បណ្ឌិត សុខ ទូច៖ សហភាពអឺរ៉ុបនឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាទេ

ដោយវុត្ថា

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាគណៈកម្មការសហភាពអឺរ៉ុប នឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ ខណៈតាមការគ្រោងទុកគណៈកម្មការសហភាពអឺរ៉ុបនឹងដកពីកម្ពុជានៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

លោកបណ្ឌិត សុខ ទូច នៅក្នុងវេទិកាតុមូលជជែក ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឱ្យដឹងថា ការមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់គណៈកម្មការសហភាពអឺរ៉ុបគឺជញ្ជីងនយោបាយ ដែលបានដាក់បន្ទុកមកលើកម្ពុជា។

លោកសុខ ទូចថ្លែង “ខ្ញុំមានជំនឿថា EBA នឹងមិនត្រូវបានដកចេញពីកម្ពុជា ព្រោះនេះ ជាជញ្ជីងនយោបាយរបស់សហភាពអឺរ៉ុប” ។ លោកសង្កត់ធ្លន់ថា “បើដក EBA សហភាពអឺរ៉ុបគឺខ្សោយខាងធនធានផ្នែកនយោបាយ តែយ៉ាងកម្ពុជាក៏ត្រូវធ្វើការចរចាព្រោះមានផលិតច្រើនណាស់ដែលត្រូវការធ្វើនាំចេញដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ”។

លោកសុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពន្យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ខុសពីប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបឱ្យមកកម្ពុជា ព្រោះប្រព័ន្ធនេះ មិនមានការចរចានោះទេ ពោលគឺសហភាពអឺរ៉ុប បានផ្តល់ឱ្យដល់កម្ពុជាដោយឯកតោភាគី ។

លោកបន្តថា នៅពេលដែលកម្ពុជាមានសេដ្ឋកិច្ចរីកចំរើន សហភាពអឺរ៉ុប នឹងដកទៅវិញដោយស្វ័យប្រវត្តិ ។ លោកបន្ថែមថា ហើយការចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ គឺទទួលបានផលប្រយោជន៍ទៅវិញទៅមក និងម្យ៉ាង គឺ ដោយសារតែកម្ពុជាមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយប្រទេសចិន ពោលគឺមិនមែនភាគីចិនជួយជ្រោមជ្រែងក្នុងការចុះព្រមព្រៀងពាណិជ្ជកម្មសេរីសម្រេចនៅពេលនេះទេ។

បើមិនមានអ្វីប្រែប្រួលនោះទេការសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុបដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ទោះជាយ៉ាងណាការដកប្រព័ន្ឋអនុគ្រោះពន្ឋ២០ភាគរយនេះ មិនមានអ្វីគួរឲ្យបារម្ភសំរាប់កម្ពុជានោះទេ ខណៈកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើននៅលើពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងកន្លងមកនេះថា ការដកEBA ពីកម្ពុជានេះ មានចំនួនប្រហែល១ភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេវិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ។

ការព្រមានដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់គណៈសហភាពអឺរ៉ុបនេះ បានធ្វើឱ្យផលិតផលនាំចេញរបស់កម្ពុជាប្រមាណ៤០មុខ រួមមានសម្លៀកបំពាក់កាត់ដេរ សម្ភារៈធ្វើដំណើរ វាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក២០ភាគរយនោះ៕

ក្រុមហ៊ុនប៊ូយ៉ុងប្រកាសចាប់ផ្តើមការលក់ បុរីប៊ូយ៉ុងសែនសុខជិតផ្សារទំនើប អ៉ីអន2 ក្នុងខណ្ឌសែនសុខ

ដោយ វិសេស

ភ្នំពេញៈ បុរី ប៊ូយ៉ុង សែនសុខ វិនិយោគដោយ ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី បានប្រកាសចាប់ផ្តើមលក់លំនៅដ្ឋានក្នុងបុរីរបស់ខ្លួននៅថ្ងៃទី២៩ កក្កដាខាងមុខនេះជាមួយលំនៅដ្ឋានទំនើបទាន់សម័យ និងអាចប្រកបអាជីវកម្មបាន។

