អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនិយាយពីឱកាសវិនិយោគនៅក្នុងខេត្តរតនៈគីរី

ដោយៈ រ៉ាណេត

រតនៈគីរីៈ សម្រាប់បណ្តាខេត្តនានានៅទូទាំងប្រទេស ដែលបានក្លាយជាគោលដៅវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្រៅពីតំបន់មួយចំនួនស្ថិតនៅក្នុងខេត្តចំនួន៤ ជាប់សមុទ្រ ខេត្តរតនៈគីរីដែលស្ថិតភាគឦសាន នៃប្រទេសក៏ជាអាទិភាពមួយក្នុងការវិនិយោគលើវិស័យដីធ្លីផងដែរ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី២៨ ខែក្កដា ឆ្នាំ២០២០នេះថា ខេត្តរតនៈគីរី នៅមានវិសាលភាពដីធ្លីធំធេង ដែលផ្តល់ឱកាសដល់ការវិនិយោគជាច្រើន ហើ​យក៏អាចអភិវឌ្ឍន៍សម្រាប់បម្រើនៅក្នុងវិស័យផ្សេងៗផងដែរ។

លោកបានបន្តថា “ខេត្តមួយនេះមានសក្ដានុពលខ្លាំង និងផ្តល់ឱកាសច្រើនទៅលើការវិនិយោគក្នុងវិស័យកសិកម្ម និងទេសចរណ៍ច្រើនជាងការវិនិយោគ ក្នុងវិស័យសំ​ណង់”។ លោកបន្តថា “វិស័យទេសចរណ៍ នៅខេត្តរតនគីរី មានសក្ដានុពលខ្លាំងដែលសម្បូរទៅដោយតំបន់កម្សាន្តបែបធម្មជាតិជាច្រើន ដែលបណ្តាខេត្តភាគច្រើននៅក្នុងប្រទេសកម្ពុជាមិនមានដូច”។

លោកបន្តថា “តាមខ្ញុំគិតបច្ចុប្បន្ននេះ វាជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី ដោយសារតែដីនៅមានវិសាលភាពធំធេងនៅឡើយ ហើយតម្លៃក៏នៅមានកម្រិត”។

ការវិនិយោគដីធ្លីនៅក្នុងខេត្តនេះ គឺសម្រាប់បម្រើដល់វិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ហើយក៏មានអ្នកអភិវឌ្ឍន៍ កំពុងសម្លឹងមើលពីតំបន់មួយចំនួនក្នុងខេត្តដើម្បីបណ្តាក់ទុនវិនិយោគផងដែរ”។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍បញ្ជាក់តាមទូរស័ព្ទថា ខេត្តដែលស្ថិតនៅភាគឦសានមួយនេះ មានសក្ដានុពលល្អក្នុងវិស័យទេសចរណ៍ ហើយបើនិយាយពីការវិនិយោគ ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផ្សេងៗ ក៏ស្ថិតនៅក្នុងគោលដៅបម្រើ ដល់វិស័យទេសចរណ៍ដែរ ដូចជាការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិបែបកែច្នៃ និងការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយជាដើម។

អភិបាលខេត្តរតនៈគីរី លោក ថង សាវុន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខេត្តរតនគិរីកំពុងទទួលបានគម្រោងវិនិយោគ រោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រឧស្សាហកម្មជាច្រើន ដោយគិតមកទល់ពេលនេះ គម្រោងចំនួនរោងចក្រ និងសិប្បកម្មក្នុងខេត្តមានចំនួនសរុប២៣០ ហើយដោយសារសក្តានុពលដីធ្លី មានអំណោយផលលើវិស័យកសិកម្ម បានធ្វើឱ្យខេត្តនេះអាចនាំចេញកសិផល ទៅក្រៅប្រទេសបានជាង៨៧,០០០តោន មានទឹកប្រាក់ប្រមាណ៣៧លានដុល្លារកាលពីឆ្នាំមុន។

លោកបន្តថា នៅក្នុងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលមានចំនួន២៧ក្រុមហ៊ុន វិនិយោគលើផ្ទៃដីជាង១២០,០០០ហិកតា ប៉ុន្តែការអនុវត្តលើការដាំដុះ សម្រេចបានតែប្រមាណ៥៥,០០០ហិកតាប៉ុណ្ណោះ៕

ប្រទេសNew Zealandដាក់ឱ្យដំណើរការអគាពាណិជ្ជកម្មធំបំផុតជាផ្លូវការ

ដោយវុត្ថា

ភ្នំពេញៈ ប្រទេស New Zealand  បានសម្ពោធដំណើរអគារការិយាលថ្មីមួយកំពស់ ១៨០ម៉ែត្រ និង៤១ជាន់ជាផ្លូវការ បន្ទាប់ពីពន្យាពេលអស់រយៈពេល៨ឆ្នាំ និងការអូសបន្លាយដោយសារតែការផ្ទុះឡើងនូវជំងឺCovid-19។

តាមការចុះផ្សាយរបស់សារព័ត៌មានNew Zealand  បានបង្ហាញថា អគារនេះមានឈ្មោះPwC Tower មានកម្ពស់១៨០ម៉ែត្រ និង៤១ជាន់ ដែលមានការិយាល័យចំនួន ៣៩ ០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានហាងចំនួន១២០ នៅទូទាំងអាគារដែល១៨,០០០ម៉ែត្រការ៉េ។

អាគារនេះគ្រោងនឹងបើដំណើរការនៅក្នុងឆ្នាំ ២០១៩ មុនពេលមានការផ្ទុះឡើងនូវជំងឺ Covid-19  បណ្តាលឱ្យមានការពន្យារពេលបន្ថែម។

លោកScott Pritchard នាយកប្រតិបត្តិក្រុមហ៊ុនPrecinct Properties  ដែលម្ចាស់គម្រោងបានបានឱ្យដឹងថា អគារនេះជាគំរោងអគារពាណិជ្ជកម្មធំបំផុត នៅប្រទេស New Zealand។

លោកបន្តថា “គម្រោងអគារនេះជាគម្រោងសំណង់ ដែលមានស្មុកស្មាញបំផុតមួយរបស់នៅក្នុងប្រទេស ព្រោះវាជាគម្រោងដ៏ធំដែលត្រូវការក្រុមហ៊ុនសាងសង់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រង់គម្រោង ដែលជាហេតុធ្វើឱ្យមានការចំណាយពេលសាងសង់រហូតដល់៨ឆ្នាំបែបនេះ”។

