អាមេរិកផ្តល់ជំនួយជាង៨២លានដុល្លារដល់អាស៊ានដើម្បីកាត់បន្ថយផល ប៉ះពាល់វិបត្តិសេដ្ឋកិច្ច

ដោយ៖ ប៊ី

ភ្នំពេញៈ សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន៨២.៤លានដុល្លារ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកល អំឡុងពេលការផ្ទុះឡើងនៃCOVID-19។

ក្នុងចំណោមជំនួយចំនួន៨២.៤លានដុល្លារ សហរដ្ឋអាមេរិកបានរួមចំណែកជាជំនួយចំនួន១១លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។ នេះបើយោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។

ស្ថានទូតអាមេរិកនៅកម្ពុជា បានសរសេរលើបណ្តាញសង្គមFacebook ផ្លូវការរបស់ខ្លួនថា “យើងកំពុងតែកៀងគរធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជារបស់យើង ដើម្បីប្រឈមដោះស្រាយវិបត្តិផ្នែកសុខភាពសាកលនេះ”។

លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា  “ធនធានទាំងនេះគឺជាផ្នែកមួយ នៃភាពជាដៃគូរយៈពេលវែងរបស់យើង ជាមួ​យប្រទេសកម្ពុជា”។

លោកបាថ្លែងថា តាំងពីឆ្នាំ១៩៩២មក រដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែជួយគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រាប់ពីការជួយកសិករក្នុងការបង្កើនទិន្នផល និងចំណូលរបស់គេ ដល់ការជួយម្ចាស់មុខជំនួញ និងអតិថិជនឲ្យទទួលបានផលពីកំណើនលូតលាស់សេដ្ឋកិច្ចដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងរួមចំណែកដល់កំណើនលូតលាស់នេះ។

លោកបានបន្តថា “យើងបន្តកិច្ចសហការគ្នានេះជាមួយប្រជាជនកម្ពុជា នឹងការប្តេជ្ញាដ៏ចិត្តច្រើនថែមទៀត ហើយបន្តមានការប្រុងប្រយ័ត្ន នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺរាតត្បាតជាសាកលកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមក”៕

ទីផ្សារជួលអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុមានសកម្មភាពតិចតួច

ដោយវុត្ថា

ព្រះសីហនុៈ ទីផ្សារជួលអចលនទ្រព្យនៅក្នុងព្រះសីហនុ រហូតមកដល់ពេលនេះមានសកម្មភាពតិចតួចប៉ុណ្ណោះ បើទោះបីកាលពីកន្លងមកនេះ មានធុរជនចិននិងជនជា​តិចិន ដែលធ្លាប់បំរើការងារបានវិលចូលមកកាន់ខេត្តជាប់មាត់សមុទ្រនេះក្តី។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបានប្រាប់គេហទំព័ត៌មានPropertyarea.asia នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា បើទោះបីមានចរន្តលំហូចូលរបស់ជនជាតិចិន ចូលមកាន់ខេត្តព្រះសីហនុ តែសកម្ម ភាពនៃការជួលហាក់មិនទាន់ងើបឡើងវិញនោះទេ។

លោកបន្តថា “សកម្មភាពនៃការជួលលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុនេះ ទាមទារយៈពេលយូបន្ថែមទៀត  ទើបមានសកម្មភាពផុលផុសដូចកាលពីលើកមុន ហើយមានទីផ្សារខ្ពស់”។

លោកច្រឹក សុខនីមបានថ្លែងថា មួយរយៈនេះសកម្មភាពជួលខេត្តព្រះសីហនុ មិនទាន់មានសកម្មភាពទេ ទោះបីមានចរន្តនៃការហូរចូលរបស់ជនជាតិចិន មកាន់ខេត្តព្រះសីហនុ ហើយត្រូវការពេលវេលាយូថែមទៀត។

លោកបន្តថា “បើតាមខ្ញុំដើរមើលច្រើននៅទីតាំងមួយចំនួននៅក្នុងខេត្ត អ្នកដែលមកវិនិយោគនៅក្នុងខេត្ត គេមានផ្ទះខ្លួនរបស់គេផ្ទាល់ ពោលគឺមានការដោះដូរនៃការជួលតិចតួចបំផុត”។

លោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីស្ថានភាពនៃជំងឺ Covid-19 មានភាពស្ងប់ស្ងាត់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា មានការទប់ស្កាត់បានល្អនោះ កំណើនទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើនជាបន្តបន្ទាប់។

 

លោកបន្តថា “ក្រៅពីកំណើនទេសចរក្នុងស្រុក បច្ចុប្បន្ននេះក៏មានវត្តមានរបស់ទេសចរ និងវិនិយោគិនចិន ដែលវិលត្រឡប់មកកាន់ក្រុងព្រះសីហនុវិញដែរ ដែលក្នុងនោះភាគច្រើនជាវិនិយោគិនចាស់ មកបញ្ចប់គម្រោងរបស់ពួកគេ ដែលបន្សល់ទុកមុនពេលកើតមានវិបត្តិជំងឺរាតត្បាត”។

លោកបន្ថែមថា ទាំងការវិលត្រឡប់របស់វិនិយោគិន និងទេសចរចិនបានជួយជំរុ​ញឱ្យទីផ្សារនៃការជួលអាគារសម្រាប់ស្នាក់នៅ ក៏ដូចជាអាគារអាជីវកម្មដែលធ្លាប់ស្ងាប់ស្ងាត់នោះ ចាប់ផ្តើមមានតម្រូវការវិញបន្តិច ហើយវាក៏ជាសញ្ញាល្អមួយផ្នែកនៅក្នុងចំណោ​មផ្នែកដទៃទៀត នៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានឱ្យដឹងកាលពេលថ្មីៗនេះថា ដោយសារតែវិបត្តិនៃជំងឺឆ្លងនៅទូទាំងប្រទេស ទីផ្សារនៃការជួលត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលត្រីមាសទី១ ឆ្នាំ២០២០ កន្លងមកនេះ។

