ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត​តម្លៃ ១៦០លាន​ដុល្លារ​នឹង​ចាប់​សាងសង់​នៅក្នុង​ខេត្តពោធិ៍សាត់

ដោយៈ រ៉ា​ណេ​ត

ពោធិ៍សាត់ៈ ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ ទំនប់​វា​រី​អគ្គិសនី​ថ្មី​មួយទៀត មាន​អានុភាព​ផលិត​ថាមពល៨០មេ​ហ្គា​វ៉ា​ត់ ដែល​គ្រោង​ចំណាយ​ទុនវិនិយោគ១៦០លាន​ដុល្លារ​អាមេរិក ស្ថិតនៅ​ស្ទឹង​ខេត្តពោធិ៍សាត់ អាច​នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ ដូច​បានបង្ហាញ​ជូន​ខា​ង​លើ​នេះ មាន​អានុភាព​ផលិត​ថាមពល៨០មេ​ហ្គា​វ៉ា​ត់ អាច​នឹង​ចាប់ផ្តើម​ក្នុងពេលឆាប់ៗខាងមុខ ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េ។

លោក​បាន​បញ្ជាក់ថា “រដ្ឋាភិបាល និង​អជ្ញាធរ​ខេត្ត រួម​ជាមួយនឹង​អ្នកតំណាង​ក្រុមហ៊ុន​វិនិយោគ បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រួសត្រាយ​ដោះមីន ចូលទៅ​កាន់​ទីតាំង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​រួចរាល់​ហើយ ត្រង់ចំណុច​តំបន់​ចិន​យំ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ គ្រោង​នឹង​ប្រើប្រាស់​ថវិកា​សាងសង់​ប្រមាណ ១៦០លាន​ដុល្លារ​អាមេរិក” ។

លោក​បន្តថា ការស្ថាបនា​បន្ថែម​នូវ​កន្លែង​ផលិត​ថាមពល​អគ្គិសនី​នេះ មិនមែន​សម្រាប់​ប្រើប្រាស់ តែ​នៅក្នុង​ភូមិសាស្ដ្រ ខេត្តពោធិ៍សាត់​នោះទេ ពោល​គឺអាច​ចែកចាយ និង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​តែម្ដង។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏​នឹង​ជួយ​ធានា​ដល់​សន្តិសុខ​ថាមពល​ក្នុងស្រុក​ផងដែរ ពោលគឺ​កាត់បន្ថយ​ការ​នាំចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​បរទេស។

គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន៧កន្លែង​ហើយ ដោយ៦កន្លែង ស្ថិតនៅ​ភាគខាងត្បូង​ឈៀង​ខាងលិច នៃ​ប្រទេស​កម្ពុជា មានដូចជា វា​រី​អគ្គិសនី​អា​តៃ វា​រី​អគ្គិសនី​កំចាយ នៅ​ខេត្តកំពត វា​រី​អគ្គិសនី​គីរីរម្យ១ វា​រី​អគ្គិសនី​គីរីរម្យ៣ នៅ​ខេត្តកំពង់ស្ពឺ វា​រី​អគ្គិសនី​តា​តៃ និង​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ នៅ​ខេត្តកោះកុង។ ចំណែក​មួយកន្លែង​ទៀត​គឺ​វា​រី​អគ្គិសនី សេ​សាន​ក្រោម២ស្ថិតនៅ​ខេត្តស្ទឹងត្រែង ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា។

កាលពី​អំឡុង​ឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច​ឱ្យមាន​ការសាងសង់ កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី រួមមាន វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល​បាន៨០មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល​បាន៦០មេ​ហ្គា​វ៉ា​ត់៕

អគ្គនាយក​គេហទំព័រ Propertyarea.asia ចុះ​កិច្ចព្រមព្រៀង​លក់​សៀវភៅ​ក្នុង​បណ្ណាល័យ អេ​ឡិ​ក​ត្រូ​និក KUMNIT APP

ដោយ គង់ សូរិយា

ភ្នំពេញៈ សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក យិន លាង​គង់ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​លក់​សៀវភៅ​មួយចំនួន ជាមួយ​លោក​អ៊ូ គឹម​សេង សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និង បណ្ណាល័យ អេឡិចត្រូនិក KUMNIT APP ។

ការចុះ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​កាលពី​ចុង​សប្តាហ៍​មុន ដោយ​លោក​យិន លាង​គង់ ដែលជា​សហគ្រិន​ខ្មែរ​ដ៏​ល្បី​មួយរូប និង​ជា​ម្ចាស់​វេ​ប​សាយ Property Area បាន​សម្រេចយក​ស្នាដៃ​របស់លោក​មួយចំនួន ដើម្បី​ដាក់លក់​ក្នុង​បណ្ណាល័យ​អេ​ឡិ​ក​ត្រូ​និក KUMNIT APP។

លោក​យិន លាង​គង់ ដែល​បាន​ប្រឡូក​ក្នុង​អាជីព​សារ​ព៌​ត​មាន ជាង២០ឆ្នាំ​កន្លងមកនេះ មិន​ត្រឹមតែ​ជា​អ្នក​និ​ព​ន្ឋ​ផ្នែក​សារ​ព៌​ត​មាន​នោះទេ ប៉ុន្តែ​លោក​ជា​អ្នក​និ​ព​ន្ឋ​ល្បីឈ្មោះ​មួយរូប​ផងដែរ ដោយ​លោក​ធ្លាប់​និ​ព​ន្ឋ​ប្រលោក​លោក​រឿង “ថ្ងៃ​រះ​ពី​ទិស​ខាងលិច” ជាប់​លេខ៤ទូទាំងប្រទេស ក្នុង​ពានរង្វាន់៧មករា លោក​និ​ព​ន្ឋ​ល្ខោននិយាយ” រឿង​រកា​ខ្នុរ​ចំណោទ​ស្នេហ៍” រឿង “អូន​ជា​ស្រមោល​បង” ដែល​បាន​ចាក់ផ្សាយ​ក្នុង​វិទ្យុ FM99Mzh វិទ្យុជាតិ​កម្ពុជា។

