KOTRA ស្នើសុំកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាជំរុញឱ្យការចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ

ដោយវុត្ថា

ភ្នំពេញៈ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) បានស្នើសុំកិច្ចសហប្រតិបត្តិការ ពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញឱ្យមានការចរចារនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យបានចប់តាមផែនការ ស្របតាមគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកបណ្ឌិត Shin Jongsoo  ដែលទើតតែងតាំងជាអគ្គនាយកថ្មី នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) KOTRA ប្រចាំកម្ពុជាបានថ្លែងក្នុងជំនួបជាមួយលោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីល្ងាចម្សិលមិញនេះឱ្យដឹងថា ទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េបានធ្វើឱ្យមានការរីកចំរើនលើគ្រប់វិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម ដែលមានការកើនឡើងជាលំដាប់។

លោកបណ្ឌិតបន្តថា ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគបន្ថែម លោកបណ្ឌិតបានស្នើសុំធាតុចូល និងការសហការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ស្របតាមគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកបណ្ឌិតបន្ថែមទៀតថា គម្រោងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំ ជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា កូរ៉េ ដែលគ្រោងនឹងធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ ឬដឹកនាំគណៈប្រតិភូមកចូលរួមផ្ទាល់ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរត្រូវបានលេចចេញរូបរាងជាស្ថាពរ។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រចំពោះគំនិតលើកឡើងរបស់លោកបណ្ឌិត ពាក់ព័ន្ធនឹងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសារធារណរដ្ឋកូរ៉េ។

លោកឧកញ៉ាបន្តថា “ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី នឹងជួយសម្រួលការធ្វើពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ និងជួយជ្រោមជ្រោងដល់អ្នកនាំចេញ ឬអ្នកនាំចូលរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ទីផ្សារដៃគូ និងការបន្ថយរបាំងពាណិ​ជ្ជកម្ម”។ លោកឧកញ៉ាបន្ថែមថា ទោះបីយ៉ាងណា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ   រដ្ឋាភិបាលប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា ហើយការចរចាលើកិច្ចព្រមព្រៀងនេះ នឹងទទួលបានលទ្ធផលផ្លែផ្កាក្នុងរយៈពេលដ៏ខ្លី ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី ការចាប់ផ្តើមការសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅសារធារណរដ្ឋកូរ៉េ ក្រោយពីភាគីទាំងពីរបានសិក្សាពីលទ្ធភាពអស់រយៈពេលជាច្រើនខែ។

កម្ពុជា-ការ៉េបានចាប់ផ្ដើមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាផ្លូវការ កាលពីថ្ងៃទី៩ កក្កដា ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២០ ខាងមុខ នឹងឈានចុះហត្ថលេខាជាផ្លូវការនៅដើមឆ្នាំ ២០២១ ។

បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរបានឆ្លងកាត់៣ដំណាក់កាលហើយ មុននឹងឈានមកដល់ការប្រកាសចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ។ក្រសួងពាណិជ្ជកម្មថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ៕

វិភាគៈតើគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនមានន័យដូចម្តេច សម្រាប់ប្រទេសកម្ពុជា?

ដោយៈប៊ី

ភ្នំពេញៈ កាលពី២ពាន់ឆ្នាំមុនផ្លូវសូត្រ បានជំរុញការផ្លាស់ប្តូរទំនិញ គំនិត និងវប្បធម៌យ៉ាងរស់រវើក ក្នុងទម្រង់នៃការប្រាស្រ័យទាក់ទងគ្នារវាងវប្បធម៌ ដែលមិនធ្លាប់មានពីមុនមក។

ផ្លូវសូត្រ គឺជាការលាតសន្ធឹងប្រវែង៤០០០ម៉ាយល៍ នៃវិបុលភាពខាងសេដ្ឋកិច្ច និងពហុវប្បធម៌ ដែលប្រមូលផ្តុំរ៉ូម៉ាំង និងចិន និងភឺស៊ីន (Persians) និងតំបន់ជាច្រើនទៀត។ អ្វីដែលសំខាន់បំផុតនោះគឺពាណិជ្ជករចិន៖ ពួកគេបានផ្តួចផ្តើមគំនិតជំនួញសូត្រ ហើយជាអ្នកផលិតសូត្រតែមួយគត់ ដែលជំរុញដល់ទំហំពាណិជ្ជកម្មនេះ ដោយមានតម្រូវការខ្ពស់។

បច្ចប្បន្ននេះ ពាណិជ្ជកម្មសកលមើលទៅខុសគ្នាបន្តិចបន្តួច។ ប្រទេសចិន ខណៈដែលជាអ្នកដើរតួយ៉ាងសំខាន់ លែងកាន់កាប់ជំហរមហាអំណាចនយោបាយ ឬសេដ្ឋកិច្ចដែលពួកគេធ្លាប់អួតខ្លួន។ នៅក្នុងយុគសម័យដែលត្រួតត្រា ដោយសហរដ្ឋអាមេរិក ប្រទេ​សចិន ស្វែងរកការវិលត្រឡប់ទៅរកភាពរុងរឿងរបស់ខ្លួនវិញ តាមរយៈការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនង និងភាពរឹងមាំនៃផ្លូវសូត្រ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

ចាប់ផ្តើមក្នុងឆ្នាំ ២០១៣ ប្រទេសចិនបានចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍អន្តរជាតិមួយ ដែលមានមហិច្ឆិតាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក និងធ្វើឱ្យប្រទេសចិន នៅកណ្តាលនៃការតភ្ជាប់នេះ។

