រដ្ឋាភិបាលសម្រេចតម្លើងពន្ធ៥ភាគរយពីលើតម្លៃគិតពន្ធគយលើការនាំចូលរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីសេចក្ដីជូនដំណឹងដោយបង្ហាញពីការតម្លើងពន្ធ៥ភាគរយលើតម្លៃគិតពន្ធគយ ទៅលើការនាំចូលរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ។

យោងតាមសេចក្តីជូនដំណឹងដែលបានផ្សព្វផ្សាយជាសាធារណៈនៅដើមខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់នូវរថយន្តថ្មីដែលជាប់សិទ្ធិផ្ដាច់មុខលើការនាំចូល និងចែកចាយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចកំណត់លក្ខខណ្ឌ និងវិធានការមួយចំនួនសម្រាប់នាំចូលតាមរូបភាពរួមមាន ទី១ បូកបន្ថែម៥ភាគរយលើតម្លៃគិតពន្ធគយ ទី២ បុគ្គលនាំចូលមិនអាចលក់ឬផ្ទេរកម្មសិទ្ធរថយន្តទៅបុគ្គលផ្សេងមុនពេលចុះបញ្ជីធ្វើស្លាកលេខរថយន្តជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ទី៣ បុគ្គលដែលមិនអនុវត្តតាមលក្ខខណ្ឌដូចចែង នឹងត្រូវរងនូវទោសទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia ដែលនាំចូលរថយន្តជាច្រើនម៉ាកមកកម្ពុជាបានឱ្យដឹងថា វិធានការតម្លើងពន្ធនេះនឹងជួយដល់អ្នកនាំចូលរថយន្តផ្ដាច់មុខនៅកកម្ពុជាបានមួយកម្រិតទៀតផងដែរ ហើយលោកសូមសាទរនូវវិធានការរបស់រដ្ឋាភិបាលលើការដំឡើងពន្ធនេះ ។

លោកបន្តថា “នៅពេលរដ្ឋតម្លើងពន្ធនេះបន្ថែមទៀត នឹងធ្វើឱ្យតម្លៃនាំចូលជាលក្ខណៈឯកជន លក្ខណៈបុគ្គលនឹងអាចកៀកជាមួយតម្លៃក្រុមហ៊ុននាំចូល ដូច្នេះអ្នកនាំចូលជាលក្ខណៈបុគ្គលនឹងអាចកាត់បន្ថយ ហើយងាយមកទិញរថយន្តពីក្រុមហ៊ុននាំចូលវិញ”។

លោកបន្តថា “នៅពេលមានការបញ្ជាទិញរថយន្តតាមរយៈក្រុមហ៊ុននាំចូលកាន់តែច្រើន នោះវានឹងជួយសេដ្ឋកិច្ចកម្ពុជាបានមួយកម្រិតទៀតដោយសារតែការបង្កើតការងារជូនបុគ្គលិកក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។ ការនាំចូលរថយន្តជាលក្ខណៈប្រើប្រាស់ផ្ទាល់ខ្លួននៅកម្ពុជាបច្ចុប្បន្ននេះ គឺភាគច្រើននាំចូលតែរថយន្តទំនើបៗប៉ុណ្ណោះ ( Luxury Car ) សម្រាប់រថយន្តមធ្យម ( Premium Car ) គឺមិនសូវមានទេ គឺមានតិចតួចប៉ុណ្ណោះ”។

តបទៅនឹងការសម្រេចតម្លើងពន្ធលើការនាំរថយន្តថ្មីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនខាងលើនេះ ប្រធានសមាគមអ្នកលក់យានយន្តកម្ពុជា លោកឈុន គឹមស៊្រុនបានដាក់លិខិតមួយទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំការបកស្រាយបំភ្លឺ និងស្នើសុំផ្អាកការអនុវត្តការកំណត់លក្ខខណ្ឌ និងវិធានការមួយចំនួនលើការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ។

លោកបញ្ជាក់ថា “ចាប់តាំងពីការអនុវត្តប្រកាសស្តីពីនីតិវិធីសម្រាប់ការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខក្នុងឆ្នាំ២០១៦ របស់ក្រសួងពាណិជ្ជកម្មរួចមក យើងខ្ញុំជាម្ចាស់អាជីវកម្មលក់រថយន្ត ឬឃ្លាំងរថយន្តដែលនាំចូលរថយន្តសម្រាប់លក់ឱ្យអតិថិជនក្នុងស្រុកទទួលរងផលប៉ះពាល់ និងសម្ពាធ និងរាំងស្ទះដល់ការលក់រថយន្តថ្មីពីសំណាក់ក្រុមហ៊ុនលក់រថយន្តផ្តាច់មុខនៅក្នុងស្រុក”។

បន្ថែមលើនេះ សមាគមទើបតែទទួលបានព័ត៌មានពីបណ្តាញសង្គមអំពីលិខិតរបស់ក្រសួងសេដ្ឋកិច្ចដែលមានខ្លឹមសារ ដូចជា បូកបន្ថែម ៥ភាគរយ លើតម្លៃគិតពន្ធគយ,បុគ្គលនាំចូលមិនអាចលក់ ឬផ្ទេរកម្មសិទ្ធិរថយន្តទៅបុគ្គលផ្សេង មុនពេលចុះបញ្ជីធ្វើផ្លាកលេខ រថយន្តជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើង។ បុគ្គលដែលមិនអនុវត្តតាមលក្ខខណ្ឌដូចមានចែងខាងលើ នឹងត្រូវទទួលរងនូវទោសទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ដែលនឹងត្រូវអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២១ខាងមុខ។

នៅក្នុងលិខិតដែលសមាគមអ្នកលក់យានយន្តកម្ពុជាដាក់ស្នើដល់រដ្ឋាភិបាលបានបញ្ជាក់ថា ការចាប់ផ្តើមអនុវត្តដោយរហ័ស និងពុំមានការចែករំលែកព័ត៌មានឱ្យបានទូលំទូលាយ ប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មមួយនេះ ដូច្នេះការស្នើសុំខាងលើនេះ សមាគមសង្ឃឹមថា មានការយោគយល់ និងមានដំណោះស្រាយយ៉ាងឆាប់រហ័ស ខណៈដែលការដាក់ឱ្យអនុវត្តលើលិខិតខាងលើ គឺជាការដាក់សម្ពាធថ្មីមួយដែលអាចបណ្តាលឱ្យអាជីវកម្មលក់រថយន្ត និងអាជីករក្នុងស្រុកដទៃទៀតមិនអាចទទួលយកបាន ព្រមទាំងមិនទាន់អាចរៀបចំលក្ខណៈសម្បត្តិដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មីមួយនេះ។

តាមលិខិតបានបញ្ជាក់បន្ថែមទៀតថា សមាគមអ្នកលក់ឡាននេះគឺមានចំនួនជាង២០០នាក់ មានការព្រួយបារម្ភការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ពួកគាត់ ដោយសារតែការរាំងខ្ទប់នៃការប្រើសិទ្ធផ្តាច់មុខរបស់ក្រុមហ៊ុនបានប៉ះពាល់ដល់ពួកគាត់ ខណៈពួកគាត់កំពុងជួបវិបត្តិនៃមេរោគកូវិដ១៩ផងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here