កម្ពុជា​ស្វាគមន៍​គម្រោង​វិនិយោគ​ថ្មី​ក្រោម​ទុនវិនិយោគ​ជិត ៦៤លាន​ដុល្លារនៅក្នុង​ខែកក្កដា​នេះ

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត គម្រោង​វិនិយោគ និង​រោងចក្រ​ថ្មី​ចំនូ​ន៨ ដែលមាន​ទំហំ​ទឹកប្រាក់៦៣.៣លាន​ដុល្លារ​អាមេរិក គិត​ចាប់តាំងពី​ដើមខែ​កក្កដា រហូតមកដល់​ពេលនេះ ខណៈ​គម្រោង​វិនិយោគ​ថ្មី​ទាំងនេះ នឹង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

តប​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៦កន្លែង។

កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចជា ទី១-“ HE CHENG XING PACKAGING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០កន្លែង។

ទី​២-“KANG HWA E & C (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (គោ មាន់ ទា) និង​រោងចក្រ​កែច្នៃ និង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង ៤,៥មេ​ហ្គា​វ៉ា​ត់ (សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ៣១,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៤កន្លែង។

ទី​៣-“CORIUM LEATHER (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ​មាន​ទុនវិនិយោគ​ប្រមាណ ២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន២៩១កន្លែង។

កាលពីដើម​កក្កដា​ដដែល CDCបានអនុម័ត​គំរោង​វិនិយោគ​លើ​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង របស់​ក្រុមហ៊ុន MANN LONG SHOES CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៦ ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ១០,៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៣៧៩កន្លែង។

កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណ:ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម ១- ក្រុមហ៊ុន Smart Silver Star Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​លម្អរ ខ្សែចំណង​គ្រប់​ប្រភេទ ទំ​ពក់​សម្រាប់​តុបតែង និង​គ្រឿងបន្លាស់​អំពូល​គ្រប់​ប្រភេទ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ចំនួន ៥,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០កន្លែង។

២- ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​វាយ​ន​ភណ្ឌ ជ្រលក់​ពណ៌ ផលិត​ម៉ាស់ និង​ក្រដាស់ខាត់ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៥កន្លែង។

៣- ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ុម​គំនូរ ស៊ុម​រូបថត និង​ថ្នាំ​ព័​ណ​គំនូរ, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង, មាន​ទុនវិនិយោគ​ចំនួន ៧,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣០កន្លែង៕

សារព័ត៌មាន​ជប៉ុន​និយាយ​ពី​ផ្សារ​ទំនើប AEON MALL3 ដែល​នឹង​ចាប់យកចំណែក​ទីផ្សារ​បាន​កាន់តែ​ធំ

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន AEON MALL បានបង្ហាញ​មហិច្ឆតា បង្កើន​ចំណូល​ប្រតិបត្តិការ​របស់ខ្លួន​ពី ៦២ ពាន់​លាន​យ៉េន​នៅក្នុង​ឆ្នាំ២០១៩ ឱ្យដល់ ១០០ពាន់​លាន​យ៉េន នៅក្នុង​ឆ្នាំ ២០២៥ ខាង​មុននេះ ។ នេះ បើ​យោងតាម ​NIKEI បាន​ចុះផ្សាយ​របស់​សារព័ត៌មាន​កាលពី​ចុង​សប្តាហ៍​កន្លងមក។

សារព័ត៌មាន NIKEI បានឱ្យដឹងថា ក្នុង​ផែនការ​នេះ​ក្រុមហ៊ុន AEON MALL បាន​ពង្រីក​អាជីវកម្ម នៅក្រៅ​ប្រទេស​របស់ខ្លួន​បាន​ចំនួន៣៥ភាគរយ ពោលគឺ​កើនឡើង​ពី ១២% កាលពី​ឆ្នាំមុន ខណៈ​ក្រុមហ៊ុន​នេះ បាន​នឹង​កំពុង​សាងសង់​គម្រោង​ផ្សារ​ទំនើប​ទី៣ របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៣ ។