លោកស្រីបន្តថា “ទីផ្សារនៃការជួយអាគារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រឹមដើមត្រីមាសទី២ ហាក់មានភាពងើបឡើងវិញបន្តិច ដោយសារតែការគ្រប់គ្រងនៃការរាលដាល នៃជំងឺឆ្លងរបស់រដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសម្ចាស់អាគារមួយចំនួន បានប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីជួយសម្រាលដល់អតិថិជនចាស់ និងឈោងចាប់យកអតិថិជនថ្មី”។

លោកស្រីអាន សុធីតាបានបន្តទៀតថា បច្ចុប្បន្ននេះ តាមការមើលពីភាពជាក់ស្ដែង ទីផ្សារជួល ហាក់មានភាពល្អប្រសើរជាងពេលមុនបន្តិច ហើយក៏ល្អជាងទីផ្សារជួល ទីតាំងលក់រាយ នៅតាមបណ្តាផ្សារនើបផងដែរ ដែលគេរំពឹងថា នឹងកាន់តែមានស្ថានភាពល្អជាងនេះនៅត្រីមាសបន្ទាប់ ជាពិសេសនៅដើមឆ្នាំក្រោយ ខណៈដែលការភាពភ័យខ្លាច នៃការឆ្លងជំងឺត្រូវបានកាត់បន្ថយ ហើយការគ្រប់គ្រងស្ថានការរបស់រដ្ឋាភិបាល កាន់តែទទួលបានលទ្ធផលវិជ្ជមាន៕

ខេត្តចំនួន៣នៅជុំវិញរាជធានីភ្នំពេញកំពុងមានមានភាពទាក់ទាញលើទីផ្សារដីធ្លី

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ ភ្ជាប់ជាមួយនឹងសកម្មភាពទិញលក់ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នៅតាមតំបន់ជាយក្រុង បច្ចុប្បន្ននេះមានបណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍ជាច្រើន បានសម្លឹងមើលតំបន់ផ្សេងៗមួយចំនួនទៀតដែលមានសក្តានុពលស្ថិតនៅក្នុងខេត្តចំនួន៣ផ្សេងគ្នាជុំវិញរាជធានីភ្នំពេញសម្រាប់ធ្វើការអភិវឌ្ឍនិងលក់បន្តយកចំណេញនៅឆ្នាំបន្ទាប់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា គិតត្រឹមដើមឆមាសទី២ នៃឆ្នាំ២០២០នេះ តាមការកត់សម្គាល់ឃើញថា បើទោះជាស្ថានភាពនៃជំងឺរាតត្បាត នៅក្នុងប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់មែន ប៉ុន្តែសកម្មភាពទិញលក់អចលនទ្រព្យជាពិសេសវិស័យដីធ្លីគឺឃើញមាននៅតាមតំបន់និងខេត្តមួយចំនួនតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ក្រៅពីខេត្តកំពត កែប ដែលកំពុងមានទីផ្សារលើការទិញដីទុកធ្វើការអភិវឌ្ឍន៍ស្ថិតនៅក្នុងវិស័យទេសចរណ៍ បណ្តាខេត្តដែលមានប្រជាប្រិយភាពបន្ទាប់រួមមានចំនួន៣ នៅជុំវិញរាជធានីភ្នំពេញ ដែលស្ថិតនៅក្បែរតំបន់អភិវឌ្ឍន៍ធំៗ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ

លោកបានបន្តថា ដីដែលអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទិញទុកនៅពេលបច្ចុប្បន្ននេះភាគច្រើនគឺសុទ្ធតែស្ថិតនៅតំបន់ដែលកំពុងមានការអភិវឌ្ឍនិងក្នុងតំបន់ដែលគ្រោងអភិវឌ្ឍក្នុងពេលឆាប់ខាងមុខនេះដូចជាតំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តចំនួន៣ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ក្រៅពីនេះនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងខេត្តតាកែវរួមជាមួយគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ដែលអាចស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ។

លោកវីរៈបានបន្តថាពេលនេះភាគច្រើនគេទិញទុកសម្រាប់លក់ចេញទៅវិញយកចំណេញនៅឆ្នាំបន្ទាប់ឬធ្វើការអភិវឌ្ឍនៅក្នុងឆ្នាំក្រោយទាំងអស់ដោយសារតែនៅក្នុងអំឡុងពេលនេះទាំងអ្នកវិនិយោគនិងអ្នកអភិវឌ្ឍន៍សុទ្ធតែនៅទន្ទឹងរង់ចាំឱ្យមានការធ្លាក់ចុះនូវស្ថានភាពប្រឈមជាងនេះបន្តិចទៀតឬក្រោយមានវត្តមានអ្នកវិនិយោគបរទេសវិលត្រឡប់មកកាន់កម្ពុជាវិញ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអានសុធីតាធ្លាប់បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថាក្នុងអំឡុងពេលនេះភាគច្រើនអ្នកវិនិយោគមិនចង់បញ្ចេញកញ្ចប់ថវិកាច្រើននោះទេបើបញ្ចេញក៏ស្ថិតនៅក្នុងកម្រិតមួយដែលអាចក្រោមទំហំ១លានដុល្លារចុះក្រោយតែប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា ពេលនេះអ្នកមានលុយ គេសម្លឹងមើលពីឱកាសទិញទុកវិនិយោគ នៅពេលណាមានដី ឬអចលនវត្ថុណាដែលមានតម្លៃក្រោមទីផ្សារ គឺគេទិញទុកភ្លាម ប៉ុន្តែទាំងអស់នេះ ក៏មានតែចំពោះអ្នកមានទុនគ្រប់គ្រាន់តែប៉ុណ្ណោះ បើចំពោះអ្នកមិនមានទុនគ្រប់គ្រាន់ ឬពឹងពាក់ទៅលើកម្ចីពីធនាគារ ក៏មិនមែនជាជម្រើសល្អនោះដែរ