លោកបន្ថែមថា អគារការិយាល័យនេះ សាងសង់ឡើងប្រកបដោយបច្ចេកវិទ្យា និងគុណភាពខ្ពស់ ព្រមទាំងមានរការគិតខ្ពស់ ទាំងការរចនាប្លង់ដោយបានធ្វើការស្រាវជ្រាវយ៉ាងច្រើននៅទូទាំងពិភពលោក៕

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្អូញត្អែរ ពីផលលំបាកនៃប្រតិបត្តិការរបស់ខ្លួន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មកដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានដំណើរការរបស់ខ្លួនលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស អស់រយៈពេល ១១ ឆ្នាំមកហើយ ។

នៅឆ្នាំ ២០០៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុន ជាតិតែមួយគត់នៅកម្ពុជា ដែលប្រត្តិបត្តិការបម្រើអតិថិជនជាតិ និងអន្តរជាតិ ។
នៅក្នុសេចក្ដីថ្លែងសារដែលបង្ហាញពីភាពលំបាកដោយសារវិបត្តិសេដ្ឋកិច្ចជាសាកលដដែលនេះបានបញ្ជាក់ថា ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះយើងបានរួមចំណែកដ៏សកម្មក្នុងការ ផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសនៅកម្ពុជាអោយកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះអាកាសចរណ៍ជាតិមួយនេះក៏បានបណ្តុះបណ្តាលធនធានមនុស្សដូចជា អាកាសយានិក បាហុនិកា និងបុគ្គលិកគាំទ្រសេវាកម្មផ្សេងៗទៀតជាច្រើននាក់ ។

រហូតមកដល់ចុងឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបង្កើនចំនួនជើងហោះហើរក្នុងស្រុក និងហោះទៅកាន់ប្រទេសចិន (ប៉េកាំង ក្វាងចូវ សៀងហៃ ហាងចូវ និងហៃខូវ ) ប្រទេសវៀតណាម (ហូជីមិញ) បានត ភ្ជាប់ជើងហោះហើរថ្មីភ្នំពេញ-ដាណំាង (ប្រទេសវៀតណាម) ។

ឈានចូលដល់ឆ្នាំ ២០២០នេះស្ថានភាពការដឹកជញ្ជូនផ្លូវអាកាសត្រូវបាន កាត់បន្ថយយ៉ាងគំហុកដោយសារការរាតត្បាតជាសកលនៃមេរោគផ្លូវដង្ហើម COVID -19 ។ ជាការពិតណាស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ យើងខ្ញុំ ក៏ទទួល រងនូវការប៉ះពាល់ពីការរាតត្បាតនេះដែរ ដែលតម្រូវអោយយើងកាត់បន្ថយនិងលុបជើងហោះហើរមួយចំនួនធំ ។

ទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែបន្តកិច្ចប្រត្តិបត្តិការរបស់ខ្លួនប្រកបដោយមោទកភាព ដោយគោរព ប្រត្តិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដាអន្តរជាតិដូចជាសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក និងគោលការណ៍របស់អាជ្ញាធរអាកាសចរណ៍ជាតិ-អន្តរជាតិនានា ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់ សស្រាំក្នុងការជួយដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរមកកាន់ទឹកដីកំណើតវិញ ពីរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា និងដឹកប្រជាជនហ្វីលីពីន ពីរាជធានីភ្នំពេញទៅកាន់ រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាពខ្ពស់ ។ គួរអោយកត់សំគាល់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍យើងមានវិធានការការពារខ្ពស់ហើយមិនមានបុគ្គលិកណាម្នាក់ឆ្លងមេរោគ COVID-19 នេះទេ ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសុទិដ្ឋិនិយម និងបានរៀបចំខ្លួនរួចជាស្រេចដើម្បីបង្កើនជើងហោះហើរក្នុងស្រុក និងទៅកាន់គោលដៅទេសចរណ៍អន្តរជាតិនានា ជាពិសេសគោលដៅអាសុីអាគ្នេយ៍តាមផែនការយុទ្ធសាស្រ្តបន្ទាប់ពីមានភាពធូរស្រាលពីជំងឺរាតត្បាតជាសកលនេះ ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្តល់តម្លៃ និងទំនុកចិត្តដ៏កក់ក្តៅ បំផុតពីអតិថិជនទំាងអស់ និងសូមជូនពរឱ្យការធ្វើដំណើររបស់លោក-អ្នកតាម ជើងហោះហើររបស់ កម្ពុជា អង្គរ អ៊ែរ ប្រកបដោយសុវត្ថិភាព និងភាពរីករាយ៕

ទីប្រឹក្សា​សេដ្ឋកិច្ច​លោក​ត្រាំ​អួតថា សេដ្ឋកិច្ច​អាមេរិក​នឹង​ហក់​ឡើង​ខ្ពស់បំផុតមិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ

ដោយ៖ ប៊ី

វ៉ាស៊ីនតោនៈ ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​សេត​វិមាន បាន​ព្យាករណ៍​កាលពី​ថ្ងៃអាទិត្យ​ថា សេដ្ឋកិច្ច​សហរដ្ឋអាមេរិក នឹង​សម្រេចបាន​កំណើន២០ភាគរយ នៅក្នុង​ត្រីមាស​ទី៣ និង​ទី៤ឆ្នាំនេះ បើទោះជា​មាន​បញ្ហា​ផ្ទុះឡើង​ជាថ្មី​នៃ​ជំងឺ COVID-19 ក៏ដោយ។

លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់ បាន​និយាយ​នៅលើ​បណ្តាញ​ទូរទស្សន៍ CNN ថា “ខ្ញុំ​មិន​បដិសេធថា រដ្ឋ​មួយចំនួន​មិនទាន់​ងើបឡើង​វិញ​នោះទេ ប៉ុន្តែ​ចំពោះ​រូបភាព​ទាំងមូល​គឺ​វិជ្ជមាន” ។ លោក​ថា “ខ្ញុំ​នៅតែ​គិតថា​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​រាង​អក្សរ​Vកំពុងដំណើរការ ហើយ​ខ្ញុំ​នៅតែ​គិតថា នឹងមាន​អត្រាកំណើន២០ភាគរយ នៅក្នុង​ត្រីមាស​ទី ៣ និង​ទី ៤” ។

