លោក​ស៊ុន ចាន់ថុល៖ រដ្ឋាភិបាល​កំពុង​ព​ង្រឹ​ក និង​ពង្រឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ជាច្រើន​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ពង្រីក និង​ពង្រឹង​គម្រោង​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​សំខាន់​ជា​ច្រើ​នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គមជាតិ  តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ជំរុញ​ការដឹកជញ្ជូន​ឱ្យបានរ​ហ័យ និង​ទាន់ពេល។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​កាលពីពេល​ថ្មី​នេះ បានឱ្យដឹងថា    រដ្ឋាភិបាល​តាមរយៈ​ក្រសួង​បាន​នឹង​កំពុង​អនុវត្ត គម្រោង​ស្ថាបនា​ពង្រីក និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិសំខាន់ៗនៅ​ក្កម្ពុជា និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន ផ្លូវ​ក្រវាត់ក្រុង​ទី១ ទី២ ទី៣ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្តក្រចេះ កំពង់ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ជាដើម។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា គោលជំហ និង​គោលការណ៍​របស់​ក្រសួង​នាពេល​បច្ចុប្បន្ននេះ គឺ​ការសាងសង់​ផ្លូវ​ឱ្យបាន​រឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ពោលគឺ មិនមែន​ធ្វើ​មុខខូច ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស ចាក់​ក្រាស់​ស៊ី​ស្ដើង​នោះឡើយ។

លោក​បន្ថែមថា គោលការណ៍​នេះ ត្រូវតែ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត តាមរយៈ​ការប្រើប្រាស់​យន្ត​ការចុះពិនិត្យ​ឱ្យបាន​ដិតដល់ និង​ការបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស​ដើម្បី តាមដាន​ការសាងសង់​របស់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ជញ្ជូន លោក វ៉ា​ស៊ីម សូ​រី​យ៉ា បានឱ្យដឹង​ដែរ​ថា ជាការ​ពិតណាស់ រដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្តន៍​ស្តារ និង​ភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែមាន​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រែក្លាយ​ពី​ផ្លូវ​ពី​បេតុង ទៅ​ផ្លូវ​AC និង​លើកកម្ពស់​បច្ចេកវិទ្យាថ្មីៗ ក្នុង​កសាង​ផ្លូវ​តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ធ្វើឱ្យមាន​គុណភាព​ខ្ពស់។

លោក​បន្តថា “យើង​បាន​កសាង​ផ្លូវ​ផ្លូវដែក កំពង់ផែ និង​ផ្លូវ​ល្បឿន​លឿន​មាន​ទាំង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ កាមេរ៉ា​សុវត្ថិភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​វា​ទំនើប ដូច​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា នៅក្នុង​ពិភពលោក ដែល​យើង​កំពុង​អនុវត្តបណ្តើរៗ ហើយ​ត្រូវ​ប្រើពេល​យូរ និង​ចំណាយ​ថវិកា​ច្រើន​ក្នុង​កិច្ចការ​នេះ” ។ លោក​បន្តថា “ក្រោយ​ធ្វើ​ទំនើបកម្ម និង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ហាយវ៉េ​អាស៊ី ផ្លូវដែក និង​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ​កុងតឺន័រ​ថ្មី​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ឃ្លាំង​ផ្ទុក និង​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់ ក្នុង​តំបន់​អាស៊ាន ដែល​អាច​ឲ្យ​កប៉ាល់ធំៗចូល​ចត​បាន” ។

ដោយឡែក ចំពោះ​ការធ្វើ​វិនិយោគ លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ គឺជា​យុទ្ធសាស្ត្រ​សំខាន់​មួយ របស់​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ស្របពេល​ការខិតខំ​របស់​រដ្ឋាភិបាល ក្នុងការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស ដើម្បី​ទ្រទ្រង់​កំណើន​ក្នុង​វិស័យ​ផលិតកម្ម និង​ពង្រីក​ឧបករណ៍ប្រើប្រាស់៕

