មន្ត្រីពន្ធដារ ៖ ចង់លក់អចលនទ្រព្យបានលឿន ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទៀងទាត់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានអះអាងថាម្ចាស់អចលនទ្រព្យ ដែលមានបំណងចង់លក់អចលនទ្រព្យរបស់ខ្លួនឱ្យបានលឿនត្រូវបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទៀតទាត់ និងទាន់ពេលវេលាជារៀងរាល់ឆ្នាំ។

លោក ង៉ែត ឆៃលាង អនុប្រធានអគ្គនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋាពន្ធដារកម្ពុជានៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសត្រូវបំពេញកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យរបស់ខ្លួន (ប្រភេទដី) ឱ្យបានជាប្រចាំឆ្នាំ ។

លោកពន្យល់ថា “ការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំបានខ្ជាប់ខ្ជួន នេះ នឹងមានភាពងាយស្រួល និងមានភាពរហ័ស នៅពេលដែលយើងកាត់ឈ្មោះ ឬលក់ផ្សេងៗបានលឿន”។ លោកបន្តថា “បើមិនបានបង់ពន្ធអចលនទ្រព្យ ឬបំពេញកាតព្វកិច្ចពន្ធបានទៀងទាត់នោះទេ យើងត្រូវការពិនិត្យ និងស្រាវជ្រាវរករបាយការណ៍ឡើងវិញ ដែលចំណាយពេលយូរ”។

 

លោកបន្ថែមទៀតថា ម៉្យាងទៀត ចំពោះការលក់អចលនទ្រព្យវិញក៏នឹងលឿនជាង ការដែលមិនបានបំពេញកាតកិច្ចពន្ធបានទៀងទាត់ដែរ ។ លោកបញ្ជាក់ទៀតថា រាល់ការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស គឺការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចំរើន។

ជាថ្មីម្តងទៀត លោក ង៉ែត ឆៃលាង បានអំពាវនាវដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសត្រូវបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើវិស័យអចលនទ្រព្យឱ្យបានត្រឹមត្រូវ និងទៀងទាត់ប្រចាំឆ្នាំ ជៀសវាងមានហានិភ័យណា និងខូចខាតទ្រព្យសម្បត្តិណាមួយកើតឡើង៕

វិស័យឯកជនចាប់ផ្តើមសិក្សាបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្មជាលើកដំបូង

ដោយ ៖ រ៉ាណេត

បន្ទាយមានជ័យ ៖ ក្រោមការបើកឱកាស និងផ្តល់កិច្ចសហការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតជាតំបន់ពិសេសសម្រាប់បម្រើសដល់វិស័យកសិ-ឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្មលើការនាំចេញផលិតផលកសិកម្មកែច្នៃ ក្រុមហ៊ុនឯកជនបានចាប់ផ្តើមបង្ហាញពីសកម្មភាពចូលរួម ដោយផ្តើមពីការសិក្សាលម្អិតពីលទ្ធភាព និងផលប៉ះពាល់លើកដំបូងនៅក្នុងខេត្តបន្ទាយមានជ័យ។

តាមរយៈសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា អនុវត្តទៅតាមផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនលទ្ធភាពក្នុងការផលិតកសិផលសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅស្រុក ជាពិសេសប្រទេសចិន ប្រធានស្តីទីសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ឡេង រួមជាមួយមន្ត្រីតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានជួបពិភាក្សាស្តីពី ” ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះ ក៏មានការជជែកអំពីសក្កដានុពល កសិកម្ម ការកែច្នៃកសិ-ឧស្សាហកម្ម ដើម្បីពិនិត្យលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្ដុំរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញនៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានការផ្តល់ឱកាសវិនិយោគដល់បណ្តាធុរជនជាតិ និងអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មន្ត្រីក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារស្តីពី ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម ដើម្បីជំរុញលទ្ធភាពនៃការធ្វើពិពិធកម្មឱ្យមានភាពរីកចម្រើន និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកឧកញ៉ាបានបញ្ជាក់ថា “គម្រោងនៃការបង្កើតតំបន់ពិសេសបម្រើដល់វិស័យកសិ-ឧស្សាហកម្ម ដែលជាបណ្តុំរោងចក្រកែច្នៃកសិផលនេះ ត្រូវបានបើកយ៉ាងទូលាយពីសំណាក់រាជរដ្ឋាភិបាល ដែលអាចធ្វើឡើងបាននៅគ្រប់ខេត្ត គ្រប់តំបន់ដែលនៅជិតនឹងប្រភពកសិផល ដើម្បីធ្វើយ៉ាងណាងាយស្រួលដល់ខ្សែសង្វាក់ផលិតកម្ម ហើយអ្វីដែលកាន់តែពិសេស ជាការលើកទឹកចិត្តសម្រាប់វិស័យឯកជនអាចធ្វើការវិនិយោគដោយផ្ទាល់ ឬវិនិយោគរួមគ្នាជារាជរដ្ឋាភិបាល ដើម្បីអាចសម្រេចបានលទ្ធផលគាប់ប្រសើរ”។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការវិនិយោគបង្កើតតំបន់ពិសេសដែលជាបណ្តុំរោងចក្រកែច្នៃកសិ-ឧស្សាហកម្មនេះ គ្រប់វិនិយោគិនទាំងអស់នឹងទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលច្រើនជាងការផ្តល់ជូនលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលបម្រើដល់វិស័យឧស្សាហកម្មទៅទៀត ហើយអាចកើតឡើងបានគ្រប់ទំហំចាប់ពីវិស័យ SMEs ឡើងទៅ ៕

