ក្រុមហ៊ុនដ៏ធំលំដាប់ទី៣របស់កូរ៉េខាងត្បូងស្វែងដែគូវិនិយោគនៅកម្ពុជា

ដោយ ៖ វុត្ថា

កូរ៉េ ៖ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ត្រូវបានបញ្ចប់ក្នុងដំណាក់ទី២ និងត្រៀមឈានចូលដល់ជុំទី៣នៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនដ៏ធំលំដាប់ទី៣ នៅក្នុងប្រទេសកូរ៉េ បាន និងកំពុងចាប់អារម្មណ៍ស្វែងរកក្រុមហ៊ុនដៃគូវិនិយោគនៅកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា បច្ចុប្បន្នក្រៅពីមានបណ្តាក្រុមហ៊ុនកូរ៉េជាច្រើនដែលបានធ្វើកិច្ចសហការវិនិយោគ និងពាណិជ្ជកម្មរួមគ្នាជាមួយកម្ពុជារួចទៅហើយនោះ បច្ចុប្បន្នមានក្រុមហ៊ុនដ៏ធំមួយផ្សេងទៀតស្ថិតនៅលំដាប់ទី៣នៅក្នុងប្រទេសកូរ៉េ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចូលមកវិនិយោគនៅបន្ថែមនៅកម្ពុជាផងដែរ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ថ្ងៃនេះមកចែចូវគេដល់កន្លែងទីស្នាក់ការកណ្ដាលក្រុមហ៊ុន GTG Wellness ដែលជាក្រុមហ៊ុនធំលំដាប់ទី៣របស់កូរ៉េដែលផលិតឧបករណ៍បរិក្ខារការពារ ព្យាបាល ថែទាំសម្រស់និងសុខភាព”។ លោកបានបន្តថា “ក្រុមហ៊ុននេះមានចំណាប់អារម្មណ៍ចាប់ដៃជាមួយដៃគូកម្ពុជាដើម្បីដំឡើងរោងចក្រផលិតស្រោមដៃកៅស៊ូ ព្រោះស្រោមដៃបច្ចុប្បន្ននេះនៅក្នុងពិភពលោកយើងមានតម្រូវការខ្ពស់ណាស់។ ជាមួយគ្នានេះ ស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការសម្របសម្រួលជូនកិច្ចការវិនិយោគដ៏មានសារៈសំខាន់មួយនេះផងដែរ”។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មួយ ដែលតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៣៦ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង និងនាំចូល ៦៩៧ លានដុល្លារពីប្រទេសកូរ៉េខាងត្បូង។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ របស់ប្រទេសកូរ៉េខាងត្បូង៕

តើសេដ្ឋកិច្ចមហាយក្សចិននិងនាំមុខសហរដ្ឋអាមេរិកនៅឆ្នាំ២០៣២មែនឬ ?

ដោយ៖ ប៊ី
ប៉េកាំង៖ ចិននឹងយកឈ្នះសហរដ្ឋអាមេរិក ដោយនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកនៅឆ្នាំ២០៣២ បើទោះភាពតានតឹងជាមួយសហរដ្ឋអាមេរិក នឹងនៅតែបន្តកើនឡើងយ៉ាងណាក៏ដោយ។ នេះបើយោងតាមការព្យាករណ៍របស់មជ្ឈមណ្ឌលស្រាវស្រាវការអភិវឌ្ឍ (DRC) នៃក្រុមប្រឹក្សារដ្ឋចិន មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង។

ការព្យាករណ៍របស់ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល DRC ដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ធ្វើឡើងដោយផ្អែកលើភាពជោគជ័យ នៃយុទ្ធសាស្ត្រអភិវឌ្ឍថ្មីៗរបស់រដ្ឋាភិបាលចិន ដែលបាននិងកំពុងផ្ដោតជាសំខាន់ លើទីផ្សារនៅក្នុងស្រុក ជំរុញកំណើនសេដ្ឋកិច្ច និងការប្រកួតជែងខាងបច្ចេកវិទ្យា និងភូមិសាស្រ្តនយោបាយ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ព័ត៌មានពី South China Morning Post នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