កម្ពុជា​កំពុង​រក​ជំរុញ​ការដឹកជញ្ជូន និង​ពង្រីក​ការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការ​រឹតត្បិត​នូវ​ចរាច​ណ៍​ឆ្លងកាត់​ព្រំដែន​ប្រទេស បានក្លាយ​ទៅជា​ឧបសគ្គ​ក្នុង​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស និង​ប្រទេស​ដែល​ក្រៅពី​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រួម ថែមទាំង​ជះឥទ្ធិពល​អាក្រក់ ដល់​ពាណិជ្ជករ​ដោយផ្ទាល់ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រក​ដំណោះស្រាយ​ធ្វើឱ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា បាននិងកំពុង​ជំរុញ​ឱ្យ​សភាពាណិជ្ជកម្ម តាម​បណ្តា​ខេត្ត​ដែល​ស្ថិតនៅ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ពង្រឹង​កិច្ចទំនាក់ទំនង​ឱ្យបាន​ស៊ីជម្រៅ ផ្តោត​សំខាន់​លើ​វិស័យ​ដឹកជញ្ជូន និង​ការវិនិយោគផ្សេងៗឱ្យ​កាន់​តែមាន​ភាពងាយស្រួល។

លោ​កក​ញ៉ាប​ន្ត​ទៀតថា ជាមួយគ្នានេះ តំណាង​សភាពាណិជ្ជកម្ម​តាម​ខេត្ត​ក៏ត្រូវ​កត់សម្គាល់ នូវ​ផល​លំបាក​ដែលជា​ឧបសគ្គផ្សេងៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បឋម​ជាមួយ​អាជ្ញាធរ​ជាប់​តំបន់​ព្រំដែន ហើយ​ក្នុងករណី​មិន​អាចមាន​លទ្ធផល ត្រូវ​រៀបចំ​ជា​របាយការណ៍​បញ្ជូនមក​កាន់​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដើម្បី​បង្កើត​កិច្ចពិភាក្សា និង​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​ជូន។

ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម ក៏ដូចជា​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន កាលពីពេល​កន្លងទៅថ្មីៗនេះ ដោយសារ​ភាពភ័យខ្លាច​នៃ​ការ​រាតត្បាត​ជំងឺ Covid-19 ភាគី​នៃ​ប្រទេសជិតខាង​កម្ពុជា រួមមាន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បានសម្រេច​បិទ​ច្រកព្រំដែន​មួយចំនួន​ដោយ​ឯកតោភាគី ដែល​ទង្វើ​នេះ​បាន​ជះ​ឥ​ទ្ធ​ពល​អវិជ្ជមាន ដល់​ពាណិជ្ជករ និង​ទទួលរង​នូវ​ការខាតបង់​ផងដែរ។

លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​បញ្ជាក់ថា កាលពីពេល​កន្លងទៅ ដោយសារ​តែមាន​ការបិទ​ច្រកព្រំដែន ដោយ​ឯកតោភាគី ដូចជា ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជាដើម បានធ្វើឱ្យ​ទាំង​ពាណិជ្ជករ​កម្ពុជា ក៏ដូចជា​ពាណិជ្ជកម្ម​ដែល​ស្ថិតនៅ​ក្នុងប្រទេស​សាមី​ខ្លួនឯង ទទួលរង​នូវ​ការខាតបង់​ប្រយោជន៍ ដូចជា​ការដឹកជញ្ជូន​ដំឡូង ស្រូវ អង្ករ និង​ផលិតផល​ផ្នែក​កសិកម្មផ្សេងៗមួយចំនួនទៀត ទៅកាន់​ទីផ្សារ​ដែល​ត្រូវ​ឆ្លងកាត់​ព្រំដែន។ ដូច្នេះ ដើម្បី​ជួយ​សម្រួល​ដល់​ភាពលំបាក ដែល​ធ្លាប់​កើតមាន​ទាំងនេះ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​យកចិត្តទុកដាក់​ក្នុង​ការជួយ​ដោះស្រាយ៕

ចំណេះដឹង! តើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​មាន​អ្វីខ្លះ?