ជាក្រុមហ៊ុនក្នុងស្រុកបង្កើតឡើងក្នុងឆ្នាំ២០០៧ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៃប្រទេសកូរ៉េ ដោយមានលោកបណ្ឌិតLEE JOONG​KEUN ជាប្រធានក្រុមប្រឹក្សាភិបាល ហើយក៏ជាក្រុមហ៊ុនទី១ ដែលបានផ្គត់ផ្គង់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា។បុរី ប៊ូយ៉ុង សែនសុខ ចាប់ផ្តើមលក់គម្រោងបុរី នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ដែលមានលំនៅដ្ឋានសរុបចំនួន៧១៦ផ្ទះ រួមមានផ្ទះប្រភេទសបហៅស៍ ផ្ទះល្វែង ផ្ទះលីង វីឡាភ្លោះ វីឡាឃ្វីន វីឡាឃីងដែលបានសាងសង់លើផ្ទែដី១១ម៉ឺនម៉ែត្រក្រឡា ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក CHOI JUN YOUNG នាយកបុរីប៊ូយ៉ុង សែនសុខបានមានប្រសាសន៍ថា បុរីប៊ូយ៉ុង សែនសុខ គឺជាគម្រោងដំបូង ដែលចាប់ផ្តើមលក់ផ្ទះនៅកម្ពុជា ហើយរំពឹងថានឹងនាំមកនូវការកែលំអគុណភាពនៅក្នុងទីផ្សារ លំនៅដ្ឋាននៅកម្ពុជា។

ទីតាំងដែលពង្រឹងគុណភាពជីវិត ដោយនៅដាច់ដោយឡែកពីគេ គម្រោងបុរីប៊ូយ៉ុងសែនសុខ មានទីតាំងកៀកនឹងផ្សារទំនើបEAON Mall2 ដោយចំណាយពេលធ្វើដំណើរត្រឹមតែ5 ផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបគ្លូប៊លហៅស៍។ ក្រៅពីនោះ គម្រោងបុរីប៊ូយ៉ុងសែនសុខក៏នៅជិតសាលាអន្តរជាតិមួយចំនួន ក៏ដូចជាក្លឹបវាយកូនហ្គោលផងដែរ។ បុរី ប៊ូយ៉ុង សែនសុខ មិនត្រឹមតែទាក់ទាញ   ចំណាប់អារម្មណ៍វិនិយោគិនមួយចំនួនទេ ថែមទាំងទាក់ទាញចំណាប់អារម្មណ៍ អតិថិជនដែលមានបំណងរស់នៅពិតប្រាកដ។

ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំបំផុតក្នុងប្រទេសកូរ៉េ

ក្រុមហ៊ុនប៊ូយ៉ុង គ្រុបបានសាងសង់ និងផ្គត់ផ្គង់លំនៅដ្ឋានចំនួន២៨០,០០០ផ្ទះរួចមកហើយដោយគិតចាប់តាំងពីឆ្នាំ១៩៨៣ ដោយផ្អែកលើបច្ចេកវិទ្យាសាងសង់លំនៅដ្ឋានទំនើបៗទាំងនេះ ក្រុមហ៊ុនបានប្តេជ្ញាសាងសង់ ផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានសុវត្ថិភាពបំផុតដើម្បីបំពេញតម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។