បើតាមការព្យាករណ៍ដដែល គ្មានកត្តាអ្វីអាចមកបង្អាក់ដំណើរ នៃកំណើនសេដ្ឋកិច្ចចិនបានឡើយ ដោយចំណែកទីផ្សាររបស់ចិន នៅក្នុងសេដ្ឋកិច្ចសកលនឹងកើនឡើងដល់ ១៨.១ភាគរយនៅក្នុងឆ្នាំ២០២៥ បើធៀបទៅនឹង ១៦.២ភាគរយកាលពីឆ្នាំ២០១៩ ខណៈចំណែក ឬភាគរយនៃសេដ្ឋកិច្ចសកលរបស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ មកនៅត្រឹម ២១.៩ភាគរយនៅឆ្នាំ២០១៥ ធៀបទៅនឹង ២៤.១ភាគរយកាលពីឆ្នាំ២០១៩។ តែទន្ទឹមគ្នាកំណើនសេដ្ឋកិច្ចបែបនេះ នឹងធ្វើឱ្យជម្លោះរវាងចិន និងសហរដ្ឋអាមេរិក នឹងកើនឡើងរឹតតែខ្លាំង នៅរយៈពេល ០៥ឆ្នាំខាងមុខ។

កាលពីខែសីហាកន្លងទៅ លោក ចាស្ទីន លីន យីហ្វុ (Justin Lin Yifu) ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យប៉េកាំង និងជាអតីតប្រធានផ្នែកសេដ្ឋកិច្ច នៃធនាគារពិភពលោក ក៏បានព្យាករណ៍ដែរថា សេដ្ឋកិច្ចចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅឆ្នាំ២០៣០។ តែទោះបែបនេះក្ដី ក៏នៅមានមតិជាច្រើនយល់ថា ចិននឹងមិនអាចវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ ១ នៅលើពិភពលោកបានឡើយ ប្រសិនបើប្រជាជនចិនវ័យចំណាស់បន្តកើនឡើង ហើយទោះជាចិនធ្វើបានសម្រេចមែន ក៏វាគ្រាន់តែជាការវ៉ាដាច់ នៅរយៈពេលខ្លីប៉ុណ្ណោះ។

ផលិតផលសរុបស្រុក (GDP) របស់ចិនរំពឹងទុកថានឹងមានតម្លៃ ១៤.៤ ទ្រីលានដុល្លារ (១ទ្រីលាន ស្មើ ១,០០០,០០០,០០០,០០០) នៅក្នុងឆ្នាំ២០២០ ខណៈចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់ៗ មាន ៦ ១៩២.៣៩ ដុល្លសារក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ចិនមានចំនួនប្រជាជនជាង ១.៤៣ ពាន់លាននាក់នៅឆ្នាំ២០២០៕

សេដ្ឋកិច្ចរបស់ប្រទេសឈានមុខគេទីមួយក្នុងពិភពលោកកំពុងតែជួបឱនភាព

ដោយ ៖ ប៊ី

អន្តរជាតិ ៖ ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងតែជិតអស់សាំងហើយ។ ការចំណាយរបស់អ្នកប្រើប្រាស់មានប្រហែល ៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យវាក្លាយជាកត្តាសំខាន់តែមួយគត់ ក្នុងការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត។

ការចំណាយរបស់អ្នកប្រើប្រាស់នេះបានធ្លាក់ចុះ ១២,៩ភាគរយ ដែលមិនធ្លាប់មានពីមុននៅក្នុងខែមេសា ខណៈហាង និងភោជនីយដ្ឋាននៅទូទាំងប្រទេសបានបិទទ្វារ ហើយមនុស្សភាគច្រើនមិនបានចេញពីផ្ទះនោះទេ។

