ដោយរ៉ាណេត
កណ្តាលៈ តំបន់ឧដុង្គ ដែលមានកេរ្តិ៍ឈ្មោះល្បីថា ជាតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត បច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងលឿន ជាមួយគំរោងលំនៅដ្ឋាន បុរី និងរមណីយដ្ឋានទេសចរណ៍ថ្មីៗ កំពុងលេចរូបរាងជាបណ្តើរៗ ដែលជំរុញឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងសក្តានុពល។
នាយកទីផ្សារ និងផ្នែកលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអចលនទ្រព្យ លោក អុិត វាសនា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ធ្នូនេះថា ស្ថិតតំបន់ជុំវិញឧដុង្គ ជាពិសេសនៅប៉ែកខាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ហើយគម្រោងទាំងអស់នេះ គឺកើតមានតាំងពីអំឡុងចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារតែបញ្ហានៃជំងឺរាតត្បាត សកម្មភាពទិញលក់ និងអភិវឌ្ឍន៍គម្រោងនានាត្រូវបានផ្អាកមួយរយៈ។
លោកបន្តថា ដោយសារការអភិវឌ្ឍយ៉ាងលឿននេះ បានធ្វើឲ្យសកម្មភាពនៃការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ ហើយសកម្មភាពនៃការអភិវឌ្ឍន៍ ក៏ចាប់ផ្ដើមមានឡើងវិញ។ ជាក់ស្ដែងតំបន់ស្ថិតនៅប៉ែកខាងលិច ឈៀងខាងជើងភ្នំឧដុង្គ គឺមានសំណង់រោងចក្រ លំនៅដ្ឋានជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់ ហើយការពុះដីឡូតិ៍ក៏ឃើញមានច្រើនគម្រោងដែរ”។
លោក អុិត វាសនា បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗមួយចំនួនក៏បានទិញដី សម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យរួចហើយដែរ (នៅប៉ែកខាងផ្លូវជាតិលេខ៥) ដូចជាគម្រោងរបស់លោកឧកញ៉ាលី ហួរ ជាដើម ហើយនៅប៉ែកខាងផ្លូវជាតិលេខ៥១ គឺមានគម្រោងខ្លះកំពុងតែមមាញឹកក្នុងការសាងសង ដូចជាគម្រោងបុរី អូរ៉ូរ៉ា និងគម្រោងបណ្តុំលំនៅដ្ឋានផ្សេងៗមួយចំនួនទៀត ហើយមិនយូរប៉ុន្មាន ការអភិវឌ្ឍទាំងអស់នេះនឹងធ្វើឱ្យតំបន់ជុំវិញភ្នំឧដុង្គ ក្លាយជាបណ្តុំលំនៅដ្ឋានមិនចាញ់ តំបន់ភ្នំបាសិតនោះទេ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម ពីការអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៨៨ ៦៩៩ ៨៥៥ ៣/ ០៨៧ ៧៦០ ៥២៩ / ០៦១ ៨៩០ ៨០៨ ៕