ចំណេះដឹង! តើ​ដូចម្ដេច​ដែល​ហៅថា​ហានិភ័យ​ការងារ?

ដោយ ​វុត្ថា

ភ្នំពេញៈ ហានិភ័យ​ការងារ ត្រូវ​ចាត់ទុកជា​គ្រោះថ្នាក់​ការងារ គឺជា​គ្រោះថ្នាក់​ដែល​ធ្លា​ក់លើ​រូប​រាយ​កាយ​កម្មករនិយោជិត ដោយ​ធ្វើការ ឬ​ពេលធ្វើការ ទោះ​ដោយហេតុ​យ៉ាងណាក៏ដោយ ហើយ​ទោះ​មាន​កំហុស​ពី​កម្មករនិយោជិត ឬ​គ្មាន​ក៏ដោយ។

ម្យ៉ាងវិញទៀត ត្រូវ​ចាត់ទុកជា​គ្រោះថ្នាក់​ការងារ​ដែរ ចំពោះ​គ្រោះថ្នាក់​ដែល​ធ្លា​ក់លើ​រូបកា​យកម្មករ និយោជិត ក្នុងពេល​ដែល​សាមីខ្លួន​ធ្វើដំណើរ ពី​លំនៅស្ថាន​ខ្លួន​ត្រង់​ឆ្ពោះទៅ​កន្លែងធ្វើការ ឬ​វិល​មកវិញ​ដោយ​គ្មាន​ឈប់ ឬ​ដោយ​គ្មាន​វាង​ទៅណា​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រៅពី​ការងារ​ដែល​គេ​តម្រូវ​ឲ្យ​ទៅ។

ម្យ៉ាងទៀត​ជម្ងឺ​ទាំងឡាយណា ដែល​កើតឡើង​ទាក់ទង​ទៅនឹង​ការងារ(ជម្ងឺ​វិជ្ជាជីវៈ) ក៏ត្រូវ​ចាត់ទុកជា​ហានិភ័យ​ការងារ ដែលមាន​ជាអាទិ៍៖ មុខរបរ​ដែល​ប៉ះពាល់​ជាតិពុល ឬ​មាន​ទំនាក់ទំនង​ទៅនឹង​ការងារ៕

រដ្ឋាភិបាលចិនគាំទ្រមូលធនដល់វិស័យឯកជនមកបង្កើតរោងចក្រចំរាញ់រុក្ខជាតិ ឱសថនៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោមការសម្លឹងឃើញពីស្ថានភាពដ៏ល្អប្រសើរ លើការវិនិយោគនៅកម្ពុជាក្រុមហ៊ុនចិនដ៏ធំមួយ បានបង្ហាញពីមហិច្ឆិតារបស់ខ្លួន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា រួមមានការបង្កើតកសិដ្ឋានដាំដុះរុក្ខជាតិឱសថ ការបង្កើតវិទ្យាស្ថានពិសោធន៍ រួមជាមួយនឹងការបង្កើតចំរាញ់រុក្ខជាតិឱសថ បម្រើដល់វិស័យសុខាភិបាលក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលចិន។

លោកឧកញ៉ា ឆាវ អ៊ីនទ័រ ដែលបានដឹកនាំប្រតិភូមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ចូលជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដោយបានលើកឡើងពីគោលបំណងចម្បងនៃការបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ថា “ទំនាក់ទំនងរបស់រាជរដ្ឋាភិបាលកម្ពុជា និងចិនក្នុងនាមជាមិត្តដែកថែប បាននាំមកនូវសមទ្ធិផល និងភាពរីកចម្រើនគួរជាទីមោទន ជាពិសេសភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំង២”។ លោកបន្តថា “តាមរយៈសមិទ្ធផលនេះ ពិតជាបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល”។

លោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចជុំនួបនាពេលនេះ ដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថ ដែលគម្រោងនេះគាំទ្រថវិកាពីរដ្ឋាភិបាលចិន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថាន និងរោងចក្រចំរាញ់រុក្ខជាតិឱសថ នៅកម្ពុជានាពេលអនាគត។ គម្រោងដ៏មានសារសំខាន់នេះ ពិតជាចូលរួមចំណែក កាត់បន្ថយបរិមាណនាំចូលឱសថនាពេលអនាគត។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនសិក្សាអំពីទីតាំង និងទំហំផ្ទៃដីដាំដុះរុក្ខជាតិឱសថនេះ ជាពិសេសដោយសារគម្រោងវិនិយោគនេះ ត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាល​ចិន លោកបានស្នើសុំឱ្យក្រុមហ៊ុនធ្វើការទំនាក់ទំនង ជាមួយស្ថានទូតចិននៅកម្ពុជា ដើម្បីទទួលបានកំណត់ទូតច្បាស់លាស់ ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្តល់កិច្ចសហការឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ទំហំនៃការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិនកាលពីពេលកន្លងមកនេះរួមមានដូចជា អង្ករ ដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយ។ល។ ជាងនេះទៅទៀត មុខទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងសហការជាមួយរដ្ឋបាលគយចិនរៀបចំពិធីសារដើម្បីឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត។ ដោយឡែកចំពោះគម្រោងវិនិយោគបង្កើតវិទ្យាស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល៕

ឯកអគ្គរាជទូតថៃសរសើរខេត្តព្រះសីហនុថាមានសក្តានុពលទាក់ទាញភ្ញៀវ ទេសចរណ៍ និងអ្នកវិនិយោគ

ដោយវុត្ថា

        ព្រះសីហនុៈ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានចាត់ទុកថា ខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រ ប្រកបដោយសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចូលមកកំសាន្ត និងធ្វើការបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ។

លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចំាកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីនុកាលពីម្សិលមិញ បានធ្វើការវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ ។

លោកបន្តថា “ការចូលមកវិនិយោគ និងធ្វើទេសចរណ៍ មកកាន់ខេត្តព្រះសីហនុជាផ្នែកមួយ ក្នុងការជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក្នុងនោះក៏មានអ្នកវិនិយោគ ជាជនជាតិថៃមួយចំនួនបានមកបណ្តាក់ទុនរកស៊ីនៅទីនេះផងដែរ”។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំពីស្ថានភាពភូមិសាស្ត្រ និងវឌ្ឍនភាព នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាបន្តបន្ទាប់លើវិស័យជាច្រើន ក្រោមការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាល។ លោកបន្តទៀតថា កន្លងមកមាននាវាកងទ័ពជើងទឹករបស់ថៃចំនួន២៦គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយអាជ្ញាធររបស់យើង មានកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងបានធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

លោកអភិបាលខេត្ត ក៏បានស្នើ លោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បន្តការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ បង្ការបង្រ្កាបគ្រឿងញៀន ការពារសុវត្ថិភាពលើផ្លូវសមុទ្រ និងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យនេះផងដែរ៕

អ្នកជំនាញអះអាងថា យកលុយវិនិយោគលើខុនដូទទួលបានចំណូលខ្ពស់ជាងយកទៅដាក់នៅធនាគារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា បើធ្វើការប្រៀបធៀបរវាងការបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ដោយការទិញខុនដូទុកលក់យកចំណេញ ឬជួល គឺអាចទទួលបានចំណូលខ្ពស់ទ្វេរដង ធៀបនឹងការយកលុយទៅដាក់នៅធនាគារដែលអាចទទួលបានការប្រាក់ក្នុងកម្រិតតិចតួច។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គា ដែលមានជំនាញផ្នែកទីផ្សារខុនដូនៅកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា គ្រប់ការិនិយោគទាំងអស់ គឺសុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណង     ទ​ទួលបានប្រាក់ចំណេញត្រឡប់មកវិញក្នុងអត្រាខ្ពស់ដូចគ្នា។

លោកបន្តថា “ការសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យជារឿងត្រឹមត្រូវ ហើយមិនថាពេលនេះ ឬបន្តទៅថ្ងៃអនាគតនោះទេ វិស័យមួយនេះគឺនៅតែមានប្រជាប្រិយភាព និងនៅតែមានឱកាសទទួលចំណេញ”។ លោកបន្តថា “បើគេប្រៀបធៀបការវិនិយោគ ដោយការយកលុយទៅទិញខុនដូទុកវិនិយោគ និងការយកលុយទៅដាក់នៅធនាគារដើម្បីទទួលបានចំណូល ខ្ញុំអាចបញ្ជាក់ថា ការវិនិយោគជាមួយខុនដូមានផលល្អជាង”។