រដ្ឋសភាចាប់ផ្តើមពិនិត្យច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានចាប់ផ្តើម ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មុននឹងដាក់បញ្ចូលទៅជារបៀបវារៈសម្រាប់សម័យប្រជុំពេញអង្គរបស់រដ្ឋសភា ខណៈច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងកាលពីពេលថ្មីៗនេះ។

នេះ បើយោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការទាំង ១០របស់រដ្ឋសភាប្រជុំពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

សេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំមកហើយ។ សេចក្តីព្រាងច្បាប់នេះ មានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក។

សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

សេចក្តីព្រាងច្បាប់នេះ នឹងកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដង់ដារមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ៕

លោក បាន គីមូន ផ្តល់ភ្លើងខៀវដល់កម្ពុជា ដើម្បីដាក់សំណើថវិកាគម្រោងថាមពលចេញពីកាកសំណល់នៅភ្នំពេញ

ដោយ៖ ប៊ី
ភ្នំពេញ៖ អង្គការ Global Green Growth Institute (GGGI) ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានផ្តល់ភ្លើងខៀវដល់រដ្ឋាភិបាលកម្ពុជាដើម្បីដាក់សំណើថវិកាសម្រាប់គម្រោងផលិតថាមពលពីកាកសំណល់ នៅទីលានចាក់សំរាមដង្កោរាជធានីភ្នំពេញ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង ត្បូងឡុង ឌីម៉ង់ បានថ្លែងកាលពីពេលថ្មីៗនេះថា ការផ្តល់ភ្លើងខៀវនេះកើតឡើង បន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើងកាលពីសប្តាហ៍មុនរវាងលោក និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន ដែលបច្ចុប្បន្នជាប្រធាន GGGI។

លោកឌីម៉ង់ បានថ្លែងថា លោកបាន គីមូន និយាយថា លោកនឹងគាំទ្ររដ្ឋាភិបាលនៅក្នុងគម្រោងនេះ ហើយបានសន្យាថានឹងធ្វើការជាមួយកម្ពុជា ដើម្បីផ្តល់នូវដំណោះស្រាយការគ្រប់គ្រងកាកសំណល់ប្រកបដោយចីរភាពសម្រាប់កន្លែងចាក់សំរាមនៅក្នុងខណ្ឌដង្កោ។

លោក បានឱ្យដឹងថា “អង្គាការ GGGI មានថវិកាមួយចំនួន ដែលអាចជួយប្រទេសកម្ពុជាក្នុងការគ្រប់គ្រងសំរាម ដោយបំលែងវាទៅជាថាមពលស្អាត”។
លោក បានបន្ថែមថា “លោក បាន គីមូន ប្រាប់កម្ពុជាឱ្យធ្វើសំណើទៅ GGGI ហើយលោកនឹងពិចារណា”។

លោកបានមានប្រសាសន៍ថា “ខ្ញុំបានដាក់របាយការណ៍មួយទៅរដ្ឋមន្រ្តីក្រសួងការបរទេស [និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន] ដើម្បីពិនិត្យនិងពិចារណា។
លោកបានមានប្រសាសន៍ថា “GGGI ក៏មានសេចក្តីរីករាយផងដែរក្នុងការជួយប្រទេសកម្ពុជាក្នុងការផ្តល់ការពិគ្រោះយោបល់ជំនួយបច្ចេកទេស និងគោលនយោបាយគ្រប់គ្រងសំរាមបន្ថែម”៕

