ដោយវឌ្ឈនា
រុស្ស៊ីៈ មជ្ឈមណ្ឌល Lakhta ដែលមានកម្ពស់ ៤៦២ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Petersburg របស់ប្រទេសរុស្សីបានទទួលពានពីកម្មវិធី Emporis Skyscraper Award ។ អគារនេះ រចនាដោយក្រុមហ៊ុន GORPROJECT និងក្រុមហ៊ុន RMJM ដែលជាអាគារខ្ពស់ជាងគេទី១៤ នៅលើពិភពលោក។
គេហទំព័រ archdaily.com បានចុះផ្សាយថា ក្នុងនាមជាអាគារខ្ពស់ជាងគេបំផុតនៅភាគខាងជើងនៃប្រទេសរុស្សី ដែលទទួលពាននេះ ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យអន្តរជាតិ ទៅលើអគារចំនួន៧០០ ដែលបានបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៩ ហើយមានកម្ពស់អប្បបរមា១០០ម៉ែត្រឡើង។
មជ្ឈមណ្ឌល Lakhta មិនត្រឹមតែជាអាគារខ្ពស់ជាងគេ នៅប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាអាគារខ្ពស់ជាងគេនៅសហភាពអឺរ៉ុបផងដែរ។ គណៈវិនិច្ឆ័យ Emporis បានកត់សម្គាល់នូវទម្រង់ នៃអគារមានរចនាសម្ព័ន្ធផ្នែកខាងក្រៅនៃអាគារ ដែលមានស្លាបប្រាំដែលវិលស្ទើរតែ ៩០ដឺក្រេ និងមានលក្ខណៈពិសេសត្រង់មានកំពូលស្រួច ដូចទៅនឹងអណ្តាតភ្លើងដែលឆេះ ដែលមើលទៅមានភាពទាក់ទាញ ។
ពានរង្វាន់អាគារខ្ពស់ជាងគេ Emporis Skyscraper Award ត្រូវបានគេផ្តល់ឱ្យតាំងពីឆ្នាំ២០០០ ដែលមានគណៈវិនិច្ឆ័យច្បាស់លាស់ និងបង្កើតឡើងដោយអ្នកជំនាញស្ថាបត្យកម្មមកពីទូទាំងពិភពលោក ផ្អែកលើលក្ខណៈប្លង់ស្ថាបត្យកម្ម និងការរចនាសោភ័ណភាព និងមុខងារប្រើប្រាស់របស់អគារ ។
អគារដែលទទួលបានពានលើកមុនៗ រួមមាន អគារ MGM Cotai (ឆ្នាំ ២០១៨) នៅទីក្រុងម៉ាកាវ អគារ Lotte World Tower (២០១៧) នៅទីក្រុងសេអ៊ូល និង VIA 57 West (២០១៦) នៅទីក្រុងញូវយ៉ក៕