លោកគង្គាបានបន្តថា ចំណូលដែលអាចទទួលបាន ពីការដាក់លុយនៅធនាគារគឺបានមកតាមរយៈអត្រាការប្រាក់ ដែលជាទូទៅអាចស្ថិតក្នុងរង្វង់៣,៥ភាគរយក្នុងមួយឆ្នាំ ដែលចំណូលនេះ នៅមិនទាន់បានគិតបញ្ចូលពីកាតព្វកិច្ច បង់ពន្ធជូនរដ្ឋនៅឡើយនោះទេ។ ដោយឡែកសម្រាប់ការយកលុយទៅទិញខុនដូ គឺអាចទទួលបានផលចំណេញច្រើនជាងនេះ និងទៅតាមអាយុកាលនៃការអភិវឌ្ឍន៍ ដោយរាប់ចាប់គិតពីពេលគម្រោង ផ្តើមបុកគ្រឹះរហូតដល់ពេលគម្រោងបញ្ចប់ការសាងសង់ និងដាក់បញ្ចូលទៅក្នុងទីផ្សារ។

អ្នកជំនាញរូបនេះបានអះអាងទៀតថា “ខ្ញុំឧទាហរណ៍ថា យើងមានលុយ១០ម៉ឺនដុល្លារ យកទៅដាក់នៅធនាគារដើម្បីទទួលបានការប្រាក់ ដូច្នេះមួយឆ្នាំក្រោយនឹងទទួលបានការប្រាក់ប្រមាណ៣៥០០ដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងជាង២៩០ដុល្លារក្នុងមួយខែ ប៉ុន្តែបើយកលុយ១០ម៉ឺនដុល្លារ ទៅទិញខុនដូទុកសម្រាប់ជួល យ៉ាងហោចណាស់អាចទទួលបានប្រមាណ៥០០ដុល្លារក្នុងខែ ឬស្មើនឹង៦០០០ក្នុងមួយឆ្នាំពីការជួល”។

លោកបញ្ជាក់បន្ថែមថា សម្រាប់ការទិញគម្រោងខុនដូទុកលក់បន្តយកចំណេញ ក៏ជាជម្រើសល្អផងដែរ ដែលជាទូទៅគម្រោងខុនដូ ដែលដាក់លក់នៅលើទីផ្សារនៅពេលមិនទាន់បុកគ្រឹះ និងក្រោយពេលបុកគ្រឹះសាងសង់ គឺមានតម្លៃខុសគ្នាចាប់ពី១០ភាគរយឡើងទៅ ហើយនៅពេលរូបរាងនៃគម្រោងទាំងមូល ត្រូវបានបង្ហាញឡើង តម្លៃក៏បន្តកើនឡើងដូចគ្នា ប៉ុន្តែអ្នកវិនិយោគត្រូវប្រាកដថា ការទិញគម្រោងខុនដូដែលអាចទទួលបានចំណេញខ្ពស់គ្មានហានិភ័យកើតឡើង ក៏អាស្រ័យទៅតាមគម្រោង។

លោកខន គង្គា បានបញ្ជាក់ថា បើទោះជាការវិនិយោគដោយការទិញខុនដូមាន    អត្រាទទួលបានចំណេញត្រឡប់មកវិញខ្ពស់ក្ដី ប៉ុន្តែក៏មានការវិនិយោគខ្លះជួបហានិភ័យផងដែរ ឧទាហរណ៍ថា នៅក្នុងរាជធានីភ្នំពេញមានគម្រោងខុនដូចំនួន១០០ មិនមែនមានន័យថា គ្រប់ការវិនិយោគទៅលើគម្រោងទាំងអស់នេះ សុទ្ធតែទទួលបានចំណេញដូចគ្នានោះទេ ដែលវាអាស្រ័យទៅតាមគម្រោងនីមួយៗ ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ និងទីតាំងគម្រោងដែលមានសក្ដានុពលជាដើម។