ថ្មីៗនេះ​លោក​បាន​និ​ព​ន្ឋ​ប្រលោមលោក​រឿង “ដួង​ច័​ន្ឌ តារា” ដែលជា​ប្រលោមលោក​និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ឡាវ និង​ប្រលោមលោក​រឿង “អារម្មណ៍” ផងដែរ។

លោក​ក៏បាន​និ​ព​ន្ឋ​សៀវភៅ​ចំណេះដឹង​ទូទៅ ដូចជា ២៧ចំណុច​គួរ​ពិចារណា​មុន​ចូល​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍ “សិល្បៈ​សម្រប​ខ្លួន​ចូល​គ្រួសារ​ថ្មី ក្រោយ​អាពាហ៍ពិពាហ៍” សិល្បៈ​កសាង​ភាព​សុខដុម​ក្រោម​អាពាហ៍ពិពាហ៍” ប៉ុន្តែ​សៀវភៅ​ទាំងនេះ​លោក​មិនបាន​ដាក់ឈ្មោះ​របស់លោក​ជា​អ្នក​និ​ព​ន្ឋ​ទេ ប៉ុន្តែ​លោក​បាន​ប្រើ​ឈ្មោះ​ច្រាយ ចំណាន​ដែលជា​ឈ្មោះ​ហៅ​ក្រៅ​របស់លោក។

ជាមួយគ្នានេះ លោក​លោក អ៊ូ គឹម​សេង បាន​ប្រាប់​សារព័ត៌មាន SBT News ពី​គោលបំណងធំៗទាំង៣ ក្នុងការ​សហការ​លើ​កិច្ចព្រមព្រៀង​នេះ រួមមាន ទី១ ដើម្បី​លើកទឹកចិត្ត ជម្រុញ​ទឹកចិត្ត និង​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​សិស្ស និស្សិត យុវជន សហគ្រិន ក៏ដូចជា​សាធារណៈជន​ទូទៅ​ផងដែរ ឱ្យ​ពួកគាត់​ចាប់ផ្ដើម ស្រលាញ់​ការអាន ចាប់ផ្ដើម​ស្រលាញ់​ការអភិវឌ្ឍន៍​ខ្លួនឯង តាមរយៈ​ការអាន ឬ​មើលសៀវភៅ​តាម​លក្ខណៈ Digital book ដែល​វា​ជួយ​ផ្តល់នូវ​ភាពងាយស្រួល ទៅដល់​អ្នកអាន​ទូទៅ ដើម្បីឱ្យ​ពួកគាត់​អាច​ស្រាវជ្រាវ សិក្សារ​រៀនសូត្រ​បាន​គ្រប់ពេលវេលា និង​គ្រប​ទីកន្លែង​ទាំងអស់ តាមរយៈ​Smartshone របស់​ពួកគាត់ ដែល​វា​ស្របទៅនឹង​ភាពជឿនលឿន​នៃ​សម័យកាល​បច្ចេកវិទ្យា ។

ទី២ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​លើកស្ទួយ​ស្នាដៃ​អ្នកនិពន្ធ ក្នុងស្រុក​របស់​យើង  ឱ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​គឺ​ពួកគាត់ អាចមាន​ប្រភព​ចំនូល​មួយផ្នែក​ទៀត តាមរយៈ​ការដាក់​លក់​សៀវភៅ ដែលជា​ស្នាដៃ​កម្ម​សិទ្ធ​បញ្ញា​របស់​ពួកគាត់ នៅក្នុង​បណ្ណាល័យ អេឡិចត្រូនិក KUMNIT APP។ លើសពីនេះទៅទៀត យើង​នឹងធ្វើ​ការផ្សព្វផ្សាយ​ដើម្បីឱ្យ​ពួកគាត់​មាន​ភាពល្បីល្បាញ ទាំង​នៅក្នុង​ស្រុក និង​ទៅ​សាកលលោក ។

ទី៣ ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​បែប Digital និង ចូល​រូ​ម​អភិវឌ្ឍន៍​ធនធាន​មនុស្យ​ប្រទេស​កម្ពុជា យើង​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ថែម​មួយកម្រិត​ទៀត៕

រដ្ឋាភិបាល​ជួល​ដី​ទំហំ ១៦៨,៨ហិកតា​នៅ​កោះកុង​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់​ផ្ទៃដី​ទំហំ១៦៨,៨ ហិកតា ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម សាគរ ខេត្តកោះកុង និង​ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ របស់​រដ្ឋ​មកជា​ទ្រព្យសម្បត្តិ​ឯកជន របស់​រដ្ឋ ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី។

យោងតាម​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាន សម្រេច​ដូច​ទៅ៖មាត្រា១ ត្រូវបាន​កំណត់ តំបន់​គ្រប់គ្រង​លើ​ផ្ទៃដី​ទំហំ១៦៨,៨០ហិកតា ក្នុង​ឧទ្យាន​ជាតិ បុ​ទុម​សាគរ ស្ថិតនៅ​ភូមិ​ថ្ម​ស និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម សាគរ ខេត្តកោះកុង ទៅជា​តំបន់ ប្រើប្រាស់​ដោយ ចីរភាព ដូច​មាន​ផែនទី​និង និយាម​កា​ភ្ជាប់​ជា​ឧ​ប សម្ព័ន្ធ សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី ដើម្បី​បន្ត​រៀបចំ​បំពេញបែបបទ នីតិវិធី​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ស្របតាម​លិខិតបទដ្ឋាន គតិយុត្ត​ជា​ធរមាន។