បន្ថែមពីលើនេះ ក្រុមហ៊ុនបានអនុលោមតាមច្បាប់សំណង់របស់ប្រទេសកម្ពុជាផងដែរ។

សម្រាប់ពត៍មានលម្អិតសូមទំនាក់ទំនងមកលេខទូរស័ព្ទ : 023-975-500

គេហទំព័រCambodiabanknews.comចាប់ផ្តើមទទួលបានប្រជាប្រិយភាពលើការផ្សព្វផ្សាយចំណេះដឹងផែ្នកហិរញ្ញវត្ថុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ដូចដែលយើងបានដឹងហើយថា វិស័យធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ ដូច្នេះគេហទំព័ររបស់យើងផ្តោតលើមាតិកា សំខាន់ៗគេគេហទំព័រCambodiabanknews.com និងfacebook page ឈ្មោះ Cambodia Bank Newsបានផ្តោតលើការផ្សព្វផ្សាយ លើវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ សហគ្រាសធនតូច និងមធ្យម (SME) និងដំណេះដឹងទាក់ទងនឹងហិរញវត្ថុ។

ហេតុនេះហើយ គេហទំព័រយើងខ្ញុំ ផ្សព្វផ្សាយចំណេះដឹងថ្មីៗ ដើម្បីធ្វើជាធាតុចូលសំខាន់ ក្នុងការបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជា។ គោលបំណងនៃការផ្សព្វ​ផ្សាយចំណេះរបស់យើងខ្ញុំ ដើម្បីចូលរួមចែករំលែកដល់ប្រជាពលរដ្ឋ ដែលអាចយកវាធ្វើមូលដ្ឋានគំនិតក្នុងប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។

លោកស៊ុំ ម៉ាណេតនាយកនិពន្ឋនៃគេហទំព័រCambodiabanknews.comដែលធ្លាប់បំពេញការងារនៅកាសែតភ្នំពេញប៉ុស្ត៍ និងKhmer Timeបានមានប្រសាសន៍ថា ការព្យាយាមរបស់យើង ត្រូវបានទទួលការទទួលស្គាល់ជាច្រើន ពីមជ្ឈដ្ឋានសាធារណៈ ហើយយើងទទួលបានការគាំទ្រ រហូតដល់មានការចែករំលែក (share) ៣០០០ដង នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។

Cambodiabanknews.com និងFacebokk Pageឈ្មោះ Cambodia Bank News មិនសំដៅតែលើធនាគារនោះទេ ប៉ុន្តែវាជាស្នូលមួយនៃសេដ្ឋកិច្ច ដែលទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច រួមបញ្ចូលនូវផ្នែកជាច្រើនរបស់ប្រទេសនិមួយៗ។

ក្រុមការងាររបស់គេទំព័រ បាននិងកំពុងដើរតួនាទីជាពន្លឺដ៏តូចមួយ ដែលអាចផ្តល់នូវចំណេះដឹងដល់សង្គម តាមរយៈវិស័យសារគមនាគមន៍កម្ពុជា។

លោកស៊ុំ ម៉ាណេតបានបន្តថា យើងចាប់ផ្តើមពីជំហ៊ានតូចមួយ ជាមួយធនធានចំណេះដឹង យើងទៅមុខជាមួយចំណេះដឹង និងចក្ខុវិស័យច្បាស់លាស់ ដើម្បីផ្តល់គុណតម្លៃដល់សង្គម។ យើងស្វាគមន៍ការរួមបញ្ចូលនូវមូលធនបញ្ញា តាមរយៈការរិះគន់ប្រកបដោយស្ថាបនា ហើយយើងរីក​រាយធ្វើការជាមួយអ្នកធុរកិច្ចនានា ដើម្បីផ្សព្វផ្សាយពីគុណតម្លៃ និងសេវាកម្មរបស់ពួកគេ។

មូលដ្ឋានជោគជ័យ និងឈ្នះ ឈ្នះទាំងអស់គ្នា ជាអ្វីដែលយើងទន្ទឹងរង់ចាំជាមួយសេវាកម្ម និងការគាំទ្រពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ដោយក្តីរីករាយ៕

រដ្ឋាភិបាលត្រៀមបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសចំនួន៩ទៀត ដើម្បីជំរុញពាណិជ្ជកម្មរដ្ឋាភិបាលត្រៀមបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសចំនួន៩ទៀត ដើម្បីជំរុញពាណិជ្ជកម្ម

