សម្តេចតេជោ បង្ហាញនូវបទពិសោធន៍របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម និងវិបត្តិទាំងឡាយទាក់ទងបញ្ហាសង្គម

ដោយ៖ ប៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់សុន្ទរកថាគន្លឹះមួយបង្ហាញនូវបទពិសោធន៍របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា និងវិបត្តិទាំងឡាយកើតមានចំពោះសង្គម និងសេដ្ឋកិច្ចកម្ពុជាបង្កដោយជំងឺកូវីដ១៩ ជូនប្រទេសសមាជិកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

សុន្ទរកថាគន្លឹះរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំ «កិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020)» របស់អង្គការ UNIDO ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត»។

ក្នុងសុន្ទរកថាគន្លឹះនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេលជាង៩ខែកន្លងមកនេះ ពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្ករជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើសង្គម និងសេដ្ឋកិច្ច។ ទោះបីការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននណារអាចទស្សន៍ទាយអំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ។

សម្តេចតេជោ បានលើកឡើងថា សកម្មភាពសេដ្ឋកិច្ច និង សង្គមស្ទើរគ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ជាពិសេសតាមរយៈវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា ការបិទប្រទេស និង ការរឹតត្បិតដល់ការធ្វើដំណើរ ជាដើម ។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ក្នុងបរិការណ៍នេះជីវិតសង្គមជាសកល ត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួលជារចនាសម្ព័ន្ធ ឬ ឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយ ដែលរួមមាន៖ ការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល ដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និង ច្រវាក់ផលិតកម្មសកល, ការថមថយរំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និង ការធ្លាក់ចុះរំហូរមនុស្ស, ការធ្លាក់ចុះផលិតភាពសកល និង ការកើនឡើងនៃវិសមភាពសង្គម។

លើសពីនោះទៀត ជំងឺកូវីដ១៩ ក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ និង ការអនុវត្តគោលនយោបាយឧស្សាហកម្ម និង សេដ្ឋកិច្ចឌីជីថល ក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃ និងចាត់ទុកជាប្រទេសបានដាក់ចេញនូវវិធានការល្អប្រសើរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ន កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបប្រមាណ ២៧៤នាក់។ ក្នុងនោះ ២៧២នាក់ បានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺតែពីរនាក់ទៀតប៉ុណ្ណោះ កំពុងព្យាបាល ហើយមិនមានអ្នកជំងឺណាម្នាក់ស្លាប់នោះឡើយ។

ទន្ទឹមនឹងការថ្លែងបង្ហាញចំណាប់អារម្មណ៍ពីផលប៉ះពាល់បង្កឡើងដោយសារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ចែករំលែកនូវបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក៏ដូចជាការដាក់ចេញនូវវិធានការ ដើម្បីដោះស្រាយបញ្ហាកើតមានក្នុងសង្គម និងសេដ្ឋកិច្ចកំលុងពេលរីករាលដាលជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ ឬ ប្រទេសទាំងមូលនោះទេ។

សម្តេចតេជោបន្ថែមថា ជាការពិតជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួន ជាអាទិ៍នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសេវាខ្លះទៀត។ ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំ រួចមកហើយ សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម សម្រាប់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស ពិសេសគឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

វិធានការអន្តរាគមន៍ទាំងនោះរួមមានជាអាទិ៍៖ ការអនុគ្រោះពន្ធ និង ការអនុគ្រោះការបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និង ថែទាំសុខភាព, ការជួយសម្រួលលក្ខខណ្ឌឥណទាន, ការបង្កើនសន្ទនីយភាពនៅលើទីផ្សារ, ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និង ទេសចរណ៍, ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាពនិង លើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម, ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ជូនដល់កម្មករ-និយោជិត, និង ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោង-ចក្រ សហគ្រាស និង អាជីវកម្ម នៅក្នុងប្រទេស៕

 

 

ប្លុកថ្មីដីឡូតិ៍ជាប់ដងព្រែកធម្មជាតិក្នុងបុរីអាម៉ូរី៧មករា ចាប់ផ្ដើមសម្ពោធលក់ និងផ្តល់ឱកាសចំណេញជាច្រើនដល់អតិថិជន

ដោយ : រ៉ាណេត

ភ្នំពេញ៖ ប្លុកថ្មីដីឡូតិ៍ដងព្រែកធម្មជាតិ ក្នុងបុរីអាម៉ូរី៧មករា ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំ អ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារពត័មានកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តបុរីអាម៉ូរី ៧មករា បានមានប្រសាសន៍ថា៖ “បុរីអាម៉ូរី៧មករា ត្រូវបានរចនាឡើងដោយ ស្ថាបត្យករ និង វិស្វករ ដែលពោលពេញទៅដោយគំនិតឆ្នៃប្រឌិត។ ពួកគេពោរពេញដោយបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសាងសង់ រចនា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវសោភ័ណភាព និងគុណភាពសំណង់របស់យើងឱ្យមានភាពរឹងមាំស្របទៅតាមបទដ្ឋានស្តង់ដាអន្តរជាតិ ។”