រដ្ឋបាល​ប្រទេស​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ គ្រោង​នឹងធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ការប៉ាន់ស្មាន​លើកដំបូង នៃ​ផលិតផល​ស្រុក​សរុប​នៅក្នុង​ត្រីមាស​ទី២ ជា​រយៈពេល​មួយ​ដែល​សេដ្ឋកិច្ច​បាន​បិទ​នៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ប៉ាន់ប្រមាណ​ថា ក្នុងអំឡុងពេល​ខែមេសា​ដល់​ខែមិថុនា ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​មេ​រិ​កបាន​ធ្លាក់ចុះ៣៧ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ទោះបីជា​យ៉ាង​ក៏ដោយ ក៏​ធនាគារកណ្តាល​របស់​ស​ហ​រដ្ឋ​អាមេរិក បាន​ព្រមាន​អំពី​ការរំពឹងទុក​នៃ​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​នៅ​ពាក់កណ្តាល​ឆ្នាំនេះ។

សម្រាប់​ឆ្នាំ២០២០រំពឹងថា ផលិតផល​ក្នុងស្រុក​សរុប​នឹង​ធ្លាក់ចុះ៦,៥ ភាគរយ។

សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច ក្នុង​ខែកុម្ភៈ​ឆ្នាំ២០២០ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​វិបត្ដិ​សុខភាព​នេះ សភា​អាមេរិក​នៅ​ចុងខែ​មីនា​បានអនុម័ត កញ្ចប់​ជំនួយ​ស  ង្គ្រោះ​សេដ្ឋកិច្ច​ចំនួន២,២ ទ្រី​លាន​ដុល្លារ​អាមេរិក​ហៅថា​កញ្ចប់ Cares Act។ កញ្ចប់​ថវិកា​នេះ​រួមបញ្ចូល​ទាំង​ការត្រួតពិនិត្យ​ដោយផ្ទាល់ ដល់​ជនជាតិ​អាមេរិក និង​ថវិកា​ចំនួន៣៤៩ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម។

កញ្ចប់​ជំនួយ​លើក​ទី២ សរុប​ជិត៥០០លាន​ដុល្លារ​អាមេរិក ត្រូវបាន​បញ្ចប់​នៅ​ខែមេសា។ អត្ថប្រយោជន៍​សម្រាប់​ភាព​អត់​ការងារ បាន​កើនឡើង​ចំនួន៦០០ដុល្លារ ក្នុង​មួយ​សប្តាហ៍ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ការពារ​បុគ្គល​ក្នុងពេល​មាន​វិបត្តិ។ ប៉ុន្តែ​វិធានការណ៍​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​សុក្រ​កន្លងមកនេះ៕

ទុនបម្រុង​មាស ៣៦តោន និង​ទុន​កញ្ចប់​បម្រុង​ ១៩ពាន់​លាន​ដុល្លារ​របស់​កម្ពុជា​នឹង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​បន្ថែមទៀត

ប្រែ​សម្រួល​ដោយ ប៊ី

ភ្នំពេញៈ ទុនបម្រុង​ជា​មាស​របស់​ប្រទេស​កម្ពុជា ដែល​បានដាក់​បញ្ចូល​បន្ថែម​ទៅក្នុង​លើ​ធាតុសំខាន់ៗរបស់​ប្រទេស ដូចជា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​បញ្ជាក់​ជាថ្មី​ថា ជំហរ​រួម​របស់​ប្រទេស​កម្ពុជា នៅតែ​ស្ថិតក្នុង​សភាព​ល្អប្រសើរ។

កត្តា​ទាំងនេះ​បាន​បង្ហាញថា ការវិនិយោគ​បន្ថែមទៀត​គួរតែ​ផ្លាស់ប្តូរ ទៅកាន់​កម្ពុជាដោយសារ​កម្ពុជា​បាន​បើកចំហរ​សេដ្ឋកិច្ច ដល់​ការវិនិយោគ​ទាំង​អស់ពី​គ្រប់ទិសទី នៃ​ពិភពលោក។

រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ធ្វើ​អស់ពី​សមត្ថភាព​តាម​វិធី​ជាច្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​របស់ខ្លួន ហើយ​ធានាថា​កម្ពុជា​ត្រៀមខ្លួន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ខណៈ​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី និង​ប្រទេសផ្សេងៗទៀត។

អ្នកខ្លះ​អាច​ជជែក​វែកញែក​ដោយ​លើកឡើងថា មាស​ដែល​កាន់កាប់​ដោយ​ប្រទេស​កម្ពុជា មាន​ចំនួន​តិចតួច។ មាស​ទាំងនេះ​រួមបញ្ចូល​មាស​ចំនួន១២,៤ តោន​ទទួលបាន​ពី​សង្គ្រាម​ក្រោយ​ប្រទេស​កម្ពុជា និង​ដាក់​ប្រាក់​នៅ​ធនាគារ​ស្វី​ស។ មាស​ចំនួន ១៤,១ តោន​ផ្សេងទៀត ត្រូវបាន​រក្សាទុក​នៅ​ធនាគារ​អង់គ្លេស និង​មាស​ចំនួន១០តោន​រក្សាទុក​នៅ​កម្ពុជា។

ប៉ុន្តែ​វា​ជា​ចំនួន​ច្រើនណាស់ សម្រាប់​ប្រទេស​តូច​មួយ​ដូចជា​ប្រទេស​កម្ពុជា ដែលមាន​ប្រជាជន​ជាង១៥លាន​នាក់ និង​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន២៧,១ពាន់​លាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាល​ក៏​ពូកែ​ក្នុងការ​សន្សំ ដូចដែល​បានបង្ហាញ​ដោយ​ការពិត​ដែលថា អតិរេក​សាច់ប្រាក់​ជាង៣ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​កត់ត្រា​ទុក។ ដូច្នេះ​នៅពេលដែល​រដ្ឋាភិបាល​កាត់បន្ថយ​ថវិកា​របស់ខ្លួន ចំនួន៥០ភាគរយ​សម្រាប់​ឆ្នាំក្រោយ វា​គឺជា​ការសម្រេចចិត្ត​នយោបាយ​ស្តី ពី​កិច្ចការ​អាទិភាព​របស់​ប្រទេស​សម្រាប់​ការអភិវឌ្ឍ និង​តម្រូវការ​ផ្សេងទៀត។