ដោយ​វុត្ថា

ភ្នំពេញៈ គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ គឺជា​សកម្មភាព​ដោយ​សេរី នៅក្នុង​ដំណើរការ​ផលិតកម្ម និង​ពាណិជ្ជកម្ម​គឺ៖ -សិទ្ធិ​ជា​ម្ចាស់​លើ​កម្មសិទ្ធិ និង​សិទ្ធិ​សហគ្រិន​ក្នុង​ការធ្វើ​អាជីវកម្ម និង​ពាណិជ្ជកម្ម​ដោយ​សេរី។

ខាងក្រោម​នេះ​គឺជា​គោលការណ៍ខ្លះៗ នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារ ដែល​អ្នក​ត្រូវ​ដឹង និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ៖

-ការលប់បំបាត់​ទម្រង់​និង​បែបបទផ្សេងៗ ដែល​បង្អាក់​ដល់​ផលិតកម្ម និង​ពាណិជ្ជកម្ម។

– ថ្លៃទំនិញ​ឬ​សេវាកម្ម​បង្កើតឡើង ដោយ​កិច្ច​ព្រមព្រៀងគ្នា​រវាង​អ្នកលក់ និង​អ្នកទិញ ឬ​សមភាព​រវាង​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ។

– ថ្លៃ​ទីផ្សារ​ទំនិញ​និង​សេវាកម្ម មាន​លក្ខណៈ​បរា​នុម​តិ ដោយ​ឆ្លុះបញ្ចាំង​ពី​ប្រភព​ថ្លៃដើម​នៃ​ផលិតផល។

– ការធ្វើអន្តរាគមន៍រ​បស់​រដ្ឋ​ក្នុង​សេដ្ឋកិច្ច ត្រូវបាន​ប្រើប្រាស់​និយ័ត​ករ​សេដ្ឋកិច្ច ដោយ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់​សេដ្ឋកិច្ច ជៀសវាង​ការប្រើប្រាស់​វិធានការ រដ្ឋបាល​ប្រមូលផ្តុំ។ និយ័ត​ករ​សេដ្ឋកិច្ចសំខាន់ៗមាន គោលនយោបាយ​សារពើពន្ធ ហិរញ្ញវត្ថុ និង​ឥណទាន ច្បាប់​ការងារ ច្បាប់​ប្រឆាំងនឹង​ការ​ផ្តាច់មុខ ការបង្កើត​កម្មវិធី​ជាតិ​ដើម្បី​អភិវឌ្ឍន៍​ជាដើម៕

គេហទំព័រ Cambodia Financial Times នឹងចេញនូវមាតិកាព័ត៌មានថ្មីមួយដែលផ្តោតលើភាពស៊ីវីល័យ និងបែបផែនជីវិតសម័យថ្មី

គេហទំព័រ Cambodia Financial Times ដែលជាគេហទំព័រលេចធ្លោលើព័ត៌មានហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បច្ចុប្បន្នបានបញ្ចេញគម្រោងថ្មីមួយទៀតរបស់ខ្លួនដែលមានឈ្មោះថា Biz Lifestyle ដើម្បីផ្សារភ្ជាប់ឱ្យជីវិតនិងការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលនិងស៊ីវីល័យ ទាន់សម័យឌីជីថល។

Biz Lifestyle ជ្រកកោនម្លប់របស់ Cambodia Financial Times មួយនេះធានាថានឹងនាំមកជូននូវបទពិសោធន៍ថ្មី និងរបៀបរបបនៃការរស់នៅបែបទាន់សម័យ ស៊ីវីល័យ និងពេញនិយម ស្របពេលកំនើនប្រាក់ចំណូល និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

Lifestyle បែបថ្មីតាមបែបកម្រិតមធ្យម និងកម្រិតខ្ពស់ដូចជា ការថែរក្សាសុខភាពប្រចាំថ្ងៃ ការស្លៀកពាក់ឱ្យសមស្របទៅតាមព្រឹត្តការណ៍កម្មវិធី ទម្លាប់រស់នៅក្នុងបរិយា កាសប្រកបដោយផាសុកភាព សម្រាប់យុគសម័យឌីជីថល ព្រមទាំងបង្ហាញពីគន្លឹះនិងវិធីសាស្រ្តបង្កើនភាពងាយស្រួលដល់ការរស់នៅ។