គម្រោងបំពាក់ប្រព័ន្ធ EDI នៅកំពង់ផែព្រះសីហនុរបស់ជប៉ុនបានជាប់គាំង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងកំពង់ផែដើរដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប EDI តម្លៃប្រមាណ១៤លានដុល្លារ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន ដោយសារតែបណ្តាលមកពីបញ្ហានៃភាពប្រឈមវិបត្តិជំងឺឆ្លង Covid-19 ។

គ្រោងអភវឌ្ឍន៍ និងដាក់ដំណើរការកំពង់ផែ Port EDI(Electronic Data Interchange ) ដែលប្រើប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធិភាពលើប្រតិបត្ដិការរបស់កំពង់ផែ ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រោមការដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ថា បើទោះជាគម្រោងខាងលើនេះត្រូវបានសម្រេចផ្អាក និងពន្យាពេលជាបណ្តោះអាសន្ន ប៉ុន្តែអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សហការជាមួយ កំពង់ផែស្វយ័តទាំង២ លើការផ្តល់ព័ត៌មានការចូល-ចេញរបស់នាវា ដើម្បីងាយស្រួល រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងបានទាន់ពេលវេលា។

ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកសម្រាប់កំពង់ផែឬ Electronic Data Interchange គឺជាប្រព័ន្ធដែលត្រូវបានប្រើដើម្បីគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធិភាពលើប្រតិបត្ដិការនាំចេញនាំចូលរបស់ទំនិញដែលនឹងធ្វើឲ្យនីតិវិធីកំពង់ផែមានភាពងាយស្រួលជាងមុន។

ដោយឡែកចំពោះរៀបចំធ្វើផែនទីនាវាចរណ៍អេឡិចត្រូនិក ENC គឺត្រូវតែបន្ត និងជំរុញបញ្ចប់ឱ្យបានឆាប់ ដោយស្នើឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សិក្សាអំពីសារៈសំខាន់ និងផលប្រយោជន៍នានាក្នុងការចូលជាសមាជិក IALA IHO និង IMSO ដើម្បីដាក់ជូនលោកទេសរដ្ឋមន្រ្តី ពិនិត្យសម្រេច និងគ្រប់នាយកដ្ឋានកំណត់អាទិភាពការងារ ពន្លឿនការរៀបចំលិខិតបទដ្ឋានគតិយុត្ត ។

បន្ថែមពីនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់អគ្គនាយកដ្ឋានយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗចំនួន៤ផ្សេងទៀតរួមមាន ៖

– អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ត្រូវសហការជាមួយរដ្ឋបាលជលផល លើការងារចុះបញ្ជីនាវានេសាទ ដើម្បីលុបកាតក្រហមចេញពី សហគមន៍អឺរ៉ុប (EU) លើការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ និងការនេសាទគ្មានការអនុញ្ញាត (IUU) ព្រមទាំងសិក្សាស្រាវជ្រាវ អំពីស្ថិតិកំពង់ផែ និងចុះពិនិត្យទីតាំងកំពង់ផែទាំងនោះឲ្យបានច្បាស់លាស់ រួមមាន សកម្មភាពអាជីវកម្មជាក់ស្តែងរបស់កំពង់ផែ ឋបនីយភណ្ឌផែ និងជម្រៅទឹក។ល។ ជាពិសេសគឺត្រូវសហការជាមួយកំពង់ផែឯកជន ដើម្បីពង្រឹងការងារលើការស្នើសុំលិខិត អនុញ្ញាតនាវាចូលនៅតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា។

-ស្នើឱ្យមានវត្តមានតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តដែលមានការពាក់ព័ន្ធនឹងផ្លូវទឹក ចូលរួមកិច្ចប្រជុំលើកក្រោយ ដើម្បីសហការផ្តល់ព័ត៌មាន និងពិភាក្សាលើបញ្ហាប្រឈមនានា ចំពោះGuide line សម្រាប់ Oil tanker ដែលបានរៀបចំរួចរាល់ ត្រូវអញ្ជើញក្រុមហ៊ុនដឹកជញ្ជូនធ្វើការត្រួតពិនិត្យលក្ខខណ្ឌរបស់យើង តើក្រុមហ៊ុនអាចទទួលយកបានរឺអត់ ដើម្បីក្រសួងរៀបចំជាសេចក្តីណែនាំជារួមមួយ។

-ការងារផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលនៅតាមកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានការត្រួតពិនិត្យ Check & Control ដើម្បីប្រសិទ្ធភាពការងារ និងពង្រឹងការងារនេះឲ្យបានម៉ត់ចត់អគ្គនាយកដ្ឋានត្រូវសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ប្រសិនបើនាវាណាមិនមានលិខិតអនុញ្ញាតឲ្យនាវាចូល នៅតាមកំពង់ផែទេ កំពង់ផែមិនត្រូវអនុញ្ញាតឲ្យនាវាចូលចតជាដាច់ខាត។ ដោយឡែក ចំពោះការស្នើសុំE/P ដែលធ្វើឡើងចំថ្ងៃឈប់សម្រាកគឺត្រូវបន្តឲ្យមាននិរន្តភាព ដូចថ្ងៃធ្វើការធម្មតា។

-ត្រូវស្នើសុំឧបករណ៍សម្រាប់បំពាក់ការគ្រប់គ្រងចលនារបស់នាវាដោយសិក្សា និងដាក់ចូលទៅក្នុងផែនការឆ្នាំរបស់អគ្គនាយកដ្ឋាន៕

ADB៖ ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​អាច​នឹង​ធ្លាក់ចុះ​រាប់សិបលាន​ដុល្លារ​ក្នុងឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញៈ ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​ចូលមក​ប្រទេស​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ជាង ១៥ភាគរយ​នៅ​ឆ្នាំនេះ បើ​គិតពី​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត ដោយសារតែ​ជំងឺ​រាតត្បាត​ឆ្លង​រាលដាល COVID-19 ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយ​នៅក្នុង​សប្តាហ៍​នេះ។

ផ្អែកលើ​ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស សរុប​របស់​ប្រទេស​កម្ពុ​ជាមាន​ចំនួន២,៨ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៩ ទឹកប្រាក់​ជាង៤២០លាន​ដុល្លារ នឹងមិន​ត្រូវបាន​ផ្ទេរ​មក​ក្នុងប្រទេស​វិញ​ទេ​នៅ​ឆ្នាំ២០២០ ពីព្រោះ​កម្មករ​រាប់សែន​នាក់ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ។

នៅក្នុង​របាយការណ៍រ​បស់​ខ្លួន​ស្តីពី “ផលប៉ះពាល់​នៃ​ជំងឺ COVID-19 លើ​ការធ្វើ​ចំណាកស្រុក​អន្តរជាតិ ការផ្ទេរ​ប្រាក់ និង​គ្រួសារ​អ្នកទទួល​នៅក្នុង​តំបន់​កំពុងអភិវឌ្ឍន៍ នៅ​អាស៊ី”ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ COVID-19 គំរាមកំហែង​ដល់​សន្តិសុខ​ការងារ និង​សុខុមាលភាព​របស់​ជន​ចំណាកស្រុក អន្តរជាតិ​ជាង ៩១លាន​នាក់​មកពី​អាស៊ី​និង​ប៉ាស៊ីហ្វិក។

របាយការណ៍​ដដែល​បានឱ្យដឹងថា ការផ្ទេរ​ប្រាក់​សរុបទៅ​តំបន់​អាស៊ី​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ​ចន្លោះ៣១,៤ ពាន់​លាន​ដុល្លារ​អាមេរិក (សេណា​រី​យ៉ូ​មូលដ្ឋាន) ដែល​ស្មើនឹង១១,៥ភាគរយ និង៥៤,៣ពាន់​លាន​ដុល្លារ (សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត) ស្មើនឹង ១៩,៨ភាគរយ នៃ​ប្រាក់​ដែល​បាន​ផ្ញើមក​ផ្ទះ​នៅ​ឆ្នាំនេះ។

ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយ​ការផ្ញើ​ប្រាក់​បាន​ធ្លាក់ចុះ​ជាង ២០ភាគរយ និង​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​កម្ពុ​ជាជាង ១៥ភាគរយ។

ពលករ​ចំណាកស្រុក​កម្ពុជា ពី​សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ចំនួន ១២,៩១លាន​ដុល្លារ តាមរយៈ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ថយចុះ ១,៤១ លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

