អ្នកជំនាញៈស្រុកឧដុង្គជាទីតាំងស្នូលនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ក្នុងខេត្តកំពង់ស្ពឺ

0

ដោយ ហ្សូលី

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ស្រុកឧដុង្គ ជាទីតាំងវិនិយោគសំខាន់ក្នុងខេត្តកំពង់ស្ពឺ សម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យជាច្រើនប្រភេទ ដូចជា បុរីលំនៅដ្ឋាន ដីឡូតិ៍ ពិសេសការបង្កើតរោងចក្រសហគ្រាស់ខ្នាតតូចធំ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃតំបន់អាស៊ាន និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Propertyareaasiaនៅក្នុងកិច្ចសម្ភាសនៅថ្ងៃទី២៤ វិច្ឆិកានេះថា ខេត្តកំពង់ស្ពឺ គឺជាទិសដៅនៅក្នុងការអភិវឌ្ឍក្រុង សព្វថ្ងៃរាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្តានុពលនៅក្នុងការអភិវឌ្ឍនៅក្នុងវិស័យអចលនវត្ថុ តាមរយៈការផ្តល់ឱកាសឱ្យប្រជាជនក្នុងតំបន់នោះ។

លោកបន្តថា “រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍ គម្រោងពង្រីកតំបន់ឧស្សាហកម្ម ឬហៅថា Industral Zone ទៅកាន់ខេត្តកំពង់ស្ពឺតែម្តង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឧដុង្គ។ តំបន់នេះគឺជាតំបន់ដែនឹងត្រូវអភិវឌ្ឍជា Industrial zone នាពេលអនាគត”។

ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានថ្លែងថា វិស័យអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺ មានភាពទាក់ទាញកាន់តែខ្លាំងប្រមាណ២ឆ្នាំ ចុងក្រោយនេះ ដោយមានគម្រោងវិនិយោគរោងចក្រ សហគ្រាសនិងលំនៅឋានថ្មីៗជាច្រើនសាងសង់នៅទីនោះ។ ក្នុងនាមជាខេត្តដែលកំពុងមានសក្តានុពលខ្ពស់ លើវិស័យអចលនទ្រព្យ ខណៈបច្ចុប្បន្នមានអ្នកវិនិយោគកាន់តែច្រើន បាននាំគ្នាទៅសង់លំនៅឋានឬពុះដីឡូត៍លក់ជាបន្តបន្ទាប់។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា វិនិយោគិនបានចាប់អារម្មណ៍លើការវិនិយោគជាច្រើន ក្នុងទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសទីតាំងដែលមានការចាប់អារម្មណ៍ខ្លាំង គឺនៅតាមបណ្តោយជាតិលេខ៤៤ ផ្លូវជាតិ៥១ និងផ្លូវជាតិ៤១ ដែលជាផ្លូវជាតិដ៏មានសក្តានុពលក្នុងការវិនិយោគ និងមានសេដ្ឋកិច្ចល្អ។

លោកបន្តថា “សម្រាប់ខេត្តកំពង់ស្ពឺវិញ គឺមិនថយចុះនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យឡើយ ដោយទទួលបានការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យជាច្រើនពីអ្នកអភិវឌ្ឍន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here