លោកក៏បានបន្ថែមថា គិតចាប់ពីថ្ងៃបើកលក់គម្រោង មកទល់បច្ចុប្បន្ន បុរីអាម៉ូរី៧មករា យើងខ្ញុំ បានធ្វើការសាងសង់ជោគជ័យរហូតដល់ ៧០% នៃគម្រោងទាំងមូល ហើយនឹងឈានដល់ការប្រគល់ផ្ទះនិងដីឡូតិ៏វគ្គទី១ ជូន អតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៅទៀត លោក ក៏បានបង្ហើបថា បុរីអាម៉ូរី ៧មករា នឺងមានគម្រោង វិនិយោគថ្មីមួយទៀត នៅដើមឆ្នាំថ្មីខាងមុខនេះផងដែរ ។

លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី អាម៉ូរី ៧មករាក៏បានបន្ថែមទៀតថា៖“ ដើម្បីឆ្លើយតបទៅនិងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន បុរី អាម៉ូរី 7មករា ក៏បានរៀបចំកម្មវិធីបើកលក់ប្លុកថ្មី ដីឡូតិ៏ដងព្រែក ជាមួយនិងការបញ្ចុះតម្លៃពិសេសរហូតដល់ ១៣%។

បន្ថែមពីនេះ មានឱកាសទទួលបានទូរស័ព្ទស៌េរីទំនើបមួយគ្រឿងភ្លាម ដោយគ្រាន់តែមានប្រាក់ត្រឹម ៣០០ដុល្លាប៉ុណ្ណោះ។ ការផ្ដល់ជូនដ៏ពិសេសនេះ មានរយះពេលត្រឹមតែ៣ថៃ្ងប៉ុណ្ណោះ គឺថៃ្ងទី ៥_៦ និង ៧ ខែកញ្ញា ជាមួយនិងល័ក្ខខ័ណ្ឌ បង់ប្រាក់ យ៉ាងងាយស្រួល ទៅតាមលិទ្ធភាពរបស់អតិថិជន។”

លោកក៏បានបន្ថែមទៀតថា ៖ “ បុរី អាម៉ូរី 7មករា ផ្តោតសំខាន់លើការរស់នៅ បែបលំហែរ ដោយគម្រោងរបស់យើងមានការរៀបចំជាដងព្រែកធម្មជាតិ លំអដោយដើមឈើធំៗ សួនច្បារបៃតងលាយផ្កាចំរុះពណ៍ កញ្ចុះសម្រាប់សម្រាកលំហែ ជិះទូក ស្ទូចត្រី និង សួនកម្សាន្តសម្រាប់កុមារផងដែរ។”

ដងព្រែក ក្នុងបុរី អាម៉ូរី 7មករា មានប្រភពទឹកចេញពី ដៃទន្លេសាបហូរចាក់ទៅទន្លេមេគង្គ ជាដងព្រែកធម្មជាតិពិតៗ ដែលតែងតែមានទឹកគ្រប់រដូវកាល។ ដងព្រែកធម្មជាតិមួយនេះ មានសួនច្បារធំទូលាយ ជាទីតាំងពិសេស ងាយស្រួលធ្វើលំហាត់ប្រាណ និងជួបជុំគ្រួសារជាលក្ខណះភិចនិច។ មានខ្យល់អាកាសដ៏បរិសុទ្ធ និងបរិយាកាសលំហែរយ៉ាងពិសេសបំផុត សម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគ។

សម្រាប់ដីឡូតិ៏ថ្មីដែលជាទីតាំងនៅជាប់និងដងព្រែកធម្មជាតិនេះមានច្រើនទំហំ ស្របតាមតម្រូវការ របស់អតិថិជន ដែលងាយស្រួលក្នុងការសាងសង់គេហដ្ឋាន រៀបចំជាកន្លែងប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗ។ ដីឡូត៍បុរីយើងមានជាច្រើនទំហំដូចជា ទំហំ ៥ម៉ែត្រx២០ម៉ែត្រ, ទំហំ ១០ម៉ែត្រx២០ម៉ែត្រនិង ទំហំ២០ម៉ែត្រx៣០ម៉ែត្រដែលមានតម្លៃត្រឹមតែ ៣មឺុនដុល្លារប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង 077 73 9999 ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតាំងមន្ត្រី៣៦២ រូប ចុះធ្វើអធិការកិច្ចសំណង់នៅទូទាំងប្រទេស