កញ្ចប់ជំនួយរបស់រដ្ឋាភិបាលអាមេរិកចំនួន ២,២ ទ្រីលានដុល្លារ (នៃ៣ ទ្រីលានដុល្លារ) រួមទាំងការទូទាត់ផ្ទាល់ដល់ ១២០០ ដុល្លារដល់គ្រួសារ និងប្រាក់បន្ថែមចំនួន ៦០០ ដុល្លារសម្រាប់អត្ថប្រយោជន៍ភាពអត់ការងារធ្វើប្រចាំសប្តាហ៍ បានជំរុញឱ្យមានការចាប់ផ្តើមនៃការងើបឡើងវិញនៃការចំណាយក្នុងខែឧសភា។ ប៉ុន្តែនៅពេលរដូវស្លឹកឈើជ្រុះខិតជិតមកដល់ដោយគ្មានសញ្ញានៃការបញ្ចប់នៃជំងឺរាតត្បាត និងជំនួយបន្ថែមដែលជាប់ទាក់ទងនៅក្នុងសភាអតិថិជនហាក់ដូចជាកំពុងថមថយម្តងទៀត។

អ្នកវិភាគ និងសេដ្ឋវិទូមានការព្រួយបារម្ភថា អ្នកប្រើប្រាស់ នឹងធ្លាក់ចុះហើយធ្លាក់ចុះម្តងទៀតដោយមិនមានថវិកាបន្ថែមពីរដ្ឋាភិបាល។ ជំនួយផ្ទាល់ចុងក្រោយ និងមូលនិធិសម្រាប់អ្នកគ្មានការងារធ្វើនៅជុំចុងក្រោយ បានជួយមនុស្សជាច្រើនបន្តបង់ថ្លៃឈ្នួល និងទិញរបស់ចាំបាច់។ ការទូទាត់ដោយផ្ទាល់ក៏បានជួយដល់មនុស្សជាច្រើន ដែលមិនត្រូវការពួកគេចាក់បញ្ចូលលុយចូលក្នុងសេដ្ឋកិច្ច ដោយជំរុញអាជីវកម្មជាច្រើនពីអ្នកលក់រាយសម្លៀកបំពាក់រហូតដល់ការកែលំអគេហដ្ឋាន និងលក់រាយគ្រឿងបន្លាស់រថយន្ត។
ខណៈដែលមនុស្សជាច្រើននៅ Wall Street រំពឹងថានឹងមានកញ្ចប់ជំនួយមួយចំនួន បន្ទាប់ពីសភាកោះប្រជុំកាលពីខែកញ្ញា។

លោក Brad McMillan ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Commonwealth Financial Network បានមានប្រសាសន៍ថា “វានៅតែត្រូវបានមើលឃើញថាតើយើងនឹងឃើញថា ការស្តារឡើងវិញនៅតែបន្ត ដូច្នេះការទូទាត់បន្ថែមទាំងនេះគួរបញ្ឈប់”។
យោងតាមសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន បានឱ្យដឹងថា ការភ័យខ្លាចដែលធ្វើឱ្យបិទទ្វារអាជីវកម្ម ដែលបង្កដោយដោយជំងឺCOVID-19 និងការបាត់បង់ការងារបានធ្វើឱ្យទំនុកចិត្តអតិថិជនធ្លាក់ចុះនៅក្នុងខែ មេសា។ វិសាលភាព និងផលប៉ះពាល់នៃជំងឺរាតត្បាត ដែលមិនប៉ាន់ប្រមាណបាន បានជំរុញឱ្យមនុស្សកាត់បន្ថយការចំណាយ ដែលពួកគេត្រូវការ និងផ្តោតអារម្មណ៍ទៅលើអ្វីដែលចាំបាច់ ខណៈពួកគេមិនចេញពីផ្ទះ។
ប៉ុន្តែការកើនឡើងនូវទំនុកចិត្តនៅក្នុងខែមិថុនា បានផ្តល់ក្តីសង្ឃឹមដល់អ្នកសេដ្ឋកិច្ចថា អ្នកប្រើប្រាស់
ចាប់ផ្តើមមានភាពធូរស្រាលក្នុងការចំណាយរបស់ពួកគេ។

