រដ្ឋាភិបាលជំរុញឱ្យរដ្ឋបាលខេត្តកោះកុងសហការជាមួយក្រុមហ៊ុនវិនិយោគនៅតំបន់កោះយ៉ឱ្យសម្រេចតាមផែនការ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតារមយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យរដ្ឋបាលខេត្តកោះកុង សហការ និងជួយសម្រួលដល់ ក្រុមហ៊ុន ស៊ឡាញ ដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់កោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាឱ្យទទួលបានជោគជ័យ។

លោក អ៊ុក ភ័ក្ត្រា អភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង នៅក្នុងពិធីដឹកនាំអាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនៅខេត្តកោះកុង គណៈប្រតិភូបានចុះទៅពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ឡាញ នៅតំបន់កោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោកបន្តថា ក្រុមការងារខេត្តចូលរួម ជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចុះមកពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមនីយដ្ឋាននានាជាមួយរដ្ឋាភិបាល។

លោកបន្ថែមថា តាមរយៈការពិនិត្យគម្រោងទាំងនេះ ប្រធានគណៈប្រតិភូបានសំណូមពរមករដ្ឋបាលខេត្តបន្តកិច្ចសហការ និងសម្របសម្រួលគម្រោងទាំងនេះអោយអនុវត្តបានល្អប្រសើតាមផែនការវិនិយោគ និងខិតខំបង្កលក្ខណៈងាយស្រួល ជំរុញការវិនិយោគនៅក្នុងខេត្តឲ្យបានល្អប្រសើរ។

តំបន់ប្រជុំកោះ និង ឆ្នេរ : ខេត្តកោះកុងជាខេត្តជាប់តំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេស ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាង គេក្នុងចំណោមខេត្តទាំងបួន (ព្រះសីហនុ កំពត និងកែប) ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន ២៣ កោះ និងឆ្នេរ សមុទ្រប្រវែង ២០៦ គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here