ដោយវុត្ថា

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងមន្ត្រីអធិការកិច្ចសំណង់ ចំនួន ៣៦២ រូប ដើម្បីចុះតាមដាន អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់។

យោងតាមប្រកាសលេខ១៤១ដនស/ប្រក/នីក ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្រ្តីអធិការកិច្ចសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលចុះតហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ឱ្យដឹង មន្ត្រីទាំង ៣៦២ រូប មកពីមន្ត្រីថា្នក់ជាតិ របស់ក្រសួងទាំងអគ្គនាយក និងនាយកដ្ឋាន និងមន្ត្រីនៅតាមមន្ទីរាជធានីខេត្តនៅទាំងប្រទេសកម្ពុជា។

ប្រកាសនេះ បញ្ជាក់ថា មន្ត្រីអធិការកិច្ចសំណង់ ត្រូវបំពេញភារកិច្ចដូចមានកំណត់នៅក្នុងច្បាស់ស្តីពីសំណង់ និងប្រកាសអន្តរក្រសួង ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ ស្តីពីនិតិវិធី និងបែបទនៃការធ្វើអធិការកិច្ចសំណង់។

ប្រកាសអន្តរក្រសួងលេខ ១១៨ប្រក/ដនស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ស្តីពីនីតិវិធីនិងបែបបទនៃការធ្វើអធិការកិច្ចលើសំណង់៖

ក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍអចលនទ្រព្យអោយមានប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅ តាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើសនឹងបទប្បញ្ញាត្តិស្តីពីនគរូបនីយកម្ម និងសំណង់៕

កម្ពុជារៀបចំកំណត់ទីតាំងតំបន់ធម្មជាតិសក្តានុពល ដើម្បីស្នើដាក់ចូលក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO

ដោយ៖ ប៊ី

ក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាកំពុងសិក្សារៀបចំកំណត់ទីតាំងតំបន់ធម្មជាតិមានសក្តានុពលដើម្បីស្នើដាក់ចូលក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ នេះបើយោងតាមការព័ត៌មានចេញផ្សាយដោយ ក្រសួងបរិស្ថាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

ការបញ្ជាក់បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះយកព័ត៌មាននៅរមណីយដ្ឋានព្រែកកាំពីមានទីតាំងស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបញ្ជាក់ផងដែរ មិនមែនត្រឹមតែព្រែកកាំពី មួយទេដែលជាតំបន់អភិរក្សសត្វផ្សោត និងតំបន់ដែលនៅជុំវិញទន្លេមគង្គ ដែលជាកន្លែងជម្រកសត្វផ្សោត ដែលយើងបានសិក្សាប៉ុន្តែ មាន៤កន្លែងយើងធ្វើការសិក្សា ក៏ដូចជាចងក្រងឯកសារដើម្បីត្រៀមជាបញ្ជីត្រៀមស្នើសុំដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូហ្នឹង មានគឺទី១៖ ព្រែកកាំពី, ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ, ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងទី៤៖ តំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ”។

លោកក៏បានឱ្យដឹងដែលថារហូតមកដល់ពេលនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន បានធ្វើការងារចងក្រងនូវឯកសារមួយចំនួនហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់ព្រែកកាំនេះ ដើម្បីរៀបចំឱ្យបាននូវឯកសារទាំងឡាយណាឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសនៅតាមតំបន់ជាប់ទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោតជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសនេះដែរលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រែកកាំពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គចំនួន៩២ក្បាល។ ខណៈសព្វថ្ងៃព្រែកកាំពី កំពុងបានក្លាយទៅជាតំបន់លំហែកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តក្រចេះ ហើយមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនបំផុត គឺក្នុងរដូវប្រាំង។

លោកបានបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ នៅលើពិភពលោកដែលមានវត្តមានសត្វផ្សោតទឹកសាបរស់នៅចំនួន៩២ក្បាល ខណៈប្រទេសកម្ពុជា ជាមួយប្រទេសដែលមានចំនួនសត្វផ្សោតនេះច្រើនជាងគេផងដែរ។ ដោយឡែកប្រទេសចំនួន២ទៀត ដែលមានវត្តមានសត្វផ្សោតទឹកសាបនេះ គឺប្រទេសឥណ្ឌូនេស៊ី មានចំនួន និងប្រទេសភូមា។

ទី២៖ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ដែលមានផ្ទៃដី សរុបចំនួន ១២,៧៧០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ដែលជាតំបន់ធម្មជាតិមួយរបស់កម្ពុជា មានវត្តមានសត្វក្តានរស់នៅ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ជាពិសេសតំបន់នេះមានវត្តមានប្រភេទសត្វកម្រផ្សេងៗទៀតជាដើម។

ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំង ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១៣៨០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈ ទាំងនោះរួមមាន ថ្មបីដុំជាដើម។

បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍ របស់ភ្ញៀវ ទេសចរណ៍ ជាពិសេស យុវជន ក្នុងការ កំសាន្ត ចុងសប្តាហ៍ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម។

ទី៤៖ សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ មានទីតាំងនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានផ្ទៃដី១,៧៦០ហិកតា។ បច្ចុប្បន្ននេះ សត្វព្រៃសំខាន់ៗ នៅក្នុងសហគមន៍ត្មាតប៉ើយនេះ មានប្រមាណជាង១០ប្រភេទ ក្នុងនោះមានសត្វត្រយងយក្សដែលតំណាងឱ្យប្រទេសកម្ពុជា និងមានចំនួនជាង៥០០ក្បាល ហើយ ៩៩ភាគរយសត្វនេះមានវត្តមាននៅក្នុងក្នុងប្រទេសកម្ពុជា ក្នុងក្របខណ្ឌទូទាំងពិភពលោក, សត្វក្រៀល, សត្វត្រយងចង្កំកស, សត្វត្មាត ព្រមទាំងប្រភេទសត្វកម្រផ្សេងៗទៀតផងដែរ៕

ផ្លូវក្រវ៉ាត់ក្រុងសៀមរាបត្រូវបានជ្រើសរើសសាងសង់ជា ៤ គន្លង

ដោយវុត្ថា

ភ្នំពេញ៖តាមយោបល់និងរបាយការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានឱ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបមានបីជម្រើស ដោយក្នុងនោះគួរសាងសង់ជាផ្លូវមាន៤គន្លង ដើម្បីឆ្លើយតបទៅនឹងទំហំចរាចរណ៍និងកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។

លោក សូរ វិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិនិត្យលើរបាយការណ៍បណ្តោះអាសន្ន  នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ឱ្យដឹងថាការជ្រើសរើសខ្សែផ្លូវនៃការសិក្សា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទីក្រុងសៀមរាប ស្ថិតក្នុងក្របខណ្ឌកម្ចីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។

លោកបន្តថា ការឯកភាពយកការសាងសង់ផ្លូវក្រវ៉ាត់ក្រុងជម្រើសទី១ (សាងសង់ជាផ្លូវមាន៤គន្លង ) ដោយហេតុថាជម្រើសនេះមិនប៉ះពាល់ដល់តំបន់អភិរក្សរបស់អជ្ញាធរអប្សរា អាជ្ញាធរទន្លេសាប និងមានផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតិច ទោះបីជាផ្លូវវាងក្រុងជម្រើសទី១នេះឆ្ងាយពីទីក្រុងបន្តិចក្ដី។

ទោះជាយ៉ាងនេះក្ដី លោកបន្តថា ការជ្រើសរើសនេះ មិនមែនជាការសម្រេចចុងក្រោយឡើយ ដោយសារគម្រោងនេះត្រូវសិក្សាឱ្យបានលម្អិតបន្ថែមទៀត ដោយផ្ដោតជាសំខាន់ទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់។

លោកបន្តថា នេះគឺជាកិច្ចប្រជុំថ្នាក់បច្ចេកទេសរៀបចំឡើង ក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអំពីលទ្ធផលនៃការសិក្សាលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប ក៏ដូចជាការប្រមូលធាតុចូលបន្ថែមទៀតពីភាគី និងស្ថាប័នពាក់ព័ន្ធ សំដៅឈានទៅធ្វើរបាយការណ៍បញ្ចប់នៃគម្រោងនេះ មុនពេលដាក់ជូនថ្នាក់ដឹកនាំសម្រេច។

លោករដ្ឋលេខាធិការក៏បានរំលឹកដែរថា ដោយឡែក សម្រាប់ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទាំង៣៨ខ្សែនៅក្នុងទីក្រុងសៀមរាប ទទួលបានគោលការណ៍ឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនេះ ក្រោមការចំណាយថវិការបស់រដ្ឋចំនួន១៥០លានដុល្លារសម្រាប់ស្ដា ដើម្បីបង្កើនសោភ័ណភាព និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងស័ក្ដិសមជាតំបន់ទេសចរណ៍ប្រចាំប្រទេស៕

ក្រុមហ៊ុន​អេស្បាញ នឹង​ផ្តល់​សេវា​ដំណោះស្រាយ​បច្ចេកវិទ្យា​បដិសណ្ឋាកិច្ច​នៅ​កម្ពុជា

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Amadeus បានប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ក្រុមហ៊ុន Sunway Hotels & Resorts ដើម្បី​ផ្តល់នូវ​ដំណោះស្រាយ​បច្ចេកវិជ្ជា​ដ៏​ទូលំទូលាយ ដែល​អាចឱ្យ​ពួកគេ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ​កក់​ទុក និង​កម្មវិធី​យុទ្ធសាស្ត្រ​ទី​ទីផ្សារ​នៅ​ទូទាំង​អចលនទ្រព្យ​ទាំង ១១ របស់​ក្រុមហ៊ុន​សាន់វេ​នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​វៀតណាម។