បើតាម​សារព័ត៌មាន NIKEI គម្រោង​ផ្សារ​ទំនើប​ទី៣ របស់​ក្រុមហ៊ុន AEON MALL ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​នេះ ធំ​ជាង​គម្រោង​ទី២របស់ខ្លួន ដែល​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ដែល​នឹង​ស្រូបយក​ចំណែក​ទីផ្សារ បាន​កាន់តែច្រើន​បន្ថែម​ទៀត។

តែ​យ៉ាងណាក៏ដោយ បើតាម​ការចុះផ្សាយ​រប​ស់ NIKEI ដដែល​បញ្ជាក់ថា ទន្ទឹមនឹង​ការពង្រីក​អាជីវកម្ម សាងសង់​គម្រោង​ផ្សារ​ទំនើប​ទី៣ របស់​ក្រុមហ៊ុន AEON MALL នៅតាម​ផ្លូវ​តំបន់​ផ្លូវ៦០ម៉ែត្រ​នេះ ក៏មាន​គម្រោង​សាងសង់​ផ្សារ​ទំនើប​ពីរ ផ្សេងទៀត​នៅក្នុង បុរី​ប៉េង​ហួត (PH Dimond Place) និង ក្រុមហ៊ុន​ជីបម៉ុង (Megal Mall 271 )ផងដែរ​ដែល​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែខ្លាំង។

លោក Ross Wheble ប្រធាន​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា​ឱ្យដឹងថា នៅពេល​មាន​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​ច្រើន (Retail) វា​នឹងធ្វើ​ឱ្យមាន​ការផ្គត់ផ្គង់​លើស​តម្រូវការ​ពោល​អត្រា នៃ​ការជួល​នឹង​ធ្លាក់ចុះ ជាមួយគ្នានេះ​ម្ចាស់​គម្រោង​គួរតែ​ផ្តល់នូវ​ការលើកទឹកចិត្ត​ឱ្យបាន​ច្រើន​ទៅលើ​ការជួល។

ក្រុមហ៊ុន Knight Frank  បាន​ព្យាករណ៍​ថា នៅ​បំណាច់​ឆ្នាំ២០២២ ទំហំ​ផ្សារ​ទំនើប (Retail) នឹង​កើន​ដល់៨៣០,០០០ម៉ែត្រការ៉េ ។ ការផ្គត់ផ្គង់​នាពេល​អនាគត​នឹង​កើន​ដល់៨៤% វា​នឹង​ក្លាយជា “ចំណាត់​ថ្នាក់ទីមួយ” (prime grade) ហើយ​ភាគច្រើន​នៅក្នុង​ផ្សារ​ទំនើប​លក់រាយធំ។

បើតាម​ក្រុមហ៊ុន Knight Frank ប​ច្ចុ​ប្បប​ន្ន​នេះ ទំហំ​ផ្សា​ទំនើប​លក់រាយ (Retail) បាន​កើនឡើង​ទ្វេដង រហូតដល់​ទំហំ​ប្រមាណ៣៤០,០០០ម៉ែត្រការ៉េ នៅ​ទូទាំង​ផ្សារ​ចំនួន ២៣របស់​ប្រទេស​កម្ពុជា។ ហើយ​គម្រោងធំៗជាច្រើន​ទៀត គ្រោង​នឹង​បើក​នៅឆ្នាំក្រោយៗទ​ទៀត៕