មាត្រា២ ត្រូវបានធ្វើ​អនុ​ប​យោគ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នូវ​ដី​ទំហំ ១៦៨,៨០ហិកតា ដូច​មាន​ក្នុង​មាត្រា១ នៃ​អនុក្រឹត្យ​នេះ មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព៧០០មេ​ហ្គា​វ៉ា​ត់​ដែល​ត្រូវ​ស្ថិតក្រោម​ការ ចាត់ចែង​នីតិវិធី​បន្ត​ដោយ ក្រសួងបរិស្ថាន​ជា​អាជ្ញាធរ កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​មាន​កិច្ចសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​ជា​អាជ្ញាធរ គ្រប់គ្រង​ទ្រព្យសម្បត្តិ របស់​រដ្ឋ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ស្របតាម ច្បាប់​និង​គោលការណ៍ របស់ រាជរដ្ឋាភិបាល។

ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​មិន គ្រុប ឯ.ក បាន​ទទួលបាន​សម្បទា​ន​អនុវត្ត​គម្រោង​សាងសង់ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល មាន​អនុភាព៧០០មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​គន្លឹះសំខាន់ៗមួយចំនួន ដូចជា សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​នាំចូល អនុភាព៧០០មេ​ហ្គា​វ៉ា​ត់ សាងសង់​ប្រព័ន្ធ​ត​ភ្ជាប់​អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ។

រោងចក្រ​នេះ មាន​អនុភាព​ដំឡើង៧០០មេ​ហ្គា​វ៉ា​ត់ អនុភាព​សុទ្ធ៦៨០មេ​ហ្គា​វ៉ា​ត់។ អគ្គិសនី​កម្ពុជា ធានា​ទិញ​ថាមពល​ពី​គម្រោង៨០%ក្នុង១ឆ្នាំ។ទុនវិនិយោគ​សរុប ១៣៤៤,២០លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ទុន​ផ្ទាល់៣០ភាគរយ និង​កម្ចី​ពី​ធនាគារ៧០ភាគរយ។

បើតាម​ក្រុ​ហ៊ុន រ៉ូយ៉ាល់ គ្រុប ការដាក​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី ត្រូវ​ស្របតាម​ផែនការមេ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​ដោយ​ម៉ាស៊ីន​ទី១ អនុភាព៣៥០មេ​ហ្គា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣ និង​ម៉ាស៊ីន​ទី២អនុភាព៣៥០មេ​ហ្គា​វ៉ា​ត់ ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២។ រយៈពេល​សម្បទាន៣៨ឆ្នាំ ក្នុងនោះ​រយៈពេល​សាងសង់៣ឆ្នាំ និង​រយៈ​ពេលធ្វើ​អាជីវកម្ម៣៥ឆ្នាំ ចំណែក​ថ្លៃ​លក់​អគ្គិសនី០,០៧២៩២ដុល្លារ​អាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕

ចំណេះដឹង! តើ​ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម​មាន​សារៈសំខាន់​ដូចម្ដេចខ្លះសម្រាប់​កម្មករ និយោជិត?

ដោយ ​វុត្ថា

ភ្នំពេញៈ ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម ជា​យន្ដការ​ដែលមាន​សារៈសំខាន់​បំផុត ហើយ​ត្រូវ​បានរៀបចំ គ្រប់គ្រង និង​ចាត់ចែង​ឡើង​ដោយ​រដ្ឋ ដើម្បី​ធានា​នូវ​សន្ដិសុខ​ប្រាក់ចំណូល នៅពេល​ជួប​ហានិភ័យ​សង្គម​នានា ដោយ​ទទួលបាន​តាវកាលិក​ជ​រា​ភាព តាវកាលិក​ទុព្វលភាព តាវកាលិក​មរណៈភាព តាវកាលិក​ហានិភ័យ​ការងារ តាវកាលិក​ថែទាំ​ព្យាបាល​វេជ្ជសាស្ដ្រ តាវកាលិក​ជម្ងឺ តាវកាលិក​គ្មាន​ការងារ​ធ្វើ និង​តាវកាលិក​គ្រួសារ។