តម្លាភាព និង​គណនេយ្យភាព

វា​ក៏​ជា​ចំនួន​ដ៏​ធំ​មួយ​ដែរ នៅពេល​និយាយ​អំពី​ទុនបម្រុង​អន្តរជាតិ​ចំនួន១៩ពាន់​លាន​ដុល្លារ​របស់ខ្លួន ដូចដែល​បានបញ្ជាក់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី២៣ ខែកក្កដា​ឆ្នាំ ២០២។ វា​មានន័យថា វា​មិន​ត្រឹមតែ​បង្ហាញ​ពី​បរិមាណ​មាស និង​ប្រាក់​បំរុង​អន្តរជាតិ​រាប់ពាន់​លាន​ដុល្លារ​នោះទេ វា​បង្ហាញ​ពី​រូបភាព​ល្អ​នៃ​អភិបាលកិច្ច ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ផ្ញើ​សារច្បាស់ៗ និងលឺៗ ទៅកាន់​ពិភពលោក​ខាងក្រៅ​ថា ប្រទេស​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​តម្លាភាព និង​គណនេយ្យភាព។

នោះ​ក៏​មានន័យថា អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​គួរតែ​ពិនិត្យ​ពិចារណា​ឱ្យ​កាន់តែច្បាស់​អំពី​ព្រះរាជាណាចក្រ​អច្ឆរិយៈ ជា​ទិសដៅ​វិនិយោគ​របស់ខ្លួន​ន ក៏ដូចជា​តំបន់​អាស៊ាន​ចំនួន ១០ ដែលមាន​ប្រជាជន​ជាង៦០០លាន​នាក់។

ទោះយ៉ាងណា​នៅពេល​អ្នកវិនិយោគ​នៅ​កម្ពុជា ទីផ្សារ​របស់​អ្នកធំ​ជាង​មុន ពីព្រោះ​អាស៊ាន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ដូចជា​សាធារណរដ្ឋ​កូរ៉េ ចិន ជប៉ុន ឥណ្ឌា និង​ប្រទេស​ដទៃទៀត។

ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម

កម្ពុជា​នឹងមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​អាស៊ាន-ហុងកុង ចិន ឥណ្ឌា និង​ប្រទេសផ្សេងៗទៀត ដើម្បី​បើក​ទីផ្សារ​កម្ពុជា​នៅក្រៅ​ប្រទេស។

សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា មាន​ស្រាប់ ខណៈ​រដ្ឋាភិបាល​កំពុង ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណែទម្រង់​ក្នុងស្រុក ធ្វើឱ្យ​មិត្តភក្តិ​នៅ​ជិត និង​ឆ្ងាយ​ដោយ​ឈរលើ​មូលដ្ឋាន​ស្មើគ្នា ស្របតាម​ការគោរព​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​គ្នា​ទៅវិញទៅមក។

បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​របស់ខ្លួន សម្រាប់​ការវិនិយោគ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ ក្នុង​បរិបទ​សាកលភាវូបនីយកម្ម។ ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ដាក់ឱ្យ​ដំណើរការឆាប់ៗនេះ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅកាន់​ប្រទេស​ចិន ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​រំពឹងថា​នឹងធ្វើ​ឡើង​នៅមុន​ពាក់កណ្តាល​ខែសីហា​ឆ្នាំ២០២។ កិច្ចព្រមព្រៀង​នេះ នឹងមិន​ត្រឹមតែ​ទាក់ទាញ​វិនិយោគ​ចិន​មក​កម្ពុជា តែ​ថែមទាំង​ទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ដទៃ​ផងដែរ។

ពាណិជ្ជកម្ម​ទ្វេភាគី បាន​កើន​ឡើងដល់​ជាង៧,៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ និង​មាន​គោលដៅ​ឈាន​ឲ្យ​ដល់១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២។

អត្រា​អតិផរណា​របស់​ប្រទេស​នេះ នៅ​ទាប​នៅឡើយ​មាន​អត្រា​ត្រឹម២,៨ភាគរយ​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ហើយ​អត្រា​ប្តូរប្រាក់​បរទេស​មាន​ស្ថិរភាព (ប្រហែល ៤.១០០ រៀល ស្មើនឹង​ដុល្លារ​អាមេរិក)។ ប្រទេស​កម្ពុជា​ក៏មាន​កម្លាំង​ពលកម្ម ដែលមាន​សក្តានុពល​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ ពោលគឺ​ប្រជាជន​វ័យក្មេង ដែលមាន​ប្រមាណ៧០ភាគរយ​នៃ​ប្រជាជន​សរុប​របស់ខ្លួន។

ក្នុងន័យនេះ ការវិនិយោគ​កាន់តែច្រើន​គួរតែ​ត្រៀមខ្លួន ដើម្បី​ផ្លាស់ប្តូរ​ទៅ​ព្រះរាជាណាចក្រ​អច្ឆរិយៈ ដែលជា​កន្លែង​ដែល​ប្រទេស​នេះ មាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុង​វិស័យ​ទេសចរណ៍ កសិឧស្សាហកម្ម កាត់ដេរ​សម្លៀកបំពាក់ និង​អប់រំ​ជាដើម។

ប្រទេស​កម្ពុជា​នាំមក​នូវ​សក្តានុពល និង​ឱកាស ដើម្បី​បំពេញ​សេចក្តីត្រូវការ និង​គោលដៅ​របស់​វិនិយោគិន​សម្រាប់​កំណើន​នាពេល​អនាគត៕

FURI Corporation ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ជាប់​លំដាប់់ Top 10 នៅ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្អែក​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ Investasian បាន​ចុះផ្សាយ​ថា នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន FURI Corporation បាន​ជាប់​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ១ ក្នុង​ចំនួន១០ ឈានមុខ​គេ ដែល​បាននិងកំពុង​បំពេញ​នូវ​លក្ខខណ្ឌ​ស្តង់ដារ​អន្តរជាតិ ដែល​ជារួម​អភិវឌ្ឍន៍​វិស័យ​ទ្រព្យ​កម្ពុជា​ឱ្យមាន​កា​ររ​រីកចម្រើន។