ដូច្នេះគ្រប់ការទិញគម្រោងទាំងអស់ គម្បីមានការសិក្សាឱ្យបានច្បាស់ពីប្រវត្តិនៃម្ចាស់អភិវឌ្ឍន៍គម្រោង សក្ដានុពលតំបន់ ជាពិសេសភាពជឿជាក់ទៅលើក្រុមហ៊ុនដែលជាភ្នាក់ងារលក់ ត្រូវតែប្រាកដថា ជាក្រុមហ៊ុនស្របច្បាប់ មានជំនាញច្បាស់លាស់ និងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យពាក់ព័ន្ធ៕

សណ្ឋាគារលំដាប់អន្តរជាតិថ្មីមួយត្រៀមដាក់ឱ្យដំណើរនាពេលខាងមុខឆាប់ៗ នៅក្រុងសៀមរាប

ដោយវុត្ថា

ភ្នំពេញៈ  ក្រុមហ៊ុនសណ្ឋាគារ Avani Hotel & Resorts  បានប្រកាសត្រៀមដាក់ ឱ្យដំណើរសណ្ឋាគារថ្មីចំនួន១០ នៅតាមប្រទេសក្នុងតំបន់អាស៊ី រួមទាំងសណ្ឋាគារ  Avani FCC Angkor ស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា បន្ទាប់ពីបានធ្វើការជួសជុលរួចរាល់។

យោងតាមសារព័ត៌មានបរទេស FTNnews ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា បើទោះបីពិភពលោក កំពុងជួបប្រឈមទៅការធ្លាក់ចុះសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺCovid-19 ក៏ក្រុមហ៊ុនសណ្ឋាគារ Avani បានបញ្ចប់ការសាងសង់ និងកែលម្អជួសជុល ដោយជោគជ័យនូវគម្រោងរបស់ខ្លួនផងដែរ។

សារព័ត៌មានបន្តថា ការបានបញ្ចប់ការជួលជុលឡើងវិញ នូវដំណាក់កាលទី២ នៃសណ្ឋាគារ Avani FFC Angkor  នៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជានោះ ក៏ត្រៀមនឹងដាក់ឱ្យដំណើរការពេលខាងមុខនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ចប់ការជួសជុលនៃរមណីយដ្ឋានAvani Kalutara នៅក្នុងប្រទេសស្រីលង្កា និងការជួសជុល និងកែលម្អឡើងវិញនៃរមណីយដ្ឋាន Avani Seminyak បាលីប្រទេសឥណ្ឌូនេស៊ី។

លោក Dillip Rajakarier នាយកប្រតិបត្តិសណ្ឋាគារ Minor Hotel បានថ្លែងថា ក្រុមហ៊ុនមានសេចក្តីរីករាយ ដែលដៃគូរបស់យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការបើកដំណើរការ និងការរីកចំរើនលើវិស័យសណ្ឋាគារជាមួយក្រុមហ៊ុន Avani ។

លោកបន្តថា យ៉ាងហោចណាស់សណ្ឋាគារថ្មីចំនួន៧ ក្រោមស្លាកAvani ត្រៀមនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១ ជាមួយនឹងគម្រោងជាច្រើនទៀតរំពឹងថា នឹងត្រូវបញ្ចប់ក្នុងរយៈពេល២ឆ្នាំខាងមុខ៕

ការសិក្សាៈទំហំនៃការវិនិយោគលើវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដាំក្បាលចុះខ្លាំង

ដោយវុត្ថា

ភ្នំពេញៈ ទំហំនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Region) បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងត្រីមាសទី២នេះ ដោយសារផ្ទុះឡើងនៃការរីករាលដាលនៃជំងឺ covid-19 នៅលើសកលលោក។

យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនស្រាវជ្រាវ Asia Pacific  JLL ដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍មុននេះបង្ហាញថា សកម្មភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅត្រីមាសទី២ ឆ្នាំ ២០២០ បានធ្លាក់ចុះ៣៩ភាគរយ ខណៈកាលពីត្រីមាសទី១ មានការធ្លាក់ចុះ២៦ភាគយ បង្កឡើងដោយសេដ្ឋកិច្ចសកល ធ្លាក់ចុះ និងប្រទេសនៅលើពិភពលោក មានការហាមឃាត់នៃការធ្វើដំណើរដោយព្រួយបារម្ភឆ្លងជំងឺ Covid-19