របប​នេះ​ផ្ដោត​សំខាន់​ទៅលើ​របប​សន្ដិសុខ​សង្គម​ទាំង ៥ផ្នែក​សំខាន់​មាន​ជាអាទិ៍៖

  • ផ្នែក​ប្រាក់​សោធន៖ នៅពេលដែល​ពួកគេ​ចាស់ជរា ឬ​ធ្លាក់​ក្នុង​ទុព្វលភាព ឬ​មរណៈភាព​របស់​មេ​គ្រួសារ ដែល​ត្រូវ​ទទួលបាន​ប្រាក់​សោធន​ជរាភាព  ឬ​ប្រាក់​សោធន​ទុព្វលភាព  ឬ​ប្រាក់​សោធន ចំពោះ​អ្នក​នៅក្នុង​បន្ទុក​មាន​ប្ដី ឬ​ប្រពន្ធ​និង​កូន​នៅក្នុង​បន្ទុក ដែល​មិនទាន់មាន​លទ្ធភាព​រក​ប្រាក់ចំណូល។
  • ធានារ៉ាប់រង​ហានិភ័យ​ការងារ៖ នៅពេលដែល​ពួកគេ​មាន​គ្រោះថ្នាក់ នៅ​កន្លែងធ្វើការ​ឬ​ពេលធ្វើ​ដំណើរ ពី​លំនៅស្ថាន​ឆ្ពោះទៅ​កន្លែងធ្វើការ ឬ​វិល​មកវិញ​ដោយ​គ្មាន​វាង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ឬ​មាន​ជម្ងឺ​វិជ្ជាជីវៈ ពួកគេ​ត្រូវ​ទទួលបាន​តាវកាលិក ដែល​កើតឡើង​ដោយ​គ្រោះថ្នាក់​ការងារ ឬ​ជម្ងឺ​វិជ្ជាជីវៈ​ដែល​ទាក់ទង​នឹង​ការងារ​នោះ។
  • របប​ថែទាំ​សុខភាព៖ នៅពេលដែល​ពួកគេ​មាន​ជម្ងឺ ឬ​គ្រោះថ្នាក់​ជាយថាហេតុ និង​ទទួលបាន​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ក្នុងឱកាស​សម្រាក​មាតុភាព។
  • របប​និកម្ម​វេលា៖ ត្រូវ​ទទួល​អត្ថប្រយោជន៍​ពីរ​បប​នេះ នៅពេលដែល​ពួកគេ​ពុំមាន​ការងារ​ធ្វើ ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ក្នុងឱកាស​គ្មាន​ការងារ បណ្ដុះបណ្ដាល​មុខជំនាញ​ថ្មី ឬ​ជួយ​ស្វែងរក​ការងារ​ធ្វើ។
  • របប​គ្រួសារ៖ របប​នេះ​ច្រើនតែ​អនុវត្តន៍ នៅពេលដែល​សេដ្ឋកិច្ច​រីកចម្រើន ហើយ​រដ្ឋ​លើកទឹកចិត្ត​ជួយ​ផ្ដ​ត់​ផ្គង់ ដល់​គ្រួសារ​ណា​ដែលមាន​បន្ទុក​កូន​ច្រើន។ ការលើកទឹកចិត្ត​នេះ ច្រើនតែ​អនុវត្ត​នៅលើ​ប្រទេស​ជឿនលឿន ដែល​ពុំ​ចង់​បានកូន​ច្រើន​ក្នុង​គោលបំណង​ធានា​នូវ​ស្ថិរភាព និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​តាម រយៈ​កំណើនប្រជាជន​ស្របតាម​សូចនាករ​ប្រជារាស្ដ្រ៕

ក្រុមហ៊ុនចិនចំនួន៤ នឹងមកវិនិយោគវិស័យសំណង់នៅក្នុងខេត្តកំពង់ស្ពឺ

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ក្រុមហ៊ុនជំនាញសាងសង់ចំនួន៤ផ្សេងគ្នាមកពីប្រទេសចិន បានបង្ហាញពីគម្រោងរបស់ខ្លួនចូលមកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងខេត្តកំពង់ស្ពឺដោយការសាងសង់អគារខ្ពស់សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្មកម្រិតខ្ពស់នៅក្នុងតំបន់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទនៅថ្ងៃចុងសប្ដាហ៍នេះថា បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនចិនជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មផងដែរ។

លោកបញ្ជាក់ថា “ចាប់តាំងមានការថមថយនូវការរាតត្បាតជំងឺឆ្លង ក្នុងរយៈពេលជាង២ខែចុងក្រោយនេះ ពួកគេមកច្រើន (វិនិយោគិនចិន) ដែលក្នុងនោះមានទាំងអ្នកវិនិយោគចាស់ ដែលបានចាកចេញទៅមុនពេលផ្ទុះកូវីដ និងមានអ្នកថ្មី ដែលមកសិក្សាពីឱកាសវិនិយោគ រួមជាមួយនឹងការដាក់បង្ហាញពីផែនការរបស់ពួកគេ”។

គោលដៅនៃការវិនិយោគរបស់វិនិយោគិនជាជនជាតិចិននៅក្នុងខេត្តកំពង់ស្ពឺត្រូវបានលោកអភិបាលបញ្ជាក់ប្រាប់ថាក្រៅពីវិស័យឧស្សាហកម្មរោងចក្រសហគ្រាសខ្នាតធំនៅមានវិស័យកសិកម្មកម្រិតខ្ពស់ចាប់ពីចំណុចដាំដុះកែច្នៃវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ បន្ថែមពីនេះនៅមានការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យសាងសង់ជាអគារខុនដូនិងអាគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមន ហើយក៏មានគម្រោងវិនិយោគនៅក្នុងវិស័យអប់រំកម្រិតខ្ពស់ផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា “ស្ទើរតែគ្រប់សប្ដាហ៍ គឺតែងមានការទទួលជួបតំណាងធុរៈកិច្ចជនជាតិចិន ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានក្រុមហ៊ុនចិនដែលវិនិយោគ ក្នុងវិស័យអប់រំកម្រិតខ្ពស់មកបង្កើតសាកលវិទ្យាល័យដ៏ធំមួយ ក្រោយកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

លោកបានបញ្ជាក់ថា កាលពីដើមខែកន្លងទៅនេះ មានអ្នកតំណាងក្រុមហ៊ុនជំនាញផ្នែកសាងសង់នៅក្នុងប្រទេសចិនបានមកជួបពិភាក្សា និងបង្ហាញពីគម្រោងរបស់ខ្លួនចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារតែពួគគេបានឃើញពីសន្ទុះនៃភាពរីកចម្រើន ជាពិសេសជាតំបន់ដែលប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាសធំៗ ហើយពួកគេជឿជាក់ថា នៅថ្ងៃអនាគតកំពង់ស្ពឺនឹងក្លាយទៅជាខេត្តពាណិជ្ជកម្មដ៏ធំនៅកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ៕