កញ្ញា ហេង ហ្សូលី និពន្ធនាយកនៃគម្រោង Biz Lifestyle បានឱ្យដឹងថា ជាកិច្ចបើកទំព័រថ្មីនៃភាពទាន់សម័យ និងជាតម្រូវការរបស់ប្រជាជនកម្ពុជាសម័យថ្មី ទំព័រហ្វេសប៊ុកផេក Biz Lifestyle បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់បង្ហាញពីរសនិយម ភាពទាន់សម័យកាល តាមរយៈការចែករំលែកចំណេះដឹង និងប្រធានបទជាច្រើនដូចជា សំណេរអត្ថបទ វីដេអូខ្លីៗ បទសម្ភាសន៍ និងរូបភាពស្រស់ស្អាតជាច្រើន ចែកជូនដល់ប្រិយមិត្តក្នុងបណ្តាញសង្គម ជាពិសេសអ្នកជំនួញ បុគ្គលិកជាន់ខ្ពស់ យុវវ័យ ព្រមទាំងទស្សនិកជនទាំងអស់ ដែលនិយមចូលចិត្តតាមដានការរស់នៅបែបស៊ីវីល័យ និងហ៊ឺហារ។

កញ្ញាបន្តថា ដើម្បីមានឱកាសទទួលបានបទពិសោធន៍ក្នុងការរស់នៅតាមបែបសម័យថ្មី បែបអភិជន និងហ៊ឺហារ សូមរង់ចាំតាមដាន និងគាំទ្រ Biz Lifestyle។

ក្រុមការងារទាំងអស់បើកចំហចិត្តនិងគំនិត រង់ចាំទទួលពាក្យរិះគន់ដើម្បីស្ថាបនា និងអភិវឌ្ឍខ្លួនឱ្យក្លាយជាទីកន្លែងមួយដែលផ្តល់ចំនេះដឹងពាក់ព័ន្ធនឹង Lifestyle ជាពិសេសពួកយើងរង់ចាំស្វាគមន៍ពីបណ្តារក្រុមហ៊ុន ម្ចាស់ផលិតផល និងសេវាកម្មទាំងអស់ សហការគ្នាដើម្បីផ្សព្វផ្សាយពីគុណភាព គុណតម្លៃរបស់ផលិតផលនិងសេវាកម្មរបស់លោកអ្នក។

Biz Lifestyleចូលរួមលើកកំពស់គុណតម្លៃ និងគុណភាពនៃជីវិតរបស់លោកអ្នក៕

រដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់តម្លៃអចលនទ្រព្យកំពុងហក់ឡើងខ្លាំង

ដោយ៖ ប៊ី
អន្តរជាតិ៖ ចាប់តាំងពីលោកប្រធានាធិបតី Moon Jae-in បានចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ លទ្ធភាពទិញលំនៅដ្ឋាននៅទីក្រុងសេអ៊ូលបានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត បើទោះបីជាមានការរឹតត្បិតលើប្រាក់កម្ចីទិញផ្ទះ និងពន្ធអចលនទ្រព្យថ្មីក៏ដោយ។

រដ្ឋបាលរបស់លោកមូនបានប្រកាសនូវវិធានការណ៍ចំនួន ២៣ ដាច់ដោយឡែកពីគ្នា ដើម្បីធ្វើឱ្យតម្លៃផ្ទះស្ថិតក្នុងតម្លៃសមរម្យក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្តែកំពុងប្រឈមនឹងការរិះគន់ថាវិធានការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកមិនសូវមានធនធាន។
ខាងក្រោមនេះជាគោលការណ៍ទីផ្សារអចលនទ្រព្យសំខាន់ៗ៖