រដ្ឋាភិបាលរបស់ខ្លួន ប្រមើលមើលការបង្កើតផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកា​សយានដ្ឋាន បណ្តាញថាមពល និងទម្រង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀត នៅជុំវិញពិភពលោក ដោយបង្កើតបណ្តាញដ៏ធំទូលាយមួយ ដើម្បីជម្រុញភាពពឹងផ្អែកគ្នាខាងសេដ្ឋ​កិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លោ​​​កប្រធានាធិបតី ស៊ី ជិនពីងបានចាប់ទុកថា គម្រោង BRI ជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅដល់គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មហិរញ្ញវត្ថុ និងការតភ្ជា​ប់ប្រជាជន និងប្រជាជន។

ប្រទេសជាង៦០បានចូលរួម ក្នុងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប្រទេ​សចិន បានបណ្តាក់ទុនប្រមាណ១២៧,៧ ពាន់លានដុល្លារទៅក្នុងគម្រោង BRI ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ នេះគឺជាផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

ទោះយ៉ាងណា គម្រោង BRI ក៏ត្រូវបានជួបជាមួយទស្សនៈផ្ទុយគ្នាជាច្រើនដែរពីប្រទេស ដែលមានចេតនាប្រជែងឥទ្ឋិពលជាមួយចិន។

សហរដ្ឋអាមេរិកចាត់ទុកគម្រោង BRI ជាការព្រួយបារម្ភមួយ ដោយជឿថា នឹងមាន

រឿងអ្វីមួយពីក្រោយការវិនិយោគទាំងនេះ។ ម៉្យាងទៀតប្រទេសជាច្រើន ដែលងាយរងគ្រោះ និងកំពុងអភិវឌ្ឍន៍ បានចាប់យកគម្រោងBRI ដោយមិនគិតពីអ្វីច្រើន។ ពួកគេព្យាយាម ទាក់ទាញការវិនិយោគបរទេស ឬអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីងើបឡើងនៅក្នុងសេដ្ឋកិច្ចពិភពលោក។

កម្ពុជា គឺជាឧទាហរណ៍ដ៏សំខាន់មួយ នៅពេលដែលប្រទេសកម្ពុជាព្យាយាមងើបចេញពីសង្គម ដែលពឹងផ្អែកលើវិស័យកសិកម្ម និងឆ្ពោះទៅរកការច្នៃប្រឌិត និងជំនាញផ្អែកលើសេដ្ឋកិច្ច។ គម្រោងBRI បង្ហាញពីឱកាសដ៏មហិមា និងសមត្ថភាពហិរញ្ញវត្ថុ ដើម្បីវិវត្តន៍ប្រទេសកម្ពុជាទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតមធ្យម និងខ្ពស់ លើកកម្ពស់សេដ្ឋកិច្ចជំរុញជំនាញ និងផលិតទំនិញ ដែលមានគុណភាពខ្ពស់។

គម្រោងហេដ្ឋារចនាសម្ពន្ធ័ដ៏ធំ កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជារួចហើយ ដែលទឹកប្រាក់ចំនួន៥,៣ពាន់លានដុល្លារ ត្រូវបានវិនិយោគ រួមមានផ្លូវថ្នល់ ស្ពាន កំពង់ផែសមុទ្រ អាកាសយានដ្ឋាន ផ្លូវដែក ទំនប់វារីអគ្គិសនី ផ្កាយរណបទូរគមនាគមន៍ និងគម្រោងផ្សេងៗទៀត។

ប្រទេសចិន ក៏គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធទន់របស់ប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍អាហារូបករណ៍ និងមជ្ឈមណ្ឌលស្រាវជ្រាវផងដែរ។

គម្រោង BRI បានផ្តល់ការងារដល់ប្រជាជន ក្នុងស្រុកចំនួន២០.០០០នាក់ ជាពិសេសកម្មករ ដែលមានជំនាញទាប និងស្ត្រី។ ការវិនិយោគរបស់ចិន នៅក្នុងឧស្សាហកម្មកាត់ដេរ បានបើកទ្វារសម្រាប់ពលករកម្ពុជាជិត១លាននាក់។

ផលវិជ្ជមាននៃសេដ្ឋកិច្ចដ៏ធំ បានជះឥទ្ឋិពលដល់ប្រទេសនេះ កំពុងចាក់ឬសរួចទៅហើយ។ នៅឆ្នាំ២០១៥ ប្រទេសកម្ពុជា បានប្រកាសពីឋានៈជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតទាប ហើ​យឥឡូវនេះ បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។

ប្រជាជនកម្ពុជា បានចាប់ផ្តើមប្រមូលផល នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈលើកដំបូង និងការកសាងផ្លូវថ្មី។

យ៉ាងណាអ្នកជំនាញនៅបស្ចិមប្រទេស ជឿថាBRI គឺជាកន្លែងសម្រាប់ប្រទេសចិន ពង្រីកវិសាលភាពនៃឥទ្ធិពលរបស់ពួកគេ ឆ្ពោះទៅរកការធ្វើឱ្យចិននៅចំណុចកណ្តាល។ ប្រទេសកម្ពុជា មានបំណុលចំនួន៤,២ពាន់លានដុល្លារជាមួយចិន៖ ពួកគេត្រូវតែប្រយ័ត្នប្រយែងកុំឲ្យធ្លាក់ក្នុងជោគវាសនា ដូចប្រទេសស្រីលង្កា ដែលបំណុលដ៏ច្រើនសន្ធឹកសន្ធា​ប់របស់ប្រទេសចិន ដែលបានបង្ខំឱ្យពួកគេដកហូតទ្រព្យសម្បត្តិរដ្ឋដែលទ្រព្យបញ្ចាំ។