ក្រុមហ៊ុនហូឡង់ចំនួន៤ វិនិយោគអគារខ្ពស់ដែលមានបរិស្ថានល្អបំផុតនៅលើពិភពលោក

ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនហូឡង់ចំនួន ៤ គឺក្រុមហ៊ុន KCI The Engineers ក្រុមហ៊ុន Bosch Rexroth ក្រុមហ៊ុន HILLEBRAND និង ក្រុមហ៊ុន NorthernLight បានសហការគ្នាវិនិយោគលើការសាងសង់អគារខ្ពស់ដែលមានបរិស្ថានល្អបំផុតនៅលើពិភពលោក។

តាមការចុះផ្សាយរបស់ interestingengineering.com បានឱ្យដឹងថា អគារនេះ បំពាក់ទៅដោយជណ្តើរយោងប្រើប្រាស់អគ្គិសនីសូឡាដែលមានភាពទាក់ទាញសម្រាប់អ្នកធ្វើដំណើរឡើង-ចុះ និង មានរចនាបបទបរិស្ថាន និងធម្មជាតិដែលមានខ្យល់អាកាសចេញចូលប្រកបដោយផាសុកភាពបំផុតនៅលើពិភបលោក ។

ក្រុមវិស្វករឱ្យដឹងថា អគារនេះ ប្រើប្រាសប្រព័ន្ធសូឡាទាំងអស់ដោយបានពាក់នៅខាងលើអគារ។ រចនាសម្ព័ន្ធនេះ ត្រូវបានរួមបញ្ចូលវិស្វកម្មកម្រិតខ្ពស់ដោយប្រើប្រាស់ សំណង់ ដែក និងបច្ចេកវិទ្យាចលនាអគ្គិសនីដើម្បីបង្កើតគម្រោងនេះ។

សម្រាប់កន្ត្រក់យោងដឹកអ្នកដំណើរដែលរួមបញ្ចូលនៅក្នុងអាគារនឹងត្រូវគ្រប់គ្រងដោយប្រព័ន្ធត្រួតពិនិត្យឆ្លាតវៃដែលនឹងកាត់បន្ថយចំណាយថាមពល និងតំហែទាំតម្រូវការ។ កន្ត្រក់យោង (Cabins)នឹងបង្កើតថាមពលអគ្គីសនីពីថាមពលសក្តានុពល នៅពេលយោងចុះ យោងឡើង ដែលមើលទៅវាមានភាពអស្ចារ្យជាទីបំផុត។

អគារនេះ ត្រូវបានគេរំពឹងថានឹងសាងសង់កំពស់ចាប់ពី ៦០ ទៅ ១៥០ ម៉ែត្រ ដោយប្រើប្រាស់ជណ្តើរយោង (Cabins) ចំនួនប្រមាណ ៤ ឬច្រើនជាងនេះ ដោយក្រុមអ្នកវិស្វករបានទាញឥទ្ធិពលពី គម្រោង London Eye ប៉ុន្តែចង់ធ្វើឱ្យអ្វីមួយមាននិរន្តរភាព។

កន្ត្រកយោងនីមួយៗ នឹងអាចផ្ទុកមនុស្សប្រមាណ ១២ នាក់ ហើយរាល់ការប្រើប្រាស់នឹងអាចត្រូវប្រើរយៈពេល ៣ ទៅ ១០ នាទី តែយ៉ាងណានេះគេមិនទាន់បានកំណត់កម្ពស់នៅឡើយ។ នៅតាមបង្អួចនៃកន្ត្រក់យោងគេអាចមើលទេសភាពនៃទីក្រុងដ៏ស្រស់ស្អាតដែលកំពុងកើត និងរីកចំរើន។

អគារនេះ ត្រូវបានគេរំពឹងថា នៅពេលសាងសង់រួចរាល់នាពេលខាងមុខនេះ នឹងទាក់ទាញភ្ញៀទេសចរប្រមាណ ពីកន្លះលាន ទៅ ៣ លាននាក់ជារៀងរាល់ឆ្នាំ៕

ស្ថាប័ន​អន្តរជាតិ​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​កំនើន​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​បន្ទាប់

ដោយ​ប៊ី

ភ្នំពេញៈ ស្ថាប័ន​អន្តរជាតិ ដែល​ធ្វើ​ការវិភាគ​លើ​សេដ្ឋកិច្ច​ក្នុង​តំបន់ គឺ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន (AMRO) បាន​អះអាងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ៦.៥ ភាគរយ​នៅ​ឆ្នាំ២០២១ ។

ស្ថានភាព​លំបាក​នេះ ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​របាយ​ការណ៍​បច្ចុប្បន្នភាព ក្នុង​ខែសីហា នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​បូក៣ ឆ្នាំ២០២០ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី៧ ខែសីហា​កន្លងមកនេះ។

របាយការណ៍​បានឱ្យដឹងថា “កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ​ពី​ការព្យាករណ៍​កាលពីមុន២,៧ ភាគរយ​ដល់-១,៨ ភាគរយ ហើយ​បាន​កែប្រែ​ការព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ចន្លោះ​ពី៦.៨ ភាគរយ​មក៦.៥នៅ​ឆ្នាំ២០២១” ។

នៅក្នុង​តំបន់​អាស៊ាន មានតែ​ប្រទេស​ប្រ៊ុយណេ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ប៉ុណ្ណោះ ដែល​អាច​រក្សាបាន​នូវ​កំណើន​ជា​វិជ្ជមាន​នៅ​ឆ្នាំនេះ។