អ្នកជំនាញៈការរៀបចំនគរូបនីយកម្មដែលខ្វះផែនការនឹងធ្វើឲ្យមានភាពស្មុគស្មាញលើការរៀបចំដែនដី

ដោយស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញផ្នែកនគរូបនីយកម្មបានអះអាងថា រាល់តម្រូវការ ឬការរៀបចំណាដែលខ្វះផែនការ ឬខ្វះការគិតគូររៀបចំទុកជាមុនសមស្រប នោះលទ្ធផលទទួលបានច្រើនតែជាគម្រោងច្របូកច្របល់ មានភាពលំបាកស្មុគស្មាញ  ហើយអាចធ្វើឱ្យខាតបង់ថវិកា និងធនធានច្រើននៅពេលអនុវត្តជាក់ស្តែង។

លោកបណ្ឌិតវ៉ាន់់វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថារដ្ឋាភិបាលជាអ្នកគាំពារនិងធានាខុសត្រូវលើការគ្រប់គ្រងការអភិវឌ្ឍនិងការអនុវត្តច្បាប់ដោយតម្លាភាពនៅក្នុងសង្គមជាតិ។ដូចនេះពេលណានិយាយដល់តម្រូវការកំណើនសេដ្ឋកិច្ចនិងការអភិវិឌ្ឍចីរភាពចាំបាច់ត្រូវរៀបចំផែនការទុកឱ្យបានល្អដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា ការរៀបចំផែនការដីធ្លីសមស្របនៅគ្រប់កម្រិត ចាំបាច់ត្រូវមានការគិតគូរ និងសិក្សាកសាងឱ្យមានលក្ខណៈស៊ីចង្វាក់គ្នាជាមួយប្រទេសនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។លោកបន្តថា ទោះជាយ៉ាងណា នៅក្នុងកិច្ចការបច្ចេកទេស គេអាចកសាងផែនការដីធ្លីទ្វេរទិសបាន គឺរៀបចំពីកម្រិតថ្នាក់ក្រោមឡើងទៅលើ ឬពីលើចុះក្រោម តាមការកំណត់របស់ប្រទេសនីមួយៗ

ផែនការថ្នាក់លើ ជាមូលដ្ឋានគោលសម្រាប់កសាងផែនការថ្នាក់ក្រោម និងផែនការថ្នាក់ក្រោម ជាមូលដ្ឋានលម្អិតច្បាស់លាស់ សម្រាប់កែតម្រូវផែនការថ្នាក់លើឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍរបស់សង្គម។

លោកបណ្ឌិតវ៉ាន់ វ៉ាតបានពន្យល់ថា មានមូលហេតុ និងការងារពាក់ព័ន្ធមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាខិតខំពុះពារ និងធ្វើឱ្យបានសម្រេចប្លង់គោលប្រើប្រាស់ដីអនាគត ដែលជាឧបករណ៍បង្ហាញទិសក្នុងការអភិវឌ្ឍ ដូចខាងក្រោម ទី១ការបាត់បង់ឯកសារ ឬមិនបានរៀបចំប្លង់គោលប្រើប្រាស់ដីនៅពេលប្រទេសជាតិក្រីក្រ ប្រជាជនតិច សំណង់ស្តួចស្តើង ទីផ្សារដីធ្លី និងកំណើនសេដ្ឋកិច្ចទាប ជាឱកាសងាយស្រួលក្នុងការកសាង និងអនុវត្តគម្រោង ហើយរដ្ឋមិនចំណាយធនធាននិងថវិកាច្រើន។

ផ្ទុយទៅវិញការរៀបចំនៅពេលនេះ រដ្ឋមានការខាតបង់ ក្នុងការដោះស្រាយគោលនយោបាយ និងប្រឈមការតវ៉ាច្រើនមុននឹងចេញបណ្ណកម្មសិទ្ធិ ឬធ្វើការអភិវឌ្ឍនៅតាមតំបន់មួយចំនួន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមិនទាន់ហួសពេលដែរ សម្រាប់ការខិតខំរបស់ប្រទេសយើងចាប់ពីពេលនេះតទៅ។

ទី២កំណើនប្រជាជន ការអភិវឌ្ឍកំពុងមានភាពគំហុក និងការផ្សាភ្ជាប់ជាមួយនឹងសមាហរណកម្មសេដ្ឋកិច្ចសកលលោក បានធ្វើឱ្យតម្រូវការដីធ្លីកាន់តែកើនឡើង ដែលធ្វើឱ្យរដ្ឋចាំបាច់ត្រូវចាត់ចែង រៀបចំទុកដាក់ឱ្យបានល្អប្រសើរ ឬពិនិត្យភាពសមស្របនៃរាល់តម្រូវការប្រើប្រាស់ដីធ្លីទាំងនោះទៅតាមផែនការ និងច្បាប់កំណត់ត្រឹមត្រូវ។