គម្រោងBRI បានផ្តើមកែប្រែស្ថានភាពនៅក្នុងតំបន់ ហើយគ្មានកន្លែងណាដែលអាចបង្ហាញឱ្យឃើញច្បាស់ជាងគេ នៅក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរមួយនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។

នៅពេលដែលជាទីក្រុងជាប់សមុទ្រនេះស្ងប់ស្ងាត់ ចិនបានប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលកាស៊ីណូ អាគារខ្ពស់ សណ្ឋាគារ និងភោជនីយដ្ឋាន។

ទោះជាយ៉ាងណារាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងដើរលើផ្លូវត្រឹមត្រូវមួយ ដើម្បីនាំផលប្រយោជន៍៍និងវិបុលភាពសំរាប់កម្ពុជា តាមរយៈការចងសម្ព័ន្ឋមិត្តពីគ្រប់បណ្តាប្រទេសជាមិត្ត និងពង្រីកឧត្តមភាពដោយចងបណ្តាញកាន់តែរ៉ឹងមាំ និងចាក់ឬសកាន់តែជ្រៅទៅកាន់់ឆាកអន្តរជាតិ។

វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ ខណៈរដ្ឋាភិ​បាលប្រទេសនេះ នៅតែមានលទ្ឋភាពទទួលយកហិរញ្ញប្បទានពីបរទេសជាច្រើនទៀត ដោយសារទំហំហិរញ្ញប្បទានឬបំណុល​ដែលកម្ពុជាជំពាក់ប្រទេសចិន និងបណ្តាប្រទេសជាមិត្តដទៃទៀត គឺនៅមានកម្រិតទាប ធៀបនឹងផលទុនជាតិសរុបរបស់ប្រទេសនេះ៕

ខ្លាសេដ្ឋកិច្ចអាស៊ីចំនួន៣កំពុងបង្អួតឧត្តមភាពរបស់ខ្លួននៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្ស ដែលមានមូលដ្ឋាននៅប្រទេសយក្សសេដ្ឋកិច្ចធំៗចំនួនបី គឺក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េខាងត្បូង និងក្រុមហ៊ុនជប៉ុនបាននិងកំពុងប្រជែងឧ  ត្តមភាពគំរោងវិនិយោគរបស់ពួកគេ នៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

គំរោងដែលកំពុងវិនិយោគ ដោយក្រុមហ៊ុនមកពីប្រទេសចិន គឺPrince Real estate Group កំពុងសាងសង់យ៉ាងសកម្ម នូវអាគារលំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌ​លPrince International Plaza ដែលមានយូនីតខុនដូចំនួន៤៥៦ និងសេវាកម្មបំរើការរស់នៅ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។

Prince International Plazaជាមួយគំរោងសរុប២០០,០០០ម៉ែត្រការ៉េ ជាមួយអាគារចំនួន៤ និងកំពស់១២ជាន់។

ឈរយ៉ាងត្រដែតត្រដឹមទល់មុខនឹងគម្រោងនេះ ក្រុមហ៊ុនBooyoung Group បាននិងកំពុងជិតបញ្ចប់ការសាងសង់ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មទំហំជាច្រើនម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគ៦០លានដុល្លារអាមេរិក។

គំរោងនេះបាននិងកំពុងវិនិយោគ ដោយក្រុមហ៊ុនBooyoung Town Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនBooyoung Group ដែលក្រុមហ៊ុននេះគ្រោងបោះទុន១១០០លានដុល្លារលើគំរោងBooyoung Townទាំងមូល ប៉ុន្តែរហូតមកទល់ពេលនេះ​ការសាងសង់គំរោងនេះបាន និងកំពុងជិតបញ្ចប់ដំណាក់កាលទី១ប៉ុណ្ណោះ។

យោងតាម​ប្រភព​ព៌​ត​មាន​ពី​ក្រុមហ៊ុន BOOYOUNG GROUP បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​អាគារ​ភ្លោះ​ចំនួន៤ ដែលមាន​កំពស់​ជាង២៣ជាន់ កំពុងដំណើរការ​យ៉ាង​សកម្ម និង​គ្រោង​បញ្ចប់​តាម​ផែនការ​របស់ខ្លួន។ គំរោង​នេះ​នឹង​ប្រើប្រាស់​ចម្រុះ ដែល​រួម​ន​មាន​លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ ផ្សារ​ទំនើប​មជ្ឈ​មណ្ឌល​សិល្បៈ មជ្ឈមណ្ឌល​កីឡា​ផងដែរ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា គំរោង​នេះ​មាន​ខុន​ដូ​ប្រមាណ១៨០០យូ​នី​ត ដែល​ដាក់លក់​ដោយ   ផ្តោតលើ​អតិថិជន​គោលដៅ​បី​ប្រភេទ គឺ​អតិថិជន​មាន​ជីវភាព​មធ្យម អតិ​ថិជន​មាន​ជីវភាព​មធ្យម​កម្រិត​ខ្ពស់ និង​ខុន​ដូ​ប្រណីត​ដែល​ផ្តោតលើ​អ្នកមាន​ជីវភាព​ធូរធារ​ខ្លាំង។

ចំណែកក្រុមហ៊ុនជប៉ុនARAKAWAរបស់ជប៉ុន ក៏មិនបានមើលរំលងទីតាំងដ៏មានសក្តានុពលនេះផងដែរ ដោយបបច្ចុប្បន្នក្រុមហ៊ុននេះបាន និងកំពុងត្រៀមបញ្ចប់គំរោងខុនដូតម្លៃមធ្យមរបស់ខ្លួនផងដែរ។