ប្រទេស​ឡាវ អាច​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន០,៥ ភាគរយ មី​យ៉ាន់​ម៉ា ១,១ភាគរយ ប្រ៊ុយណេ១,៦ ភាគរយ និង​វៀតណាម៣,១ ភាគរយ។

សេដ្ឋកិច្ច​របស់​ឥណ្ឌូនេស៊ី​នឹង​ធ្លាក់ចុះ -០,៨ ភាគរយ កម្ពុជា -១,៨ ភាគរយ ម៉ាឡេស៊ី -៣,២ ភាគរយ​សឹង្ហ​បុរី -៦ ភាគរយ ហ្វីលីពីន -៦,៦ ភាគរយ និង​ថៃ -៧,៨ ភាគរយ។

សម្រាប់​ឆ្នាំក្រោយ​ការិយាល័យ AMRO ព្យាករណ៍​វិជ្ជមាន​បន្ថែមទៀត ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រ៊ុយណេ​នឹង​កើន៣,១ភាគរយ ថៃ និង​ឡាវ​មាន​កំណើន៤,៦ភាគរយ ឥណ្ឌូណេស៊ី៥,២ ភាគរយ ម៉ាឡេស៊ី៥,៧ ភាគរយ មី​យ៉ាន់​ម៉ា៦,២ ភាគរយ​ក ម្ពុ​ជា និង​ហ្វីលីពីន៦,៥ ភាគរយ ខណៈ​សឹង្ហ​បុរី និង​វៀតណាម​មាន​កំណើន៧ភាគរយ។

ជំងឺ​រាតត្បាត COVID-១៩ នៅតែ​បន្ត​មាន​ស្រមោល​ងងឹត និង​មិន​ច្បាស់​លើ​ចក្ខុវិស័យ​នៃ​កំណើនសេដ្ឋកិច្ច ដែល​បានធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ចពិភពលោក ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០២០ ។

លោក Hoe Ee Kh ប្រធាន​សេដ្ឋវិទូ AMRO មានប្រសាសន៍ថា “យើង​រំពឹងថា​ការ​ងើប​ឡើងវិញ​ជា​រាង​អក្សរ U ជាបណ្តើរៗ នៅក្នុង​តំបន់​អាស៊ាន​បូក៣ ដែល​នាំមុខ​ដោយ​ប្រទេស​ចិន។ លោក​បន្តថា “កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំនេះ​ពី៤,៨ ភាគរយ​នៅក្នុង​ឆ្នាំ ២០១៩ មក​សូន្យ​ភាគរយ មុនពេល​ស្ទុះ​ងើបឡើង​ខ្លាំង​ដល់៦,០ ភាគរយ​នៅ​ឆ្នាំ២០២១” ។

លោក​បាន​បន្ថែមថា សមាជិក​ចំនួន៩ ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង១៤ ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ។

លោក Li Lian Ong ប្រធាន​ក្រុម និង​អ្នកជំនាញ​នាំមុខ​សម្រាប់​ក្រុម​អ្នកបង្កើត​គោលនយោបាយ​អាស៊ាន​បូក៣បាន​និយាយថា ក្នុង​ឆមាស​ទី២ ឆ្នាំ ២០២០បញ្ហា​ប្រឈម​ធំ​បំផុត ដែល​អាស៊ាន​កំពុង​ប្រឈម គឺ​ការគ្រប់គ្រង​ការចាកចេញ​ពី​វិបត្តិ ជំងឺ​រាតត្បាត​នឹង​ជា​គន្លឹះ​សម្រាប់​ស្ថេរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់៕

បច្ចុប្បន្នភាព៖ បឹង​ទន្លេសាប​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​រីងស្ងួត?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជំរុញ​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈដែល​អាង​ទន្លេមេគង្គ​ក្រោម​ប្រឈម​នឹង​កំណត់ត្រា​លំហូរ​ទឹក​ទាប អស់​រយៈពេល២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើឱ្យ​បឹង​ទន្លេសាប​របស់ ប្រទេស​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់ ដល់​កម្រិត​ទាប​បំផុត។ នេះ​បើ​យោងតាម​របាយ ការណ៍ របស់ គណៈកម្មការ​ទន្លេមេគង្គ។

របាយការណ៍​របស់ MRC ដែល​បាន​ពិនិត្យ​លើ​ស្ថានភាព​ជលសា​ស្ត្រ ក្នុង​អាង​ទន្លេ មេគង្គ​ក្រោម អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់​នូវ​បុព្វហេតុ​បឋម​ជាច្រើន ដែល​អាច​បង្កឱ្យមាន​លំហូរ​ទឹក​ទាប និង​គ្រោះរាំងស្ងួត​សម្រាប់​ឆ្នាំនេះ។

មូលហេតុ​ទាំងនោះ រួមមាន បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី ដែល​បង្កដោយ​បាតុភូត​អាកាស ធាតុ អែល នី​ណូ (El Nino)  ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូសបន្លាយ ចាប់ពី​ឆ្នាំ២០១៩មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ។ សម្រាប់​លំហូរ​ទាប​បែបនេះ បានធ្វើឱ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ“ស្ថានភាព​ស្ងួត​ខ្លាំង”ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ទឹក ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​កំណត់ត្រា​គិត​ចាប់ពី​ឆ្នាំ១៩៩៧មក។

លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈ កម្ម​ការ​ទន្លេមេគង្គ (MRC) បាន​អំពាវនាវ​ឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ បង្កើន​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់​សា​ម៉ី ប្រទេស ជាមួយនឹង MRC ឱ្យបាន​រហ័ស និង​ប្រកបដោយ​តម្លាភាព។

