ដោយគង់ សូរិយា
ភ្នំពេញៈ គំរោងសិក្សាសាងសង់រថភ្លើងល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប និងតភ្ជាប់ទៅកាន់ទីក្រុងប៉ោយប៉ែត ហាក់ស្ថិតក្នុងមន្ទិលឬភាពមិនច្បាស់លាស់នៅឡើយ។
អ្នកនាំាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសិក្សាលើផែនការសាងសង់ខ្សែរថភ្លើងល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងសៀមរាប និងក្រុងប៉ោយប៉ែត លោកមិនមានព៌តមានជាក់លាក់នៅឡើយទេ។
លោកបន្តថា “ទោះបីជាមានក្រុមហ៊ុនសិក្សា ក៏គេមិនទាន់ទម្លាក់ឬបញ្ចេញរបាយការណ៍មកក្រសួងនៅឡើយ ហេតុនេះខ្ញុំមិនទាន់បានទទួលព៌តមាន ពីគំរោងនេះសិក្សាចប់ឬយ៉ាងណាឡើយ”។
ទោះជាយ៉ាងណានាពេលកន្លងមក ក្រុមហ៊ុនចិនមួយចំនួនធ្លាប់បានជួបជាមួយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្នើសុំសិក្សាគំរោងដ៏ធំ និងទំនើបនេះ ហើយជាលទ្ឋផលក្រសួងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនសិក្សាលើគំរោងនេះ ប៉ុន្តែលទ្ឋផលបែបណាមិនទាន់ មានការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តីថាបានបញ្ចប់ឬយ៉ាងណានៅឡើយទេ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណធ្លាប់បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ កាន់តែច្រើន ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ដោយសារបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ជារឿងប្រឈមមួយក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឲ្យការដឹកជញ្ជូនមានតម្លៃថ្លៃនៅកម្ពុជា ធៀបជាមួយប្រទេសក្នុងតំបន់ ហេតុនេះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ ហើយរដ្ឋាភិបាលបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្ម ប៉ុន្តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋត្រូវការពេលយូរ មិនមែបសង់ចប់មួយខែឬមួយថ្ងៃទេ។
លោកបន្តថា “ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលជាតម្រូវការចាំាំបាច់សំរាប់រុញសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំណាក់កាលថ្មីមួយទៀត”៕