        ARAKAWA ខុនដូបានសាងសង់អាគារចំនួន១០មានកំពស់១២ជាន់ ជាមួយផ្ទះចំនួន២០០០យូនីត ដែលជាលំនៅដ្ឋានតម្លៃមធ្យម ជាមួយនឹងការផ្តោតទីផ្សារលើប្រជាជនមានប្រាក់ចំណូលមធ្យម និងក្រុមប្រជាជនដែលបានចាកចេញពីអាគារប៊ូឌីញ “ស”ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រុមហ៊ុនលំដាប់់យក្សរបស់ជប៉ុននេះ គ្រោងបោះទុនរហូតដល់៧០លានដុល្លារអាមេរិកសំរាប់គំរោងនេះទាំងមូល៕

ចិនផ្តល់កម្ចី ៨០លានដុល្លារដល់កម្ពុជា ដើម្បីតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់ភូមិចំនួន១៣៣ ក្នុងខេត្ត ១៤

ដោយ៖ ប៊ី
ភ្នំពេញ៖ រដ្ឋាភិបាលចិននឹងផ្តល់ប្រាក់កម្ចីសម្បទានប្រមាណ ៨០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់អនុវត្តគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីដើម្បីភ្ជាប់ភូមិចំនួន ១៣៣ ក្នុងខេត្តចំនួន ១៤ ទៅបណ្តាញអគ្គិសនីជាតិ។

លោក វិចទ័រ ចូណា អគ្គនាយកដ្ឋានថាមពល និងរ៉ែ និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា គម្រោងបណ្តាញអគ្គិសនីបញ្ជូនអគ្គិសនីនឹងរួមចំណែកដល់ភូមិ នៅទូទាំងប្រទេសដែលកំណត់ដោយរដ្ឋាភិបាល។

លោក ចូណា បានថ្លែងថា គម្រោង នៅតំបន់ជនបទ ចំណាយថវិកា ៨២ លានដុល្លារ ដែលនឹងត្រូវប្រើសម្រាប់សាងសង់បណ្តាញបញ្ជូនអគ្គិសនីប្រវែង ២.៩៧០ គីឡូម៉ែត្រ។ ថវិកា ៥ ភាគរយនឹងបានមកពីរដ្ឋាភិបាល ហើយថវិកាដែលនៅសល់គឺបានមកពីប្រាក់កម្ចីសម្បទានរបស់ប្រទេសចិនគឺក្រុមហ៊ុន។

លោកបានមានប្រសាសន៍ថា “គម្រោងខ្សែបញ្ជូនអគ្គិសនីនេះនឹងចូលរួមចំណែកប្រហែល ១ ភាគរយនៃភូមិសរុបនៅទូទាំងប្រទេស”។ លោកបានបន្ថែមថា គម្រោងនេះនឹងត្រូវបានអនុវត្តភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងបានចុះហត្ថលេខា។

គម្រោងនេះរួមមានបណ្តាញបញ្ជូនអគ្គិសនី ២២ គីឡូវ៉ុល និង៣៥គីឡូវ៉ុល ដែលមានប្រវែងសរុប ២.៩៧០ គីឡូម៉ែត្រ។ វានឹងគ្របដណ្តប់ ១៣៣ ភូមិក្នុងខេត្តចំនួន ១៤ រួមមានខេត្តឧត្តរមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ក្រចេះ ព្រៃវែង ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង ស្ទឹងត្រែង តាកែវ និងកំពត។

នេះបើយោងតាម លោក ចូណា គម្រោងផ្គត់ផ្គង់អគ្គិសនីដល់ ១០០ ភាគរយនៃភូមិចំនួន ១៤,១៦៨ នៅទូទាំងប្រទេសនឹងមិនអាចបាននៅឆ្នាំ ២០២០នេះ ដែលជាគោលដៅរបស់រដ្ឋាភិបាលឡើយ។
លោកបានបន្ថែមថា វានឹងសម្រេចបាននៅឆ្នាំ ២០២១ ខណៈឆ្នាំនេះ ៩៨ ភាគរយនៃចំនួនភូមិសរុបត្រូវបានគេរំពឹងថានឹងតភ្ជាប់ទៅបណ្តាញអគ្គិសនី។

កិច្ចព្រមព្រៀងស្តីពីគម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងអាទិភាពចំនួន ៨ ដែលនឹងត្រូវចុះហត្ថលេខានៅក្នុងខែសីហា៕

អាជ្ញាធរខេត្តសៀមរាបសម្រេចផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ២៤កន្លែង

ដោយវុត្ថា

សៀមរាប៖ ក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបបានសម្រេចផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួន ២៤កន្លែង ក្នុងចំណោមចំនួន ៥៦ ទីតាំងអាជីវកម្មដែលក្រុមកាងារបានចុះត្រួតពិនិត្យដោយផ្ទាល់ក្នុងខែកក្កដា ឆ្នាំ ២០២០ នេះ ។

យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ នេះ របស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបជំហានទី១ ក្នុងខែកក្កដា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យចំនួន ៥៦ ទីតាំងអាជីវកម្ម ក្នុងនោះ ៖
១- ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍មានចំនួន ២១ កន្លែង (សណ្ឋាគារ ១១ កន្លែង និងផ្ទះសំណាក់ ១០ កន្លែង)
២- ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានចំនួន ២៥ កន្លែង
៣- ផ្នែករមណីយដ្ឋាន និងសហគមន៍អេកូ-ទេសចរណ៍មានចំនួន ០៧ កន្លែង ។

របាយការណ៍ដដែលបន្តថា តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារទៅលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាពទេសចរណ៍បានសម្រេចស្នើសុំការសម្រេចនូវការផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួន ២៤កន្លែង ក្នុងនោះរួមមាន ៖

– ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍ស្នើសុំឡាប៊ែលសុវត្ថិភាព ចំនួន ១០ កន្លែង (សណ្ឋាគារ ០៥ កន្លែង និងផ្ទះសំណាក់ ០៥ កន្លែង) ។
– ផ្នែកសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្នើសុំឡាប៊ែលសុវត្ថិភាពចំនួន ១០ កន្លែង។
– ផ្នែករមណីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ស្នើសុំឡាប៊ែលសុវត្ថិភាពចំនួន ០៤ កន្លែង។

ដោយឡែកសម្រាប់អាជីវកម្មដែលពុំទាន់លក្ខណៈគ្រប់គ្រាន់ក្នុងការស្នើសុំឡាប៊ែលសុវត្ថិភាព ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបនឹងធ្វើការណែនាំឲ្យកែតម្រូវតាមស្តង់ដាសុវត្ថិភាពទេសចរណ៍ទើបស្នើសុំឡាប៊ែលជូននៅពេលក្រោយ ។

ជាមួយគ្នានោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបបានដាក់នូវវិធានការចំនួន ០៣ ៖
១- ស្នើសុំដល់អភិបាលក្រុង ស្រុកទាំងអស់ឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពក្រុង ស្រុក
២- ស្នើសុំដល់មន្ទីរទេសចរណ៍ និងមន្ទីរសុខាភិបាលខេត្ត បើកវគ្គបណ្តុះបណ្តាលជន បង្គោលវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងដំណើរការក្នុងខេត្តសៀមរាប
៣- រៀបចំចងក្រងវីដេអូអំពីវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍៕

ការធ្វើអត្តសញ្ញាណកម្មដីនៅក្នុងខេត្តបាត់ដំបង ចាប់ផ្តើមអនុវត្តតាមរយៈប្រព័ន្ធផ្កាយរណប

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំដោយលោកអភិបាលខេត្ត បានចាប់ផ្តើមធ្វើការចុះត្រួតពិនិត្យទៅលើការចុះធ្វើអត្តសញ្ញាណកម្មដីជូនប្រជាពលរដ្ឋស្របច្បាប់ ដែលបែងចែកដាច់ដោយឡែកយ៉ាងច្បាស់រវាងកម្មសិទ្ធិឯកជន និងតំបន់ការពារធម្មជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្កាយរណប។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យពីដំណើរការនៃចុះធ្វើអញ្ញាណកម្មដីដោយប្រព័ន្ធផ្កាយរណប នៅក្នុងស្រុកសំឡូត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់បានមានប្រសាសន៍ថា ការចុះបញ្ជីកម្មសិទ្ធដីធ្លីឯកជននេះ ពិតជាផ្ដល់សារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញច្បាស់លាស់ក្នុងការគ្រប់គ្រងដីដែលខ្លួនឯងអាស្រ័យផលជៀសវាងមានការរំលោភបំពានពីជនទាំងឡាយណាព្យាយាមប៉ុនប៉ងរំលោភកម្មសិទ្ធិដីធ្លី។

លោកបានបន្តទៀតថា “ដីសហគមន៍ គឺជាដីសមូហភាព ដោយមិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់ឡើយ ដូចនេះយើងមិនអាចធ្វើចុះបញ្ជីដីសហគមន៍ ឬដីសមូហភាពជារបស់ជនណាម្នាក់ ដើម្បីជាផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ ពោលគឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំជឿ និងចាញ់បោកការញុះញុងពីសំណាក់ជនខិលខូចមួយចំនួនដែលណែនាំបញ្ចុះបញ្ចូលឱ្យទៅទន្ទ្រានដីរបស់រដ្ឋ ឬដីព្រៃភ្នំ ដើម្បីឱ្យរដ្ឋាភិបាលផ្ដល់កម្មសិទ្ធិជូន។ ម៉្យាងទៀត ទោះបីជាបងប្អូនប្រជាពលរដ្ឋធ្វើការទន្ទ្រានដីព្រៃក៏រដ្ឋមានវិធានការតឹងរឹង ដោយពិនិត្យមើលតាមរយៈផ្កាយរណប ដោយមិនមាននរណាអាចប្រកែកបានឡើយ”។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា សំអាង បានមានប្រសាសន៍ថា “នេះគឺជាការធ្វើស្វ័យប្រកាសអំពីអត្តសញ្ញាណអត្តសញ្ញាណកម្មដីឱ្យបានជាក់លាក់ពិតប្រាកដ មានន័យថា ព័ត៌មានដែលបានប្រកាសនេះគឺជាព័ត៌មានពិតមិនក្លែងក្លាយ ដែលត្រូវទទួលដឹងឮពីអជ្ញាធរ ហើយបើអាជ្ញាធរត្រួតពិនិត្យឃើញថាប្រជាពលរដ្ឋ មានការស្រពិចស្រពិលសូមជួយណែនាំគាត់ ដើម្បីធ្វើឱ្យបានច្បាស់ បើព័ត៌មាននេះមិនពិតឬក្លែងក្លាយយកមកប្រើប្រាស់មិនកើត បើប្រើការមិនកើតវាបាត់បង់ផលប្រយោជន៍អ្នកធ្វើស្វ័យប្រកាសនោះ”។

ការចុះអនុវត្តនូវផែនការនៃការវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជីធ្វើអត្តសញ្ញាណដី និងដោះស្រាយវិវាទដីធ្លីផ្សេងៗ ដែលធ្លាប់កើតមានកន្លងមក នឹងត្រូវប្រើប្រាស់ឧបករណ៍តាមបែបបច្ចេកវិទ្យាទំនើប T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែង និងកំណត់តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប៕

