អ្នកជំនាញ​អចលនទ្រព្យ៖ ភ្នាក់ងារ​អាជីព​សុទ្ធតែ​មានឱកាស​ក្នុងអំឡុងពេលកំពុងមាន​វិបត្តិ​ចុងឆ្នាំ​នេះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខណៈពេលដែល​វិស័យ​មួយចំនួន បាននិងកំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ ដែល​កំពុង​កើតមាន​នៅពេល​បច្ចុប្បន្ន​នេះ សម្រាប់តែ​វិស័យ​អចលនទ្រព្យ អាច​ប្រែក្លាយ​ពី​វិបត្តិ​មួយ​នេះ មកជា​ឱកាស​វិនិយោគ​សម្រាប់​អ្នកមាន​លុយ​គ្រប់គ្រាន់ ក៏ដូចជា​ផ្តល់នូវ​ឱកាសល្អ​សម្រាប់​ភ្នាក់ងារ​អាជីព​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Key Real Esteate បាន​ប្រសាសន៍ នៅក្នុង​កិច្ចពិភាក្សា​រួម​តាម​បណ្តាញ​អេឡិចត្រូនិក កាលពីពេលថ្មីៗនេះ​ថា នៅក្នុង​កំឡុងពេល ដែល​កំពុងតែ​លំបាក​ដោយសារ​មាន​វិបត្តិ​នេះ សម្រាប់​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ខ្លះ ក៏​ពួកគេ​នៅតែ​អាច​ប្រែក្លាយ​ពី​វិបត្តិ ទៅជា​ឱកាស​វិនិយោគ​របស់ខ្លួន​បាន​យ៉ាង​ប្រសើរ​ផងដែរ។

លោក​បញ្ជាក់ថា “នៅក្នុង​កាលទេស​ដែល​លំបាក វា​ក៏មាន​ឱកាស​នៅក្នុង​នោះ​ផងដែរ សំខាន់​យើង​មើលឃើញ​ឱកាស​នោះ​វា​យ៉ាងម៉េច” ។ លោក​បន្ថែមថា “ខ្ញុំ​យល់ថា​នៅក្នុង​វិស័យ​អចលនទ្រព្យ​នេះ ឱកាស​របស់​យើង​ទោះ​នៅក្នុង​កាលទេសៈ ទីណា​ក៏មានដែរ នៅពេលដែល​សេដ្ឋកិច្ច ធ្លាក់ចុះ​យើង​ក៏​អាចមាន​ប្រយោជន៍ ព្រោះ​អាចមាន​ម្ចាស់​អចលនវត្ថុ​មួយចំនួន​នឹងត្រូវ​ការលក់​ក្នុងតម្លៃ​មួយ​ទាប​ជាង​ទីផ្សារ” ។

លោក​បន្តថា នៅពេល​ដែលមាន​អ្នកទិញ យើង​ក៏​អាច​ប្រាប់​ពី​ឱកាស​នៃ​ការទិញ​អចលនវត្ថុ​ដែលមាន​តម្លៃ​ល្អ ដែលមាន​ឱកាស​ចំណេញ​ពី​ការទិញ នៅពេល​ខាងមុខ​ក្នុងនាម​យើង​ជា​ភ្នាក់ងារ​អាជីព។ ទាំងអស់នេះ​វា​ជាការ​ពិត ដែល​យើង​ធ្លាប់បាន​ជួប។

លោក​សន សៀ​ប បាន​បន្តថា នៅក្នុង​អំឡុង​ពេលនេះ បើទោះជា​យើង​មិនសូវ​ចេញ​ក្រៅ ហើយ​នៅតែ​ក្នុងផ្ទះ ក៏​យើង​ស្វែងរក​ព័ត៌មាន​បាន​ពេញលេញ នៅក្នុង​ដៃ​ពី​អចលនវត្ថុ​ដែល​នឹងត្រូវ​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ សម្រាប់​ផ្តល់ជូន​ទៅកាន់​អ្នកទិញ​បន្តបាន​តាមរយៈ​កិច្ចទំនាក់ទំនង​លើ​បណ្តាញ​អេឡិចត្រូនិក តាម​ទូរស័ព្ទ ហើយនឹង​បន្ត​ភ្ជាប់​កិច្ចពិភាក្សា​ជាមួយ​ភាគី​ទាំងសងខាង ក៏ដូចជា​ទាក់ទង​ជាមួយ​ដៃគូ​ភ្នាក់ងារ​របស់​យើង​ផងដែរ។