ឆ្នាំ ២០១៧
នៅឆ្នាំ ២០១៧ រដ្ឋាភិបាលបានរឹតបន្តឹងការកំណត់ប្រាក់កម្ចីសម្រាប់អ្នកទិញផ្ទះរហូតដល់ ៤០ ភាគរយនៃតម្លៃលំនៅដ្ឋានពី ៧០ភាគរយជាដំណាក់កាលសម្រាប់លំនៅដ្ឋានភាគច្រើននៃទីក្រុងសេអ៊ូល និងជាយក្រុង។ ការសងបំណុលត្រូវបានកំណត់ត្រឹម ៤០ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំនៅក្នុងតំបន់ដែលបានជ្រើសរើស ធ្លាក់ចុះពី ៥០ ភាគរយ។ ពន្ធលើប្រាក់ចំណេញត្រូវបានកើនឡើង ១០ ភាគរយ ហើយអ្នក ដែលមានផ្ទះច្រើនជាង ៣ ត្រូវបង់ពន្ធ ២០ ភាគរយ។
កាលពីខែធ្នូឆ្នាំ ២០១៧ រដ្ឋាភិបាលបានប្រកាសផែនការកាត់បន្ថយពន្ធលើប្រាក់ចំណេញសម្រាប់ម្ចាស់ផ្ទះ ដែលចុះឈ្មោះខ្លួនឯង ជាអ្នកជួលដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។

ឆ្នាំ ២០១៨
រដ្ឋាភិបាលបានកំណត់តំបន់ជាច្រើនទៀតនៃទីក្រុងសេអ៊ូល ជាតំបន់ ដែលត្រូវបានគេប៉ាន់ស្មានថានឹងត្រូវរឹតបន្តឹងលើច្បាប់បញ្ចាំអចលនទ្រព្យ និងបានប្រកាសផែនការតម្លើងអត្រាពន្ធលើកម្មសិទ្ធិលើអចលនទ្រព្យដែលមានតម្លៃជាង ៦០០ លានវ៉ុន (៥០១.០០០ ដុល្លារ) ហើយបានស្នើឱ្យមានការបន្ធូរបន្ថយការរឹតបន្តឹងនៅក្នុងសង្កាត់ពាណិជ្ជកម្មរបស់ក្រុងសេអ៊ូល ដើម្បីសាងសង់ផ្ទះបន្ថែមទៀត និងនឹងអភិវឌ្ឍដីសម្រាប់សាងសង់ផ្ទះថ្មីចំនួន ៣០០.០០០ ខ្នង។

ឆ្នាំ ២០១៩
រដ្ឋាភិបាលបានប្រកាសផែនការសាងសង់ទីក្រុងរណបថ្មីនៅជិតទីក្រុងសេអ៊ូលនៅឯតំបន់ Goyang និង Bucheon និងបានកំណត់តម្លៃលើការលក់ការអភិវឌ្ឍថ្មីនៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល។
នៅក្នុងខែធ្នូរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់ដាក់បញ្ចាំបន្ថែមទៀតសម្រាប់គេហដ្ឋាន ដែលមានតម្លៃខ្ពស់ និងបានហាមឃាត់ការផ្តល់ប្រាក់កម្ចីទិញផ្ទះដែលមានតម្លៃជាង ១,៥ ពាន់លានវ៉ុន (១,២៥ លានដុល្លារ) ។

ឆ្នាំ ២០២០
ក្រៅពីទីក្រុងសេអ៊ូល ខេត្ត Gyeonggi-do ដែលនៅព័ទ្ធជុំវិញរដ្ឋធានីត្រូវបានគេកំណត់ថាជា តំបន់ ដែលស្ថិតក្រោមច្បាប់រឹតត្បិតខ្ចីជាងមុន រួមទាំងការហាមឃាត់ប្រាក់កម្ចីលើទ្រព្យសម្បត្តិដែលមានតម្លៃជាង ១,៥ ពាន់លានវ៉ុន។ រដ្ឋាភិបាលក៏បានឱ្យដឹងផងដែរថា ខ្លួននឹងបង្កើនការប្រមូលពន្ធប្រាក់ចំណេញ និងពន្ធផ្សេងៗលើកម្មសិទ្ធិលើអចលនទ្រព្យសាជីវកម្ម។
នៅក្នុងវិធានការថ្មីបំផុតរបស់ខ្លួន រដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីជាង ១៣២,០០០ នៅក្នុងទីក្រុងសេអ៊ូលរហូតដល់ឆ្នាំ ២០២៨ ដោយបន្ធូរបន្ថយការកំណត់កម្ពស់ និងផ្លាស់ប្តូរទីតាំងយោធា និងអចលនទ្រព្យរដ្ឋផ្សេងទៀតទៅក្នុងតំបន់លំនៅដ្ឋាន៕