ការអះអាង​របស់​គេហ​ទំព័រ Investmentasian ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​ការសិក្សា​លម្អិត​ពី​គម្រោង​បណ្តាក់ទុន សកម្មភាព​អភិវឌ្ឍន៍ និង​លទ្ធផល​ដែល​ទទួល​ជាបណ្ដើរៗពាក់ព័ន្ធ ទៅនឹង​គម្រោង​ដែល​កំពុង​សាងសង់ រួម​ជាមួយនឹង​ការទទួលស្គាល់​នូវ​គុណភាព​សំណង់​ផងដែរ។

ក្រុមហ៊ុន FURI Corporation ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១២ និង​បាន​ក្លាយជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ បានដាក់​ទុនវិនិយោគ​នៅលើ​ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស ដើម្បី​អភិវឌ្ឍន៍ និង​លក់​អចលនទ្រព្យ​របស់​ឱ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​មកពី​ប្រទេស​សិង្ហ​បុរី។

បច្ចុប្បន្ននេះ ក្រុមហ៊ុន FURI Corporation បាននិងកំពុង​អនុវត្ត​នូវ​សកម្មភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដែល​បម្រើ​ក្នុង​វិស័យផ្សេងៗគ្នា ដូចជា ទី១  គម្រោង​ផ្សារ​ទំនើប​ដ៏​ធំ និង​លើកដំបូង​នៅក្នុង​ក្រុងព្រះសីហនុ FURI Times Square (កំពុងដំណើរការ​លក់)។ ផ្សារ​ទំនើប Furi Times Square មាន​ទីកន្លែង​លក់រាយ និង​កន្លែង​កម្សាន្ត​ចំនួន​សរុប ៦០០០ម៉ែត្រការ៉េ ត្រូវបាន​ជ្រើសរើស​នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត នៅក្នុង​ពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា។

ផ្សារ​ទំនើប​មួយ​នេះ​មាន​កំពស់ ៤ជាន់​នេះ ស្ថិតនៅ​លើផ្លូវ​ឯករាជ្យ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខ័​ណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ក្រោម​ទុនវិនិយោគ​ជាង១០លាន​ដុល្លារ។

ទី២ គម្រោង​អភិវឌ្ឍន៍​ក្រុង​ថ្មី Crystalville Ream Beach មាន​ទុនវិនិយោគ​ប្រមាណ១០០០លាន​ដុល្លារ ស្ថិតនៅ​ក្បែរ​គម្រោង​ភិ​វឌ្ឍន៍​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ភ្ជាប់​ជាមួយនឹង​មហាវិថី​ឆ្នេរ​រាម ដែលមាន​ទំហំ៥០ម៉ែត្រ ត​ភ្ជាប់​ទៅកាន់​ឆ្នេរ​អូរត្រេះ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​រាម។ នៅក្នុង​គម្រោង​នេះ មានការ​សាងសង​វីឡា​លំហែរ​កាយ សណ្ឋាគារ​លំដាប់​ផ្កាយ៥ អាគារ​ខុន​ដូ ផ្សារ​ទំនើប និង​អាង​ហែល​ទឹក Crystal លំដាប់​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​តំបន់។

ទី៣ គម្រោង​សណ្ឋាគារ FURI នៅ​កណ្តាល​ក្រុងព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​កម្សាន្ត កាស៊ីណូ​លំដាប់​អន្តរជាតិ​ដ៏​ធំ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុងព្រះសីហនុ។  ក្រុមហ៊ុន FURI Corporation ក៏​នៅមាន​គ​ម្រោ​អភិវឌ្ឍន៍​មួយចំនួនទៀត ដែល​កំពុង​ស្ថិតនៅក្នុង​ដំណាក់​សិក្សា និង​ស្វែងរក​ក្រុមហ៊ុន​សហការ​ជា​ដៃគូ។

នៅក្នុង​ការចេញផ្សាយរ​បស់​សារព័ត៌មាន Investasia ក៏បាន​បញ្ជាក់ថា ការវិនិយោគ និង​ការអភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា គឺ​បានទទួល​នូវ​ផលប្រយោជន៍ និង​ចំណេញ​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេសជិតខាង និង​នៅក្នុង​តំបន់​អាស៊ី។ អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​តំលៃថោក ប៉ុន្តែ​វិនិយោគិន​អាច​ទទួលបាន​ផល​មកវិញ​យ៉ាងច្រើន ដោយសារ​តម្លៃ​អចលនទ្រព្យ​កើនឡើង និង​ទទួល​ចំណូល​ខ្ពស់។

លើសពីនេះទៅទៀត​ប្រទេស​កម្ពុជា បាន​ផ្តល់ជូន​នូវ​លក្ខខណ្ឌ​ងាយស្រួល​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ៕

កាស៊ីណូ​ចំនួន២១មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដាក់ពាក្យ​ស្នើសុំ​ធ្វើអាជីវកម្ម​ឡើងវិញ

ដោយ ​វុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​កាស៊ីណូ​ចំនួន២១មូលដ្ឋាន នៅក្នុង​ខេត្ត​ព្រះសីហនុ បានដាក់​ពាក្យស្នើសុំ​ធ្វើ​អាជីវកម្ម​ឡើងវិញ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​អនុ​ញ្ញា​ឱ្យធ្វើ​អាជីវកម្ម។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញ​នេះ​ថា ការបើក​ដំណើរការ​ឡើងវិញ នូវ​អាជីវកម្ម​កាស៊ីណូ នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ លុះត្រាតែ​មានការ​អនុញ្ញាត ពី​ក្រសួង​ស​សុខាភិបាល ទើប​អាច​បើក​ដំណើរ​ឡើងវិញ​បាន ខណៈ​បច្ចុប្បន្ន​ក្រសួង​កំពុងដំណើរការ​រៀបចំ​នីតិវិធី។