តាមរបាយការណ៍នេះបង្ហាញបន្តថា ទំហំនៃការវិនិយោគលើវិស័យ អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី ធ្លាក់ចុះ៦៨ភាគរយ និងទីក្រុងហុងបានកធ្លាក់ចុះ៦៥ភាគរយ ពោល គឺមានទំហំធំជាងគេនៅត្រីមាសទី២នេះ ខណៈដែលប្រទេសអូស្រ្តាលីធ្លាក់ចុះ៥៨ភាគយ ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ៤៥ភាគយ ប្រទេសជប៉ុន២០ភាគរយ និងប្រទេសចិនធ្លាក់ចុះ១៥ភាគយ។

របាយការណ៍ដដែលបន្តថា  ទោះយ៉ាងណា ទំហំនៃការធ្លាក់ចុះទាំងនេះ ត្រូវបានសងត្រឡប់មកវិញ នៃសកម្មភាពនៃងើបឡើងបន្តិចនៅចុងក្រោយនៃត្រីមាសនេះ។

លោក Stuart Crow នាយកប្រតិបត្តិទីផ្សារមូលធនអាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាព នៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងត្រីមាសទី២នេះ ដោយសារអ្នកលក់គ្មានឆន្ទះចំពោះការលក់ និងភាពមិនប្រាកដប្រជាជុំវិញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។

តែយ៉ាងណាក៏ដោយលោករំពឹងថា  សកម្មភាពប្រតិបត្តិការវិនិយោគ លើវិស័យអចលនទ្រព្យ នឹងមានសន្ទុះងើបឡើងវិញនៅឆមាសទី២នេះ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន បានបើកដំណើរការជាបន្តបបន្ទាប់ និងតម្លៃក៏ត្រូវបានកែសម្រួលតាមទីផ្សារ៕

គម្រោងផ្សារទំនើបមួយចំនួនត្រូវបានពន្យាពេលសាងសង់ និងសម្ពោធដាក់ចូល នៅក្នុងទីផ្សារនៅឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ គម្រោងផ្សារទំនើបមួយចំនួននៅក្នុងប្រទេសកម្ពុជា ត្រូវបានពន្យាពេលសាងសង់ និងសម្ពោធដាក់ចូលទៅក្នុងទីផ្សារនៅក្នុងឆ្នាំនេះ  ខណៈការព្យាករណ៍ពីអ្នកជំនាញទំហំនៃការជួល  (Retails) នៅក្នុទីផ្សារទំនើបនេះបន្តធ្លាក់ចុះ រហូតដល់បំណាច់ឆ្នាំ ២០២០នេះ។

លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងផ្សារទំនើបមួយចំនួន ត្រូវបានពន្យាពេលនៃការសាងសង់ និងសម្ពោធដាក់ឱ្យដំណើរចូលទៅក្នុងទីផ្សារ ស្របពេលដែលទីផ្សារនៅក្នុងវិស័យនេះ ទទួលរងផលប៉ះពា ល់ពីជំងឺ Covid-19

លោកស្រីពន្យល់ថា គម្រោងផ្សារទំនើប បានពន្យាពេលការងារសាងសង់ និងដាក់ចូលទៅក្នុងផ្សារព្រោះតែទីផ្សារនេះ មិនមានអំណោយផល ហើយម្ចាស់តូបជួលមួយចំនួន បានផ្លាស់ប្តូរទីតាំងរបស់ខ្លួន ដូច្នេះវានឹងបន្តទទួលរងនូវផលប៉ះពាល់ពេលមួយឆ្នាំ និង អូសបន្លាយដល់ដាច់ឆ្នាំ២០២០នេះ។លោកស្រីបញ្ជាក់ទៀតថា ប្រសិនបើវិបត្តិនៃជំងឺ Covid-19នេះនៅតែអូសបន្លាយនោះ វានឹងនៅតែបន្តជះឥទ្ធិអាក្រក់ លើវិស័យមួយនេះបន្ថែមទៀត

