ដោយវុត្ថា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមើលឃើញថា វិនិយោគិនសឹង្ហបុរីបាននិងកំពុងអភិវឌ្ឍន៍លើផ្នែកសំណង់ជាច្រើននៅកម្ពុជា ជាពិសេសវិស័យខុនដូនិងផ្នែនកជាច្រើនទៀត។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាម្សិលមិញនេះឱ្យដឹងថា កន្លងមកនេះវិនិយោគិនសឹង្ហបុរី ធ្លាប់បានប្រាប់សភាពាណិជ្ជកម្មកម្ពុជាថា កម្ពុជាគឺជាប្រទេសទី៤ នៃគោលដៅវិនិយោគរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន ប៉ុន្តែបច្ចុប្បន្ននេះមិនដឹងថាប្រទេសនេះ បានចាត់ចំណាត់ថ្នាក់កម្ពុជាទីប៉ុន្មាននោះទេ។
ទោះជាយ៉ាងណា លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្ននេះ វិនិយោគិនសឹង្ហបុរីបាននឹងកំពុងសាងសង់ គម្រោងខុនដូជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏មានការវិនិយោកនាំចូលនាំចេញ (Logistics) ច្រើនផងដែរ” ។
លោកឧកញ៉ា បន្ថែមថា កន្លងមកនេះ វិនិយោគិនសឹង្ហបុរីក៏បាននាំយកនូវតារាល្បីរបស់ខ្លួន មកធ្វើជាទូតសុឆន្ទៈសម្រាប់ផ្សព្វផ្សាយ ពីគម្រោងខុនដូរបស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកឧកញ៉ាបន្ថែមថា “វិនិយោគិនសឹង្ហបុរីនៅតែសំឡឹងមើលឃើញកម្ពុជា ជាគោលដៅវិនិយោគរបស់ខ្លួន ព្រោះប្រទេសសឹង្ហបុរី និងកម្ពុជានៅមិនឆ្ងាយនោះទេ ដោយធ្វើដំណើរតាមជើងយន្តហោះ ត្រូវចំណាយពេលប្រហែល២ម៉ោងកន្លះប៉ុណ្ណោះ នឹងដល់គោលដៅ” ។
លោកឧកញ៉ាបញ្ជាក់ទៀថា កម្ពុជា មានផ្ទៃដីសម្រាប់ឱ្យវិនិយោគិនសឹង្ហបុរី ធ្វើការវិនិយោគលើផលិកម្មកសិកម្ម សម្រាប់ធ្វើការនាំចេញទៅប្រទេសខ្លួនផងដែរ។
លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយនឹង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះឱ្យដឹងថា វិនិយោគិនសឹង្ហបុរីនឹងបន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យសំណង់ ក្រោយចប់ជំងឺកូវីដ១៩ ។
លោកថ្លែងថា “បន្ទាប់ពីជំងឺរាតត្បាតជាសាកល Covid-19 មានភាពធូរស្រាល ស្ថានទូតសឹង្ហបុរីជឿជាក់ថា នឹងមានវិនិយោគគិនសិង្ហបុរីជាច្រើន នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលឱកាសវិនិយោគ ជាពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ” ។
វិនិយោគិនសឹង្ហបុរីដែលវិនិយោគអចលនទ្រព្យលេចធ្លោជាងគេនៅកម្ពុជា មានដូចជាក្រុមហ៊ុន Oxley Holding ដែលបានសហការជាមួយក្រុមហ៊ុន World Bridge Land International របស់លោកឧកញ៉ាសៀ រិទ្ឋី សាងសង់គំរោង The Bridge, The PeAK, ផ្សារទំនើប The Capital ដែលនឹងបើកដំណើរការនៅក្នុងគំរោង The Bridge នាពេលខាងមុខ៕