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ៣ ខេត្ត សម្រេចបានជាង ៣៦ភាគរយហើយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ដែលមានប្រវែងសរុបជិត ២០០ម៉ែត្រ តភ្ជាប់ និងឆ្លងកាត់ខេត្តចំនួន៣ ដែលមានតម្លៃវិនិយោគចំនួន១៨៣លានដុល្លារ ក្រោមកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលចិន បានសម្រេចលទ្ធផលជាង៣៦ភាគរយហើយ ដែលតាមផែនការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២៣។

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ា ស៊ុនហួត បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោកបានដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

លោកអនុរដ្ឋលេខាធិការ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបានលទ្ធផល ៣៦,៤ភាគរយ និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។

ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ គិតចាប់ពីតំបន់វាលវែងខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបាត់ដំបង ស្រុកសំឡូត និងបន្តឆ្ពោះទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវជាតិមួយខ្សែនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លង Covid-19 យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ ផ្ទុយទៅវិញ នៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗមួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត៕

រដ្ឋាភិបាលជំរុញឱ្យរដ្ឋបាលខេត្តកោះកុងសហការជាមួយក្រុមហ៊ុនវិនិយោគនៅតំបន់កោះយ៉ឱ្យសម្រេចតាមផែនការ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតារមយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យរដ្ឋបាលខេត្តកោះកុង សហការ និងជួយសម្រួលដល់ ក្រុមហ៊ុន ស៊ឡាញ ដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់កោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាឱ្យទទួលបានជោគជ័យ។

លោក អ៊ុក ភ័ក្ត្រា អភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង នៅក្នុងពិធីដឹកនាំអាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនៅខេត្តកោះកុង គណៈប្រតិភូបានចុះទៅពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ឡាញ នៅតំបន់កោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោកបន្តថា ក្រុមការងារខេត្តចូលរួម ជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះមកពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមនីយដ្ឋាននានាជាមួយរដ្ឋាភិបាល។

លោកបន្ថែមថា តាមរយៈការពិនិត្យគម្រោងទាំងនេះ ប្រធានគណៈប្រតិភូបានសំណូមពរមករដ្ឋបាលខេត្តបន្តកិច្ចសហការ និងសម្របសម្រួលគម្រោងទាំងនេះអោយអនុវត្តបានល្អប្រសើតាមផែនការវិនិយោគ និងខិតខំបង្កលក្ខណៈងាយស្រួល ជំរុញការវិនិយោគនៅក្នុងខេត្តឲ្យបានល្អប្រសើរ។

តំបន់ប្រជុំកោះ និង ឆ្នេរ : ខេត្តកោះកុងជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ៕

អភិបាលខេត្តកែបស្នើឱ្យម្ចាស់ដីទិញចោលមកអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍ

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តកែប បានស្នើម្ចាស់ដីទាំងអស់ ដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិកាន់កាប់ដីស្របច្បាប់នៅក្នុងមូលដ្ឋានខេត្តកែប ត្រូវមកធ្វើការអភិវឌ្ឍន៍ និងរៀបចំដីរបស់ខ្លួនឱ្យមានសណ្តាប់ ដើម្បីសោភ័ណក្នុងខេត្ត។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ទីតាំងដីធំៗមួយចំនួន នៅក្នុងតាមបណ្តោយមាត់សមុទ្រ និងនៅតាមទីតាំងមួយចំនួនទៀត ត្រូវបានទិញទុកចោល មិនមានការអភិវឌ្ឍ ដោយកន្លែងខ្លះមានស្មៅ និងព្រៃដុះ ដែលខូចសោភណភាពខេត្ត។

