ដោយៈណេត
ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប(EIB) ដែលជាធនាគាររបស់សហភាពអឺរ៉ុប នឹងវិនិយោគទឹកប្រាក់៨០លានអឺរ៉ូ នៅក្នុងគម្រោងកែលម្អប្រព័ន្ធធារាសាស្រ្តកសិកម្ម ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្តនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសមួយរបស់សហភាពអឺរ៉ុប ទទួលបានពេលថ្មីៗនេះបាន ឱ្យដឹងថា គម្រោងនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជា បង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹក ដែលមានសារៈសំខាន់ណាស់ក្នុងរយៈពេលវែង សម្រាប់សមត្ថភាពរបស់ប្រទេស ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹកនិងកសិកម្ម។
លោកChristian Kettel Thomsen អនុប្រធាន EIB ទទួលបន្ទុកប្រតិបត្តិការនៅកម្ពុជាបានមានប្រសាសន៍ថា ធនាគារអ៊ឺរ៉ុបកំពុងវិនិយោគ លើអនាគតរីកចម្រើនប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជា។
លោកបានថ្លែងថា “ជាមួយដៃគូរបស់យើងមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងសហភាពអឺរ៉ុប កំពុងចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច តាមរយៈវិស័យកសិកម្ម និងបង្កើនអាកាសធាតុ និងភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងប្រទេស”។
ជាមួយគ្នានេះ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ក្នុងនាមទូតអឺរ៉ុបនៅកម្ពុជា សូមស្វាគមន៍ចំពោះការបង្កើនគំនិតផ្ដួចផ្ដើម ចូលរួមរបស់EIB នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តល់ថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំទីបី ក្នុងរយៈពេលតិចជាងពីរឆ្នាំ។
គម្រោងនេះនឹងជំរុញផលិតកម្មកសិកម្ម និងបង្កើនភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ហើយនឹងផ្តល់ឱ្យប្រទេសកម្ពុជា នូវការចូលរួមបច្ចេកទេសសំខាន់ៗនិងឧបករណ៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចទឹករបស់ខ្លួន។ ជាមួយនឹងគម្រោងថ្មីនេះ អឺរ៉ុបបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ធមុនី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាសូមស្វាគមន៍ ចំពោះការវិនិយោគរបស់អឺរ៉ុបដែលជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកការកែលម្អជីវភាពរស់នៅ និងផលិតកម្មកសិកម្មនៅក្នុងប្រទេស។
លោកបានថ្លែងទៀតថា គម្រោងនេះក៏នឹងអនុញ្ញាតឱ្យប្រទេសកម្ពុជា សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងកែលំអរវិធីដែលយើងគ្រប់គ្រងទឹករបស់យើងសម្រាប់គោលបំណងកសិកម្ម និងការអនុវត្តកសិកម្ម។ គម្រោងនេះ គឺជាគំរូដ៏ល្អមួយនៃរបៀប ដែលដៃគូផ្សេងៗគ្នាអាចបង្រួបបង្រួមគ្នា លើចក្ខុវិស័យតែមួយ និងធ្វើការឆ្ពោះទៅរកប្រទេសកម្ពុជា ដែលមានភាពធន់និងរីកចម្រើនជាងមុន៕






