បច្ចុប្បន្នភាព ៖ ផ្សារហ៊ុនអាមេរិកសម្រេចមិនដកក្រុមហ៊ុនចិនធំៗចេញពីបញ្ជីរបស់ខ្លួន

0

ដោយ ៖ សុខុម

ញូវយ៉ក ៖ ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក New York Stock Exchange ហៅកាត់ NYSE បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២០ថា ខ្លួនលែងមានបំណងលុបក្រុមហ៊ុនទូរគមនាគមន៍ចិនធំៗចំនួន៣ ដែលកំណត់មុខសញ្ញាដោយរដ្ឋការជិតចប់អាណត្តិរបស់លោក ដូណាល់ ត្រាំ ចេញពីបញ្ជីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកទៀតហើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ។

ការប្រកាសបែបនេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ព្រោះខ្លួនទើបតែបានប្រកាសក្ដែងៗកាលពីសប្ដាហ៍មុនប៉ុណ្ណោះថា ខ្លួននឹងលុបក្រុមហ៊ុនទូរគមនាគមន៍ចិនធំៗទាំង៣ ចេញពីបញ្ជីផ្សារហ៊ុនអាមេរិក។

ផ្សារភាគហ៊ុនដដែលបានចេញសេចក្ដីថ្លែងការណ៍បកស្រាយថា ខ្លួនបានសម្រេចបែបនេះ ក្រោយពីបានពិគ្រោះយោបល់បន្ថែមជាមួយអាជ្ញាធរនិយ័តកម្មពាក់ព័ន្ធ។

កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូ មុនដាច់ឆ្នាំ២០២០ ផ្សារភាគហ៊ុននេះបានប្រកាសថា ខ្លួននឹងលុបក្រុមហ៊ុនទូរគមនាគមន៍ចិន ធំៗចំនួន ៣ រួមមានក្រុមហ៊ុន China Mobile, China Telecom and China Unicom Hong Kong ចេញពីបញ្ជីផ្សារភាគហ៊ុនអាមេរិក ក្រោយរដ្ឋាភិបាលអាមេរិកចាត់វិធានការរារាំងការវិនិយោគលើក្រុមហ៊ុនចំនួន៣៥ ដែលគេជឿថាកាន់កាប់ ឬគ្រប់គ្រងដោយយោធាចិន។

ជាការឆ្លើយតប ចិន បានព្រមានខ្លាំងៗថានឹងសងសឹក ប្រសិនបើក្រុមហ៊ុនទូរគមនាគន៍ចិន ទាំងនេះត្រូវបានលុបចេញពីបញ្ជីផ្សារហ៊ុនអាមេរិកដូចការអះអាងមែននោះ។

ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ទី២ ខែមករា ដើមឆ្នាំ២០២១ នេះដោយថ្កោលទោសថា ការលុបក្រុមហ៊ុនចិន ចេញពីបញ្ជីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក គឺជាការរំលោភបំពានដល់សន្តិសុខជាតិ និងមិនស្របទៅតាមច្បាប់ទីផ្សារ ហើយថែមទាំងបានគំរាមថា ប្រទេសចិននឹង “ចាត់វិធានការចាំបាច់នានា” ដើម្បីការពារផលប្រយោជន៍របស់បណ្ដាក្រុមហ៊ុនចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here