លោកអភិបាលខេត្តបន្ថែមថា ទីតាំងមួយចំនួនទៀត  បានហ៊ុំព័ទ្ធទុកចោលអស់ជាច្រើនឆ្នាំ បន្ទាប់ពីទិញ ដោយកន្លែងខ្លះមានព្រៃដុះ ស្ទើរតែក្លាយទៅជាព្រៃស្តុកទៅហើយ មិនមានការកែច្នៃ ឬអភិវឌ្ឍន៍នៅឡើយទេ។ លោកបន្ត ដូច្នេះម្ចាស់ទីតាំងដី ទាំងអស់ត្រូវមកអភិវឌ្ឍ ដើម្បីប្រែក្លាយខេត្តកែបឱ្យមានសណ្តាប់ធ្លាប់ និងសោភណភាពស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអ្នក (CREA) លោកស្រីចេវ សុឃុន បានថ្លែងប្រាប់ឱ្យដឹងកន្លងមកនេះថា ការទិញដីសម្រាប់អភិវឌ្ឍន៍ នឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតចំណូល និងការងារដល់ប្រជាជនពលរដ្ឋ។

លោកស្រីបាននិយាយថា ប្រសិនបើគាត់ (អ្នកវិយោគដីធ្លី) ទិញដី ហើយយកទៅអភិវឌ្ឍ វាធ្វើឱ្យទីតាំងមួយហ្នឹងកាន់តែមានល្អប្រសើរ ហើយជុំវិញតំបន់ហ្នឹង មានចរន្តសេដ្ឋកិច្ចចេញចូល និងកំណើនប្រជាជននៅតំបន់ហ្នឹងក៏កើនឡើងដែរ។ លោកស្រីបន្តថា ការទិញដីរបស់អ្នកអភិវឌ្ឍពិតប្រាកដ ធ្វើឱ្យសេដ្ឋកិច្ចដំណើរការ ហើយប្រជាជនរបស់យើងមានការងារធ្វើ តាមរយៈបង្កើតចំនូល និងការងារសម្រាប់វិស័យសំណង់ជាដើម

ទោះបីជាយ៉ាងក៏ដោយ បច្ចុប្បន្ននៅតែមានអ្នកវិនិយោគទិញដីទុក សម្រាប់ផលចំណេញ ដោយគ្មានការអភិវឌ្ឍន៍ ដែលវាមិនបានចូលរួមចំណែក ក្នុងការជំរុញសកម្មសកម្មភាពសេដ្ឋកិច្ច ឬផ្តល់ផលដល់កំណើនសេដ្ឋកិច្ច។

លោកស្រីចេវ សុឃុនបាននិយាយថា ទិញអចលនទ្រព្យទុក គឺគ្រាន់តែចង់ចំណេញរយៈពេលខ្លី ប៉ុន្តែលោកស្រីក៏បានព្រមានដែរថា បើសិនអ្នកវិនិយោគលើដីធ្លីមិនមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ វាធ្វើប៉ះពាល់ចរន្តសេដ្ឋកិច្ច

លោកស្រីបន្តថា អ្នកខ្លះទិញដីរាប់រយ រាប់ពាន់ហិកតាទុក សម្រាប់ផលចំណេញ ហើយអត់មានការអភិវឌ្ឍន៍ វាធ្វើឱ្យប៉ះពាល់គម្រោង ឬMaster Plan នៅតំបន់ណាមួយដែរ។

លោកវង្សី  វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បានស្នើដល់អ្នកដែលមានធនធាន គួរកាត់បន្ថយការទិញអចលនទ្រព្យ (ដីធ្លី) សម្រាប់ទុកចំណេញ ដោយគ្មានការអភិវឌ្ឍន៍ ដែលអាចធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលវិបត្តិសកល នាពេលបច្ចុប្បន្ននេះ។