លោក​បន្តថា “អ្នក​ដែល​ចង់​បើក​ដំណើរការ​ឡើងវិញ ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ទៅ​ក្រសួងសុខាភិបាល។ ខ្ញុំ​សូមបញ្ជាក់ថា​នេះ ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល ហើយ​រដ្ឋ​បាន​ខេត្ត គឺ​យើង​រងចាំ​និតិ​វិធី​លម្អិត​ពី​ក្រសួងសុខាភិបាល​ដែរ” ។ លោក​បន្ថែមថា “បើ​ក្រសួង​អនុ​ញ្ញា​ត្តិ ក៏​យើង​អនុវត្ត​ទៅតាម​គោលការណ៍ ដែល​ចេញពី​ក្រសួងសុខាភិបាល ថា តើ​ត្រូវធ្វើ​យ៉ាងណាខ្លះ?” ។

លោក​ឃាង ភារ​ម្យ​បានបញ្ជាក់​ទៀតថា កាលពី​កន្លងមកនេះ បាន​ចុះ​ពិនិត្យ​ក្រោម​ការដឹកនាំ​ចុះ​ត្រួតពិនិត្យ របស់លោក​ជំទាវ​យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល កាស៊ីណូ​ចំនួន៧មូលដ្ឋាន​ដែល​បានស្នើ​សុំ ហើយ​ក្រោយមក​រហូតដល់​ថ្ងៃនេះ មាន​ចំនួន១៤ទៀត​សរុប​មាន​ចំនួន២១មូលដ្ឋាន ដែល​បានដាក់​ពាក្យស្នើសុំ​បើក​អាជីវកម្ម​ឡើងវិញ។

ពាក់ព័ន្ធ​នឹង​ការស្នើសុំ​បើក​ដំណើរការ​ឡើងវិញ​នូវ​កាស៊ីណូ​នេះ គេហទំព័រ Propertyarea.asia បាន​ទាក់ទង​ទៅ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌី​ន  តាមរយៈ​សារ​តេ​ឡេ​ក្រាម និង​ទូរស័ព្ទ ប៉ុន្តែ​មិនមាន​ការ​ឆ្លើយតបបាន​នោះទេ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ មានលទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ ប៉ុន្តែ​មាន​ល្បែងភ្នាល់ និង​ស្លុត​ម៉ាស៊ីន​តែប៉ុណ្ណោះ ។

បើតាម​សម្តេច​តេ​ជោ ហ៊ុនសែន កាស៊ីណូ​ទាំងអស់នោះ ត្រូវ​ស្នើ​សុំឱ្យ​មានការ​អនុ ញ្ញាត​ពី​ក្រសួងសុខាភិបាល ដែលមាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន នៃ​វិធាន​ការការពារ​ជាមួយ​ជំងឺ Covid-19 ។ កាលពី​ខែមេសា​កន្លងទៅនេះ សម្តេច​តេ​ជោ​ហ៊ុន សែន​បា​នស​ម្រេ ច​បិទ​កាស៊ីណូ​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ Covid-19 ៕

តើ​ហេតុផល​ប៉ុន្មាន​យ៉ាង​ដែល​អ្នក​គួរតែ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ?

ដោយ វុត្ថា

ភ្នំពេញៈ បើទោះជា​នៅពេល​បច្ចុប្បន្ន ការវិនិយោគ​នៅលើ​វិស័យ​អចលនទ្រព្យ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងណាក៏ដោយ ក៏មាន​មនុស្ស​មួយចំនួនទៀត​នៅតែ​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​ក្នុង​ចិត្ត និង​មិន​ហ៊ាន​ចូលរួម​នៅក្នុង​ការវិនិយោគ ដើម្បី​ទទួលបាន​ចំណេញ​នៅពេល អនាគត​នោះឡើយ។

ខាងក្រោម​នេះ គឺជា​ហេតុផល៤ចំណុច ដែល​អាច​ជម្រុញ​ទឹកចិត្ត​ឱ្យមាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ។

១) ជា​ទ្រព្យ​អសកម្ម ប៉ុន្តែ​អាចបំពេញ​តម្លៃបន្ថែម​បាន

ចំណុចខ្លាំង​របស់​អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ​ដែល​អាចបំពេញ តម្លៃ​ខ្ពស់​ឡើង ស្ទើរ​រៀងរាល់ឆ្នាំ ហើយ​តម្លៃ​មិនអាច​ធ្លាក់ចុះ​ទៅតាម​អាយុកាល​នោះទេ មានន័យថា​កាន់តែ​យូរ​កាន់តែ​មានតម្លៃ​កើនឡើង ដែលជា​ទូទៅ​មាន​ពេលវេលា​ច្រើនជាង៥ឆ្នាំ ទើប​អាច​ឃើញ​ពី​ភាពច្បាស់លាស់​នៃ​ការ​កើន​តម្លៃ។

២) អត្រា​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ 

ការវិនិយោគ​ក្នុង​ផ្នែក​អចលនទ្រព្យ ជាការ​វិនិយោគ​មួយ ដែលមាន​អត្រា​ខ្ពស់​ក្នុងការ​ទទួលបាន​ផល​ត្រឡប់មកវិញ​ខ្ពស់ ជាង​អត្រា​អតិផរណា ។ ការវិនិយោគ​ក្នុង​អចលនទ្រព្យ ជាទូទៅ​តែង​បាន​ផល​ត្រឡប់មកវិញ ជា​មធ្យម​ប្រមាណ ៥%-១៥% ក្នុង១ឆ្នាំ ដែល​ចាត់ទុកថា​ខ្ពស់ជាង​អត្រា​អតិផរណា និង​ខ្ពស់ជាង​អត្រា​ការប្រាក់​ពី​ប្រាក់​បញ្ញើ​នៅក្នុង​ធនាគារ ។ នេះ​ជា​ហេតុផល​ចម្បង ដែល​មនុស្ស​ជាច្រើន​ងាក​មក​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ។