គម្រោងផ្សារសហគមន៍ជាច្រើនកំពុងបង្ហាញខ្លួននៅតំបន់ផ្លូវជាតិលេខ១

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងកំណើននៃចំនួនគម្រោងអភិវឌ្ឍន៍លំនៅឋានបែបទំនើបជាច្រើនកំពុងមមាញឹកក្នុងការសាងសង់ ដើម្បីបំពេញតម្រូវការស្នាក់នៅ ស្ថិតនៅតំបន់ផ្លូវជាតិលេខ១ បច្ចុប្បន្នក៏មានគម្រោងផ្សារសហគមន៍មិនតិចជាង៤គម្រោងនោះទេដែលកំពុង និងត្រៀបបង្ហាញខ្លួនក្នុងឆាប់ៗខាងមុខនេះ។

ចាប់ពីចំណុចគល់ស្ពានច្បារអំពៅតាមផ្លូវបណ្តោយជាតិលេខ១ បច្ចុប្បន្ននេះហាក់មិនមានផ្ទៃដីធំ និងទំនេរនោះទេ ពោលគឺត្រូវបានអភិវឌ្ឍន៍ជាសំណង់អាគារពាណិជ្ជកម្មផ្សេងៗក្រោមការវិនិយោគពីវិស័យឯកជន ហើយក៍អាចវិនិយោគទៅលើវិស័យលំនៅដ្ឋានដែលមានតម្លៃត្រឹមក្រោម២០ម៉ឺនដុល្លារទៀតនោះដែរ។ នេះបើតាមការអះអាងពីសំណាក់លោក អ៊ិន ណាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក អ៊ិន ណាង បានបន្តថា “ត្រឹមចម្ងាយប្រមាណ១០គីឡូម៉ែត្ររាប់ពីចំណុចគល់ស្ពានច្បារអំពៅ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែមានសកម្មភាពដែលភាគច្រើនគម្រោងទាំងអស់នេះត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុកតាំងពីប៉ុន្មានឆ្នាំមុន ដែលតម្លៃដីនៅមានកម្រិត”។ លោកបន្តថា “តំបន់នៅអមសងខាងផ្លូវជាតិលេខ១ ភាគច្រើនត្រូវបានអភិវឌ្ឍន៍ទៅជាមណ្ឌលពាណិជ្ជកម្មកម្រិតមធ្យម ហើយបន្តិចទៀតប្រភេទអាជីវកម្មខ្នាតតូចអាចនឹងត្រូវបានជំនួសដោយប្រភេទផ្សារសហគមន៍តែម្ដង”។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្រៅពីមានមជ្ឈមណ្ឌលពាណិជ្ជកម្មមួយចំនួន គេឃើញមានគម្រោងផ្សារសហគមន៍ជាច្រើនកំពុងតែមានប្រតិបត្តិការ រួមជាមួយនឹងគម្រោងថ្មីៗមួយចំនួនត្រៀមនឹងបង្ហាញខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។ បណ្តុំអាជីវកម្មកម្រិតមធ្យម និងកម្រិតខ្ពស់ ដែលកំពុងបង្ហាញវត្តមាននៅពេលបច្ចុប្បន្ន រួមមានបណ្តុំហាង និងអាហារដ្ឋាន THE PARK បណ្តុំអាហារដ្ឋានមន្ទីរពេទ្យជោរៃ ផ្សារសហគមន៍បឹងឫស្សី គម្រោងផ្សារសហគមន៍បឹងស្នោរហ្វូដ គម្រោងផ្សារទំនើបបុរីប៉េងហួត រួមជាមួយនឹងគម្រោងបង្កើតតំបន់ពាណិជ្ជកម្មចម្រុះខ្នាតមធ្យមផ្សេងទៀតដែលស្ថិតនៅជិតផ្សារព្រែកឯង។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ថា ចំនួននៃគម្រោងមណ្ឌលពាណិជ្ជកម្ម និងផ្សារសហគមន៍ទាំងនេះហាក់នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការនោះឡើយនោះទេ បើប្រៀបទៅនឹងកំណើននៃចំនួនមនុស្សដែលចូលទៅរស់នៅក្នុងតំបន់ខាងលើនេះ។