ក្តីសង្ឃឹមទាំងនោះបានស្ងប់ទៅវិញ នៅពេលដែលភាពជឿជាក់បានបាត់បង់វិញនៅខែសីហា។
ទន្ទឹមនឹងនេះ ការជំរុញការចំណាយ ដែលត្រូវបានមើលឃើញនៅក្នុងខែឧសភា និងមិថុនាបានបង្កើនក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញយ៉ាងខ្លាំង។ ប៉ុន្តែនៅក្នុងខែកក្កដាបង្ហាញថា ផ្លូវទៅកាន់ការស្តារឡើងវិញអាចនឹងមានការលំបាកជាងការគិតទុកជាមុន ជាពិសេសបើគ្មានជំនួយពីរដ្ឋាភិបាលទេ ហើយបើគ្មានវ៉ាក់សាំងដើម្បីបន្ថយការគំរាមកំហែងពីជំងឺរាតត្បាត នោះការងើបឡើងវិញនឹងបន្តជួបផលលំបាក៕ AP

ក្រុមហ៊ុនជប៉ុនចំនួន ១៤៤ កំពុងវិនិយោគនៅកម្ពុជាដែលមានទុន ២,៨ ពាន់លានដុល្លារ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គិតត្រឹមខែកក្កដា ឆ្នាំ ២០២០ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤ គម្រោងក្នុងនោះទុនវិនិយោគសរុបចំនួន ២,៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយភណ្ឌ ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។

លោកបន្តថា ការចូលរួមវិនិយោគរបស់វិនិយោគិនជប៉ុននេះ ស្រតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមត្រូវឆ្នាំ ២០២៥។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភារំពឹងថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងកម្ពុជា និងជប៉ុនឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។

លោក ម៉ាសាហ៊ីរ៉ុ មិខាមិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានកោតសសើរកម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងសំណូមពររបស់អ្នកវិនិយោគជប៉ុនដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និងផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគគ្រប់រូប។

លោកមានជំនឿថា កម្ពុជា-ជប៉ុន នឹងសម្រេចបាននូវការឯកភាពគ្នាមួយនាពេលខាងមុខឆាប់ៗនេះ ក្នុងការសម្របសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជប៉ុនដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគស្របតាមស្មារតីនៃកិច្ចពិភាក្សារវាងសម្តេចតេជោ និង លោក ម៉ូតេហ្គី តូស៊ីមីសឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០កន្លងមកនេះ។

កម្ពុជា-ជប៉ុន បានប្តេជ្ញានឹងបន្តសហការគ្នាខិតខំដោះស្រាយចំពោះរាល់បញ្ហាដែលនៅមានសេសសល់ ជំរុញការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលាសម្រួលបែបបទនីតិវិធីឱ្យកាន់តែសាមញ្ញ និងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការមានសកម្មភាពកាន់តែល្អប្រសើរ ធានាបានការប្រកួតប្រជែង និងភាពឈ្នះឈ្នះដែលនេះជាការចូលរួមជួយទ្រទ្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព៕

វិស័យដីធ្លីនៅក្នុងខេត្តចំនួន ២ មានសន្ទុះកំណើនតម្រូវការជាហូរហែ

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យដីធ្លីនៅតាមបណ្តារខេត្តហាក់មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចប្រចាំខេត្តមានកំណើនជាបន្តបន្ទាប់ ជាហេតុជម្រុញឱ្យវិនិយោគិនមានតម្រូវការដីក្នុងការរៀបចំគម្រោងអភិវឌ្ឍនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ធ្លាប់បានបង្ហាញភាពកោតសរសើរចំពោះសមិទ្ធផលរបស់វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មិនថាបណ្តារខេត្តនិងទីក្រុងនោះទេ។ សម្តេចរំពឹងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តារខេត្តដូចជា ដីធ្លី ខុនដូ លំនៅដ្ឋាន សំណង់អគារផ្សេងៗ និងកាន់តែកើនតួលេខអភិវឌ្ឍបន្ថែម ដើម្បីជម្រុញសេដ្ឋកិច្ចប្រទេសកម្ពុជាមួយកម្រិតទៀត។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានមានប្រសាសន៍ប្រាប់គេហទំព័រ PropertyAreaAsia ថា ដីធ្លីខេត្តកំពតមានសក្តានុពលទៅលើប្រភេទអចលនទ្រព្យដែលបម្រើដល់វិស័យទេសចរណ៍ ហើយវិនិយោគិនភាគច្រើនត្រូវការអភិវឌ្ឍលើសណ្ឋាគារ ផ្ទះលម្ហែ ឬច្នៃដីធ្លីទៅជា តំបន់ទេសចរណ៍ធម្មជាតិ ឬបឹងហ្គាឡូ ជាដើម។