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងត្រៀមបើកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួន៩បន្ថែមទៀត នៅលើពិភពលោក ដើម្បីជំរុញការបើកចំ​ហ​រទីផ្សាររបស់កម្ពុជា ឱ្យបានកាន់តែទំលំទូលាយ។

លោកសុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌​មានស្តីពី «លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA»នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០នេះឱ្យដឹងថា កម្ពុជាមិនមែនគ្រាន់តែមានមហិច្ឆតា ចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េនោះទេ ពោលគឺកម្ពុជានឹងបើកកិច្ចចរចារជាមួយកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូស្រ្តលី ញូវហ្សេលែន អាមេរិក កាណាដារ និងអង់គ្លេស។

លោកបន្តថា “នេះជាមហិច្ចតារបស់កម្ពុជា ដែលដាក់ចេញគោលនយោបាយក្នុងការបើកកិច្ចចរចារ តែសម្រាប់ប្រទេសកូរ៉េ បានប្រកាសបើកកិច្ចចរចារួចហើយ កាលពីកន្លងមកនេះ”។ លោកបន្តថា “តាមផែនការនឹងកិច្ចចរចាជាមួយកូរ៉េ នឹងបញ្ចប់ផ្នែកសំខាន់ៗនៅចុងឆ្នាំនេះ ហើយបន្តការសិក្សាលើការចចាជាមួយប្រទេសមួយចំនួន”។

លោកបន្តថា ការចរចាកិច្ចព្រៀមពាណិជ្ជកម្មសេរីនេះ ដោយសារតែរដ្ឋាភិបាលមើ​លឃើញពីផលប្រយោជន៍រៀងៗខ្លួន យើងនាំទៅគាត់(ប្រទេស) ទទួលបានផលចំណេ​ញ ហើយគាត់មកវិនិយោគ ឬការនាំចេញមលកាន់កម្ពុជាយើង(កម្ពុជា) ក៏មានផលចំណេញ ពោលគឺបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក នៅក្នុងចំណុចខ្វះខាតណាមួយ។

លោកសុខ សុភ័ក្រ្តបានបន្ថែមទៀត  សម្រាប់ប្រទេសកម្ពុជាបាននឹងកំពុងសិក្សាជាមួយប្រទេសឥណ្ឌា បើផលចំណេញច្រើនដល់ប្រទេស និងប្រជាជនយើងនឹងអាចនឹងចាប់ផ្តើមបើកកិច្ចចរចានៅក្នុងឆ្នាំក្រោយ បន្ទាប់មកទៀត អាចជប៉ុន អាមេរិក អង់គ្លេស និងប្រទេសផ្សេងទៀត ជាបន្តបន្ទាប់ទៀត។

បើតាម មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ ការចរចារពាណិជ្ជកម្មសេរីជាមួ​យប្រទេសចិន ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត ត្រូវពឹងផ្អែកតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។  ម្យ៉ាងទៀត ការចរចានេះ ធ្វើឡើងលើទម្រង់ និងវិធីសាស្ត្រ បើកច្រកទីផ្សារ ការធ្វើសេរីភាវូបនីយកម្មសេវា ការកំណត់លក្ខខណ្ឌ និងសម្រួលនិតិវិធីសម្រាប់ពាណិជ្ជកម្ម ការកំណត់វិធានដើមកំណើតទំនិញ ការជំរុញនិងសម្រួ​លវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម សម្រួលដល់និតិវិធីអនាម័យ កម្រិតរបាំងបច្ចេ​កទេសលើការធ្វើពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងការដោះស្រាយវិវាទ ត្រូវបានលើកយកមកពិភាក្សា និងកំណត់នៅក្នុងអត្ថបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕

រដ្ឋាភិបាលចេញសេចក្តីណែនាំ៦ចំណុចដើម្បីការពារចម្លងជំងឺ Covid-19 ក្នុងអំឡុងពេលឈប់សម្រាកចំនួន៥ថ្ងៃនាពេលខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសុខភិបាល បានចេញចេញសេក្តីណែនាំចំនួន៦ចំណុច ដើម្បីការការពារចម្លងជំងឺ Covid-19 ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ ថ្ងៃដើម្បីសងថ្ងៃឈប់សម្រាក ការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។

យោងតាមសេចក្តីណែនាំ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីការពារការចម្លងជំងឺ Covid-19 មកបុគ្គល និងចូលទៅក្នុងសហគមន៍ ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវការរស់នៅតាមបែបគន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិ​យាបទ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការការពាចម្លងជំងឺ Covid-19 នេះ ទោះនៅក្នុងពេលវេលាណា ទៅទីណា និងនៅកន្លែងណាក៏ដោយ។

ក្រសួងសុខាភិបាលបញ្ជាក់ថា “ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរមបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ នូវវិធានការការពារខ្លួនពីការចម្លងជំងឺCovid-19”។

វិធានការណ៍ទាំង៦ចំណុចមានដូចជា ទី១ ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកបដោយសុវត្ថិភាព មិនមានការចម្លងជំងឺ ទី២ ជ្រើសរើសមធ្យោបាយធ្វើដំនើរមានសុវត្ថិភាព កាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ ទី៣ ជ្រើសរើសទីកន្លែងស្នាក់នៅប្រកដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ ទី៤ជ្រើសរើការទទួលទានអាហារប្រកបដោយសុវត្ថិភាព មិនបង្កការចម្លងជំងឺ ទី៥ បុគ្គលម្នាក់ៗ ត្រូវរក្សាអនាម័យជានិងច្ច និងទី៦ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានម្រេចឱ្យមន្ត្រីរាជការ និយោ​ជិត កម្មករ ឈប់សំរាកការងារពីថ្ងៃទី ១៧- ២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បី សងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

ផែនការទីផ្សារទេសចរណ៍នឹងប្រែក្លាយខេត្តកែបឱ្យទៅជាគោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់នៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តបានអះអាងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែ​រកាយកម្រិតខ្ពស់”ដ៏ទាក់ទាញមួយនៅកម្ពុជា ស្របតាមផែនការបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិភាក្សាស្ដីពី “ការពិនិត្យលើពង្រាងផែនការទីផ្សារទេសចរណ៍ ខេត្តកែប លើកទី៣“ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០នេះ ថ្លែងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប (២០២០-២០២៤) នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យទេសចរ​ណ៍របស់ខេត្តកែបឱ្យបានកាន់តែមានទាក់ទាញបន្ថែម។

លោកបន្តថា “ផែនការទីផ្សារទេសចរណ៍ខេត្តកែប នឹងត្រូវអនុវត្តន៍តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ”។

លោកសោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារបច្ចេ​កទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត បានឱ្យដឹងដែរថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ដើម្បីផ្តល់ជាធាតុចូលដើម្បីអោយផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកបានបញ្ជាក់ទៀតថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកប​ដោ​យទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

គម្រោងសាងស់រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃជាង១៣០០លានដុល្លាររបស់អ្នកឧកញ៉ាគិតម៉េងបញ្ចប់ការដោះស្រាយផលប៉ះពាល់

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ដែលទទួលសម្បទានអនុវត្តគម្រោងសាងស់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង  បានបញ្ចប់ការដោះស្រាយសំណងគោលនយោបាយ ដល់ប្រជាពលរដ្ឋដែលរងផលប៉ពាល់នឹងគម្រោងវិនិយោគ ដើម្បីឈានទៅរកកិច្ចដំណើរតាមផែនការ ដែលបានគ្រោងទុក។

 

កិច្ចប្រជុំដំណោះស្រាយខាងនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អាជ្ញាធរដែនដី ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង៥៨គ្រួសារ។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៉ិនវេសមិន គ្រុប ឯ.ក ទទួលបានសម្បទានអនុវត្តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសា​គរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា៖

* ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖

– សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់

– សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ។

តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជាផង-

សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្មមាន២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម។

– ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ

– អនុស្ថានីយអគ្គិសនីរបស់រោងចក្រ

– បន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពលទៅឲ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត។

* រោងចក្រនេះ មានអនុភាពដំឡើង៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជាធានាទិញថាមពលពីគម្រោង៨០% ក្នុង១ឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ ៧០ភាគរយ។

* ការដាកឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនីដោយម៉ាស៊ីនទី១ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៉ីនទី២ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤។ រយៈពេលសម្បទាន៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ចំណែកថ្លៃលក់អគ្គិសនី០,០៧២៩២ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មៈ ទំនិញជាង១ម៉ឺនមុខពីកម្ពុជានឹងអាចនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន

ដោយៈលក្ខិណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជា និងចិនបានបញ្ចប់ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីជាមួយគ្នា ក្នុងនោះកម្ពុជាអាចនាំចេញទំនិញទៅកាន់ប្រទេសចិន កាន់តែច្រើនតាមការចរចាជាមួយគ្នា ដោយសារតែ ទីផ្សារចិនជាទីផ្សារធំមួយនៅលើពិភពលោក។

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន បានអោយដឹងក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២៨ កក្កដានេះថា តាមរយៈការចរចាកន្លងមកជាមួយភាគិចិន លទ្ធផលដែលទទួលបាននោះ គឺទំនិញកម្ពុជាប្រមាណជាង១ម៉ឺនមុខ នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមានទាំងសាច់សត្វ ផលិតផលកសិកម្ម អាហារកំប៉ុង ភេសជ្ជៈកំប៉ុង និងផលិតផលជាច្រើនទៀត ដែលលើសពីការនាំទំនិញចូលពីប្រទេសចិន មកកាន់កម្ពុជាច្រើនជាង ៣៤០មុខ។

លោកបន្តថា“យ៉ាងណាក៏ដោយទំនិញទាំងនោះ ត្រូវតែជាទំនិញដែលមានស្ដង់ដារភូតគាមអនាម័យត្រឹមត្រូវ ដូច្នេះសហគ្រិន និងអ្នកផលិត ត្រូវបង្កើនគុណភាពទំនិញរបស់ខ្លួន ដើម្បីត្រៀមនាំចេញទៅកាន់ទីផ្សារចិន នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះចូលជាធរមាន”។

លោក សុខ សុភ័ក្រ្ត បានបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និង ចិន នឹងអាចទាញវិនិយោគិនមកពីក្រៅប្រទេស ក៏ដូចជាវិនិយោគិនក្នុងស្រុក ក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីផលិតទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារធំមួយនៅលើពិភពលោក។

លោកបន្តថា “ការវិនិយោគពីក្រៅប្រទេស ដើម្បីផលិតនាំចេញនឹងអាចផ្ដល់ប្រ​យោជន៍ដល់កម្ពុជា តាមរយៈការផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋក្នុងស្រុក បង់ពន្ធជូនរដ្ឋដែលអាចបង្កើនចំណូលពន្ធរបស់រដ្ឋ សម្រាប់អភិវឌ្ឍន៍ប្រទេសជាដើម”។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា នៅពាក់កណ្ដាលខែក្រោយនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីកម្ពុជាចិន នៅទីក្រុងប៉េកាំងហើយ ក៏ជាពេលវេលាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះចូលជាធរមានផងដែរ៕

គម្រោងផ្លូវដែកល្បឿនលឿនថៃជាប់ព្រំដែនរបស់កម្ពុជានឹងចំណាយទុន ៣,២ពាន់លានដុល្លារ

ដោយៈប៊ី

ភ្នំពេញៈ គម្រោងសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ថៃដែលជាប់នឹងខេត្តចំនួន៤ របស់កម្ពុជាគ្រោងនឹងចំណាយប្រាក់៣,២ពាន់លានដុល្លារ​។