លោកបានបញ្ជាក់ថា “ត្រឹមតែគម្រោងរបស់បុរី ប៉េង ហួត ដែលមានវិសាលភាពរហូតដល់ប្រមាណ៥០០ហិកតា មានលំនៅដ្ឋានរាប់ម៉ឺនខ្នង ហើយនៅមានបណ្តុំលំនៅដ្ឋានទួលស្បូវ ព្រមទាំងបុរីកម្រិតមធ្យមជាច្រើនគម្រោងទៀត ដែលពោរពេញទៅដោយការរស់នៅរបស់អ្នកមានកម្រិតជីវភាពមធ្យម និងលើមធ្យម ហើយទាំងអស់នេះហើយដែលជាហេតុផលជម្រុញឱ្យមានការបង្កើតបណ្តុំហាងអាហារដ្ឋានបែបទំនើប គម្រោងផ្សារទំនើប និងផ្សារសហគមន៍ ក៏ដូចជាមណ្ឌលពាណិជ្ជកម្មខ្នាតមធ្យម”។

លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍បន្តទៀតថា “រាល់ការអភិវឌ្ឍន៍ទាំងអស់ខាងលើនេះ គឺសុទ្ធតែធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ហើយនៅពេលខាងមុខនេះ ខ្ញុំជឿថា នឹងមានការអភិវឌ្ឍជាងនេះបន្ថែមទៀត ជាពិសេសក្រោយពេលគម្រោងដ៏ធំដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុន OCICលេចចេញជារូបរាងឡើង ខណៈដែលបច្ចុប្បន្នកំពុងតែចាប់ផ្តើមអនុវត្តជំហានដំបូងដោយការចាក់ដីនៅតាមច្រាំងទន្លេក្នុងតំបន់កោះនរាហ៍ដើម្បីបង្កើតជាទីក្រុងទំនើបមួយទៀតដែលតភ្ជាប់ទៅ

រដ្ឋមន្ត្រីថៃ ៖ ថៃ និងកម្ពុជា នឹងបន្តពិភាក្សាដោះស្រាយជម្លោះលើប្លុកប្រេងត្រួតស៊ីគ្នា

ដោយ ៖ ប៊ី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងថាមពលប្រទេសថៃ លោក Sontirat Sontijirawong រំពឹងថានឹងមានកិច្ចពិភាក្សាបន្តដើម្បីដោះស្រាយជម្លោះនៃប្លុកប្រេងនៅដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីការពន្យាពេល ២០ ឆ្នាំ។

ប្លុកប្រេងកាតនៅដែនសមុទ្រនេះ បង្កើតជាជម្លោះជាយូររវាងប្រទេសថៃ និងប្រទេសកម្ពុជា ដោយភាគីទាំងពីរអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើយោងតាមការកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅក្នុងសប្តាហ៍នេះ។

តែទោះជាយ៉ាងក៏ដោយ កិច្ចពិភាក្សាលើការដោះស្រាយជម្លោះនៃប្លុកប្រេងនៅដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជាមិនត្រូវបានបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។

ប្រទេសថៃ និងប្រទេសកម្ពុជាបានជាប់គាំងក្នុងជម្លោះលើផ្ទៃទឹកទំហំប្រហែល ២៧.០០០ គីឡូម៉ែត្រការ៉េដែលផ្ទុកដោយប្រេង និងឧស្ម័នជាច្រើន។

នៅឆ្នាំ ២០១៩ ប្រទេសថៃ និងកម្ពុជាបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចពិភាក្សាឡើងវិញនៅឯកិច្ចប្រជុំរវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងថាមពលថៃ ដែលរៀបចំឡើងនៅទីក្រុងបាងកក។

បន្ទាប់ពីរយៈពេលជិត ២ ទសវត្សនៃជាប់គាំង ប្រទេសកម្ពុជា និងថៃបានយល់ព្រមបន្តការពិភាក្សាស្តីពីការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នា (OCA) ដោយឈរលើគោលការណ៍ ដែលវាគួរតែត្រូវបានអភិវឌ្ឍដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក៕