ទី៣បច្ចុប្បន្នភាព ប្រភេទដីនីមួយៗ មិនទាន់ត្រូវបានកំណត់ដោយច្បាប់ក្នុងការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយ ដូចជា ការប្តូរប្រភេទដីដែលគ្មានប្លង់គោលត្រឹមត្រូវ ការចាក់លុបដីកសិកម្ម ដីព្រែក អូរ ឬបឹងធម្មជាតិ ដែលធ្វើឱ្យបាត់បង់ដីដាំដុះជាច្រើនសម្រាប់ផលិតនិងផ្គត់ផ្គង់ស្បៀង ធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ក្នុងផលិតកម្ម និងការរស់នៅ ព្រមទាំងអាចបាត់បង់ប្រព័ន្ធរំដោះទឹកនៅពេលទឹកជំនន់ និងគ្រោះធម្មជាតិកើតឡើង។

ទី៤រដ្ឋាភិបាលមានគោលនយោបាយតម្រង់ទិស អភិវឌ្ឍន៍ប្រកបដោយចីរភាព និងខិតខំជម្រុញកំណើនសេដ្ឋកិច្ចសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ដូចនេះចាំបាច់ត្រូវរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដី ដើម្បីលើទឹកចិត្ត និងអូសទាញការវិនិយោគ ព្រមទាំងពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ដីមានប្រសិទ្ធភាព។

ទី៥សំណង់ជាច្រើននៅកម្ពុជាបាននឹងកំពុងលូតលាស់ខ្លាំង ហើយភាគច្រើនសាងសង់តាមហេដ្ឋារចនា  សម្ព័ន្ធដែលមានស្រាប់ ខ្វះផែនការកំណត់តាមបច្ចេកទេសបានត្រឹមត្រូវ ឬមិនគោរពតាមប្លង់គោល ឬបទប្បញ្ញត្តិ សំណង់ ដែលអាចធ្វើឱ្យសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានគុណភាព។ សំណង់រោងចក្រ និងឃ្លាំងជាច្រើន បាននឹងកំពុងបង្កើតឡើងរាយប៉ាយគ្រប់ទីកន្លែង ជាពិសេស ស្ថិតនៅក្នុងទីប្រជុំជនក្រុងមានមនុស្សអ៊ូរអរច្រើន ដែលធ្វើឱ្យបំពុលដល់បរិស្ថានក្នុងការរស់នៅ កកស្ទះចរាចរណ៍ និងមានការលំបាកក្នុងការរៀបចំក្រុងឱ្យបានល្អប្រសើរនៅពេលខាងមុខ៕

តំបន់ជើងភ្នំបូកគោទាក់ទាញគម្រោងវិនិយោគជាតំបន់លម្ហែកាយកាន់តែច្រើន

ដោយៈ វុត្ថា

ភ្នំពេញៈ តំបន់ជើងភ្នំបូកគោនៃខេត្តកំពតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងទាក់ទាញគម្រោងវិនិយោគ លើការរៀបចំតំបន់លម្ហែកាយ និងគម្រោងកសិកម្ម  ខណៈដែលគម្រោងស្ថាបនានិងកែលម្អផ្លូវជាតិលេខ៣ជិតបានបញ្ចប់។

លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ដែលបានចុះទៅសិក្សាផ្ទាល់នៅតំបន់ភ្នំពេញបូកគោនេះ បានប្រាប់ឲ្យចដឹងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ នេះឱ្យដឹងថា តំបន់ជើងភ្នំបូកគោ មានសក្តានុពលខ្ពស់លើការវិនិយោគ ចំពោះការរៀចំទៅជាកន្លែងលម្ហែកាយ ខណៈដែលតំបន់នេះនៅមិនឆ្ងាយពីភ្នំពេញ។

លោកស្រីបន្តថា យើងឃើញថាតំបន់នេះ (ជើងភ្នំបូកគោ) បាននិងកំងទាក់ទាញអ្នកវិនិយោគជាច្រើន។ និយាយជារួមខេត្តកំពតនេះ នឹងមានការអភិវឌ្ឍលំដាប់ទី២បន្ទាប់ពីខេត្តព្រះសីហនុ។ លោកស្រីបន្តថា អ្នកវិនិយោគជាច្រើនដើររកទិញដីធំៗ សម្រាប់ធ្វើការវិនិយោគរបស់ខ្លួនលើវិស័យជាច្រើនដូចកន្លែងលម្ហែកាយ

លោកស្រីបន្ថែមថា មិនមែនត្រឹមតែទាក់ទាញការវិនិយោគ លើការរៀបចំជាទីកន្លែងលម្ហែកាយ តែវាក៏បានទាក់ទាញលើការគម្រោង វិនិយោគលើវិស័យកសិកម្មផងដែរដែលអ្នកវិនិយោគបាននឹងកំពុងស្វែងរីកដីធ្លីនៅទីនោះ។

លោកជាវតាយអភិបាលខេត្តកំពតធ្លាប់បានប្រកាសស្វាគមន៍រាល់គម្រោងវិនិយោគនិងការអភិវឌ្ឍន៍ពីវិស័យឯកជននិងរដ្ឋាភិបាលទាំងអស់មកកាន់ទូទាំងខេត្តកំពតនិងប្តេជ្ញាធ្វើកិច្ចសហការជួយសម្របសម្រួលដល់គ្រប់ដំណើរវិនិយោគទាំងអស់ដើម្បីធ្វើយ៉ាងណាឱ្យកាអភិវឌ្ឍន៍សម្រេចប្រកបដោយភាពរលូននិងទទួលបានជោគជ័យ។