អ្នកជំនាញ៖ ការទិញ​ដី​ដើម្បី​អភិវឌ្ឍន៍​នឹងចូលរួម​ចំណែក​ដល់​កំ​ណើ​ន​សេដ្ឋកិច្ច

ដោយៈ​ប៊ី

ភ្នំពេញៈ ការទិញ​ដី​ក្នុង​គោលបំណង​អភិវឌ្ឍន៍ ដើម្បី​ទាញ​ផលចំណេញ នឹងចូលរួម​ចំណែក​ដ​ល់​ការជំរុញ​សកម្មភាព និង​កំណើនសេដ្ឋកិច្ច ដោយ​បង្កើត​ចំណូល និង​ការងារ​ដល់​ប្រជាជន​ពលរដ្ឋ។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន CREA ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​អ្នក (CREA) លោកស្រី​ចេ​វ សុ​ឃុន បាន​ថ្លែងប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា ការទិញ​ដី​សម្រាប់​អភិវឌ្ឍន៍ នឹងចូលរួម​ចំណែក​ដ​ល់​ការជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើត​ចំណូល និង​ការងារ​ដល់​ប្រជាជន​ពលរដ្ឋ។

លោកស្រី​បាន​និយាយថា “ប្រសិនបើ​គាត់ (អ្នក​វិយោគ​ដីធ្លី) ទិញ​ដី ហើយ​យកទៅ​អភិវឌ្ឍ វា​ធ្វើឱ្យ​ទីតាំង​មួយ​ហ្នឹង​កាន់​តែមាន​ល្អប្រសើរ ហើយ​ជុំវិញ​តំបន់​ហ្នឹង មាន​ចរន្ត​សេដ្ឋកិច្ច​ចេញចូល និង​កំណើនប្រជាជន​នៅ​តំបន់​ហ្នឹង​ក៏​កើនឡើង​ដែរ” ។ លោកស្រី​បន្តថា “ការទិញ​ដី​របស់​អ្នក​អភិវឌ្ឍ​ពិតប្រាកដ ធ្វើឱ្យ​សេដ្ឋកិច្ច​ដំណើរការ ហើយ​ប្រជាជន​របស់​យើង​មាន​ការងារ​ធ្វើ តាមរយៈ​បង្កើត​ចំនូល និង​ការងារ​សម្រាប់​វិស័យ​សំណង់​ជាដើម” ។

ទោះបីជា​យ៉ាង​ក៏ដោយ បច្ចុប្បន្ន​នៅតែមាន​អ្នកវិនិយោគ​ទិញ​ដី​ទុក សម្រាប់​ផលចំណេញ ដោយ​គ្មាន​ការអភិវឌ្ឍន៍ ដែល​វា​មិនបាន​ចូលរួមចំណែក ក្នុងការ​ជំរុញ​សកម្ម​សកម្មភាព​សេដ្ឋកិច្ច ឬ​ផ្តល់​ផល​ដល់​កំណើនសេដ្ឋកិច្ច។

លោកស្រី​ចេ​វ សុ​ឃុន​បាន​និយាយថា “ទិញ​អចលនទ្រព្យ​ទុក គឺ​គ្រាន់តែ​ចង់​ចំណេញ​រយៈពេល​ខ្លី។ ប៉ុន្តែ​លោកស្រី​ក៏បាន​ព្រមាន​ដែរ​ថា “បើសិន​អ្នកវិនិយោគ​លើ​ដីធ្លី​មិនមាន​សកម្មភាព​វិនិយោគ និង​អភិវឌ្ឍន៍ វា​ធ្វើ​ប៉ះពាល់​ចរន្ត​សេដ្ឋកិច្ច” ។

អ្នកខ្លះ​ទិញ​ដី​រាប់រយ រាប់ពាន់​ហិកតា​ទុក​សម្រាប់​ផលចំណេញ ហើយ​អត់​មានការ​អភិវឌ្ឍន៍ វា​ធ្វើឱ្យប៉ះពាល់​គម្រោង ឬ Master Plan នៅ​តំបន់​ណាមួយ​ដែរ។

លោក វ​ង្សី  វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បានស្នើ​ដល់​អ្នក​ដែលមាន​ធនធាន គួរ​កាត់បន្ថយ​ការទិញ​អចលនទ្រព្យ (ដីធ្លី) សម្រាប់​ទុក​ចំណេញ ដោយ​គ្មាន​ការអភិវឌ្ឍន៍ ដែល​អាចធ្វើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេល​វិបត្តិ​សកល នាពេល​បច្ចុប្បន្ននេះ។

លោក​បាន​ថ្លែងថា “បើ​ទិញ​ដី​សម្រាប់​អភិវឌ្ឍន៍ និង​លំ​នោ​ដ្ឋា​ន​សម្រាប់​ស្នាក់នៅ វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ជាតិ ពិសេស​វា​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន” ។ លោក​បន្តថា “បើសិន​ធនធាន​គ្រប់គ្រាន់​គួរ​បង្កើត​អាជីវកម្ម​ខ្នាត និង​មធ្យម ឬ​បង្កើត​អាជីវកម្ម​ផលិតកម្ម​កសិកម្ម ជាជាង​ការទិញ​ដី​ទុកចោល” ៕