៣) បង្កើត​ប្រាក់ចំណូល​បាន​ច្រើន

ការវិនិយោគ​ក្នុង​អចលនទ្រព្យ មិនមែន​ត្រឹមតែ​ការទិញ​សម្រាប់​លក់​បន្ត ដើម្បី​ទទួល​ប្រាក់ចំណេញ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​អាចបង្កើត​ប្រាក់ចំណូល​បាន​ច្រើនយ៉ាង មិន​ថា​ជា​ការជួល​សម្រាប់​ស្នាក់នៅ ជួល​សម្រាប់​មុខ​ជំនួញ និង​ប្រើប្រាស់​ជា ប្រយោជន៍ផ្សេងៗជាដើម ត្រង់ចំណុច​នេះ អាច​ចាត់ទុកថា​ជា​ប្រាក់ចំណូល​មួយ ដែល​អាច​ប្រមូល​មុននឹង​ធ្វើការ​លក់​ចេញ។

ដូច្នេះ រឿង​ដែល​វិនិយោគិន និយម​បំផុត​ក្នុង​ការទិញ​អចលនទ្រព្យ គឺ​ការជួល​ប្រចាំខែ​បន្ទាប់មក​លក់​ចេញ ដើម្បី​ទទួល​តម្លៃ​ចំណេញ​បន្ថែម។

៤) ជា​មរតក​ដល់​កូនចៅ

អចលនទ្រព្យ គឺជា​ទ្រព្យសម្បត្តិ ដែល​អាច​ផ្ទេរ​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន មិន​ថា​ចំពោះ​ដី លំនៅដ្ឋាន ឬ​អគារ​សណ្ឋាគារ។ល។ ក្រៅពី​អាចជួយ​បង្កើន​ធនធាន​ច្រើន​ដល់​ខ្លួនឯង អ្នក​ក៏​អាច​ផ្ទេរ​ទ្រព្យសម្បត្តិ ដែលមាន​តម្លៃ​ទាំងនេះ ដល់​កូនចៅ​ជំនាន់ក្រោយៗបាន​ទៀតផង៕

ស្ថានភាពទិញ-លក់ដីធ្លី នៅក្នុងទីក្រុងភ្នំពេញមានភាពស្រពេចស្រពិល

ដោយ ហ្សូលី

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបង្ហើបប្រាប់ឱ្យដឹងថា គិតមកទល់ពេលនេះ តម្លៃដីធ្លីស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញហាក់ដូចជាមិនទាន់មានច្បាស់លាស់នៅឡើយ ខណៈប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺរាតត្បាត។

នាយិកាប្រចាំក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញស្តីពីវិស័យអចលនទ្រព្យនិងសំណង់អំឡុង Covid-19 កាលពីថ្មីៗនេះឱ្យដឹងថា តម្លៃដីដែលស្ថិតនៅក្នុងខណ្ឌមួយចំនួននៅទីក្រុងភ្នំពេញហាក់មានសភាពមិនច្បាស់លាស់។

លោកស្រីបន្តថា ថ្មីៗនេះមិនមានតម្រូវការដីធ្លីនៅក្នុងទីក្រុងឡើយ ព្រោះការផ្គត់ផ្គង់មានភាពគ្រប់គ្រាន់និងពេញលេញ។ ជាក់ស្តែងដូចជាតម្លៃដីនៅខាងខណ្ឌចំការមន និងខណ្ឌដូនពេញស្ថិតក្នុងសភាពទ្រឹង។ តែយ៉ាណាបញ្ហាវិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតមិនសូវជាជះឥទ្ធិពលប៉ុន្មានទេ ដោយសារម្ចាស់ដីធ្លីនៅក្នុងតំបន់នោះគឺជាបុគ្គលដែលមានជីវភាពកម្រិតខ្ពស់។

ទន្ទឹមនេះ លោកស្រីបានពន្យល់បន្ថែមថា ស្ថានភាពដីធ្លីនៅក្នុងតំបន់ផ្សេង ឬនៅឆ្ងាយពីក្រុងមួយចំនួនជួបប្រទះនូវការធ្លាក់ចុះឬភាពស្ងប់ស្ងាត់ បណ្តាលមកពីកត្តាមួយចំនួនដូចជា ភាពយឺតយ៉ាវនៃដំណើរប្រតិបត្តិការ តម្លៃដីធ្លីនៅកណ្តាលក្រុងមានភាពនឹងនរមិនឡើងថ្លៃ និងកំណើនចរន្តប្រតិបត្តិការទិញ-លក់នៅជាយក្រុង ជាដើម។

ក្រៅពីនេះ ដោយសារលំអោននៃការវិនិយោគមួយចំនួន នាំឱ្យគម្រោងខ្លះត្រូវពន្យាពេលសម្ពោធ និងផ្អាកបណ្តោះអាសន្ន ព្រោះអតិថិជនបរទេសធ្លាក់ចុះ និងម្ចាស់គម្រោងអភិវឌ្ឍធំៗកំពុងពន្យាពេលសម្រេចចិត្ត។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance បានលើកឡើងថា ចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជា មានសន្ទុះសារជាថ្មីកាលពីខែឧសភា និងដើមខែមិថុនា ប៉ុន្តែក្រោយមកក៏ធ្លាក់ក្នុងភាពស្ងប់ស្ងាត់ទៅវិញ ដោយសារមានករណីថ្មីនៃជំងឺរាតត្បាត Covid-19។

អគ្គនាយករូបនេះបានធ្វើការអំពាវនាវដល់អ្នកមានគម្រោងទិញអចលនទ្រព្យផងដែរថា មុននឹងសម្រេចចិត្តទិញគប្បីមានការប្រុងប្រយ័ត្នឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

អ្នកជំនាញ ៖ ទីផ្សារសំណង់នៅកម្ពុជា មានក្រុមហ៊ុនក្នុងស្រុកស្ទើរ៩០ភាគរយទទួលបានគម្រោងសាងសង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ វិស័យសំណង់នៅកម្ពុជាក្នុងរយៈពេលប្រមាណ១ ទសវត្សរ៍ចុងក្រោយនេះត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងមួយចំនួន ជាពិសេសមកពីប្រទេសចិន។ ជាក់ស្ដែងនៅត្រឹមរយៈពេល៦ខែ ឆ្នាំ២០២០ ទុនវិនិយោគសរុបមានជិត៤០០០លានដុល្លារ ដែលក្នុងនោះ ក្រុមហ៊ុនក្នុងស្រុកស្ទើរ៩០ភាគរយ ជាអ្នកទទួលម៉ៅការសាងសង់។