រដ្ឋាភិបាល បានដាក់ចេញនូវផែនការរៀបចំតំបន់នានា នៅក្នុងទីក្រុងបូកគោថ្មី និងតំបន់ជុំវិញ ឱ្យទៅជាមជ្ឈមណ្ឌលកំសាន្តតាមស្តង់ដាអន្តរជាតិ ដែលបម្រើដល់វិស័យទេសចរណ៍ និងបង្កើតឱ្យមានឧបករណ៍កម្សាន្ត ដូចជា កន្រ្តកយោងនៅតាមចង្កេះភ្នំដ៏ខ្ពស់នេះ ដែលអនុញ្ញាត្តឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិអាចទស្សនាកម្សាន្តនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ដែលមានទេសភាពដ៏ស្រស់ត្រកាលនេះ។

ក្រៅពីនេះ គម្រោងបង្កើតតំបន់កម្សាន្ត ត្រូវបានបែងចែកជាច្រើនតំបន់ ដូចជា តំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍ខ្សែកាប ដែលអាចឱ្យភ្ញៀវទេសចរអង្គុយគយគន់ទេសភាពធម្មជាតិពីលើអាកាសយ៉ាងត្រជាក់ភ្នែក ដែលធ្វើជានិមិត្តរូបនៃតំបន់ទេសចរណ៍ប្រចាំខេត្តកំពត។ មានតំបន់ទេសចរណ៍ចម្រុះសម្រាប់អ្នកមានចំណូលតិច និងមធ្យម។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងរៀបចំ ឱ្យមានកន្លែងលំហែរកាយពហុបំណង ដែលជាទីក្រុងស្អាត បរិស្ថានល្អ និងគ្មានប្លាស្ទីក។ សារមន្ទីរធម្មជាតិតំបន់ភ្នំលេខ១ និងមានសួនសត្វចម្រុះ។ កន្លែងមើលផ្កាយក្នុងដែនកាឡាក់ស៊ី ពីលើកំពូលភ្នំបូកគោ។ បង្កើតតំបន់ទេសចរណ៍វប្បធម៌ សាសនា ដែលជាបេះដូងនៃការអភិវឌ្ឍនៅលើកំពូលភ្នំនេះ។ បន្ថែមពីនេះ នៅមានការរៀបចំជាតំបន់រមណីយដ្ឋានផ្សេងៗទៀត ដើម្បីកាន់តែបង្កើនភាពទាក់ទាញទេសចរ។

បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោនេះ កន្លងមក មានគម្រោងវិនិយោគធំ និងថ្មីជាច្រើន បានតម្រង់ទិសទៅកាន់ទីនោះ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងប្រែក្លាយតំបន់បូកគោនេះទៅជាទីក្រុងថ្មី សម្រាប់បំរើដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគជាតិ និងអន្តរជាតិ៕

គោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាលកំពុងធ្វើឱ្យវិស័យអចលនទ្រព្យខេត្តព្រះសីហនុរីកចម្រើនខ្លាំង

ដោយ ៖ ប៊ី

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាង គោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើឱ្យវិស័យអចលនទ្រព្យខេត្តព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តនេះ។

អ្នកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានថ្លែងចុងសប្តាហ៍នេះថា ខេត្តព្រះសីហនុជាខេត្តជាប់សមុទ្រដែលមានសក្តានុពលប្រហាក់ប្រហែលទីក្រុងសិនជិននៃខេត្តក្វាងទុងប្រទេសចិន ដែលជាទីក្រុងឧស្សាហកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងកំពង់ផែ និងជាទីកំណើតនៃតំបន់សេដ្ឋកិច្ចពិសេសដ៏ល្បីល្បាញលើពិភពលោក។

អ្នកស្រីបន្តថា អំណោយផលនេះរួមផ្សំនឹងគោលនយោបាយអភិវឌ្ឍន៍ដ៏ច្បាស់លាស់របស់រដ្ឋាភិបាលកម្ពុជា បានទាក់ទាញវិនិយោគបរទេសជាច្រើនមកខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនចិន។
អ្នកស្រីថ្លែងថា “ខេត្តព្រះសីហនុនាពេលអនាគតអាចក្លាយទៅជាទីក្រុងពាណិជ្ជកម្មអន្តរជាតិដូចសិនជិន ហើយនេះជាអ្វីដែលបងប្អូនក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់ ហើយនេះក៏ជាឱកាសដែលបងប្អូនគួរចាប់យកអាជីពនេះ ដើម្បីក្លាយជាអ្នកឯកទេសដីធ្លីប្រចាំខេត្តព្រះសីហនុ”។

លោក ច្រឹក សុខនីម ប្រធាន CVEA បានលើកឡើងថាខេត្តព្រះសីហនុត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ ហើយនារយៈពេល៣ឆ្នាំចុងក្រោយនេះសំណង់អគារខ្ពស់ៗ សកម្មភាពពាណិជ្ជកម្ម និងទីផ្សារអចលនទ្រព្យកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបន្តថា “សន្ទុះនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ គឺទាមទារឲ្យមានភ្នាក់ងារអចលនវត្ថុដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននឹងទៅអនាគត»។

តម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុរហូតមកដល់ពេលនេះ មានកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ បើទោះបីប្រជាជន និងវិនិយោគចិនបន្តធ្វើដំណើរមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះយ៉ាងណាក្តី។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានថ្លែងថា លំហូនៃជនជាតិចិន មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺជាសញ្ញាដែលបង្ហាញភាពវិជ្ជមានដល់វិស័យសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅក្នុងខេត្ត ប៉ុន្តែវាមានកម្រិចបន្តិចបន្តួចប៉ុណ្ណោះ។
លោកស្រីថ្លែងថា “បើតាមខ្ញុំគិត វាត្រូវការពេលវេលាយូរបន្ថែមទៀត មិនក្រោមរយៈពេល១ឆ្នាំកន្លះ ទៅ២ឆ្នាំនោះទេ ដើម្បីឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មានល្អប្រសើរឡើងវិញ ប្រហាក់ប្រហែលទៅនឹងឆ្នាំកន្លងមកនេះ”។

វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងកំហុកចាប់តាំងពីចុងឆ្នាំ ២០១៩ និងឆ្នាំ២០២០នេះ ដោយសារតែការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងពិភពលោក និងការចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីប្រទេសកម្ពុជា៕

តម្លៃដីធ្លីនៅក្នុងតំបន់ពាណិជ្ជកម្មនៃខណ្ឌច្បារអំពៅបានកើនលើស ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ហាក់ខុសប្លែកពីតម្លៃដីនៅក្នុងខណ្ឌមួយចំនួនដែលស្ថិតនៅជុំរាជធានីភ្នំពេញ សម្រាប់តែខណ្ឌច្បារអំពៅត្រូវបានអ្នកប្រឡូកនៅក្នុងវិស័យដីធ្លីបញ្ជាក់ប្រាប់ថា នៅទីតាំងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ និងផ្លូវធំៗមានតម្លៃលើសពី ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមិនរាប់បញ្ចូលពីតំបន់ទីប្រជុំជនផ្សារច្បារអំពៅនោះទេ។

ក្រៅពីតំបន់ទីប្រជុំនៃផ្សារច្បារអំពៅដែលមានភាពមមាញឹកក្នុងក្នុងអាជីវកម្មចម្រុះ សម្រាប់ដីនៅតាមតំបន់ដែលមានសក្ដានុពលមួយចំនួនក្នុងខណ្ឌ ជាពិសេសស្ថិតនៅស្របនឹងបណ្តោយជាតិលេខ១ មានទីតាំងខ្លះត្រូវបានដាក់លក់នៅលើទីផ្សារចាប់ពីតម្លៃ២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ ដែលអាស្រ័យទៅតាមស្ថានភាពដី។ នេះបើតាមការលើកឡើងរបស់លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកបានមានប្រសាសន៍បន្តថា “ខណ្ឌច្បារអំពៅមានលក្ខណៈពិសេសជាច្រើនដែលជួយជម្រុញឱ្យមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបើប្រៀបធៀបទៅនឹងបណ្តាខណ្ឌមួយចំនួនទៀតដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ជាក់ស្ដែងត្រឹមរយៈពេលដ៏ខ្លី វិស័យសំណង់នៅក្នុងគម្រោងធំៗដែលមានតម្លៃរាប់សិបលានដុល្លារបានបង្ហាញរូបរាង”។

លោកបន្តថា “ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ និងកម្រិតអភិជន នៅមានគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ សំណង់ខុនដូ អាផាតមិនជាច្រើនគម្រោង ដែលសម្រាប់តែតំបន់បឹងស្នោមានមិនក្រោម១០គម្រោងនោះទេ ហើយមួយចំណែកទៀតក៏ទទួលបានភាពវិជ្ជមានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍របស់ក្រុមហ៊ុន OCIC ផងដែរ។ ទាំងអស់នេះហើយដែលជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់ទាំងនេះមានការកើនឡើងយ៉ាងរហ័សរហូតនៅទីតាំងខ្លះត្រូវបានម្ចាស់ដីដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែប្រភេទដីដែលមានតម្លៃថ្លៃនេះមានមិនច្រើននោះទេ ពោលគឺនៅមានវិសាលភាពដីដែលមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េច្រើនជាង”។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌច្បារអំពៅថា ហេតុផលដែលបណ្តាលឱ្យមានគម្រោងជាច្រើនបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ខាងលើនេះដែរ ដោយសារតែលក្ខខណ្ឌអំណោយផលនៃកត្តាភូមិសាស្ត្រ ដែលផ្តល់ភាពងាយស្រួលក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់បរិយាកាសល្អប្រសើរសំរាប់ការរស់នៅ។

លោកស្រីបន្តថា “ធម្មតាអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍គឺពួកគាត់សុទ្ធតែបានសិក្សាលម្អិត និងស្គាល់ច្បាស់ពីសក្ដានុពលនៃតំបន់។ អ្វីដែលជាលក្ខណៈពិសេស និងទាក់ទាញការវិនិយោគ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា មួយចំណែកអាចទទួលបានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍ ដែលថ្ងៃខាងមុខអាចនឹងមានការតភ្ជាប់គ្នាទៅនឹងតំបន់កោះពេជ្រ ឆ្លងចូលដល់កណ្តាលក្រុងតែម្ដង”។

លោកស្រីចេវ សុឃុនបានបន្តទៀតថា ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗទៅលើសំណង់អាគារពាណិជ្ជកម្មដែលមានតម្លៃរាប់រយ រាប់ពាន់ដុល្លារ ងាកមកវិស័យលំនៅដ្ឋានក្នុងតំបន់ច្បារអំពៅ ក៏មានភាពផុសផុលផងដែរ ដោយសារតែមានភាពងាយស្រួលក្នុងការរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ច្រើន។ ជាក់ស្ដែងបច្ចុប្បន្ននេះ បានបន្តរហូតដល់ប្រមាណជិត២០គីឡូម៉ែត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ក៏មានការអភិវឌ្ឍវិស័យលំនៅដ្ឋានដោយគម្រោងបុរីធំៗផងដែរ”៕

ក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចំនួន ៥ កំពុងចូលរួមលើកស្ទួយការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នំាកន្លងមកនេះមានសក្តាពលលើការវិនិយោគ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងជាប្រទេសមួយក្នុងចំណោមតំបន់អាស៊ានមានការីកចំរើនលឿនលើវិស័យអចលទ្រព្យ។