លោក​បណ្ឌិត​បានបញ្ជាក់​ថា “វា​ដល់ពេល​ហើយ ដែល​ប្រទេស​ទាំងអស់ ត្រូវ​អនុវត្តន៍​នូវ​អ្វីដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​រួម សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍ ដែល​រង​ផលប៉ះពាល់” ។

បើតាម​របាយការណ៍រ​បស់ MRC បាន​បង្ហាញថា លំហូរ​ទាប​នាពេល​បច្ចុប្បន្ន អាច នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​ប្រទេស​កម្ពុជា ដោយសារ​ការបាត់បង់​នូវ​សក្តានុពល​ជលផល និង​ធារាសាស្ត្រ។ ប្រទេស​វៀតណាម អាច​នឹង​ជួបប្រទះ​ការកាត់បន្ថយ​ផលិតកម្ម​ស្រូវ លើដី សណ្ត ហើយ​ផលិតផល​កសិកម្ម​ក្នុងប្រទេស​ឡាវ និង​ថៃ ក៏​អាច​នឹងរង​ផលប៉ះពាល់​ផងដែរ។

ក្រៅពីនេះ​អតុល្យភាព​បែប​អេកូឡូស៊ី អាច​នឹង​កើតមាន​ដោយសារ​បម្រែបម្រួល ខ្លាំង​នៃ​ការកំណត់​ពេល ថេរៈវេលា និង​វិសាលភាព​នៃ​ការ​ជន់​លិច​ក្នុង​បឹង​ទន្លេសាប  និង តំបន់​លិច​ទឹក​ជុំវិញ​បឹង​នេះ។ ស្ថានភាព​បែបនេះ អាច​នឹង​ធ្វើឱ្យ​ការបន្ត​ពូជ​ត្រី​ថយចុះ ដោយ សារ​ការបាត់បង់​នូវ​តំបន់​លូតលាស់​នានា ដែល​ជ​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​មច្ឆា សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃទៀត។

គេ​ព្យាក​ណ៍​ថា ការធ្លាក់ចុះ​នៃ​ទិន្នផល​ត្រី​អាច​នឹង​កើតមានឡើង ដែល​បញ្ហា​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង សម្រាប់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត នៅក្នុង​តំបន់។

បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ និង​មាន​ផលិតភាព​ខ្ពស់បំផុត នៅក្នុង​អាស៊ី​អ​គ្នេ​យ៍។ បឹង​នេះ​ត្រូវបាន​ចាត់ទុកជា​ទីជម្រក ជីវចម្រុះ​មួយ​ក្នុង​ពិភពលោក និង​ជា​រោងចក្រ​ត្រី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ។  ជាទូទៅ​លំហូរ​ទឹក​ត្រឡប់​ចូល​បឹង​ពី​ទន្លេមេគង្គ កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែលមាន រយៈពេល ១២០ថ្ងៃជា​មធ្យម។ ប៉ុន្តែ​នៅ​ឆ្នាំនេះ លំហូរ​ត្រឡប់​នៅក្នុង​បរិមាណ​ប្រក្រតី នៅ​មិនទាន់​កើតមាន​ទេ បើទោះបី​ជាមាន​លំហូរ​បរិមាណ​តិច​បំផុត​ពីរដង​នៅក្នុង​ខែកក្កដា​ក្តី៕

អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​កម្ពុជា​ត្រូវការ​ពេល​យូរ​បន្ថែម​ទើបមាន​ស្ថានភាព​ប្រសើរឡើង

ដោយ វុត្ថា

ភ្នំពេញៈ អ្នកជំនាញ​បាន​មើលឃើញថា វិស័យ​អចល​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវការ​ពេលវេលា​យូ​បន្ថែមទៀត ទើប​មាន​ស្ថានភាព​ដូចដើម បើទោះបី​បច្ចុប្បន្ននេះ​វិស័យនេះ ហាក់​មាន​សន្ទុះ​បន្តិច​យ៉ាងណាក្តី។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេល​ថ្មី​នេះ​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ទាំង​នៅ​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្ត​ដែលមាន​សក្តានុពល ហាក់​មាន​សកម្ម​កំរើក​បន្តិច តែ​មិន​ដូច​កាលពីមុន​នោះទេ ។

លោក​បន្តថា “វិស័យ​អចលនទ្រព្យ​កម្ពុជា​ទាមទា​ពេលវេលា​យូ​ទៀត គឺ​នៅពេលដែល​ពិភពលោក រកឃើញ​នូវ​វាក់​សាំង​ព្យាបាល​នូវ​ជំងឺ Covid-19 និង​គ្រប់គ្រង​បាន​ទាំង ស្រុង ទើប​វិស័យ​អចលនទ្រព្យ​កម្ពុ​ជាមាន​សន្ទុះ​រីកចំរើន​ឡើងវិញ” ។

លោក​បន្ថែមទៀតថា បច្ចុប្បន្ន​សកម្មភាព​នៃ​ការទិញ លក់​អចលនទ្រព្យ​គឺ​កើតមាន​ដោយសារតែ​អ្នក​វិយោគ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ ដែល​ចំនួន​នេះ នៅ​មិនអាច​ទ្រទ្រង់ និង​លើក​វិស័យនេះ ឱ្យមាន​ភាពល្អប្រសើរ​ដូច​កាលពី​ឆ្នាំ​នោះ​ណាស់។