លោក​បន្តថា “ខ្ញុំ​ជឿថា​បច្ចុប្បន្ននេះ អ្នក​ដែល​កាន់​ព័ត៌មាន​ពេញលេញ​ក្នុង​ដៃ​នៃ​អចលនទ្រព្យ ដែល​ត្រូវ​ការលក់​បន្ទាន់ ហើយ​ធូរ​ថ្លៃ​ពិតប្រាកដ វា​នឹងមិន​ពិបាក​រក​អតិថិជន​បន្ត​នោះទេ” ។

ចំណែក​លោក​គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property បាន​មានប្រសាសន៍​ផងដែរ​ថា អចលនវត្ថុ​ស្ទើរ​គ្រប់ផ្នែក​ទាំងអស់ សុទ្ធតែ​នៅមាន​តម្រូវ​ការមិន​ថា ស្ថិតនៅក្នុង​កំឡុងពេល​ដែល​កំពុង​ទទួលរង​នូវ​វិបត្តិ ឬ​ថ្ងៃ​ខាងមុខ​នោះទេ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ផ្តោតទៅលើ​បុរី នៅតែ​អាច​លក់​បុរី​បាន អ្នក​ដែល​ផ្តោតទៅលើ​ខុន​ដូ នៅតែ​អាច​លក់​ខុន​ដូ​បាន ហើយ​សម្រាប់​អ្នក​ដែល​ផ្តោត​សំខាន់ ទៅលើ​ដី​ឡូ​តិ៍​ក៏​នៅតែ​អាច​រក​អតិថិជន និង​អាច​លក់បាន​ដូចគ្នា សំខាន់​ឱ្យតែ​យើង​មាន​អចលនវត្ថុ​ល្អ និង​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ពិតប្រាកដ គឺ​មិន​ពិបាក​រក​អតិថិជន​ដែលមាន​លុយ​ទិញ​បន្ត​នោះទេ។

លោក​បន្តថា “នៅក្នុង​អំឡុង​ពេលនេះ ភ្នាក់ងារ​អាច​ងាយ​នឹង​រកបាន​អតិថិជន​ពិតប្រាកដ ដែល​មិន​ពិបាក​ចំណាយ​ពេលវេលា​ចោល​ទៀត​នោះទេ។ លោក​បន្តថា “អ្នកលក់​ក៏មាន​តម្រូវ​ការលក់​ពិតប្រាកដ ហើយ​លក់​ក្នុងតម្លៃ​ក្រោម​ទីផ្សារ ហើយ​អ្នកទិញ​ដែលមាន​តម្រូវការ​ពិតប្រាកដ​ក៏​មិន​សូ​ញ​សាញ” ។

លោក​បន្តថា នេះ​មានន័យថា គាត់​ត្រូវការ​លុយ​បង្វិល​ជា​ចាំបាច់ ដូច្នេះ​នៅពេលដែល​យើង​អាច​ជួល​លក់ និង​សម្រាល​បន្ទុក​បន្ទាន់​រប​ស់​គាត់​បាន យើង​នឹង​ក្លាយជា​ភ្នាក់ងារ​ដែល​ស្និទ្ធ និង​ជាទី​ទុកចិត្ត​របស់គាត់​បាន។ ដោយឡែក​សម្រាប់​អតិថិជន ដែល​បាន​ទិញ​អចលនវត្ថុ​តម្លៃ​ក្រោម​ទីផ្សារ តាម​ការណែនាំ​របស់​យើង ពេល​ទទួលបាន​ចំណេញ​ច្រើន យើង​ក៏​ក្លាយជា​ដៃគូ​សហការ​ប្រកបដោយ​ទំនុកចិត្ត​ត​របស់គេ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here