តាមការចុះផ្សាយរបស់គេហទំព័រ Investasian បានចុះផ្សាយថា មានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចំនួន ៥ បានបំពេញនូវលក្ខខណ្ឌស្តងដារអន្តរជាតិ ហើយបានចូលរួមអភិវឌ្ឍន៍វិស័យទ្រព្យកម្ពុជាឱ្យមានការររីកចំរើន បើទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងក្តី។ ជាមួយគ្នានេះ ក្រុមហ៊ុនអភវិឌ្ឍចំនួន ៥ បាននឹងកំពុងចូលរួមលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជាឱ្យមានការរីកចំរើនផងដែរ។

១) ក្រុមហ៊ុន អភិវឌ្ឍន៍ UrbanLand

ក្រុមហ៊ុនអភិវឌ្ឍន៍ UrbanLand Asia គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជាដែលត្រូវបានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ ២០១៣ ដើម្បីសាងសង់ខុនដូ ការិយាល័យ និងសណ្ឋាគារប្រណីត ៗ នៅភ្នំពេញ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន UrbanLand បានទទួលពានរង្វាន់ជាច្រើនសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអគារពាណិជ្ជកម្មរបស់ខ្លួន។

២) ក្រុមហ៊ុនអភិវឌ្ឍបុរីប៉េងហួតគ្រុប

ក្រុមហ៊ុនអភិវឌ្ឍបុរីប៉េងហួតគ្រុប ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុនបានការអភិវឌ្ឍគម្រោងថ្មីៗជាច្រើនហើយបានលក់លំនៅឋាថ្មីជាង ១០,០០០ខ្នង ។ ក្រុមហ៊ុនបានទទួលពានរង្វាន់ ជាក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត ពី Asia Property Awards រួមជាមួយការសរសើរផ្សេងៗ។

៣) ក្រុមហ៊ុន Creed Asia (Cambodia)
ក្រុមហ៊ុនអភិវឌ្ឍន៍ Creed Asia គឺជាអ្នកអភិវឌ្ឍន៍ជប៉ុនដែលមានកំណត់ត្រារឹងមាំនៅទូទាំងអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុនបានបញ្ចប់គម្រោងនៅ ៩ ប្រទេសផ្សេងគ្នារួមមានកម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ក្រុមហ៊ុន នេះបានទទួលពានរង្វាន់សម្រាប់ការអភិវឌ្ឍន៍ខុនដូ និងការរចនាស្ថាបត្យកម្មល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។
៤) ក្រុមហ៊ុនអភិវឌ្ឍ Triple Gem
ក្រុមហ៊ុនអភិវឌ្ឍ Triple Gem ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ក្នុងងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឯកជន។ បច្ចុប្បន្ន ក្រុមហ៊ុនត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានមូលនិធិសាធារណៈ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្រុមហ៊ុន Triple Gem បានបញ្ចប់គម្រោងសាងសង់ស្ពាននិងផ្លូវដែកផ្សេងៗគ្នា។

៥) ក្រុមហ៊ុន FURI Corporation
ក្រុមហ៊ុន FURI Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ និងបានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនបានដាក់ទុនលើទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសដើម្បីអភិវឌ្ឍ និងលក់អចលនទ្រព្យឱ្យវិនិយោគិនបរទេស។

សារព័ត៌មាន Investasia បញ្ជាក់ថា ការវិនិយោគ និងការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានទទួលនូវផលប្រយោជន៍ និងចំណេញខ្ពស់ ។ អចលនទ្រព្យនៅកម្ពុជាមានតំលៃថោកប៉ុន្តែវិនិយោគិនអាចទទួលបានផលមកវិញយ៉ាងច្រើនដោយសារតម្លៃអចលនទ្រព្យកើនឡើង និងទទួលចំណូលខ្ពស់។ លើសពីនេះទៅទៀតប្រទេសកម្ពុជាមានភាពងាយស្រួលសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ៕

ចំណេះដឹង! តើ​អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ?

ដោយ វុត្ថា

ភ្នំពេញៈ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ គឺជា​ឯកសារ​ផ្លូវការ​មួយ ប្រើ​ដើម្បី​បញ្ជាក់ ពី​ប្រភពដើម​ទំនិញ ដែល​បាន​ផលិត​ឬ​បានទទួល​ទាំងស្រុង នៅក្នុង​ប្រទេសមួយ។ ជាទូទៅ​ឯកសារ​នេះ ជា​ផ្នែក​ស្នូល​នៃ​ឯកសារ​នាំចូល ដែល​ប្រទេស​នាំចូល​បាន​តម្រូវ។

នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ សម្រាប់​នាំចេញ​ទំនិញ ក្រោម​ប្រព្រឹត្តិកម្ម អនុគ្រោះ អ្នក​នាំចេញ ឬ​តំណាង​ទទួល​សិទ្ធិ​របស់ខ្លួន ត្រូវដាក់​ពាក្យ​ជា​លាយលក្ខណ៍អក្សរ ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​គាំទ្រ ត្រឹមត្រូវ ដែល​បង្ហាញថា​ទំនិញ​ដែល​ត្រូវ​នាំចេញ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចេញ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ មាន​ពីរ​ប្រភេទ​គឺ៖

  • មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​និង
  • ទទួលបាន​ភាពអនុគ្រោះ​ពន្ធ។

ប្រទេស​ដែល​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

កម្ពុជា វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ ទទួលបាន​អត្រាពន្ធ​អនុគ្រោះ​ក្នុង​ទម្រង់ផ្សេងៗ ដូចជា៖