នេះ​គឺជា​ការ​ធ្វើឡើង​ពេលវេលា ព្រោះ​វិធីសាស្ត្រ​ជំរុញ​ទិន្នន័យ ដើម្បី​ទទួលបាន​ភ្ញៀវ និង​ការរក្សា​ភ្ញៀវ​គឺមាន​សារៈសំខាន់​ជាងពេលណាៗទាំងអស់។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់ Amadeus ដែលមាន​មូលដ្ឋាន​ប្រទេស​អេស្បាញថ្មីៗនេះ។

ការស្រាវជ្រាវ បាន​បង្ហាញថា ៧៦ភាគរយ នៃ​មេដឹកនាំ​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ជាន់ខ្ពស់​នៅ​ទូទាំង​ពិភពលោក​កំពុង​រៀបចំ​ផែនការ​ដើម្បី​ទាក់ទាញ​ភ្ញៀវថ្មីៗ ដើម្បី​រកប្រាក់​ចំណូល​ដែល​កំពុង​រង​ផលប៉ះពាល់​ពី​អាជីវកម្ម​ធម្មតា​របស់​ពួកគេ ដោយ ៧៥ ភាគរយ​ចែករំលែក​ថា​ទិន្ន័យ​នឹងមាន​សារៈសំខាន់​ក្នុងការ​អនុវត្ត​ផែនការ​ស្តារឡើងវិញរ​បស់ អំឡុង​ជំងឺ​កូ​វីដ១៩ ។

លោក Dato ‘Tan Kia Loke នាយក​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​សាន់វេ​គ្រុប​ប្រចាំ​ការិយាល័យ​ប្រធាន បានឱ្យដឹងថា ក្នុងនាម​ជា​សណ្ឋាគារ​ឯករាជ្យ វា​អាចជា​ការប្រកួតប្រជែង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​យីហោធំៗ ដែលមាន​លទ្ធភាព​ទទួល​បាន​ធនធាន​បន្ថែមទៀត រួមទាំង​ការផ្តល់​បច្ចេកវិទ្យា​តាម​ស្តង់ដារ។

លោក បាន​បន្តថា “តាមរយៈ​ការអនុវត្ត​ដំណោះស្រាយ Amadeus នៅក្នុង​អាជីវកម្ម​របស់​យើង យើង​អាចអនុវត្ត​បច្ចេកវិទ្យា ដែល​ពាក់ព័ន្ធ​បំផុត​សម្រាប់​ដំណើរការ​របស់​យើង។ នេះ​ជាការ​បន្ថយ​ចំណាយ​ប្រតិបត្តិការ​ទូទៅ​របស់​យើង ស្របពេល​យើង​មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ យើង​ត្រូវការ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ជាច្រើន​របស់​យើង” ។

ដំណោះស្រាយ​បច្ចេកវិទ្យា​បដិសណ្ឋារកិច្ច​របស់​ក្រុមហ៊ុន Amadeus ធ្វើឱ្យ​ក្រុមហ៊ុន​អាច​ផ្តល់​សេវាកម្ម​ផ្ទាល់ខ្លួន​ខ្ពស់​ដល់​ភ្ញៀវ​របស់ខ្លួន។ លោក Dato ‘KL Tan បន្តថា “ក្នុងនាម​ជា​ក្រុម​សណ្ឋាគារ​ដែលមាន​មន្ទា​ប់ និង​វីឡា​ដាច់ដោយឡែក​ជាង ៣.៣០០ ដែលមាន​រួមមាន​ទាំង​អ​កន្លែង​ប្រជុំ​សន្និបាត​តម្រូវការ និង​តំរូវការ​របស់​ភ្ញៀវ​យើង​មាន​ភាពខុស​គ្នាច្រើន​នៅ​ទូទាំង​សណ្ឋាគារ​ទាំងអស់។

លោក បានឱ្យដឹងថា “តាមរយៈ​ការបង្រួបបង្រួម​ទិន្នន័យ​របស់​ភ្ញៀវ​ទាំងអស់ និង​ការ​ផ្តល់នូវ​ការយល់ដឹង​ដ៏​មានតម្លៃ​លើ​ប្រវត្តិរូប​របស់​បុគ្គលនីមួយៗ ដំណោះស្រាយ​បច្ចេកវិទ្យា​នេះ​អនុញ្ញាតឱ្យ​យើង​បង្កើត​បទពិសោធន៍ និង​ផ្ទាល់ខ្លួន ដែល​គួរ​ចងចាំ​ដែ ដើម្បី​ទាក់ទាញ​ការវិលត្រឡប់​របស់​ភ្ញៀវ” ៕