អ្នកជំនាញ​និយាយ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការជ្រើសរើស​ក្រុមហ៊ុនសាងសង់​គ្មាន​វិញ្ញាបនបត្រ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ សាងសង់​សំណង់​នៅ​កម្ពុជា បានបង្ហាញ​ពី​ក្ដីបារម្ភ ទៅនឹង​ការសម្រេចចិត្ត​របស់​ម្ចាស់​គម្រោង​សំណង់​មួយចំនួន ដែល​នៅតែមាន​ទំនោរ​ចិត្ត ផ្តល់​គម្រោង​សាងសង់​ទៅឱ្យ​ក្រុម​អ្នកម៉ៅការ ដែល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ស្ថាប័ន​ជំនាញ ដែល​ប្រឈម​ទៅនឹង​គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​សុវត្ថិភាព​សំណង់​ទាំងស្រុង។

លោក​សឿន រដ្ឋា អគ្គនាយក​ក្រុមហ៊ុន​ជំនាញ​សិក្សា​គម្រោង​គ្រឿង​បង្គុំ​សំណង់ និង​ប្រឹក្សា​សាងសង់​សំណង់​នៅ​កម្ពុជា F.D.C Construction Co.,Ltd បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា ទោះជា​មានការ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ពី​សំណាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​យ៉ាងណាក៏ដោយ បច្ចុប្បន្ន ម្ចាស់​គម្រោង​មួយចំនួន (ភាគច្រើន​ម្ចាស់​គម្រោង​ក្នុងស្រុក) នៅតែ​ផ្តល់​គម្រោង​សាងសង់ ទៅឱ្យ​ក្រុម​អ្នកម៉ៅការ​ដែល​គ្មាន​វិញ្ញាបនបត្រ ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ ដោយហេតុ​ផល​ថា ចំណាយ​ឈ្នួល​តិច ហើយ​អាច​កែតម្រូវ​តាម​ការចង់បាន របស់ខ្លួន​ដែល​ខុសពី​ប្លង់​គម្រោង​ដើម។

លោក​បញ្ជាក់ថា“វា​ជា​បញ្ហា​មួយ​សម្រាប់​ពួកគាត់ ដែលជា​ម្ចាស់​គាត់​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​គុណភាព និង​សុវត្ថិភាព​របស់​សំណង់​ទាំងស្រុង​តែម្ដង។ លោក​បន្តថា “យើង​ទទួលស្គាល់ថា ការប្រគល់​ឱ្យ​ក្រុម​អ្នកម៉ៅការ​សាងសង់ ដែល​មិនមាន​ការចុះបញ្ជី គឺ​ចំណាយ​តិចជាង​ការជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ដែលមាន​ការចុះបញ្ជី និង​មានការ​ទទួលស្គាល់​ពី​ក្រសួង​ជំនាញ ប៉ុន្តែ​ត្រង់ចំណុច​នេះ ម្ចាស់​គម្រោង​គ​ម្បី​ពិចារណា​ទៅលើ​ភាព​យូរអង្វែង និង​សុខ​សុវត្ថិភាព​នៃ​គម្រោង​សំណង់​របស់​ពួកគាត់។

តាម​ការកត់សម្គាល់ ភាគច្រើន​គម្រោង​ដែល​ប្រគល់ឱ្យ ក្រុម​អ្នកម៉ៅការ​សាងសង់ ជា​គម្រោង​លំនៅដ្ឋាន ឬ​គម្រោង​អាគារ​ពាណិជ្ជកម្ម​ខ្នាតតូច ឬ​ក្រោម​មធ្យម ដែល​ក្រៅពី​ចំណាយ​តិច​សម្រាប់​ថ្លៃឈ្នួល​សាងសង់ ម្ចាស់​គម្រោង​អាច​មិន​ទុកចិត្ត ទៅលើ​ខ្ទង់ចំណាយ​ទៅលើ​ថ្លៃ​សម្ភារៈ​សាងសង់ ហើយ​យកមក​គ្រប់គ្រង​លើ​ការផ្គត់ផ្គង់​ដោយ​ខ្លួនឯង។     ម្យ៉ាងទៀត​ពួកគាត់ ក៏​អាច​កែតម្រូវ​ប្លង់​រចនាផ្សេងៗតាម​ចំណង់​ចិត្ត ទោះជា​ខុសពី​ទម្រង់​ប្លង់​ដើម​ក៏ដោយ។

លោក​សឿន រដ្ឋា បាន​បន្តថា “ការប្រគល់​គម្រោង​ទៅឱ្យ​ក្រុមហ៊ុន​សាងសង់ ស្របច្បាប់​ពួកគាត់​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​អ្វីដែល​ទទួលបាន​ត្រឡប់មកវិញ គឺ​គុណភាព​សំណង់ ដែល​ធានាបាន​នូវ​កម្រិតស្ដង់ដា និង​ស្របទៅតាម​ប្លង់​ដើម​ទាំងស្រុង” ។ លោក​បន្តថា “ ម្ចាស់​គម្រោង​ដែល​ឆ្លាត​វៃ គឺ​ពួកគេ​ប្រគល់​គម្រោង​ទាំងស្រុង ទៅឱ្យ​ក្រុមហ៊ុន​ជំនាញ​សាងសង់ ដោយ​កំណត់​នូវ​ពេលវេលា​បញ្ចប់​ការសាងសង់​ជាក់លាក់ ធានាបាន​នូវ​គុណភាព​ដោយមាន​កិច្ចសន្យា​ស្របច្បាប់” ៕

រដ្ឋមន្ត្រី៖ កា​រីកចំរើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ជំរុញឱ្យមាន​ការទន្ទ្រានយក​ដី​ខុសច្បាប់