  • អាស៊ាន-អូស្ត្រាលី-ញ៉ូ​វ​ហ្សី​លែ​ន៖ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់​AANZ។
  • ចិន: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​AC
  • ឥណ្ឌា: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​AI
  • កូរ៉េ: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​AK
  • ជប៉ុន: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​AJ
  • វៀតណាម: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​S
  • ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម(LDC និង​LLDC): វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​A។
  • អត្រាពន្ធ​មិន​អនុគ្រោះ​អាច​ចេញ​បាន ដោយ​ប្រើ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ N ៕

ខេត្តកំពត​មាន​គម្រោង​សាងសង់​ស្ពាន​ថ្មី​ព្រែក​កំពង់បាយ និង​ស្ពាន​មួយចំនួនទៀត​ឆ្លងកាត់​ដៃសមុទ្រ

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ មន្ត្រីរដ្ឋបាល​ខេត្តកំពត​បានបញ្ជាក់ ពី​គម្រោង​ដែល​ត្រូវបាន​ស្នើឡើង​ដោយ​រដ្ឋបាលខេត្ត ដើម្បី​សាងសង់​ស្ពាន​ថ្មី​មួយ​មួយ​ខ្សែ និង​ស្ពាន​មួយចំនួនទៀត​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកំពត ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​នៅក្នុង​ក្រុង ក៏ដូចជា​ខេត្តកំពត​ទាំងមូល។

គម្រោង​នៃ​ការសាងសង់​ស្ពានថ្ម​ថ្មី ឆ្លងកាត់​ព្រែក​កំពង់បាយ​ក្រុង​កំពត​ត្រូវបាន​មន្ត្រីរដ្ឋបាល​ខេត្តកំពត បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ​ថា គម្រោង​ខាងលើនេះ ត្រូវបាន​ស្នើឡើង​ដោយ​រដ្ឋបាលខេត្ត និង​ទទួលបាន​ការឯកភាព​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ណែនាំ​ឱ្យមាន​ការសិក្សា​លម្អិត ទៅលើ​លទ្ធភាព​នៃ​ការសាងសង់ និង​ផលប៉ះពាល់​មួយចំនួន​នៅក្នុង​គម្រោង។

លោក​បន្តថា កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក​អភិបាល​ខេត្តកំពត ជាវ តា​យ បានទទួល​ជួប​សំណ​ណេះ​សំ​ណា​ល ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ នឹង​គម្រោង ព្រមទាំង​អ្នកជំនាញ​មកពី​ក្រុមហ៊ុន China Road នៅ​សាលាខេត្ត ដើម្បី​ជំរុញឱ្យមាន​ការសិក្សា​លម្អិត​ទៅលើ​លទ្ធភាព និង​ផលប៉ះពាល់​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​ជា​អាទិភាព។

មន្ត្រី​ដដែល​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា “គម្រោង​នៃ​ការសាងសង់​ស្ពាន​ថ្មី គឺ​ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ខេត្តកំពត ដែល​តែង​កើ​មាន ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​តែងមាន​កំណើន​ទេសចរ​យ៉ាងច្រើន មក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ដែល​បណ្តាលឱ្យ​កកស្ទះ​យានយន្ត​លើ​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ។ លោក​បន្តថា “កត្តា​នេះហើយ​ទើប​ថ្នាក់ដឹកនាំ​ខេត្តកំពត ដោយមាន​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សាងសង់​ស្ពាន​ឆ្លង​ព្រែក​កំពង់បាយ​ថ្មី​មួយទៀត ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរ​ទូទៅ​ផងដែរ” ។

ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង នៃ​ការសិក្សា​ពី​លទ្ធភាព នៃ​ការសាងសង់​ស្ពាន​ថ្មី​ព្រែក​កំពង់បាយ​នេះ បច្ចុប្បន្ន គឺ​នៅ​មិនទាន់បាន​លទ្ធផល​បានជា​ផ្លូវការ បាន​នៅឡើយ ហើយ​រដ្ឋបាលខេត្ត នឹង​លើកយក​កិច្ចប្រជុំ​ថ្មី​មួយទៀត​នៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី​នេះ បន្ទាប់ពី​អ្នកជំនាញ​ក្រុមហ៊ុន China Road សិក្សា​រួច ដើម្បី​ទទួលបាន​ពី​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ប៉ានស្មាន​សរុប រយៈពេល និង​ពេលវេលា​ជាក់លាក់​នៃ​ការសាងសង់ សម្រាប់​កសាង​ជា​ផែនការមេ ឬ​ប្លង់​ធំ​មុនពេល​ចាប់​ចុះ​អនុវត្តន៍។

ជាមួយគ្នានេះ​ផងដែរ​ថា លោក ជាវ តា​យ អភិបាល​ខេត្តកំពត ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន China Road ចុះ​ពិនិត្យមើល​តំបន់​គោលដៅ ដែល​ត្រូវ​សាងសង់​ស្ពាន​ព្រែក​កំពង់បាយ រួមជាមួយ​នឹង​ស្ពានចាស់ៗមួយចំនួនទៀត ដែល​កំពុងមាន​សភាព​ទ្រុឌទ្រោម ដែល​តម្រូវឱ្យ​មានការ​ជួសជុល​កែលម្អ ឬ​សាង​សងស្ពាន​ថ្មី​ជំនួស ដែល​ក្នុងនោះ​រួមមាន​ស្ពាន​ឥ​ន្ធ​នូ ស្ពាន​ផ្លូវ​រថភ្លើង កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ប្រចាំខេត្ត និង​តំបន់​សេដ្ឋកិច្ច​ពិសេស​គីឡូ១២ផងដែរ៕