កាលពី​ឆ្នាំមុន​ពលករ​កម្ពុជា​ចំនួន១,២លាន​នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ជប៉ុន សឹង្ហ​បុរី ហុងកុង (ចិន) ម៉ាឡេស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្ញើរ​ប្រា​ក់មក​ផ្ទះ​វិញ​ចំនួន២,៨ពាន់​លាន​ដុល្លារ កើនឡើង​ពី១,៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១។ នេះ​បើ​យោងតាម​តួលេខ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា៕

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ស្នើឱ្យ​ម្ចាស់​បុរីធំៗឲ្យ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​គ្រប់​បុរី

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បានស្នើ​ឱ្យ​ម្ចាស់​បុរីធំៗ ត្រូវមាន​រថយន្ត​ពន្លត់អគ្គីភ័យ​គ្រប់គ្នា ដោយ​រដ្ឋបាល​រាជធានី នឹង​ស្នើ​ទៅ​រាជ​រដ្ឋបាល​ពិ​បាល​ដើម្បី​រួច​ពន្ធ ហើយ​រថយន្ត​អគ្គីភ័យ​ទាំងនេះ ដើម្បី​បង្ការ​គ្រោះ​អគ្គីភ័យ​នៅក្នុង​បុរី ។

លោក​បន្ត​ក្នុង​កិច្ចប្រជុំ​នៅ​សាលាក្រុង​នា​ល្ងាច​ថ្ងៃទី៥ សីហា​នេះ​ថា កន្លងមកនេះ​ឃើញ​បុរី​មួយចំនួន បាន​ធ្វើជា​គំរូ​ល្អ​ហើយ នោះ​គឺ​បុរី​ម៉េង​ហូត និង​បុរី​នៅ​កោះ​ពេជ្រ​តែង​បានចេញ​ឡានទឹក មកជួយ​អន្តរាគមន៍ នៅ​ខាងក្រៅ​ពេល​មាន​អគ្គីភ័យ​កើតឡើងម្តង។ដូច្នេះ​លោក​ស្នើឱ្យ​ម្ចាស់​បុរីធំៗ មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់​បុរី ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ទាំងអស់គ្នា។

លោក​បន្តថា “វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដែល​បានធ្វើអោយ​សង្គមជាតិ​រីកចំរើន ការអញ្ជើញ​បងប្អូន​ម្ចាស់​បុរី​មកនេះ ដើម្បី​តម្រង់ទិស​ឱ្យ​បុរី​នានា​ឈានទៅ​រក្សាបាន​ស​ន្និ​សុខ សុវត្ថិភាព​កាន់តែ​ប្រសើរ​ថែមទៀត” ។ លោក អភិបាល​ស្នើឱ្យ​ម្ចាស់​បុរី អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច រួមសហការ​ណ៍​គ្នា​ឱ្យបាន​ល្អ បើ​សហការ​បានល្អ​ហើយ នោះ​ក្នុង​បុរី​នឹងមាន​សន្តិសុខ​ល្អប្រសើរ” ។

លោក​ឃួ​ង ស្រេង​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ បង្កើត​ទំនាក់ទំនង​ជាមួយ​ម្ចាស់​បុរី​ឱ្យបាន​ជិតស្និត ជាមួយនឹង​ការចុះ​សួរសុខទុក្ខ​ពួកគាត់​ជាប្រចាំ ពួកគាត់​មាន​បញ្ហា​អ្វី យើង​ជួយ​គាត់​ភ្លាម។ នៅក្នុង​បុរីធំៗត្រូវ​បំពាក់​ទៅ​កាំ​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​ត្រូវ​បញ្ជូនមក​ខេ​ម​មិន​សិន​ធើ​របស់​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​នឹង​រក្សា​ជាសំងាត់។ អ្វីដែល​យើង​ចង់បាន​គឺ​យើង​ចង់បាន​សន្តិសុខ​ល្អ​ក្នុង​បុរី។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​បងប្អូន​នៅក្នុង​បុរី និង​ដើម្បី​រក​ចំណូល​ឱ្យ​ខាង​បុរី​ផងដែរ ជាមួយ​សន្តិសុខ​ល្អប្រសើរ​នេះឯង។ កាលបើ​បុរី​រកចំណូលបាន​ច្រើន នោះ​ក៏មាន​ថវិកា​ច្រើន​ក្នុងការ​បង់ពន្ធ​ចូល​រដ្ឋ​បាន​ច្រើន​ផងដែរ។ លោក​ក៏បាន​ស្នើអោយ​ម្ចាស់​បុរី ដែល​មិនមាន​ច្បាប់​សន្តិសុខ​ឯកជន ត្រូវ​ទៅ​បំពេញ​ច្បាប់។ បុរី​ក៏​ត្រូវមាន​សណ្តាប់ធ្នាប់ រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​អោយ​បានល្អ​ជៀសវាង​បង្ក​គ្រោះថ្នាក់​ចរាចរ៕

