ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ចឌីជីថលកម្ពុជាដើម្បីឆ្លើយតបទៅនឹងការរីកចំរើនយ៉ាងលឿនលើវិស័យឌីជីថលនៅក្នុងប្រទេសក្នុងរយៈពេលលបុន្មានឆ្នាំចុងក្រោយនេះ។
សេដ្ឋកិច្ចឌីជីថលនៅកម្ពុជានេះ នឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងៗចំនួន ៤ ដល់សង្គមជាតិរបស់ដែលរួមមាន៖
ទី១៖ ការបង្កើនប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជា ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់រដ្ឋគ្រប់ប្រភេទ និងក្នុងសកម្មភាពធុរកិច្ច ។
ទី២៖ ការតភ្ជាប់ប្រជាជនកម្ពុជាទៅនឹងចរន្តនៃសកលភាវូបនីយកម្ម ទីផ្សារ និងបច្ចេកវិទ្យាពិភពលោក ដ៏ដូចជា ដើម្បីទទួលបាននូវព័ត៌មាន, ចំណេះដឹង, ទស្សនៈ និងររៀបនៃការរស់នៅថ្មី។ ក្រៅពីនេះ ក៏អាចតភ្ជាប់សហគ្រាសកម្ពុជាទៅនឹងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់ ហើយសេដ្ឋកិច្ចដែលមានឌីជីថលជាថ្នាល នឹងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត រួមទាំងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ផងដែរ។
ទី៣៖ បដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសក្នុងវិស័យឌីជីថល ដែលផ្អែកលើអ៊ីនធឺណែត នឹងធ្វើឱ្យមានពិពិធកម្មកាន់តែខ្លាំងក្លាឡើងក្នុង វិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម ពីវិស័យមួយទៅវិស័យមួយទៀត និងនៅក្នុងរង្វង់នៃវិស័យនោះផ្ទាល់ផង។
ទី៤៖ វិស័យឌីជីថលនឹងក្លាយទៅចន្ទុល ឬជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី ហើយនឹងដើរតួនាទីដ៏សំខាន់ និងក្លាយជាចំណែកមួយនៅក្នុងសេដ្ឋកិច្ចជាតិ។
ក្របខ័ណ្ឌគោលនយោបាយនេះ នឹងត្រូវអនុវត្តសម្រាប់រយៈពេលវែង ដោយចែកចេញជាច្រើនដំណាក់កាល ក្នុងរយៈពេល ៥ឆ្នាំម្តង ដោយមានភ្ជាប់នូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការវិនិយោគច្បាស់លាស់ ទាំងក្នុងផ្នែករឹង និងផ្នែកទន់ ជាពិសេសផ្នែកច្បាប់ និងនិយ័តកម្ម ស្ថាប័ន ដើម្បីធានាបានការប្រើប្រាស់ដោយងាយស្រួល មានតម្លៃសមរម្យ និងមានទុកចិត្តបាន៕