ក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមរិក Hilton ប្រកាសចូលទីផ្សារកម្ពុជាក្នុងវិស័យសណ្ឋាគារ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ធំរបស់អាមេរិក Hilton ដែលបម្រើក្នុងវិស័យបដិសណ្ឋារកិច្ចដ៏ល្បីឈ្មោះមួយនៅលើពិភពលោក បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្រុមហ៊ុន GFC Company Limited ដើម្បីដំណើរការសណ្ឋាគារថ្មីនៅចំកណ្តាលរាជធានីភ្នំពេញ។

តាមការចុះផ្សាយគេហទំព័រ Hospitalitynet នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គម្រោងសណ្ឋាគារនេះ គឺ
ជាផ្នែកមួយនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនស្ថិតក្នុងផែនការដោយការដាក់ឈ្មោះពាណិជ្ជកម្ម Hilton Phnom Penh គ្រោងដំណើរការនៅឆ្នាំ ២០២២ ដែលមាន ២៨០ បន្ទប់ ។

សណ្ឋាគារនេះស្ថិតនៅចម្ងាយប្រមាណ៩ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោលគឺនៅជិតទីតាំងល្បីៗ មួយចំនួនរបស់រាជធានីដូចជាផ្សារកណ្តាល ផ្សារថ្មី និងអគារ Vattanac Capital Tower ជាដើម។

សណ្ឋាគារ Hilton Phnom Penh នឹងចូលរួមលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា ដែលជាបណ្តុំភោជនីយដ្ឋាន ហាងកាហ្វេ បារ និងកន្លែងទទួលភ្ញៀវ ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ ក្រៅពីនេះ ក៏មានកន្លែងប្រជុំ និងកន្លែងរៀបចំព្រឹត្តិការណ៍នានាដែលមានទីតាំង ១៥០០ ម៉ែត្រក្រឡារួមទាំងបន្ទប់រួមដែលមានទំហំ ៨៧៥ ម៉ែត្រក្រឡា។សណ្ឋាគារនេះក៏នឹងមានកន្លែងជួបជុំពិភាក្សាលើជំនួញ មជ្ឈមណ្ឌលហាត់ប្រាណ និងអាងហែលទឹកផងដែរ។

សណ្ឋាគារ Hilton គឺជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកដែលបំរើដល់វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅទូទាំងពិភពលោក៕

រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យពលរដ្ឋស្នាក់នៅក្នុងសំណង់អគារស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោមមានប្រុងប្រយ័ត្នខ្ពស់

ដោយវុត្ថា

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យពលរដ្ឋដែលកំពុងស្នាក់នៅក្នុង សំណង់អគារដែលមានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម(ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមករា មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអគារនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយកាលពីយប់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ កាលពីយប់មិញនេះ បានប្រាប់ពលរដ្ឋ និងម្ចាស់អាជីវកម្មដែលកំពុងស្នាក់នៅលើអគារខាងលើនេះថា មានស្ថានភាពទ្រុឌទ្រោម ហើយបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ កន្លងមកនេះ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវផ្ទុកសម្ភារៈធ្ងន់លើសទម្ងន់ និង ស្នើឱ្យមានការជួសជុលបន្ទាន់ចំពោះផ្ទះដែលកំពុងស្នាក់នៅមានសភាពប្រេះស្រាំ ខូចខាតខ្លាំង ដោយត្រូវជ្រើសរើសក្រុមហ៊ុន ឬ វិស្វករ ដែលមានជំនាញច្បាស់លាល់។

រដ្ឋបានរាជធានីភ្នំពេញបញ្ជាក់ទៀតថា ក្នុងករណីដែលផ្ទះមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវផ្លាស់ប្តូរទៅលំនៅឋានថ្មីដែលមានសុវត្ថិភាពឱ្យបានឆាប។

