម័តជាចុងក្រោយពីក្រុមនិយ័តករ ដែលក្នុងនោះរួមមានទាំងសហភាពអឺរ៉ុប និងធនាគារកណ្ដាលអឺរ៉ុប ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here