ផលប៉ះពាល់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០គីឡូវ៉ុល នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់ផ្តើម​ដោះស្រាយ

ដោយ ៖ វុត្ថា

ឧ​ត្ត​រ​មានជ័យ ៖ ផលប៉ះពាល់​រវាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ស្រុក​ត្រពាំង​ប្រា​ទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាមួយ​គម្រោង​សាងសង់​ស្ថានីយ និង​បណ្តាញ​បញ្ជូន​អគ្គិសនី​កម្លាំង ២៣០គីឡូវ៉ុល មកកាន់​ខេត្តសៀមរាប ត្រូវបាន​រដ្ឋបាលខេត្ត​ចាប់ផ្តើម​ដំណើរ​ដោះស្រាយ​ជាជំហានៗហើយ។

នៅ​រសៀល​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ រួមទាំង​មន្ត្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​បាន​បើក​កិច្ចពិភាក្សា​ស្តីពី​ការដោះស្រាយ​ផលប៉ះពាល់​ដីធ្លី សំណង់ផ្ទះ​សំបែង ដើមឈើ របស់​ប្រជាពលរដ្ឋ សម្រាប់​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០គីឡូវ៉ុល ពី​រោងចក្រ អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅ​អនុ​ស្ថានីយ៍​អគ្គិសនី​សៀមរាប។

គម្រោង​ខាងលើនេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Han Seng Coal Mines Co., Ltd ជាមួយនឹង​ទុនវិនិយោគ​ជិត ៣០០ លាន​ដុល្លារ ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០២១ ។

លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់បាន​ប្រាប់​ដឹង​ទៀតថា គម្រោង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​របស់​ក្រុមហ៊ុន Han Seng Coal Mines Co., Ltd មាន​ទុនវិនិយោគ​ចំនួន ២៩៤,៣ លាន​ដុល្លារ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០២១ ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា ខណៈដែល​កំណើន​នៃ​ការផ្គត់ផ្គង់​ថាមពល​ដែល​ផលិត​ក្នុងស្រុក​នឹង​កើនឡើង ពិសេស​ចាប់ពី​ឆ្នាំ ២០២១ តទៅ។

លោក​ថ្លែងថា “ការបង្កើន​ការផ្គត់ផ្គង់​ថាមពល​គឺជា​គោលការណ៍​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យផ្សេងៗទៀត​ដែលជា​ស្នូល និង​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ខ្មែរ។ នា​រយៈពេល ២-៣ ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​បំពេញតម្រូវការ​ដែលមាន​កំណើន​ដ៏​ខ្ពស់ កម្ពុជា​បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស ថៃ ឡាវ និង​វៀតណាម​ក្នុង​បរិមាណ​ចន្លោះ​ពី ៤៦០-៥០០ មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយឆ្នាំ” ។

ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏មាន​ផែនការ​ពង្រីក​ការវិនិយោគ​លើ​ការផលិត​ថាមពល​បន្ថែម​ទៀតផង​ដែរ ហើយ​ចាប់​ឆ្នាំ ២០២៣ ទៅ​កម្ពុជា​ក៏មាន​ផែនការ​កាត់បន្ថយ​ការ​នាំចូល​ថាមពល​ពី​បរទេស​ឲ្យ​មក​នៅក្នុង​រង្វង់ ៣០០ មេ​ហ្គា​វ៉ា​ត់​ក្នុង​មួយឆ្នាំ៕

ចំណេះដឹង! តើ​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​នាំចេញ​មាន​និតិ​វិធី​ដូចម្តេច?

ដោយ វុត្ថា

ភ្នំពេញ៖ សាខាគយ និង​រដ្ឋាករ​នាំចេញ​មានមុខ​ងារ និង​ភារកិច្ច​ធ្វើជា​សេនាធិការ​ឲ្យ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លើ​ការងារ​បំពេញបែបបទ គយ​លើ​ទំនិញ​នាំចេញ​ស្ថិតក្រោម​រូបភាព​វិនិយោគ និង​ការងារ​ផ្សេងទៀត​ដូច​មានចែង​ក្នុង​ប្រការ៤ នៃ​ប្រកា​សលេខ ៣៨៩ សហវ.ប្រក ចុះ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បញ្ជាក់ថា ការត្រួតពិនិត្យ​រូបវ័ន្ត​ទំនិញ​នាំចេញ​នៅ​សាខាគយ​និង​រដ្ឋាករ​នាំចេញ ត្រូវធ្វើឡើង​តែម្តង​រួមគ្នា​រវាង​មន្ត្រី​គយ​និង​រដ្ឋាករ និង​មន្ត្រី​កាំកុងត្រូល លើ​ទម្រង់​ឯកសារ​ត្រួតពិនិត្យ​តែមួយ​រួមគ្នា គឺកំណត់​ហេតុ​រួម​ស្តីពី​ការត្រួតពិនិត្យ​ទំនិញ​វាយនភ័ណ្ឌ​នាំចេញ ។