គម្រោងនេះត្រូវបានរំពឹងថា នឹងចំណាយទឹកប្រាក់១០១,៧ពាន់លានបាត (៣,២ ពាន់លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រAsia News Network នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ការពង្រីកខ្សែរថភ្លើង ដែលមានប្រវែង១៩០គីឡូម៉ែត្រ ពីរ៉ាក់យ៉ង-ចន្ថាបូរី-ត្រាត នេះ នឹងដំណើរការនៅជិតនឹងព្រំដែនប្រទេសកម្ពុជា។ ខេត្តចន្ថាបុរីមានព្រំប្រទល់ជាប់ខេត្តបាត់ដំបង និងប៉ៃលិនរបស់ប្រទេសកម្ពុជា រីឯខេត្តត្រាតមានព្រំប្រទល់ប៉ៃលិន បាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

នាយដ្ឋានផ្លូវដែករដ្ឋរបស់ថៃ (SRT)) បានជួលអ្នកពិគ្រោះយោបល់ ដើម្បីធ្វើការសិក្សាលទ្ធភាព លើផែនការសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនដែលភ្ជាប់ព្រលានយន្តហោះអន្តរជាតិចំនួន៣នៅថៃ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគម្រោងពិសេស SRT លោក Sucheep Sooksawang។

លោកបន្តថា គម្រោងដំណាក់កាលទី២នេះ គ្របដណ្តប់លើការពង្រីកផ្លូវដែក ១៩០គីឡូម៉ែត្ររ៉ៃយ៉ង់-ចន្ថាបូរី -ត្រាត។

ការសិក្សានឹងបញ្ចប់នៅខែក្រោយ ហើយបញ្ជូនទៅខុទ្ទកាល័យនៅឆ្នាំក្រោយ។ បន្ទាប់មក SRT នឹងរៀបចំផែនការវិនិយោគសាធារណៈឯកជននៅឆ្នាំ ២០២២ មុនពេលស្នើសុំការដេញថ្លៃរបស់អ្នកសាងសង់នៅឆ្នាំ២០២៤។

ជម្រើសទី១នៃការចេញថ្លៃ ក្រុមហ៊ុនឯកជននឹងវិនិយោគលើការសាងសង់ ប្រព័ន្ធរថភ្លើង រថភ្លើង ប្រតិបត្ដិការ និងថែទាំ រីឯ SRT នឹងដោះស្រាយបញ្ហាដីធ្លី។

ជម្រើសទី២ក្រុមហ៊ុនឯកជនមួយ នឹងវិនិយោគលើប្រព័ន្ធរថភ្លើង រថភ្លើង ប្រតិបត្ដិការ និងថែទាំ រីឯ SRT ដោះស្រាយដីធ្លី និងទទួលខុសត្រូវលើការសាងសង់។

ជំរើសទី៣ ក្រុមហ៊ុនឯកជននឹងទទួលខុស ត្រូវលើប្រតិបត្តិការនិងថែទាំដោយអេស។ ធី។ ឌីថែរក្សានៅសល់៕

លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ជំរុញផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

រ៉ាណេត

មណ្ឌលគិរីៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តបើកកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួងដែលពាក់ព័ន្ធ ដែលក្នុងនោះក៏ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ និងក្រសួងបរិស្ថាន ។

ជាមួយនឹងការចុះអនុវត្តនូវផែនការ នៃការវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងដោះស្រាយវិវាទដីធ្លី ដែលកើតមាននៅក្នុងខេត្តមណ្ឌលគីរីជាច្រើនទីតាំង ត្រូវប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។

ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការវាស់វែង និងចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ តាមការចង្អុលបង្ហាញព្រំដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ វាស់វែងនិងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង ក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់នៅតាមភូមិ និងដីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីដើមខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

សម្តេចបានបញ្ជាក់ថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