ទោះជាយ៉ាងណា លោកស្រី អាន សុធិតា មិនបានបញ្ជាក់ពីចំនួនគម្រោងផ្សារទំនើបដែលបានពន្យាពេលសាងសាង់ ដែលបង្កឡើងដោយសារភាពរំាងស្ទះ នៃការដឹកសម្ភារៈយកមកសាងងសង់ និងសម្ពោដាក់ចូលទៅក្នុងទីផ្សារនៅក្នុងឆ្នាំនេះនោះទេ ខណៈ កម្ពុជាកំពុងប្រឈមនឹងវិបបត្តិសេដ្ឋកិច្ចសកល។

យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) មានភាពអវិជ្ជមានខ្លាំង ពោលគឺធ្លាក់រហូតដល់ដក១៩ភាគរយ ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺ Covid-19

ទីផ្សារដីធ្លីនៅក្នុងខណ្ឌដង្កោនៅតែបន្តមានតម្រូវការ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ខណ្ឌដង្កោនៅតែបន្តមានប្រជាប្រិយភាព និងមានការទិញ-លក់ជាធម្មតា ដែលមិនថមថយដូចនៅតាមបណ្តាខណ្ឌមួយចំនួនទៀតក្នុងរាជធានីភ្នំពេញនោះទេ ជាពិសេសសកម្មភាពនៃការអភិវឌ្ឍន៍របស់ក្រុមមួយចំនួននៅតែបន្តសាងសង់យ៉ាងមមាញឹក។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា ទីផ្សារដីធ្លីនៅក្នុងខណ្ឌដង្កោដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការដដែល។

លោកស្រីបានបញ្ជាក់ថា “ខណ្ឌដង្កោមានល្ខណៈពិសេសជាងបណ្តាខណ្ឌមួយចំនួនទៀតដែលស្ថិតនៅជុំវិញក្រុង ដោយសារតែតែក្រៅពីមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគឡើងដោយរាជរដ្ឋាភិបាល រួមជាមួយនឹងវិស័យឯកជន គឺនៅមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដែលក្នុងនោះរួមមានការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យម កម្រិតលើមធ្យម ជាពិសេសគម្រោងអភិវឌ្ឍន៍ផ្សារទំនើប និងមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិជាច្រើនទៀត”។

លោកស្រីបន្តថា “នៅក្នុងខណ្ឌនេះមានការកើនឡើងនៃចំនួនប្រជាជន មិនមែនមានតែនៅក្នុងខណ្ឌដង្កោនេះមួយនោះទេ គឺវាមានការកើនឡើងស្ទើរតែគ្រប់ខណ្ឌ ប៉ុន្តែអ្វីដែលធ្វើឱ្យខណ្ឌនេះមានតម្រូវការស្នាក់នៅច្រើន រហូតមានការចូលខ្លួនមកអភិវឌ្ឍន៍ សំណង់បុរីជាច្រើន ដោយសារតែខណ្ឌនេះ មានវិសាលភាពធំទូលាយងាយស្រួលក្នុងការអភិវឌ្ឍន៍ ជាពិសេសតម្លៃដីធ្លីនៅមានកម្រិតនៅឡើយ ដែលវាជាការផ្តល់ឱកាសសម្រាប់បណ្តាអ្នកវិនិយោគ” ។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ R Investment Group ធ្លាប់បានមានប្រសាសន៍ថា ដង្កោ គឺជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀត ភូមិសាស្ត្រនេះមានទីតាំងស្ថិតនៅជិត ទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានភាពងាយស្រួល ក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។

លោកឧកញ៉ាបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។

បច្ចុប្បន្ន គម្រោងធំៗដែលកំពុងបង្កើនភាពទាក់ទាញនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ថិតនៅតំបន់ផ្លូវ៦០ម៉ែត្រ គឺនៅមានគម្រោងអភិវឌ្ឍន៍ក្រុងដ៏ធំរបស់ ING City បន្ថែមពីលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ជីបម៉ុង រួមជាមួយនឹងគម្រោងបុរីកម្រិតមធ្យមជាច្រើនទៀតដែលស្ថិតនៅក្បែរផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាពិសេសគម្រោងសាងសង់ព្រលានយន្តថ្មី ដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹក៕