ក្រុមហ៊ុន​ចិនធំៗចំនួន២បាន​នឹង​កំពុង​សិក្សា និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធនៅ​ទូទាំងប្រទេស​កម្ពុជា

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់​ប្រទេស​ចិន​ចំនួន​ពីរ បានទទួល​ធ្វើការ​សិក្សា និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗនានា​ផ្លូវ និង​ស្ពាន​ច្រើនជាងគេ​នៅ​ទូទាំងប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចសង្គម និង​ដឹកជញ្ជូន​នៅ​កម្ពុជា។

លោក​វ៉ា​ស៊ីម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា ក្រុមហ៊ុន​ចិន​ទាំងពីរ​នេះ រួមមាន​ក្រុមហ៊ុន Shanghai Group និង​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ជា​ក្រុមហ៊ុន​ធំជាងគេ ដែល​ទទួលបាន​គម្រោង​សិក្សា និង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំងប្រទេស​កម្ពុជា។

លោក​បន្តថា “ក្រុមហ៊ុន​ទាំងពីរ​នេះ​បានទទួល​សិក្សា និង​សាងសង់​លើ​គម្រោង​ផ្លូវជាតិ ផ្លូវ​ល្បឿន ផ្លូវ​ខេត្តធំៗ និង ស្ពាន​នៅ​ទូទាំងប្រទេស។ តែ​យ៉ាងណា​ក៏​ក្រុមហ៊ុន​ទាំងពីរ​នេះ មិន​ទទួលបាន​គម្រោង​សាងសង់​ផ្លូវដែក កំពង់ និង​អាកាសយានដ្ឋាន​នោះទេ “ ។ លោក​បន្ថែមទៀតថា “គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​ដែល​សិក្សា និសា​ង​សង់​នៅ​កម្ពុជា​នៅតែ​ដំណើរការ​ធម្មតា និង​ធ្វើ​ទៅតាម​ផែនការ​របស់ខ្លួន ពុំមាន​ការផ្អាក​សកម្ម​ភាព​នោះទេ បើទោះបី​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយសារ​ការផ្ទុះ​ឡើង​នូវ​ជំងឺ Covid-19 ” ។

លោក​សូរិយា​បាន​បន្ថែមទៀតថា ជាទូទៅ​ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​គម្រោង​សាងសង់​នៅ​កម្ពុជា មាន​ស្ថានភាព​លឿន ដោយ​សារបាន​សិក្សា​ពី​តម្លៃ និង​គម្រោង​ចំណាយ​នានា​មាន​ភាពច្បាស់លាស់​ត្រឹមត្រូវ។

លោក​បន្តថា “តាម​ការកត់សម្គាល់រ​បស់​ខ្ញុំ គឺ​ក្រុមហ៊ុន​ចិន​សិក្សា​គម្រោង​ដោយ​ខ្លួនឯង ហើយ​បន្ត​សាងសង់​ថែមទៀត ជាមួយគ្នានេះ ក៏មាន​ក្រុមហ៊ុន​មួយទៀត ដែល​ត្រូវបាន​បញ្ជូន​ពី​រដ្ឋាភិបាល​ចិន មក​ត្រួតពិនិត្យ​ពីលើ ដើម្បីឱ្យ​ដំណើរ​ការសង​សង់​ស្របតាម​ស្តង់ដារ​របស់​ចិន” ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន​កន្ល​ងក​នេះ​ថា ប្រទេស​ចិន គឺជា​ប្រទេស​ដែល​បានផ្តល់​ហិរញ្ញប្បទាន​ច្រើនជាងគេ សម្រាប់​ការសាងសង់​ផ្លូវថ្នល់ និង​ស្ពាន​នៅ​កម្ពុជា ដែល​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​រួមមាន​ផ្លូវថ្នល់​ប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង​របស់​ចិន បាន​សាងសង់​រួចរាល់​មាន​ចំនួន២៧ខ្សែ ស្មើនឹង​ប្រវែង​សរុប ២៧៧៩ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១៦៣៦លាន​ដុល្លារ​អាមេរិក។

