រដ្ឋាភិបាលសម្រេចនិរាករណ៍លើលិខិតអនុញ្ញាតកាត់ផ្ទៃបឹងតាមោក៣០ហិកតា និងនិរាករណ៍លើការដោះដូរអគារមួយចំនួន

0


ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍ទៅលើលិខិតអនុញ្ញាតកាត់ផ្ទៃបឹងតាមោកចំនួន៣០ហិកតា ដែលគ្រោងសាងសង់អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទចំនួន១៥ហិកតា និងសម្រាប់សាងសង់អគារគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន។ ដោយឡែកសម្រាប់ការដោះដូរអគារមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបាននិរាករណ៍ផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខៈ ០៤ សជណ ដែលបានធ្វើការផ្សព្វផ្សាយនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចធ្វើការនិរាករណ៍ទៅលើលិខិតអនុញ្ញាតកាត់ផ្ទៃបឹងតាមោកសរុបចំនួន៣០ហិកតា សម្រាប់សាងសង់អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយគម្រោងសាងសង់អគាររដ្ឋបាល និងអគារស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ។ នៅក្នុងលិខិតដដែលក៏បានបញ្ជាក់ពីការធ្វើនិរាករណ៍លើការដោះដូរអគារស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ។

សេចក្ដីលម្អិតបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចនិរាករណ៍លិខិតលេខ៧៩០ សជណ.មឃ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងលិខិតដដែលនោះ ទីស្ដីគណៈរដ្ឋមន្ដ្រី ក៏សម្រេចនិរាករណ៍សំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥.៣៣ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។ បន្ថែមពីនេះ ក៏និរាករណ៍សំណើសុំការអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្ដរាយ, អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងដីចំនួន១៥ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសង់អគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនអង្គភាពទាំង៣វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here