ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តាមរយៈប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថានៅក្នុងឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយហិរញ្ញប្បទានសរុបជិត១៣០លានសម្រាប់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ក្នុងនោះ ហិរញ្ញប្បទានចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈ និងការអប់រំ និងចំនួន ២២,៩ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់ឆ្នាំ២០១៩ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៥ពាន់លានដុល្លារ សមមូលនឹង ៦,១០ភាគរយ នៃទំហំហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតរយ្យ និងកម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន័ជាតិឆ្នាំ២០១៩-២០២៣៕