ដោយឡែក​គម្រោង​ដែល​កំពុង​សាងសង់ មាន​ចំនួន៥ខ្សែ ស្មើនឹង​ប្រវែង​ប្រមាណ៤៩៧.២០គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ៧៥៨.៨៣លាន​ដុល្លារ​អាមេរិក។

លោក​បាន​បន្ថែមទៀតថា “ផ្លូវថ្នល់ និង​ស្ពាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ណាស់​សម្រាប់​ប្រើប្រាស់ ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការដឹកជញ្ជូន ដូច្នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ ដើម្បី​សម្រេច​ឱ្យបាន​ទៅតាម​ផែនការ ដែល​បាន​គ្រោងទុក” ។

ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ស្ពានធំៗ ដែល​បាន​សាងសង់​រួច​មាន​ចំនួន៨ស្ពាន មាន​ប្រវែង​សរុប៧៤៣៤ ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ២៣៣ លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង់ ដូចជា ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (សិត្បូ) នៃ​គម្រោង​ខ្សែក្រវាត់​ក្រុង​ទី៣ជាដើម ដែលមាន​ប្រវែង​សរុប ២ ១២៧ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១១៣លាន​ដុល្លារ​អាមេរិក។

សរុប​គម្រោង ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ជំនួយឥតសំណង​របស់​ចិន​ដែល​បាន​សាងសង់​រួច និង​កំពុង​សាងសង់​មាន​ទឹកប្រាក់ សរុប​រហូតដល់​ប្រមាណ ២៧៤១លាន​ដុល្លារ​អាមេរិក ៕

ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់​កម្ពុជា-ថៃ គ្រោង​នឹង​បើក​ជា​ផ្លូវការ​ក្នុង​រយៈពេល២១ខែ​ខាងមុខ

ដោយៈ រ៉ា​ណេ​ត

បន្ទាយ​មាន​ជ័​យៈ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់- បាន​ណង​អៀង​កម្ពុជា-ថៃ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម​នឹង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​កំពុងដំណើរការ​សាងសង់​គ្រោង​នឹង​បើក​ជា​ផ្លូវការ​នៅក្នុង​រយៈពេល២១ខែ​ខាងមុខនេះ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា តាម​គម្រោង និង​ផែនការ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់-បាន​ណង​អៀង​កម្ពុជា-ថៃ នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ក្រោយពេល​បញ្ចប់​សាងសង់​ទាំងស្រុង នៅក្នុង​រយៈពេល២១ខែ​ខាងមុខនេះ ។

លោក​បញ្ជាក់ថា“ពេលនេះ​ខ្ញុំ​បាន​ពិភាក្សា ជាមួយ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ដូចជា​ការសាងសង់​អា​គារ​រដ្ឋបាល និង​ផ្លូវ​ដែលមាន​គុណភាព​ជាដើម” ។

តាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន​បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ទើបតែ​សម្រេចបាន​លទ្ធផល ប្រមាណ៥ភាគរយ​តែប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ភាពយឺតយ៉ាវ។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា “តាម​គម្រោង​នៅក្នុង​កិច្ចសន្យា​សាងសង់ គឺ​ត្រូវ​បញ្ចប់​ទាំងស្រុង នៅត្រឹម​រយៈពេល២១ខែ​ខាងមុខនេះ ប៉ុន្តែ​ខ្ញុំ​មិនអាច​រង់ចាំ​រហូតដល់២១ខែ​នោះទេ។លោក​បន្តថា “ខ្ញុំ​បានសម្រេច​បើក​ច្រក​ដំណើរ ការ​ជា​បណ្តោះអាសន្ន ដោយ​ការធ្វើ​ផ្លូវ​វាង​ជា​ខ្នែង សម្រាប់​ដឹកទំនិញ​រវាង​ប្រទេស​ទាំង។ ដោយឡែក​សម្រាប់​ឯកសារ ដោយសារតែ​យើង​នៅ​មិនទាន់​សាងសង់ អាគារ​រដ្ឋបាល​រួចរាល់ ដូច្នេះ​ត្រូវ​រៀបចំ​ឯកសារ​នៅ​ខាង​ថៃ​មួយរយៈ​ពេល​សិន” ។