លោកស្រី​អាន សុ​ធិ​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia  បានឱ្យដឹង​ដែរ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​ត្រូវ​ពឹងផ្អែក​មួយ​ភាគ​ធំ​ទៅលើ​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​មកពី​ក្រៅ​ស្រុក ជាពិសេស​ប្រទេស​នៅក្នុង​តំបន់ ដូចជា​កូរ៉េ ហុងកុង ជប៉ុន សឹង្ហ​បុរី ជាពិសេស​ប្រទេស​ចិន ដែល​ស្ថិតនៅ​លេខ​រៀង​កំពូល លើ​ការវិនិយោគ​នៅ​កម្ពុជា។

លោកស្រី​បញ្ជាក់ថា “ទីផ្សារ​មួយ​នេះ ចាំបាច់​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់​មួយឆ្នាំ ឬ​លើសពីនេះ បើទោះជា​ថ្នាំ​បង្ការ​ត្រូវបាន​បណ្តា ប្រទេស​ជឿនលឿន​មួយចំនួន​អះអាងថា​បាន​រកឃើញ​ក៏ដោយ” ។ លោកស្រី​បន្តថា“មុនពេល​អ្នកវិនិយោគ​អន្តរជាតិ​ទាំងនោះ​ចូលមក​កម្ពុជា ទាល់តែ​ស្ថានភាព​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​របស់គេ​មាន​ភាពល្អប្រសើរ​ជាមុនសិន” ។

លោកស្រី​អាន សុធី​តា​បាន​បន្ថែមថា  សេដ្ឋកិច្ចពិភពលោក​ទាំ​ង​មូល បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ covid-19 ក្នុងនោះ​កម្ពុជា​ក៏បាន​ទទួលផល​ប៉ះពាល់​ផងដែរ​លើ​វិស័យ​សំខាន់​ជាច្រើន រួមមាន​វិស័យ​សំណង់ និង​អចលនទ្រព្យ។

វិស័យ​អចលនទ្រព្យ និង​សំណង់​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​រីកចំរើន​ខ្លាំង ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ និង​ផ្តល់នូវ​កម្លាំង​ពលកម្ម​ជាច្រើន​ដល់​ពលរដ្ឋ​កម្ពុជា ។

ចាប់តាំងពី​ចុងឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០នេះ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ហេតុផល​ជាច្រើន រួមមាន បិទ​ហ្គេម​អន​ឡាញ ការវិលត្រឡប់​ទៅវិញ​របស់​វិនិយោគិន​ចិន និង​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ ១៩ ដែល​ធ្វើឱ្យ​វិស័យ​ដែលជា​សសរស្តម្ភ​សេដ្ឋកិច្ច​មួយ​នេះ​ធ្លាក់ចុះ​យ៉ាងខ្លាំង៕

តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​នៅ​កម្ពុជា​ធ្លាក់ចុះ ខណៈ​ម្ចាស់​អាគារ​ជួ​លប​ញ្ជុះ​តម្លៃដើម្បី​រក្សា​អតិថិជន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 បាននិងកំពុង​បង្ក ផលប៉ះពាល់​វិស័យ​ជាច្រើន​នៅ​កម្ពុជា ខណៈ​តម្លៃ​អា​ផាត​មិន​ជួល​បាន​ធ្លាក់ចុះ ដោយសារតែ​វិបត្តិ​សុខាភិបាល​សាកល​នេះ។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញថា អា​ផាត​ម៉ិ​ន​ជួល Grade A មានតម្លៃ​ជួល ១៩,២៤ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ នៅ​ឆមាស​ទី១ ឆ្នាំ២០២០ និង​បាន​ធ្លាក់ ១៣.៤ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​តម្លៃ​ជួល ២២.២៣ ដុល្លារ។

អា​ផាត​មិន​ជួល​កម្រិត Grade B មានតម្លៃ​ជួល ១៥,៤៤ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ឆមាស​ទី១ ឆ្នាំ២០២០ ធ្លាក់ចុះ ១០.១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​តម្លៃ​ជួល១៧.១៥ដុល្លារ។ របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា អា​ផា ត​ម៉ិ​ន​ជួល​បាន​ប្រឈម​នឹង​អត្រា​ទំនេរ​ច្រើន ខណៈ​ម្ចាស់​អា​ផាត​ម៉ិ​ន​បានធ្វើការ​បញ្ចុះតម្លៃ ដើម្បី​រក្សាបាន​នូវ​ការជួល។

ជាមួយនេះដែរ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យមាន​ការបញ្ចុះ​តម្លៃ​នៃ​អាគារ​ជួល​អាជីវកម្ម នាពេល​កន្លងមកនេះ ម្ចាស់​អគារ​ជួល​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា បានចាប់ផ្តើម​បញ្ចុះតម្លៃ​ជួល​របស់ខ្លួន​ប្រមាណ៣០ ទៅ៥០ ភាគរយ ដើម្បី​រក្សា​អតិថិជន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Basac Realty លោក នី ទី​ណាត បានឱ្យដឹង​ដែរ​ថា មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត​សម្រាប់​ជួល​នោះទេ ភាគច្រើន​កំពុង​ប្រឈម ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។

លោក​ថ្លែងថា “ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន​បម្រើសេវា​ខ្លះ ក៏​ជួប​បញ្ហា​ដូចគ្នា ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

ជាការ​ចូលរួម​លើកស្ទួយ​វិស័យនេះ ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ លោក នី ទី​ណាត បានផ្តល់​ជា​យោបល់​ថា ម្ចាស់​អាគារ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ អាគារ​សម្រាប់​ជួល គួរតែមាន​ការបន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី៣០ ទៅ៥០ភាគរយ នៃ​តម្លៃ​ចាស់ ទម្រាំ​វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ៕