ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបាននឹងកំពុងអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងភូមិឋានរបស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA ) ឱ្យមានការរីកចំរើនបន្ថែមទៀត ស្របតាមចក្ខុវិស័យនៃប្រទេសទាំង៣នេះ។
លោកផៃ ស៊ីផានអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានអភិវឌ្ឍន៍ ដូចជា រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចផ្លូវថ្នល់ និងភូមិឋានរបស់ជាពលរដ្ឋ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យតំបន់នេះមានការរីកចំរើន ។
លោកបន្តថា “រដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍ នៅតាមព្រំដែនឱ្យក្លាយជាព្រំដែនសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ក្នុងន័យដើម្បីសម្រួលដល់ពាណិជ្ជកម្ម វិនិយោគ និងដោះដូរទំនិញរវាងប្រទេសជិតខាងឱ្យមានភាពរលូន និងកំណើនសេដ្ឋកិច្ច” ។
លោកផៃ ស៊ីផាន បន្ថែមថា ជាមួយនឹងការដាក់ចេញផែនការអភិវឌ្ឍ កម្ពុជាក៏អាចរក្សាបាននូវកិច្ចការពារព្រំដែន ឱ្យមានភាពរឹងមាំបន្ថែមទៀត ព្រោះមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្វាត់ខ្វែង ប្រជាពលរដ្ឋរស់នៅ និងធ្វើអាជីវកម្មនៅតាមព្រំដែន នៃប្រទេសទាំងបីនេះ ស្របផែនការចក្ខុវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
លោកបន្ថែមទៀតថា រដ្ឋាភិបាលក៏បានដាក់ចេញផែនការ ឱ្យមានការអភិវឌ្ឍន៍គម្រោងកាស៊ីណូ នៅតាមព្រំដែន ដែលអាចផ្តល់ឱកាសការងារជូនដល់ពលរដ្ឋ ដែលជាកម្មករហើយទទួលបានចំណូល សម្រាប់ទ្រង់ទ្រងជីវភាពគ្រួសារ ហើយតំបន់នេះ (CLV) បាននឹងកំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ផងដែរ ។
រដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានអនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV DTA) នៅក្នុងកិច្ចប្រជុំលើកទី១១ តាមរយៈប្រព័ន្ធវីដេអូ Conference កាលពីពេលថ្មីនេះ។ វាជាឯកសារយុទ្ធសាស្ត្រតំបន់ ដែលភ្ជាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៃខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា (ខេត្តចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី:គីរី និងមណ្ឌលគីរី) ឡាវ (ខេត្តចំនួន ៤) និងវៀតណាមខេត្ត(ចំនួន៥) ក្នុងចក្ខុវិស័យដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍ត្រីកោណ ជាតំបន់សមាហរណកម្ម ក្នុងការអភិវឌ្ឍន៍គោលដៅទេសចរណ៍ ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ លើកកម្ពស់គុណភាពសេវាកម្ម ក្នុងអេកូទេសចរណ៍ កសិទេសចរណ៍ សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងបេតិកភ័ណ្ឌ ដែលចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជានក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ក្របខណ្ឌកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមត្រូវបានបង្កើតឡើង ក្នុងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ CLV ក្រោមគំនិតផ្តួចផ្តើម ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កាលពីឆ្នាំ១៩៩៩ ។
តាមរយៈកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV គឺកម្ពុជា មានខេត្ត រតនគីរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា តាមយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរចូលនៃភ្ញៀវទេសចរ៕