ក្រុមហ៊ុន CM JV TKE ដែល​បានទទួល​ម៉ៅការ​ពីរ​ដ្ឋ ក្នុងការ​ស្ថាបនា​អគារ​រដ្ឋបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ បានទទួល​សាងសង់​ផ្លូវភ្លោះ​មួយ​ខ្សែ ទីតាំង​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ ចំណតរថយន្ត ទីតាំង​ស្តុក​ទូ​កុងតឺន័រ អគារ​រដ្ឋបាល និង​អគារ​ស្នាក់នៅ​របស់​មន្ត្រី​រាជការ ដែល​បម្រើ​ការងារ​ប្រចាំ​ច្រក ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន២ឆ្នាំ​ដើម្បី​ស្ថាបនា​ឲ្យ​ទាន់ពេលវេលា។

ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ នឹង​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ ដោយ​រក្សាទុក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត សម្រាប់​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល ដល់​សមត្ថកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​ចំណេញ​ពេលវេលា៕

ចំណេះដឹង!តើ​ការវិនិយោគ​លើ “មាស និង ដីធ្លី” មួយណា​ល្អ​ជាង?

ដោយ ​វុត្ថា

ភ្នំពេញៈ តម្លៃ​មាស​ក្នុង​ពិភពលោក ចាប់ផ្តើម​ឡើងថ្លៃ​ខ្ពស់​រហូតដល់​ជិត២០០០ដុល្លា​អាមេរិក​ក្នុង១ដំឡឹង។ មនុស្ស​ជាច្រើន​វិនិយោគ​ដោយ​ទិញ​មាស​ទុក ដើម្បី​ជាការ​ទប់ទល់​នឹង​អតិផរណា ភាពមិនប្រាកដប្រជា​នៃ​ទីផ្សារ និង​ការកាត់បន្ថយ​ហានិភ័យ​តាមរយៈ​ពិពិត​កម្ម​នៃ​ការវិនិយោគ (investment diversification)។

ដោយឡែក​កំពូល​អ្នកវិនិយោគ​អាមេរិក លោក Warren Buffett តែងតែ​លើកឡើងថា ការទិញ​មាស​ទុក​មិនមែនជា​ការល្អ​នោះទេ ព្រោះ​វា​មិនបាន​ផ្តល់​ជា​ផលចំណេញ​ដូចជា​ការទទួលបាន​ភា​គ​លាភ (dividend) ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​ឡើយ។

ក្នុង​គោល​គំនិត​ប្រហាក់ប្រហែលគ្នា​នេះដែរ តើ​យើង​គួរ​វិនិយោគ​ដោយ​ទិញ​ដី​ទុក​យកចំណេញ​ដែរ ឬទេ? បើ​គួរ ហេតុអ្វី? ហើយ​គួរ​វិនិយោគ​យ៉ាងដូចម្តេច? ចំលើយ​គឺ​គួរតែ​វិនិយោគ​ដោយ​ទិញ​ដី​ទុក ព្រោះ​ទីផ្សារ​ដីធ្លី​នឹង​កាន់​តែមាន​ភាពប្រសើរ តម្លៃនឹង​បន្ត​កើនឡើង​បន្ទាប់ពី​ការ​រសាត់​បាត់ទៅ​នៃ​វិបត្តិ​កូ​វីដ១៩ ។ ប៉ុន្តែ​គួរ​វិនិយោគ​តែ​លើដី​ធ្លី នៅ​តំបន់​ជាយក្រុង​ភ្នំពេញ  ព្រោះ​នៅ​តំបន់​ទាំងនោះ​នឹង​បន្ត​មាន​តម្រូវការ​ខ្ពស់។

ម្យ៉ាង​បើ​អាច​គួរ​ច្នៃ​ជា​អចល​ទ្រព្យ ដែល​អាច​រក​ប្រភព​ចំណូល​បាន​ដូច​អ្វី ដែល​លោក Warren Buffett លើកឡើង​ពី​ចំណូល ដែលជា​ភាគលាភ​បាន​ពី​ការវិនិយោគ​លើ​ប​ណ្ណ័​ភាគហ៊ុន​អញ្ចឹង​ដែរ។ ការច្នៃ​ដី​ជាយក្រុង អោយ​ក្លាយជា​ប្រភព​ចំណូល​បាន រួមមាន​ដូចជា ការធ្វើជា​ឃ្លាំង​ជួល ផ្សារ ឬ​ប្រកប​របរ​កសិកម្ម​ជាដើម៕