ដោយសុខុម
អន្តរជាតិ: សហភាពអឺរ៉ុប គ្រោងនឹងបញ្ចេញសំណើច្បាប់ថ្មីៗ ដែលខ្លួននិយាយថានឹង “ពិនិត្យមើលឡើងវិញ” ចំពោះទីផ្សារឌីជីថល ដោយក្នុងនោះរួមទាំងរបៀបក្រុមហ៊ុនបច្ចេកវិទ្យាធំៗដំណើរការផងដែរ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១៥ ធ្នូ។

សំណើច្បាប់ចំនួន២ គឺច្បាប់សេវាកម្មឌីជីថល (Digital Services Act) និងច្បាប់ទីផ្សារឌីជីថល (Digital Markets Act) នឹងត្រូវប្រកាសនៅថ្ងៃអង្គារ ទី១៥ ធ្នូកន្លងមកនេះ។ គេរំពឹងថា នេះជាកំណែទម្រង់ច្បាប់ធំបំផុត ជាប្រវត្តិសាស្ត្រក្នុងរយៈពេល២០ឆ្នាំមកនេះ ដោយផ្តោតលើការប្រកួតប្រជែង និងការធ្វើឱ្យ Platform អនឡាញមានការទទួលខុសត្រូវចំពោះខ្លឹមសារដែលខ្លួនបានបង្ហោះ។
នៅក្នុងសំណើច្បាប់ទាំងនេះ ក៏ទំនងជាមានចែងអំពីការផាកពិន័យធ្ងន់ធ្ងរ ចំពោះអ្នកបំពានផងដែរ។
សំណើច្បាប់ទាំងនេះ ត្រូវបានដឹកនាំតាក់តែង ដោយលោកស្រីឧត្ដមស្នងការMargrethe Vestager ជនជាតិដាណឺម៉ាក និងលោកឧត្ដមស្នងការ Thierry Breton ជនជាតិបារាំង ដែលមានប្រវត្តិធ្លាប់បញ្ចេញវោហារសាស្ត្រធ្ងន់ៗ ប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗបំផុត។
កាសែត The Irish Times ដែលចុះផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ បានដកស្រង់សម្ដីរបស់ឧត្ដមស្នងការទាំងពីរ ដែលបានព្រលយពាក្យថា “ផលប្រយោជន៍ពាណិជ្ជកម្ម និងគោលនយោបាយរបស់ក្រុមហ៊ុនមួយក្ដាប់តូច មិនគួរជាអ្នកកំណត់អនាគតរបស់យើងឡើយ” ។
តាមការរំពឹងទុក ផ្នែកដ៏សំខាន់មួយនៃសំណើច្បាប់នេះ នឹងដោះស្រាយការមានឥទ្ធិពលលុបលើគេ ក្នុងរូបភាពមិនត្រឹមត្រូវរបស់ក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Google និង Facebook ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាដើម។
ជាពិសេស ឧត្ដមស្នងការសហភាពអឺរ៉ុបបានគូសបញ្ជាក់ថា ខ្លួនប្រឆាំងនឹងក្រុមហ៊ុនធំៗបែបនេះ ដែលប្រើប្រាស់ទិន្នន័យខ្លួន ប្រមូលបានពីសេវាកម្មមួយ “ដើម្បីកែលម្អ ឬអភិវឌ្ឍ” ទៅជាទម្រង់ថ្មី ដែលធ្វើឱ្យក្រុមហ៊ុនផ្សេងៗ ពិបាកនឹងប្រកួតប្រជែងជាមូយក្រុមហ៊ុនធំៗទាំងនោះ។

ឧត្ដមស្នងការសហភាពអឺរ៉ុប និយាយថា ច្បាស់ណាស់ថា ក្រុមហ៊ុនបែបនេះ “ជាអ្នកកំណត់ច្បាប់លេងហ្គេម សម្រាប់អ្នកប្រើប្រាស់ និងគូប្រជែងរបស់ខ្លួន” ៕