យោងតាមលិខិតលេខ ៣១៨២ ដនស/អសណ ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា ស្ថានភាពនៃអគារនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់នេះខ្វះខាតថែទាំ ជួសជុលឱ្យបានត្រឹមត្រូវតមាលក្ខណៈបច្ចេកទេសអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យអគារទាំងមូលទទួលរងនូវការខូចខាតប្រេះស្រាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយខូចទាំងអស់ប្រមាណ ៥០ ភាគរយ ហើយអាចបណ្តាលឱ្យរំលំបាក់ស្រុតនៅពេលណាមួយ។

នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីធ្លាក់បំណែកថ្ម១ដុំធំ ចេញពីការដ្ឋានជួសជុលផ្ទះមួយកន្លែង ស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា បណ្តាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលចត់នៅខាងក្រោមនេះ ខូចខាតយ៉ាងដំណំ តែសំណាងល្អការធ្លាក់ថ្មនេះ ពុំបានធ្វើឱ្យមនុស្សណាម្នាក់រងគ្រោះឡើយ៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​នៅ​ចំណុចផ្លូវ​ច្រមុះជ្រូក​ក្បាលថ្នល់​ត​ភ្ជាប់​ផ្លូវ៦០ម៉ែត្រ

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​សិក្សា​ពី​លទ្ធភាព​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត នៅត្រង់ចំណុច​ផ្លូវ​ច្រមុះជ្រូក​ក្បាលថ្នល់ ត​ភ្ជាប់​ផ្លូវ​ប្រសព្វ​នឹង​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុនសែន​ឬ (ផ្លូវ៦០ម៉ែត្រ) ខណៈដែល​តំបន់​នេះ​មានការ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​កិច្ចប្រជុំ​កន្លងមកថ្មីៗនេះ ឱ្យដឹងថា ដើម្បី​ដោះស្រាយ​នូវ​ការកកស្ទះ​នៅ​តំបន់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​គ្រោង​កសាង​ស្ពាន​អាកាស​ក្បាលថ្នល់ ហើយ​ចំពោះមុខ​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ ជាគោលការណ៍​នឹង​យក​កា​រ៉ា​ស​សាំង​សូគីម៉ិច​មួយ នៅ​ចំណុច​នេះ​ចេញ ដើម្បី​កែលំអរ​នូវ​ប្រព័ន្ធ​ចរាចរណ៍​នៅ​តំបន់​នេះ​ឲ្យ​ប្រសើរឡើង។

លោក​ថ្លែងបន្តថា  “ការដោះស្រាយ​ចរាចរ​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ប្រសព្វ​នឹង​មហា​វិធី​សម្ដេច​តេ​ជោ​ហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)នឹង​អាច​ដោះស្រាយបាន​នូវ​ចរាចរ៥0%បន្ថែមទៀត ក្រោយពី​រដ្ឋបាល​ល​រាជធានី​ភ្នំពេញ ដកយក​កា​រ៉ា​ស​សាំង​សូគីម៉ិច​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ​ចេញ” ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា ក្រោយពី​យក​កា​រ៉ា​ស​សាំង​សូគីម៉ិច​មួយ​នេះ​ចេញ ការដោះស្រាយ​បញ្ហា​ចរាចរ​នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ យើង​អាច​សម្រួលការ​ដោះស្រាយ​បញ្ហា​ចរាចរ​បាន​ប្រមាណ​ជា៥០ភាគរយ​បន្ថែមទៀត ជាមួយនឹង​ការពង្រីក​មហា​វិធី​ព្រះមុនីវង្ស​ឲ្យ​បាន​បី​កន្លែង​ផងដែរ។

