ការកើនឡើងនៃកម្ចីអចលនទ្រព្យបង្ហាញថា វិស័យនេះនៅតែដើរឆ្ពោះទៅមុខ ទោះស្ថិតក្នុងពេលមានវិបត្តិ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ កម្ចីអចលនទ្រព្យ មានទំហំទឹកប្រាក់ដល់ទៅ ៤,៦៩ពាន់លានដុល្លារគិតរហូតដល់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ដែលបញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តដំណើរទៅមុខ បើទោះបីជាវិស័យនេះរងផលប៉ះពាល់វិបត្តិជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ចេញផ្សាយកាលថ្មីៗនេះ បានឱ្យដឹងថា នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលចំនួន ៩,១១ ពាន់លានដុល្លារ ដែលក្នុងនោះកម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥១,៥១% ឬស្មើនឹង៤,៦៩ពាន់លានដុល្លារ ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៧,៩០%។

បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម ១០,៥៨% នៃចំនួនគណនីសរុប, ក៏ប៉ុន្តែចំនួននេះមានទំហំច្រើនជាងពាក់កណ្តាលនៃសមតុល្យឥណទានសរុប។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៥៨% ប៉ុណ្ណោះ។
ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម ៥៣% នៅត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០នេះ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រាប់កាលពីថ្មីៗនេះថា កាលពីចុងខែតុលា ឆ្នាំ ២០២០ ធនាគាររបស់លោកមានកម្ចីសរុបចំនួន ៤១៥ ២០២ ដោយទឹកប្រាក់កម្ចីសរុបមានចំនួន ៤ ០៨៨ ១៩៤ ២៩៤ ដុល្លារអាមេរិក ក្នុងចំណោមនោះកម្ចីទិញផ្ទះមានចំនួន ៦ ៥០១ (ឬ ១,៥៧ ភាគរយនៃកម្ចីសរុប) និងផលបត្រកម្ចីទិញផ្ទះស្មើនឹង ១៦២ ៧៣១ ៦៦៩ ដុល្លារអាមេរិក ឬ ៣,៩៨ ភាគរយនៃកម្ចីសរុប។

ទំហំកម្ចីជាមធ្យមសម្រាប់កម្ចីទិញផ្ទះគឺ ២៥ ០៣២ ដុល្លារអាមេរិក។
ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ខែតុលា ឆ្នាំ ២០១៩) ធនាគារនេះមានកម្ចីសរុបចំនួន ៣៩៩ ៧០៨ ជាមួយនឹងកម្ចីសរុបមានចំនួន ៣ ៦៥៦ ០០៨ ៤០៧ ដុល្លារអាមេរិក ក្នុងចំណោមនោះកម្ចីទិញផ្ទះមានចំនួន ៧ ៥២២ ឬ ១,៨៨ ភាគរយនៃកម្ចីសរុប និងផលបត្រកម្ចីទិញផ្ទះមានចំនួន ១៨៨ ០៦០ ៣៨៥ ដុល្លារអាមេរិក ឬ ៥,១៤ ភាគរយនៃកម្ចីសរុប។ ទំហំកម្ចីជាមធ្យមមានចំនួន ២៥ ០០១ ដុល្លារ។

លោក ចាន់នី បានថ្លែងថា “យើងឃើញថា ធនាគារអេស៊ីលីដា មានការតឹងរ៉ឹងយ៉ាងខ្លាំង ហើយធនាគារមិនបានផ្ដល់កម្ចីច្រើនសម្រាប់ហិរញ្ញវត្ថុទិញផ្ទះនោះទេ។ នៅឆ្នាំនេះ កម្ចីនេះតិចជាងកាលពីឆ្នាំមុន”។
លោក បានឱ្យដឹងទៀតថា “កម្ចីទិញផ្ទះគឺជាកម្ចីរយៈពេលវែង ដូច្នេះបើសិនជាយើងផ្ដល់កាន់តែច្រើន វានឹងបង្កឱ្យមានភាពមិនស៊ីគ្នានៃទ្រព្យសកម្មរបស់យើង និងបំណុលរបស់យើង។ នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលយើងមិនបានផ្ដល់កម្ចីទិញផ្ទះចំនួនច្រើននោះទេ។ ម្យ៉ាងវិញទៀតធនាគារអេស៊ីលីដាផ្ដោតការយកចិត្តទុកដាក់លើហិរញ្ញវត្ថុកម្ចីទិញផ្ទះដែលជាម្ចាស់ដើម”។

ទោះបីជាយ៉ាងណាក៏ដោយ ប្ររធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម ធ្លាប់មានប្រសាសន៍ថា ក្នុងដំណាក់កាលនៃកម្ពុជាកំពុងជួបវិបត្តិនេះ រាល់ដំណើរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមានការថមថយខ្លះ ក្នុងចំណោមនេះ កាវិនិយោគអាចនឹងមានផលប៉ះពាល់ខ្លះក្នុងរយៈពេលខ្លី។
លោកបន្តថា “យ៉ាងណាក៏ដោយស្ថាប័នធនាគារ និងហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងផ្តល់កញ្ចប់កម្ចីពិសេសណាមួយ សម្រាប់ជូនដល់អ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យ និងអ្នករកស៊ីអាជីវកម្មផ្សេងៗ ដើម្បីស្រោចស្រងវិស័យអចលនទ្រព្យ និងអាជីវកម្មនានាអាចរស់បាន”។
លោកសុខនីមថ្លែងថា ធនាគារ និងស្ថាប័នមីក្រូហរិញ្ញវត្ថុ អាចចូលរួមជួយស្រោចស្រង់ និងដោះស្រាយវិបត្តិនេះបាន ដោយការមានយន្តការបង្កើតកញ្ចប់កម្ចីពិសេស រយៈពេលខ្លីក្នុងសម័យវិបត្តិកូវីដ១៩នេះ ជូនដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនបុរី ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងអាជីវកម្មដទៃទៀត ដើម្បីដោះស្រាយការស្ទះសាច់ប្រាក់បង្វិលរយៈពេលខ្លីរបស់ម្ចាស់អាជីវកម្ម។ កញ្ចប់កម្ចីពិសេសនេះ អាចជាកម្ចីរយៈពេលខ្លី៣ ទៅ៦ខែ ក្នុងអាត្រាការប្រាក់ទាប ឬពិសេសណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here