ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងទុនបម្រុងរបស់រដ្ឋក្នុងរង្វង់ ប្រមាណជាង១០០-២០០លានដុល្លារ ដើម្បីដោះស្រាយលើបញ្ហាកូវីដ១៩ រដ្ឋាភិបាលកម្ពុជាក៏ទទួលបាននូវថវិកា ដែលអាចប្រើប្រាស់បាន ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ចំនួន៥៣៨លានដុល្លារក្រោមជំនួយពីស្ថាប័ន និងប្រទេសជាដៃគូ។
សម្ដេចបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា “ប្រទេសយើង គឺជាសមាជិកនៃមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាផ្នែកមួយនៃការគាំទ្រ នៃដំណើរការរបស់អង្គការសុខភាពពិភពលោក និងមានការគាំទ្រដោយអង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលកូវ៉ាក់ នឹងផ្តល់ឱ្យយើងនូវវ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាជនសរុប ដោយក្នុងដំណាក់ដំបូងនៃការផ្តល់បានត្រឹម៣ភាគរយ”។
សម្ដេចបានបន្តថា “បើកូវ៉ាក់ផ្តល់ឱ្យយើង២០ភាគរយនៃចំនួនប្រជាជនសរុប ចឹងយើងនឹងបានវ៉ាក់សាំង សម្រាប់ប្រជាជនចំនួន៣,២លាននាក់។ ការផ្តល់តាមកូវ៉ាក់ តម្រូវឱ្យកម្ពុជាមានថវិកាបដិភាគ៥ភាគរយ។ ដូច្នេះបើប្រជាជន៣,២លាននាក់ គឺត្រូវការ៦,៤លានដូស ចឹងយើងត្រូវបដិភាគ៥ភាគរយនៃតម្លៃនោះ”។
នៅក្នុងចំណោមប្រជាជនកម្ពុជា សរុបប្រមាណ១៦លាននាក់ នឹងត្រូរទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូដ១៩ ចំនួន៨០ភាគរយនៃចំនួនសរុប។ មានន័យថាប្រជាជនក្នុងរង្វង់១៣លាននាក់ នឹងត្រូវចាក់វ៉ាក់សាំង។ លើកលែងតែកុមារ និងវ័យជំទង់អាយុក្រោម១៥ឆ្នាំតែប៉ុណ្ណោះ ដែលអាចនឹងត្រូវលើកលែង។
សម្ដេចបានមានប្រសាសន៍ថា ក្រៅពីទុនរបស់រដ្ឋដែលត្រៀមបម្រុងក្នុងរង្វង់១០០-២០០លានដុល្លារទៅលើបញ្ហាវ៉ាក់សាំង បូកជាមួយនឹងថវិកាសប្បុរសជនជាង៤៨លានដុល្លារនោះ រដ្ឋាភិបាលបានទទួលរួចមកហើយ នូវថវិកាដែលអាចប្រើប្រាស់បានក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជា ការស្ដារឡើងវិញនូវសេដ្ឋកិច្ច ថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន២៥០លានដុល្លារ ត្រូវបានដកសាច់ប្រាក់យកមករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។
បន្ថែមពីនេះ រដ្ឋាភិបាលនៅមានជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJica ចំនួន២៥ពាន់លានយ៉េន ស្មើនឹងប្រមាណ២៣៨លានដុល្លារ ដែលកំពុងរៀបចំបំពេញបែបបទដកមកតម្កល់រក្សាទុកនៅធនាគារជាតិកម្ពុជា ហើយជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈEDCSមានចំនួន៥០លានដុល្លារ បានដកសាច់ប្រាក់មករក្សាទុកនៅធនាគារជាតិកម្ពុជារួចហើយ។ ដូច្នេះកម្ពុជាមានប្រាក់ក្នុងដៃសរុបជារួមចំនួន៥៣៨លានដុល្លារ ដោយមិនទាន់គិតពីប្រាក់សន្សំរបស់រដ្ឋាភិបាលនោះទេ៕