លោក​បន្តថា “ទោះបី​យ៉ាងណាក្តី ចំពោះ​វិធានការ​ចំពោះមុខ គឺ​ការកែសម្រួល​ប្រព័ន្ធ​ភ្លើងស្តុប​នៅ​តំបន់​នេះ​មួយ​ជំហាន​សិន ដោយហេតុថា​ក្នុង​មួយថ្ងៃ​មាន​យានយន្ត​ធ្វើចរាចរ​ឆ្លងកាត់​ប្រមាណ​ជាជាង​មួយ​ម៉ឺន​គ្រឿង” ។

ក្រៅពីនេះ បើតាម លោក ឃួ​ង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​ចំនួន២៧បន្ថែមទៀត នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​រំដោះ​ការកកស្ទះ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ។

លោក​បន្តថា  “ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង មិន​ត្រឹមតែ​បំរើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​តែប៉ុណ្ណោះ​ទេ តែ​វា​សម្រាប់​បំរើ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់ និង​និយាយ​ជារួម​គឺ​បំរើ​ដល់​ពលរដ្ឋ នៅ​ទូទាំងប្រទេស​ដែល​មកកាន់​រាជធានី​ភ្នំពេញ​ដែល​មក​ប្រក​មុខរបរផ្សេង” ៕

កម្ពុជា​និង​ប្រទេស៣ទៀត​ស្នើសុំ​ដកហូត​របាំង​ពាណិជ្ជកម្ម​ដែល​មិនចាំបាច់ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ទំនិញ

ដោយៈ​ប៊ី

ភ្នំពេញៈ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម(CLMV) បានស្នើ​ឱ្យ​ការ​មាន​ដកហូត​របាំង​ពាណិជ្ជកម្ម​ដែល​មិនចាំបាច់ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ជំ​រុ ញ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង៤ ។

ការ​ស្នើឱ្យ​ការដកចេញ​នូវ​របាំង​ពាណិជ្ជ​កម្មនេះ ត្រូវបានធ្វើ​នៅក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​សេដ្ឋកិច្ច ដែលមាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​លើក​ទី ១៩ ធ្វើឡើង​នៅ​រដ្ឋធានី​ហាណូយ​ក្រោម​ទម្រង់​វីដេអូ Conference កាលពី​ថ្ងៃ២៣ ក​ក្គ​ដា ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​សេចក្តី នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​សេដ្ឋកិច្ច ចេញផ្សាយ​នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។

នៅក្នុង​សន្និសីទ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ប្រទេស​ទាំង៤ បាន​ព្រមព្រៀង​បង្កើត​លក្ខខណ្ឌ​អំណោយ​ផ ល​សម្រាប់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​វិនិយោគ និង​សេវាកម្ម​ជា ពិ​សេ ស​សកម្មភាព​ពាណិជ្ជក​ម្ម ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស CLMV ដើម្បី​កំណត់ និង​ដក​របាំង​ពាណិជ្ជកម្ម​ដែល​មិនចាំបាច់ ដើម្បី​ចូលរួមចំណែក​ក្នុងការ​គាំទ្រ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ធានា​នូវ​ប្រតិបត្តិការ​ចង្វាក់​ផ្គត់ផ្គង់។

ខណៈ​វិបត្ដិ​ជំងឺ COVID-19 បានធ្វើឱ្យ​អត្រាកំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្លុក CLMV ស្ថិតក្នុង​កម្រិត​ទាប​បំផុត ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​សេដ្ឋកិច្ច CLMV អាច​នឹងមាន​កំណើន​ត្រឹម ៣,៤ ភាគរយ​នៅ​ឆ្នាំនេះ។

សេដ្ឋកិច្ច CLMV នឹងមាន​ទំនោរ​ទៅរក​ការ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល១ ទៅ២ឆ្នាំ​ខាងមុខ ដោយ​កំណើនសេដ្ឋកិច្ច ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់ ៦,៤ភាគរយ​នៅ​ឆ្នាំ ២០២១ និង ៦,៥ ភាគរយ​នៅ​ឆ្នាំ ២០២២ ។