លោកបានថ្លែងថា បើទិញដីសម្រាប់អភិវឌ្ឍន៍ និងលំនៅដ្ឋានសម្រាប់ស្នាក់នៅ វាមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសវាបានចូលរួមចំណែកអភិវឌ្ឍន៍អចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើន។ លោកបន្ថែមថា បើសិនធនធានគ្រប់គ្រាន់គួរបង្កើតអាជីវកម្មខ្នាត និងមធ្យម ឬបង្កើតអាជីវកម្មផលិតកម្មកសិកម្ម ជាជាងការទិញដីទុកចោល

អភិបាលរាជធានីបញ្ជាឲ្យអាជ្ញាធរលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យ

ដោយគង់ សូរិយា

ភ្នំពេញៈ លោកអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបាន ណែនាំដល់មន្ទីរជំនាញ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសបែបអាណាធិបតេយ្យ ឱ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកបានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី នាព្រឹកថ្ងៃទី៦ សីហានេះ ដោយបានជំរុញឲ្យ មន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នា ជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន។

កាលពីខែកក្ដដាកន្លងទៅនេះ មានករណីផ្ទុះឆេះធុងហ្គ្រាស នៅផ្ទះលក់ហ្គ្រាសមួយកន្លែងក្នុងខណ្ឌដូនពេញ ដែលបានបណ្ដាលឱ្យស្លាប់មនុស្ស៤នាក់ និងរងរបួសធ្ងន់និងស្រាល៥នាក់ ដោយសារការលក់ហ្គ្រាសគ្មានបច្ចេសទេស។

លោកឃួងស្រេងបានបន្តថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានកន្លែងលក់    ហ្គាសនិងបញ្ជូលហ្គាសជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស បើប្រាស់ធុង  ហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់។

លោកអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដទៃហើយយកមកបាញ់ថ្នំាដើម្បីប្រើប្រាស់បន្តដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឱ្យផ្ទុះធុងហ្គាសនិងអគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។

លោកឃួង ស្រេងបានបញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសគឺឃើញថ្មស្អុយដែលជា សារធាតុ ផលិតហ្គាស។ កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្ក ឱ្យមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង ហើយយើង ពិបាកឡានដែលរត់ទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ ដែលចំណុចនេះត្រូវតែយក ចិត្តទុកដាក់អោយបានខ្ពស់៕

រដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញយុទ្ធសាស្រ្តស្តីពីការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ

ដោយ៖ ប៊ី

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ដើម្បីធានាបាននូវសុវត្ថិភាពរបស់សិស្សា​នុសិស្ស បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាការឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវសុវ​ត្ថិភាពរបស់សិស្សានុសិស្ស  បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការចាប់តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ កន្លងមក ។

ការវាយតម្លៃរបស់ក្រសួងអប់រំ យុវជន និងកីទ្បាបានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ ២០២០ និង ២០២១ នេះគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ នឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ឡើយ។

គ្រឹះស្ថានសិក្សាត្រូវសម្របសម្រួលទៅតាម «ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី» (New Normal Life) តាមរយៈការអនុវត្ត «វិធានការសុវត្ថិភាពសិក្សា» ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា បុគ្គលិកសិក្សា បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា។

ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំ «យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ» ដោយឈរលើអភិក្រម២ ទី១ ការបើកដំណើរការឡើងវិញតាមដំណាក់កាល នូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម «ស្តង់ដាសុវត្ថិភាពសុខភាព» និងទី២ ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេទ្បិចត្រូនិក (distance and e-learning) និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស័្វយសិក្សា (សម្រាប់សិស្សនៅទីជនបទ) ។

ដោយឈរ លើអភិក្រមទាំងពីរនេះ «យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ» ត្រូវបានរៀបចំទ្បើងដោយឈរលើគោលការណ៍ ចំនួន០៥ ចំណុចរួមមាន ១៖ ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ជា៣ដំណាក់កាល បន្តបន្ទាប់គ្នា។

២៖ គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញ ពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ។

៣៖ ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ តាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សា ទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព ដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូ​វបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។

៤៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

៥៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្រ្ត នៃកម្រិតហានិភ័យ របស់ការរាលដាលនៃជំងឺកូវីដ-១៩៕