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រម​ញ្ញ និង​នេសាទ បាន​អះអាងថា ការរីកចំរើន នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ជំរុញឱ្យមាន​ការទន្ទ្រាន​យក​ដី​ទាំង​ដី​រដ្ឋ និង​ឯកជន ព្រមទាំង​កាប់ រាន ការដុត ការ ឈូស ឆាយ និង ការ ហ៊ុមព័ទ្ធ កាន់ កាប់ ដីព្រៃ​ឈើ។ល។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងមក​បានឱ្យដឹង​ថា មូលហេតុសំខាន់ៗ ដែល​បណ្តាល​ឲ្យ​មានការ​ទន្ទ្រាន កាប់ឆ្ការ​ដីព្រៃ​ឈើ​របស់​រដ្ឋ មកកាន់​កាប់​ជា​ឯកជន​គ្រប់​ទម្រង់ គ្រប់​រូបភាព គ្រប់​ទីកន្លែង​ទូទាំងប្រទេស​គឺ​ដោយសារ ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ទូទាំង​កម្ពុជា ក្រោយ​ការដាក់ចេញ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ សេដ្ឋកិច្ចជាតិ​យើង​បាន​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស។

លោក​រដ្ឋមន្ត្រី​ពន្យល់​ទៀ​ថា “រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​ផ្លាស់ប្តូរ​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ វិស័យ ក​សិ-ឧស្សាហ កម្ម  និង​សេវាកម្ម​វិញ” ។ លោក​បន្តថា “ក្នុង​បរិបទ​នៃ​ដិ​វត្ត​ន៍​ឧស្សាហកម្ម​ទី៤ – ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​វិស័យ ចលនទ្រព្យ និង​អចលនទ្រព្យ​គួរឱ្យកត់សម្គាល់ – តម្រូវការ​ដីធ្លី​សម្រាប់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ធម្មជាតិ” ។

កំណើន​ប្រជាពលរដ្ឋ និង​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ជា​លំដាប់  បានធ្វើឱ្យ​មានការ ពង្រីក​ដីធ្លី សម្រាប់​លំនៅដ្ឋាន និង​ការ​បង្កបង្កើនផល។ល។ កត្តា​ទាំងនេះ​បាន​ជះ ឥទ្ធិពល ដល់ ដីព្រៃ​ឈើ​របស់​រដ្ឋ​ដែលជា​សម្បត្តិ ធនធានធម្មជាតិ​ដ៏​មានតម្លៃ​របស់​ប្រទេស​យើង។

លោក​រដ្ឋមន្ត្រី​បន្ថែមថា  តាម​ការសិក្សា​ស្រាវជ្រាវ ជា​បន្តបន្ទាប់​របស់រ​ដ្ឋ​បាល​ព្រៃឈើ​បានបង្ហាញ​ឲ្យ​ឃើញថា​ការ  ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឈើ នៅ​បន្ត​កើតមាន​ក្រោម​ហេតុផល​កង្វះ​ដី​បង្កបង្កើនផល និង​ពង្រីក​លំនៅដ្ឋាន​ជាដើម។ល។ កត្តា ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​ដីព្រៃ​ឈើ​របស់​រដ្ឋ ហើយ​ចលនា​នៃ​ការរំលោភ​ដី​ព្រៃឈើ​រួមមាន៖ – អ្នក​ខ្វះ ខាត ដី​ពិតប្រាកដ​បានកា​ប់រាន​ដីព្រៃ​ឈើ – អ្នកកា​ប់រាន​ដីព្រៃ​ឈើ ហើយ​លក់​រួច​កាប់​រាន​បន្តទៀត – ការបញ្ជាក់ លើ​លិខិត​ទិញ​លក់​ដី​ព្រៃឈើ និង – ការឃុបឃិត​គ្នា​កាប់​រាន និង​ហ៊ុ​ព័ទ្ធ​ដីព្រៃ​ឈើ៕

ចំណេះដឹង! តើ​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​អាស៊ាន​មាន​សក្តានុពល​ដូចម្តេច?

ដោយ​ វុត្ថា

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សហគមន៍​អាស៊ាន (ASEAN Community) មាន​សសរស្ដម្ភ​ចំនួន ៣ សហគមន៍​សន្តិសុខ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​បង្កើត​នូវ​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ​របស់​អាស៊ាន ដែល​នឹង​ធ្វើអោយ​អាស៊ាន​កាន់​តែមាន​សក្ដានុពល និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ជាមួយនឹង​យន្តការ និង​វិធានការ​ក្នុង​ពង្រឹង​ការអនុវត្ត​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច ដែលមាន​ស្រាប់ បង្កើន​សំទុះ​សមាហរណកម្ម​តំបន់​លើ​វិស័យ​អាទិភាព សម្របសម្រួល​លំហូរ​ធុរជន ពលករ​ជំនាញ និង​ធនធានមនុស្ស ព្រមទាំង​ពង្រឹង​នូវ​យន្តការ​ស្ថាប័ន​របស់​អាស៊ាន។

ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួម របស់​អាស៊ាន​មាន​ធាតុ​សំខាន់ ៥គឺ៖ (១) លំហូរ​ដោយ​សេរី​នូវ​ទំនិញ (២) លំហូរ​ដោយ​សេរី​នូវ​សេវាកម្ម, (៣) លំហូរ​ដោយ​សេរី​នូវ​វិនិយោគ, (៤) លំហូរ​ដោយ​សេរី​នូវ​មូលធន, និង (៥) លំហូរ​ដោយ​សេរី​នូវ​ពលករ​ជំនាញ។ ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួម​របស់​អាស៊ាន​មាន​ផ្នែក​សំខាន់​ពីរ គឺ​វិស័យ​អាទិភាព​សម្រាប់​សមាហរណកម្ម និង ចំណីអាហារ កសិកម្ម និង​រុក្ខា​សាស្ត្រ៕