គម្រោងសាងសង់ព្រលានយន្ដហោះខេត្តបាត់ដំបងស្ថិតនៅក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់នៅឡើយ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នគម្រោងសាងងសង់ព្រលានយន្ដហោះខេត្តបាត់ដំបង ត្រូវបានក្រុមហ៊ុនជំនាញបន្តការសិក្សា ពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍នៅឡើយ ខណៈដែលទីតាំង និងតំបន់ព្រំដីព្រលានត្រូវបានកំណត់ទំហំរួចរាល់ហើយនោះ។

អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា គម្រោងស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបង នៅពេលត្រូវបានមន្ត្រីជំនាញ និងក្រុមការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កំពុងតែយកចិត្តទុកដាក់ក្នុងការសិក្សា។

លោកបញ្ជាក់ឱ្យដឹងទៀតថា “មន្ត្រីជំនាញផ្នែកបច្ចេកទេសអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក ពួកគាត់កំពុងតែសិក្សាលម្អិតពាក់ព័ន្ធ ទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដែលពាក់ព័ន្ធទៅនឹងស្ដារ និងស្ថាបនាបន្ថែមទៅលើទីធ្លានៃព្រលានចាស់”។ លោកបន្តថា ការសិក្សានេះផ្តោតលើថាតើគួរតែរក្សាទំហំព្រលានចាស់ ឬត្រូវធ្វើថ្មីនិងពង្រីក ហើយការស្ដារឬស្ថាបនាឡើងវិញក្នុងទំហំប៉ុណ្ណានោះ គឺត្រូវសិក្សាឱ្យច្បាស់ពីតម្រូវការជាក់ស្ដែង និងពិតប្រាកដនៅក្នុងស្រុក”។

លោកបានបញ្ជាក់ថា គម្រោងស្ថាបនាមួយនេះជាគម្រោងថ្នាក់ជាតិ ដែលមិនមែនជាលទ្ធភាពរបស់ថ្នាក់ខេត្តនោះទេ ប៉ុន្តែតាមដែលខ្ញុំដឹង គឺក្រុមហ៊ុនជំនាញកំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លា សម្រាប់ទីចំណតរបស់យន្តហោះក្នុងស្រុក ក៏ដូចជាទីសម្រាប់រថយន្តចូលចត សម្រាប់ដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផងដែរ។

លោកបន្តថា “ពាក់ព័ន្ធទៅនឹងពេលវេលា នៃការចាប់អនុវត្តគម្រោងជាក់លាក់នៅពេលណា ហើយចំណាយថវិកាអស់ប៉ុន្មាន ខ្ញុំមិនបានដឹងនោះទេ”។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានមានប្រសា​សន៍ប្រាប់តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្នគម្រោងនៃការស្ថាបនាព្រលានយន្ដហោះខេត្តបាត់ដំបង គឺកំពុងបន្តអនុវត្ត និងស្ថិតនៅក្នុងដំណាក់កាលសិក្សាពីផលប៉ះពាល់ និងដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធទៅនឹងទីតាំងគម្រោង។

លោកបានបញ្ជាក់ថា “ឥឡូវហ្នឹងយើងបានដាំបង្គោលកំណត់ទំហំដី និងទីតាំងរួចរាល់ហើយ ហើយនៅបន្តដោះស្រាយផលប៉ះពាល់សិន។ ទាល់តែការដោះស្រាយផលប៉ះពាល់រួចរាល់ ទើបយើងស្វែងរកក្រុមហ៊ុនដៃគូមកសិក្សា ដើម្បីឈានដល់ការកំណត់ពេលចាប់ផ្តើមដំណើរការសាងសង់”។

លោកបន្តថា នៅក្នុងគម្រោងនេះ ជាជំហ៊ានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញ ដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត3C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀត យើងពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្រប ទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here