ទំនិញ​នាំចេញ​ដែលជា​កម្មវត្ថុ​នៃ​ការធ្វើ​បែបបទ​គយ​នាំចេញ​នៅ​សាខាគយ​និង​រដ្ឋាករ​នាំចេញ គឺជា​ទំនិញ នាំចេញ​ស្ថិត​ក្រោមរូបភាព​វិនិយោគ​នៅតាម​បណ្តា​សន្និធិ​គយ​បណ្ដោះអាសន្ន និង/ឬ អាជីវ​កម្មដ្ឋាន​នានា របស់​វិនិយោគិន និង​ទំនិញ​នាំចេញ​ផ្សេងទៀត តាម​ការកំណត់​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

ក្រោយពេល​ត្រួតពិនិត្យ​រូបវ័ន្ត​ទំនិញ​ផ្ទុក​ក្នុង​កុងតឺន័រ​រួចរាល់ មន្ត្រី​គយ​នៃ​សាខាគយ​និង​រដ្ឋាករ​នាំចេញ និង​មន្ត្រី​កាំកុងត្រូល​ធ្វើការ​កិប​សៀ​ល​គយ និង​សៀ​ល​កាំកុងត្រូលរៀងៗខ្លួន ។  សៀ​ល​គយ​នាំចេញ​កិប នៅ​ផ្នែក​ខាងស្តាំ​នៃ​ទ្វារ​កុងតឺន័រ នឹងត្រូវ​កាត់ចេញ​វិញ​មុនពេល​លើកឡើង​មធ្យោបាយ​ដឹកជញ្ជូន​នាំចេញ ដោយ​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​សមត្ថកិច្ច​នៅ​មាត់​ច្រកចេញ ក្រោយពេល​ពិនិត្យ​ផ្ទៀងផ្ទាត់​លេខ​សៀ​ល ជាក់ស្តែង និង​ឯកសារ​គយ​នាំចេញ (សេចក្តីណែនាំ​លេខ ៨២២គ.រ ចុះ​ថ្ងៃទី១២  ខែវិច្ឆិកា ឆ្នាំ២០០៣) ៕

ខណ្ឌច្បារអំពៅ តំបន់ផ្លូវ ១១៤(ផ្លូវរោងចក្រថៃហ្គ័រ)ចាប់ផ្តើមក្លាយជាទីបណ្តុំលំនៅដ្ឋានទាន់សម័យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធ្លាប់តែជាតំបន់ដែលអមសងខាងផ្លូវដោយចំការបន្លែ ផ្លែឈើធម្មជាតិ និងសួនផ្កា ផ្លូវជាតិ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) ឬផ្លូវក្រវ៉ាត់ក្រុងទី២ នៅពេលនេះបានក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបែបទាន់សម័យដោយមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ។

អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ តំបន់ដែលស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវលេខ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) មិនមែនត្រឹមតែជាតំបន់ដែលពោរពេញទៅដោយចំការស្វាយ ចំការផ្កា និងបន្លែស្រស់ទៀតនោះទេ ជាក់ស្ដែងពេលនេះទីតាំងមួយនេះត្រូវបានចាក់ដីបំពេញ និងជំនួសដោយវត្តមានសំណងលំនៅដ្ឋានស្អេកស្កះ។

លោកស្រីបានបន្តថា “ចាប់ពីចំណុចស្តុបបំបែកចេញពីផ្លូវជាតិលេខ១ ដែលស្ថិតនៅសងខាងផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) នេះ ភាគច្រើនមានសំណង់ផ្ទះវីឡាធំៗ និងគម្រោងសាងសង់បណ្តុំលំនៅដ្ឋានជាច្រើន ហើយក្នុងនោះក៏មានសំណង់បុរីដែលកំពុងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនផងដែរ៕

លោកស្រីបន្តថា “នៅតំបន់នេះមានលក្ខខណ្ឌល្អជាច្រើនដែលអំណោយផលដល់ការរស់នៅ ព្រោះផ្លូវ១១៤ បានប្រែក្លាយជាផ្លូវសេដ្ឋកិច្ចយ៉ាងប្រសើរ និងងាយស្រួលធ្វើដំណើរ ដោយគ្រាន់តែចំណាយពេលជាង១០នាទីតាមផ្លូវជាតិលេខ១ ឬក៏អាចធ្វើដំណើរតាមក្រុងតាខ្មៅក៏ចំណាយពេលជាង១០នាទីដូចគ្នាឆ្លងតាមស្ពានព្រែកសំរោង នោះអាចបន្តឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ទៅដល់ផ្សារទំនើបអ៉ីអនម៉ល៣ និងងាយស្រួលចេញទៅតាមបណ្តាខេត្តផ្សេងៗក៏បាន”។

