ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារហត្ថា ម.ក ដែលបានប្រកាសប្រែក្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជដោយជោគជ័យ បាន និងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ និងបន្តចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈផលិតផលហិរញ្ញវត្ថុរបស់ខ្លួន។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថា បានថ្លែងប្រាប់គេទំព័រ Cambodia Financial Times នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២២០២០នេះ ថា ធនាគារ ហត្ថា នៅតែរីកចម្រើនធម្មតា ហើយការរីចម្រើននៅតែមានភាពប្រក្រតីធម្មតា។
លោកឧកញ៉ាបានថ្លែងថា “បើទោះបីយើងបានក្លាយជាធនាគាក៏ដោយ ក៏យើងនៅតែប្រកាន់នូវយុទ្ធសាស្ត្ររបស់យើង ផ្ដោតទៅលើទីផ្សារមីក្រូ បានន័យថា ផ្ដោតអារម្មណ៍ទៅលើអតិថិជន ដែលជាអតិថិជនតូចៗនៅតាមជនបទ ប្រកបរបរកសិកម្ម អតិថិជនជាស្ត្រី។ អ្នកទាំងអស់នោះ សុទ្ធតែជាអតិថិជនគោលដៅរបស់យើង” ។
លោកឧកញ្ញ៉ា បានថ្លែងបន្តទៀត “ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ យើងផ្ដោតអារម្មណ៍ទៅលើវិស័យសហគ្រាសធុនតូច មធ្យម ឬ SMEs ដែលយើងគិតថា ជាវិស័យមួយ ដែលជួយជំរុញសេដ្ឋកិច្ចយើងឱ្យល្អប្រសើរ” ។
បច្ចុប្បន្ន ធនាគារជាច្រើន បាន និងកំពុងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា ហើយបង្កើតជាទីផ្សារប្រកួតប្រជែងមួយក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកឧកញ៉ា ហួត អៀងតុង បានឱ្យដឹងទៀតថា “យើងឃើញថា ការប្រកួតប្រជែងមានកាន់តែច្រើនឡើងៗ ហើយការប្រកួតប្រជែងក្នុងទីផ្សារកាន់តែជង្អៀត ដោយសារតែធនាគាមានចំនួនកាន់តែច្រើនទៅ។ ទីផ្សាររបស់យើងក៏មិនរីកលឿន ដូចជាចំនួនធនាគារ ដូច្នេះហើយធ្វើឱ្យមានការប្រកួតប្រជែងកាន់តែច្រើន” ។
លោកបានបន្តទៀតថា “តែទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថា តម្រូវការនៅតែមាន ដោយសារតែធនាគាមួយចំនួនផ្តោតតែទៅលើជំនួញធំៗ ឫក៏អ្នកវិនិយោគក្រៅប្រទេស ប៉ុន្តែធនាគារ ហត្ថា របស់យើង ផ្តោតទៅលើអ្នក ដែលរស់នៅតាមជនបទ ដូច្នេះការប្រកួតប្រជែងរបស់យើងពុំសូវមាន ដូចធនាគាដទៃ” ។
ធនាគារ ហត្ថា បាន និងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ ផ្អែកទៅតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាណាព្យាបាល ដើម្បីពង្រីក និងចាប់យកចំណែកទីផ្សារថ្មីៗ នៅក្នុងក្រុមប្រទេសរួមមានកម្ពុជា ឡាវ ភូមា និងវៀតណាម តាមរយៈបទពិសោធន៍អាជីវកម្មដ៏សម្បូរបែប ការបង្កើតនូវទម្រង់អាជីវកម្មថ្មីៗ និងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន។
បច្ចុប្បន្ន អតិថិជនសកម្មរបស់ធនាគារ ហត្ថា មានចំនួនជា ២០០,០០០នាក់ ហើយទ្រព្យសកម្មមានចំនួនជាង ១,៣០០ លានដុល្លាសហរដ្ឋអាមេរិក៕