លោកស្រីបន្តថា ស្របពេលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើសោភ័ណភាពនៃខេត្តកំពតឱ្យក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិនោះ ទើបបណ្តាលឱ្យវិនិយោគិនត្រូវសម្លឹងមើលឱកាសវិនិយោគបន្ថែម។

បន្ទាប់ពីមានដំណឹងច្បាស់ការអំពីគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរួចហើយនោះ បច្ចុប្បន្នខេត្តកណ្តាលបានក្លាយជាតួឯកក្នុងវិស័យដីធ្លីផងដែរ។

អ្នកជំនាញអចលនទ្រព្យក្នុងស្រុកមួយរូប និងជាអគ្គនាយក្រុមហ៊ុនអចលនទ្រព្យ R Investment លោកឧកញ៉ា តេង រិទ្ធី បានពន្យល់ថា ខេត្តកណ្តាលមានតម្រូវការធីធ្លី ដោយហេតុថាខេត្តកំពុងមានសកម្មអភិវឌ្ឍហេដ្ឋារចនាសមព័ន្ធ និងមានគម្រោងលំនៅដ្ឋានទាំងកម្រិតមធ្យម និងខ្ពស់ រួមទាំងសំណង់អគារមួយចំនួន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE បានឱ្យដឹងថា វិស័យដីធ្លីនៅកម្ពុជាមានកំណើនខ្ពស់ជាងគេ រីឯតម្លៃវិញទៀតសោតកើនឡើង ១២ ភាគរយ ជារៀងរាល់ឆ្នាំ៕

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាម៉ោក១៥ហិកតាផ្តល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ទីស្ដីការថ្មី

ដោយៈ រ៉ាណេត

  ភ្នំពេញៈរាជរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃដីបឹងតាម៉ោកស្ថិតម្ដុំ (កប់ស្រូវ) ចំនួន១៥ហិកតា ចេញពីអនុក្រឹត្យប្រគល់ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់សាងសង់ទីស្ដីការក្រសួងថ្មី នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ដើម្បីបង្កភាពងាយស្រួលដល់ការបម្រើការងារ និងបើកកិច្ចប្រជុំនានា។

ដោយមើលឃើញពីស្ថានភាពជាក់ស្ដែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទសព្វថ្ងៃដែលមានទីតាំងតូចចង្អៀតស្ថិតនៅជាប់ទីស្តីការគណៈរដ្ឋមន្ត្រីមានផ្លូវតូចចង្អៀតខ្វះទីចំណតយានយន្តនិងបង្កមានការកកស្ទះរាល់ថ្ងៃនោះរដ្ឋាភិបាលបានសម្រេចផ្តល់ផ្ទៃដីបឹងតាមោកទំហំជាង១៥ហិកតាសម្រាប់សាងសង់អគារទីស្តីការថ្មីស្ថិនៅតាមបណ្តោតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០  ជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុករណីសំណើសុំ គោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តី ការក្រសួងអភិវឌ្ឍន៍។

សេចក្តីជូនដំណឹងបានសរសេរយោងលិខិតលេខៈ ០៤០.២០ លស.គ ចុះថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត៤៤៤ ខន ០២០ សជណ ចុះថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី។ ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២០។

នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថា ដូចមានចែង និងយោងក្នុងកម្មវត្ថុខាងលើទីស្តី ការគណៈរដ្ឋមន្ត្រីសូម ជម្រាបឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍ដូចខាងក្រោមៈ កំណត់យកទីតាំងផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្ទៃដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី ការកែសម្រួល ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ស្ថិតនៅក្នុងរាជធានីភ្នំពេញរួចហើយកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០។ បឹងតាមោក ត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៣.២៣៩,៧ហិកតា៕

ទីផ្សារជួលខុនដូចាប់ផ្តើមកើនឡើងស្របពេលតម្លៃជួលក៏មិនទាន់មានសញ្ញាវិជ្ជមាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្របពេលដែលការផ្គត់ផ្គង់ចំនួនខុនដូ នៅក្នុងរាជធានីភ្នំពេញកំពុងមានកំណើនខ្ពស់នៅក្នុងឆមាសទី២ឆ្នាំនេះ ទីផ្សារជួលខុនដូត្រូវបានគេមើលឃើញថាបានចាប់ផ្តើមវិលមករកភាពល្អប្រសើរវិញជាបណ្តើរៗ ប៉ុន្តែតម្លៃនៃការជួលមានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆមាសទី១ក្នុងឆ្នាំ២០២០កន្លងទៅនេះ។

អ្នកជំនាញនៅក្នុងវិស័យខុនដូកម្ពុជា លោកស្រី អាន សុធីតា នាយិការប្រចាំប្រទេ​សក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមានប្រសាសន៍ថា ឲ្យដឹងនាព្រឹកថ្ងៃទី៤ កញ្ញានេះថា ចាប់តាំងពីដើមឆមាសទី២ ឆ្នាំ២០២០ ទីផ្សារខុនដូនៅកម្ពុជា ដែលសំខាន់នៅក្នុងរាជធានីភ្នំពេញ បានបន្តកើនឡើងនូវការផ្គត់ផ្គង់ ពោលគឺមានគម្រោងខុនដូចំនួន៦០អគារត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង។

លោកស្រីបានបញ្ជាក់ថា នៅក្នុងចំណោមនៃចំនួនខុនដូទាំង៦០ គម្រោងត្រូវបានបែងចែកចេញជា៣កម្រិត រួមមានកម្រិតAចំនួន៥៨០០យូនីត កម្រិតB ចំនួន៩៧០០យូនីត និងកម្រិតC ចំនួន៥២០០យូនីត និងត្រូវបានដាក់បញ្ចូលទៅការផ្គត់ផ្គង់ទីផ្សាររួម។

ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ចំនួនខុនដូ នៅក្នុងទីផ្សាររួមនៅពេលនេះ លោកស្រី អាន សុធីតា បានបញ្ជាក់ថា ទីផ្សារខុនដូ បើប្រៀបធៀបទៅនឹងឆមាសទី១ គឺមានភាពល្អប្រសើរឡើងវិញបន្តិ ខណៈដែលតម្លៃត្រូវបានបញ្ចុះ។ ជាក់ស្ដែងដូចជាតម្លៃនៃការជួលយូនីតខុនដីកម្រិតA ១ស្ថិតក្នុងតម្លៃ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ កម្រិតB ១១-១២ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកម្រិតC ស្ថិតក្នុងតម្លៃ៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គិតត្រឹមពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២០ ជាមួយនឹងកំណើននៃចំនួនគម្រោងខុនដូគ្រប់កម្រិតត្រូវបញ្ចប់៦០គម្រោងខាងលើនេះ មានយូនីតខុនដូសរុបរហូតដល់ប្រ​មាណ២០៧០០យូនីត ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត នៅកំឡុងចុងឆ្នាំ២០២០ បន្ទាប់គម្រោងខុនដូចំនួន២ផ្សេងទៀតអាចនឹងត្រូវបានបញ្ចប់ទាំងស្រុង៕

រដ្ឋបាលក្រុងភ្នំពេញនឹងស្ថាបនាមហាវិថីថ្មីមួយតភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ

ដោយៈ វុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានី។

មន្ទីរសាធារណៈការ និងដឹងជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ពិធីបើកការដ្ឋានខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

កាលពីម្សិលនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំង សំរាប់រៀបចំកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវ ដែលមានទទឹង៣០ម៉ែត្រ និងបណ្ដោយ ៥៨៦០ម៉ែត្រ ដែលតភា្ជប់ចាប់ពីចំណុចបុរីអង្គរភ្នំពេញ រហូតដល់មហាវិថីឈ្នះៗមុនពេលរៀបចំពិធីសម្ពោធបើកការដ្ឋាន។

លោកបានបញ្ជាក់ថា “មហាវិថីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលចរា​ចរ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅប៉ែកខាងជើង និងប៉ែកខាងកើត រាជធានីភ្នំពេញ”៕

 

ច្បាប់មូលបត្ររដ្ឋដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនត្រូវបានអនុម័តដោយគណរដ្ឋមន្រ្តី

ដោយៈ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់ស្ដីពី មូលបត្ររដ្ឋទាំងស្រុង សម្រាប់ធ្វើជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

រដ្ឋាភិបាលបានសម្រេចអនុម័តច្បាប់នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់បម្រើឱ្យរាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទាន ទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅឆ្នាំ១៩៩៣ ដែលជាឆ្នាំដំបូងនៃការចាប់ផ្តើមខ្ចីឥទានសម្បទាន ពីដៃគូអភិវឌ្ឍន៍ក្រៅប្រទេសមក ការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាល គឺមានភាពប្រយ័ត្នប្រយែងច្បាស់លាស់ និងម៉ត់ចត់ ដោយផ្អែកលើគោលការណ៍គន្លឹះ មានចំនួន៤ ដូចជា

– ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន

– ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់

– ខ្ចីសម្រាប់វិស័យអាទិភាពទ្រទ្រង់ ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម។

– ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

យុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៩-២០២៣ នៅតែបន្តអនុវត្តគោលការណ៍គន្លឹះទាំង៤ខាងលើ ហើយកម្ពុជាមាននូវសមត្ថភាពខ្ចីខ្ពស់ជាងមុន និងមានឱកាសខ្ចីបានថោក ដោយមាននូវដៃគូអភិវឌ្ឍន៍ជាច្រើន ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការ។ ឈរលើកត្តាអនុគ្រោះនៃ “លទ្ធផលខ្ចីខ្ពស់ជាមួយនឹងអត្រាការប្រាក់ថោក” នេះជាការបោះផ្សាយមូលបត្ររដ្ឋ។

បរិការណ៍បច្ចុប្បន្ន ដោយពិនិត្យឃើញនូវបញ្ហាប្រឈមពីកត្តាខាងក្រៅ និងខាងក្នុងមួយចំនួនដែលអាចបង្កផលប៉ះពាល់ ជាយថាហេតុលើស្ថានភាពបំណុលសាធារណៈ ជាមួយនឹងគោលដៅ នៃការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន សម្របទៅតាមភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងសម្លឹងឆ្ពោះទៅរកការប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប (Lower-middle income economy) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-middle income economy)នាពេលខាងមុខ ការចាប់ផ្តើមសាកល្បងបោះផ្សាយមូលបត្ររដ្ឋ ដើម្បីកៀរគរទុនពីផ្សារមូលបត្រក្នុង និងក្រៅប្រទេស មកបំពេញសេចក្តីត្រូវការធនធាន និងហិរញ្ញប្បទានដែលកើនឡើងជាងរៀងរាល់ថ្ងៃនេះ បានក្លាយជាកាលានុវត្តភាព និងអាទិភាពថ្មីសម្រាប់កម្ពុជា។

សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋ(ថ្មី)នេះ ជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយមួយ និងស្របតាមតម្រូវការនៃតថភាពជាក់ស្ដែង ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាន សម្រាប់អនុញ្ញាតប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ជាមូលបត្ររដ្ឋនេះ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមពីវិស័យឯកជន ដើម្បីពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ ឆ្លើយតបបានទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ថ្មីនេះ មានវិសាលភាពអនុវត្តចំពោះការបោះផ្សាយ ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយបោះផ្សាយមូលបត្ររដ្ឋ ជាសិទ្ធិអំណាចផ្តាច់មុខរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្រោមច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០០៨ ដូចនេះ សេចក្តីព្រាងច្បាប់ថ្មីនេះ គឺបានផ្តល់សិទ្ធិអំណាច តាមរយៈការចាត់ឱ្យមានការផ្សាយលក់មូលបត្ររដ្ឋ។

ត្រូវកំណត់ដោយប្រកាសនូវវិធីសាស្រ្ត និងយន្តការនៃការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋ ទម្រង់ និងដំណើរការពាក់ព័ន្ធនឹងការគ្រប់គ្រងមូលបត្ររដ្ឋ ដែលត្រូវបោះផ្សាយ អ្នកចូលរួមដោយផ្ទាល់ និងអ្នកដែលមានសិទ្ធិ ក្នុងការចូលរួមក្នុងទីផ្សារដំបូង ការកត់ត្រាអ្នកធ្វើបរិវិសកម្ម ការរក្សាទុកមូលបត្ររដ្ឋ នៅប្រតិបត្តិកររក្សាទុកណាមួយនិងការចុះបញ្ជីជួញដូរមូលបត្ររដ្ឋ នៅទីផ្សារមូលបត្រប្រតិស្រុត ការទូទាត់ប្រាក់ដើម និងអត្រាគូប៉ុងនៃមូលបត្ររដ្ឋ និងធាតុសំខាន់ផ្សេងៗទៀត។

មូលបត្ររដ្ឋ អាចត្រូវបានបោះផ្សាយជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណបរទេស តាមការកំណត់ដោយប្រកាសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ការចរចាពាណិជ្ជកម្មសេរីជុំទី២ រវាងកម្ពុជា និងកូរ៉េខាងត្បូង បានបញ្ចប់ដោយភាពវិជ្ជមាន

ដោយ ៖ ប៊ី
ភ្នំពេញ ៖ ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងបានបញ្ចប់កិច្ចចរចាលើកទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីថ្ងៃពុធកន្លងមកនេះ ជាមួយនឹងការរីកចម្រើនជាវិជ្ជមាន ខណៈយ៉ាងហោចកិច្ចចរចាចំនួន២ជុំទៀតនឹងត្រូវធ្វើឡើងបន្តទៀត មុនពេលប្រទេសទាំងពីរចុះហត្ថលេខា។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែកញ្ញា ថា កិច្ចចរចានេះមានការជឿនលឿនគួរឱ្យកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំវីដេអូ Conference រយៈពេល ៤ ថ្ងៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

លោក បានថ្លែងថា “យើងបានបញ្ចប់ជំពូកនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារ និងជំពូកផ្សេងទៀតនៃកិច្ចព្រមព្រៀង។ យើងបានព្រមព្រៀងលើចំណុចមួយចំនួន ហើយចំណុចផ្សេងទៀតមិនទាន់មាននៅឡើយ”។ លោកបន្តថា “យ៉ាងហោចណាស់មានការចរចាពាណិជ្ជកម្មសេរីចំនួន២ ជុំទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះមុនដំណាច់ឆ្នាំ២០២០”។

លោកឱ្យដឹងទៀតថា កិច្ចចរចាពាណិជ្ជកម្មជុំទី៣ គ្រោងនឹងធ្វើនៅចុងខែកញ្ញា។ ប្រទេសទាំងពីរបានធ្វើកិច្ចចរចាលើកទី១ កាលពីខែកក្កដាឆ្នាំនេះ។

កិច្ចចរចាពាណិជ្ជកម្មនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សម្តេចតេជោ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មួយ ដែលតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៣៦ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង និងនាំចូល ៦៩៧ លានដុល្លារពីប្រទេសកូរ៉េខាងត្បូង។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ របស់ប្រទេសកូរ៉េខាងត្បូង៕