ដោយៈ ប៊ី
ភ្នំពេញៈ ការផ្តល់កម្ចីឬឥណទាន ក្នុងវិស័យអចលនទ្រព្យមានទំហំទឹកប្រាក់ដល់ទៅ៤,៦៩ពាន់លានដុល្លារ គិតរហូតដល់ត្រីមាសទី៣ឆ្នាំ២០២០នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ចេញផ្សាយកាលថ្មីៗនេះ។
របាយការណ៍បានឲ្យដឹងថា នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលចំនួន៩,១១ពាន់លានដុល្លារ ក្នុងនោះកម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទាន ជាលក្ខណៈបុគ្គលសរុបស្មើនឹង៥១,៥១% ឬស្មើនឹង៤,៦៩ពាន់លានដុល្លារ ។ ចំណែកឯសមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួន មានចំណែក៤៧,៩០ភាគរយ។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យ មានចំនួនត្រឹម១០,៥៨% នៃចំនួនគណនីសរុប, ក៏ប៉ុន្តែចំនួននេះមានទំហំច្រើនជាងពាក់កណ្តាល នៃសមតុល្យឥណទានសរុប។ សមតុល្យប័ណ្ណឥណទាន មានចំណែកតូចគឺត្រឹមតែ០,៥៨% ប៉ុណ្ណោះ។
របាយការណ៍ដដែលបានបន្តថា ចំនួនអតិថិជន ដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម ៥៣% នៅត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០នេះ។
លោកអឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា នៅក្នុងត្រីមាសនេះ ទីផ្សារឥណទានមានភាពវិជ្ជមាន បន្ទាប់ពីមានការថយចុះការពីត្រីមាសមុន។
លោកបានបន្ថែមថា “ការកើនឡើងបណ្តាលមកពីកំណើន នៃពាក្យស្នើសុំឥណទាន និងដំណើរការឥណទាន នៅក្នុងទីផ្សារជាលក្ខណៈបុគ្គល ទោះបីជាមានការកើនឡើងនៃអនុបាទនៃគណនីប្រាក់កម្ចី ជាមួយនឹងការសងយឺត៣០ថ្ងៃ ហួសកាលបរិច្ឆេទកំណត់ ប៉ុន្តែវានៅតែទាបត្រឹម២,៤២% នៃគ្រប់តំបន់ទាំងអស់នៃកម្ពុជា”៕