ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ប្រវែងសរុបជិត ៩០គីឡូម៉ែត្រ ត្រូវបានជួសជុល និងស្ដារឡើងរួចរាល់

0

ដោយ ៖ រ៉ាណេត

ព្រះវិហារ ៖ ក្រោយខូចខាតដោយគ្រោះជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនេះ ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ព្រមទាំងផ្លូវជាច្រើនខ្សែទៀតដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ត្រូវបានកម្លាំងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល និងស្តារឡើងវិញរួចរាល់ ដើម្បីឱ្យប្រជាពលរដ្ឋអាចចរាចរណ៍ និងបម្រើដល់ការដឹកជញ្ជូន ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួង, ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារ និងជួសជុលឡើងវិញផ្លូវ ស្ពាន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។

លោក សំ លាងទ្រី បានបញ្ជាក់ថា “ក្រោយជំនន់ទឹកភ្លៀងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការស្តារ និងជួសជុលឡើងវិញផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុកជ័យសែន និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែរទៀត មានប្រវែង ១៣គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំណាក់”។

បច្ចុប្បន្ន ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែង ៨៧.៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ជាប់រំដែនកម្ពុជា-ឡាវ ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត (ព្រំដែនកម្ពុជា-ថៃ) និងផ្លូវខេត្ត 2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុង ទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here