រោងចក្រអគ្គិសនីកម្លាំង ៤០០មេហ្គាវ៉ាត់ ៣៨០ លានដុល្លារអាមេរិក ក្នុងខេត្តកណ្តាលនឹងបើកដំណើរការនៅចុងខែនេះ

ដោយ ៖ រ៉ាណេត 

កណ្តាល ៖ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកណ្តាល នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បន្ទាប់ពីបើកដំណើរការនៅត្រឹមចុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ 

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍បញ្ជាក់ប្រាប់កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងរោងចក្រអគ្គិសនីដែលដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០ម៉េហ្កាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកនៅល្វាឯម ខេត្តកណ្តាល រហូតមកដល់ពេលនេះការសាងសង់ និងតម្លើងសម្ភារៈបច្ចេកទេសសម្រេចជាង៩០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ដំណើរការចុងខែសីហា ឆ្នាំ២០២០។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ទៀតថា គម្រោងរោងចក្រអគ្គិសនីដែលមានអានុភាព ៤០០មេហ្កាវ៉ាត់មួយនេះ គឺសម្រាប់បម្រើដល់ការផ្គត់ផ្គង់ប្រើប្រាស់ និងចែកចាយទៅតាមបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជិតគ្នា ហើយនៅមាន អនុស្ថានីយ ១កន្លែងទៀត ផ្តល់អនុភាព ២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល។

គម្រោងរោងចក្រអគ្គិសនីខាងលើនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា មានតម្លៃវិនិយោគប្រមាណ ៣៨០ លានដុល្លារអាមេរិក ចែកចេញជាពីរគម្រោងធំៗ ទី១ គឺ ការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation៕

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបាន ២,៧៥ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានតម្លៃ ២,៨៩ ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំនេះកើនឡើង ១៥,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ។

ទិន្នន័យ បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកមានទំហំទឹកប្រាក់ ២,៧៥ពាន់លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២០ នេះ  ២៣ ភាគរយ បើធៀបនឹងទំហំទឹកប្រាក់ ២,២៤ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននេះត្រូវបានគាំទ្រដោយការដឹកជញ្ជូនផលិតផល ដែលទាក់ទងនឹងការធ្វើដំណើរ ដូចជាកាបូបដៃ កាបូបស្ពាយ និងវ៉ាលី ដែលត្រូវបានអនុគ្រោះពន្ធ ដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីខែកក្កដាឆ្នាំ ២០១៦ ។ ចាប់តាំងពីពេលនោះមក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកទទួលបានកំណើនគួរឱ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ។

ទោះយ៉ាងណា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងផលិតនៅកម្ពុជាមិនត្រូវបានរាប់បញ្ចូលក្នុងប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកនេះ។

ជាមួយគ្នានេះដែរ ទិន្នន័យបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលទំនិញពីអាមេរិកមានតម្លៃ ១១៤,៦លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ធ្លាក់ចុះ ៤៥,៤៣ ភាគរយ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី ៤ ខែមីនា បាននិយាយថា ឱនភាពពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកបានបន្តកើនឡើងដល់ ៧,៧៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើងជាង ៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។

កាលពីឆ្នាំមុនកម្ពុជាបាននាំចូលទំនិញមានតម្លៃ ២២,៣៤ ពាន់លានដុល្លារ ខណៈនាំចេញតែ ១៤,៦៣ ពាន់លានដុល្លារប៉ុណ្ណោះ។

តួលេខរបស់ធនាគារកណ្តាល បានបង្ហាញថា អត្រាកំណើនប្រចាំឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំក្នុងការនាំចូលមានចំនួន ១៨,៦ ភាគរយកាលពីឆ្នាំមុន ខណៈការនាំចេញបានធ្លាក់ចុះ ១២,៧ ភាគរយ។

របាយការណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញវាយនភ័ណ្ឌ ស្បែកជើង អង្ករ និងកង់ ហើយបាននាំចូលប្រេង យានយន្ត គ្រឿងសំណង់ ចំណីអាហារ ភេសជ្ជៈ និងវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្ម៕