អគ្គនាយកក្រុមហ៊ុនជំនាញសាងសង់ F.D.C Construction Co.,Ltd លោក សឿន រដ្ឋា បានមានប្រសាសន៍ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ក្រុមហ៊ុនសាងសង់សំណង់នៅកម្ពុជា ទាំងជាតិ និងអន្តរជាតិ មានមិនក្រោម១០០០ក្រុមហ៊ុននោះទេ ដែលចំនួននេះនៅមិនទាន់រាប់បញ្ចូលក្រុមហ៊ុនមិនទាន់ចុះបញ្ជីនៅក្រសួងជំនាញដែលពាក់ព័ន្ធនៅឡើយ។

លោក សឿន រដ្ឋា បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនក្រៅពីក្រុមហ៊ុនសាងសង់ក្នុងស្រុក គឺមានក្រុមហ៊ុនមកពីប្រទេសចិន បន្ទាប់មកក្រុមហ៊ុនពីកូរ៉េ សិង្ហបុរី ហុងកុង និងជាដើមជប៉ុន ប៉ុន្តែក្រុមហ៊ុនទាំងនោះក្រោយពីទទួលបានការដេញថ្លៃក្នុងការសាងសង់គម្រោងណាមួយ តែងសហការជាមួយក្រុមហ៊ុនក្នុងស្រុកលើការសាងសង់ដដែលរហូតដល់ប្រមាណជិត ៩០ភាគរយ ដោយពួកគេកាន់គោលជំហរ និងគ្រប់គ្រងទៅលើផ្នែកបច្ចេកទេស”។

លោកបញ្ជាក់ថា “បើយើងនិយាយពីទីផ្សារសំណង់ គឺមានភាពទូលំទូលាយ រាប់ចាប់គិតពីគម្រោងសាងសង់ដាច់ដោយឡែកជាលក្ខណៈឯកជនខ្នាតតូច ដូចជាគម្រោងលនៅដ្ឋានឡើងទៅដល់គម្រោងអភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មធំៗដែលមានតម្លៃរាប់រយលានដុល្លារដូចដែលកំពុងមាននៅក្នុងទីផ្សារសំណង់កម្ពុជានាពេលបច្ចុប្បន្ន”។

ជាមួយនឹងការទទួលបានចំណែកទីផ្សារសាងសង់យ៉ាធំធេងរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅកម្ពុជា លោក សឿន រដ្ឋា បានអះអាងថា សម្រាប់គម្រោងអភិវឌ្ឍន៍សំណង់ធំៗដែលមានតម្លៃរាប់សិបលានដុល្លារ ម្ចាស់គម្រោងបានកំណត់យ៉ាងច្បាស់ទៅលើកម្រិតគុណភាពសំណង់របស់ពួកគេ ដែលចាំបាច់ត្រូវតែជាក្រុមហ៊ុនស្របច្បាប់ មានបទពិសោធន៍ និងជំនាញច្បាស់លាស់។

លោក សឿន រដ្ឋា បានមានប្រសាសន៍ថា “គម្រោងរបស់គេមានតម្លៃច្រើនក្នុងចក្ខុវិស័យវិនិយោគក្នុងរយៈពេលយូរ និងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងក្ដីរំពឹងពីលទ្ធផលវិជ្ជមាន ដូច្នេះ ទាំងគុណភាពសំណង់ រយៈពេលនៃការសាងសង់ និងអាយុកាលនៃសំណង់អាគារចាំបាច់ត្រូវតែប្រាកដថាមានភាពល្អប្រសើរ ដែលអាចទាញយកផលចំណេញខ្ពស់ពីការវិនិយោគរបស់ពួកគេ ដែលផ្ទុយស្រឡះពីគម្រោងសាងសង់ខ្នាតតូច ដែលម្ចាស់គម្រោងភាគច្រើន (អ្នកក្នុងស្រុក) មិនបានយចិត្តទុកដាក់ទៅលើកិច្ចសហការជាមួយក្រុមហ៊ុនសាងសង់ស្របច្បាប់ និងមានជំនាញច្បាស់ មានការធានាត្រឹមត្រូវនោះទេ ក្រោហេតុផលចំណាយខ្ពស់។ ដូច្នេះពួកគេត្រឹមតែផ្តល់គម្រោងដល់ក្រុមអ្នកម៉ៅការសាងសង់ (ជួលកម្លាំងជំនាញ និងកម្លាំងពលកម្ម) ហើយរាល់ការផ្គត់ផ្គង់សម្ភារៈសាងសង់ ក៏ដូចជាការគ្រប់គ្រងគុណភាពសំណង់គ្រប់គ្រងដោយខ្លួនឯងផ្ទាល់។ ការសម្រេចចិត្តបែប វាជាភាពប្រថុយប្រថានខ្ពស់ ហើយគុណភាពសំណង់ក៏មិនប្រាកដថាទទួលបាននោះដែរ”។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់ប្រមាណ ២ ៥២២ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ៨, ៦ លានម៉ែត្រការ៉េ ស្មើតម្លៃទុនសរុបជាង ៣៨៤២ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២ ០៤៧ គម្រោង លើផ្ទៃក្រឡាសរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានលើទុនវិនិយោគជិត ៣៣៩២ លានដុល្លារ មានការកើនឡើងចំនួន ១៣, ២៦ ភាគរយ។

របាយការណ៍ដដែលបានបន្តថា សម្រាប់ដែនសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតចំនួន ២០៧ គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណជាង ៦ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ៣០៦៧ លានដុល្លារអាមេរិក បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៥៤ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជិត ៦,៣ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណ ៣០៧៤ លានដុល្លារ គឺមានការថយចុះប្រមាណ ០,២១ ភាគរយ ។

សម្រាប់ដែនសមត្ថកិច្ចរដ្ឋបាល-រាជធានីខេត្ត មានចំនួនសរុប ២៣១៥ គម្រោង មានផ្ទៃក្រឡាសំណង់ ២,២លានម៉ែក្រការ៉េ ដែលមានតម្លៃទុនវិនិយោគ ៧៧៤ លានដុល្លារ ។ បើធៀបនឹងឆមាសឆ្នាំ២០១៩ មានចំនួន ១៨៩៣ គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១ លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគ ៣១៨ លានដុល្លារ កើនឡើងប្រមាណ ១៤៣,២៨ ភាគរយ៕