បើតាមការបញ្ជាក់ពីសំណាក់អ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននៅតំបន់ក្បែរផ្លូវ១១៤នេះមានគម្រោងបុរីលំនៅដ្ឋានជាច្រើនកំពុងសាងសង់យ៉ាងមមាញឹក ជាពិសេស បុរី គីម ស័ង ដែលគេមើលឃើញថាកំពុងមានសកម្មភាពសាងសង់យ៉ាងសកម្មនៅលើដីទំហំប្រមាណ៥ហិចតា ជាប្រភេទវីឡាកូនកាត់ វីឡាភ្លោះ និងប្រភេទហ្សបហោស៍ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៤នេះតែម្ដង ចម្ងាយប្រមាណ៥០ម៉ែត្រពីរោងចក្រផលិតស្រាបៀរថៃហ្គ័រ និងក្បែរទីលានវាយកូនហ្គោលរបស់ក្រុមហ៊ុនវឌ្ឍនៈដែលកំពុងអភិវឌ្ឍន៍។

ហេតុផលសំខាន់ដែលជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍបុរីសំណង់លំនៅដ្ឋានជាច្រើនចូលមកកាន់តំបន់នេះក៏ព្រោះតែភាពអំណោយផលជាច្រើន ដូចជា ជាតំបន់បៃតង មានទន្លេពីរអមសងខាង ល្អសម្រាប់ការរស់នៅប្រកបដោយផាកសុខភាព និងមានវិសាលភាពធំទូលាយងាយស្រួលអភិវឌ្ឍន៍ ជាពិសេស មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនអនុគ្រោះដល់ការធ្វើចរាចរណ៍ ហើយនៅថ្ងៃខាងមុខនេះ តម្លៃអចលនទ្រព្យនៅតំបន់នេះនឹងមានសន្ទុះឡើងថ្លៃជាមិនខាន។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ធ្លាប់បានមានប្រសាសន៍ថា ស្ទើរតែគ្រប់តំបន់ជាយក្រុងទាំងអស់សុទ្ធតែមានតម្រូវការទីផ្សារ និងសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “សម្រាប់នៅតំបន់ផ្លូវជាតិ១១៤ (ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ) ដូចដែលបានលើកឡើងខាងលើ បច្ចុប្បន្នពិតជាមានសកម្មភាពសាងសង់សំណង់លំនៅដ្ឋានច្រើនជាងឆ្នាំកន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីកាលានុវត្តភាព និងភាពអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគនានានៃវិស័យឯកជន”។

លោកឧកញ៉ាបញ្ជាក់ថា “ការបង្ហាញវត្តមាន និងសកម្មភាពសាងសង់សំណង់លំនៅដ្ឋានទាំងនេះ ជាការអនុវត្តទៅតាមគម្រោង និងផែនការរបស់អ្នកអភិវឌ្ឍន៍ ប៉ុន្តែសម្រាប់តម្លៃនៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់នេះ ហាក់ឈានដល់ចំណុចមួយខ្ពស់រួចទៅហើយ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបញ្ជាក់ថា ពេលនេះតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២នេះ នៅតែផ្តល់ឱកាសល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន មិនថាពេលនេះ ឬ ៣-៥ឆ្នាំ ខាងមុខទៀត៕

 

កម្ពុជា-អាមេរិក ត្រៀមរៀបចំកិច្ចប្រជុំប្រឹក្សាចម្រុះក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគនៅពេលខាងមុខនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ត្រៀមបើកកិច្ចប្រជុំប្រឹក្សាចម្រុះក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគពិភាក្សាទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ និងលោក ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ

រិកប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពី ៣,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ មកដល់ ៤,៧ពានលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ ភាគរយ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរនៅកម្ពុជា ជាពិសេស ការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតអនុក្រឹត និងបទបញ្ញត្តិពាក់ព័ន្ធ និងបានស្នើភាគីអាមេរិកបន្តជំរុញវិនិយោគិនរបស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះឱ្យបានកាន់តែច្រើន។

ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាខាងលើនេះ តំណាងរដ្ឋាភិបាលនៃប្រទេសទាំង២ បានសម្តែងនូវសុទិដ្ឋិនិយមក្នុងកិច្ចសហប្រតិបត្តិការរវាងរួមគ្នា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយថែមទាំងបានឯកភាពជាបឋមក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-អាមេរិកលើកទី៦ តាមរយៈ Video Conference នៅពេលខាងមុខនេះ៕