បច្ចុប្បន្ន​ប្រជាជន​សរុប​ក្នុង​តំបន់ CLMV រូ​ម​បញ្ចូល​ជា​ប្រទេស​ថៃ មាន​ប្រមាណ ២៦៧លាន​នាក់ ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប(GDP) ស្មើនឹង៥.១% គិត​ត្រឹម​ឆ្នាំ២០១៨ និង​លំហូរ​វិនិយោគ​បរទេស​ផ្ទាល់(FDI) ស្មើនឹង៧.២%។ ប្រទេស CLMVT មាន​លក្ខណៈ​ភូមិសាស្ត្រ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អ តម្រូវ​ឲ្យ​ប្រទេស​សមាជិក​បង្កើន​ទំនាក់ទំនង​ល្អ និង​លើកយក​យន្តការ​ចាំបាច់​នានា ដើម្បី​ទាញយក​ផលចំណេញ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់ខ្លួន សំដៅ​ទាក់ទាញ​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ថែមទៀត។

បណ្តា​ប្រទេស CLMVT គួរ​សហការគ្នា​ក្នុងការ​ដាក់ចេញ នូវ​វិស័យ​ដែល​ទទួលផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម ព្រមទាំង​ពង្រឹង​សាមគ្គីភាព​នៅក្នុង​តំបន់ CLMVT ផ្អែកលើ​មូលដ្ឋាន​ឈ្នះ ឈ្នះ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់ និង​សក្តានុពលភាព​នៃ​ប្រទេស​ជា​សមាជិក សំដៅ​ធ្វើ​ម្ចាស់​ពិតប្រាកដ​លើ​ប្រជាជាតិ CLMVT ទាំងអស់៕

ស្វែងយល់​ពី​តម្លៃ​ដី​នៅ​តំបន់​ជុំវិញ​រាជធានី​ចំនួន៣ តើ​មាន​ភាពខុសគ្នា​បែបណា?

ដោយៈ រ៉ា ណេ​ត

ភ្នំពេញៈ ទីផ្សារ​ដីធ្លី​នៅពេល​បច្ចុប្បន្ននេះ បើទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ជា​សាកល​ក៏ដោយ ប៉ុន្តែ​សម្រាប់​សកម្មភាព​នៃ​ការទិញ លក់​គឺ​នៅតែ​បន្ត​មាន ហើយ​ចំពោះ​តម្លៃ​ក៏​មិនមាន​ការធ្លាក់ចុះ​នោះដែរ ជាពិសេស​ដី​នៅតាម​តំបន់​ជុំវិញ​ក្រុង​មួយចំនួន​ដែល​នៅតែ​រក្សាបាន​តម្លៃ​ខ្ពស់ គិត​ជា​មធ្យម​ជាង១៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា តម្លៃ​ដី​នៅតាម​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ គឺមាន​កម្រិត​ខុសគ្នា ដែល​វា​អាស្រ័យ​ទៅតាម​តំបន់ ដែលមាន​ការអភិវឌ្ឍ កំណើន​ប្រជាសាស្ត្រ និង​ជា​តំបន់​ពាណិជ្ជកម្ម។

ជាក់ស្ដែង ដូចជា​នៅ​ប៉ែក​ខាងកើត​ក្នុង​តំបន់​ជ្រោយចង្វារ ប៉ែក​ខាងជើង​ក្នុង​តំបន់​សែន​សុខ និង​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​ក្បែរផ្លូវ៦០ម៉ែត្រ។

តំបន់​ជ្រោយចង្វារ

នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​បែងចែក​ជា​តំបន់​រស់នៅ និង​ជា​តំបន់​ពាណិជ្ជកម្ម ប៉ុន្តែ​តម្លៃ​ដី​មាន​ភាគ​ប្រហាក់ប្រហែលគ្នា។បច្ចុប្បន្ន​នៅ​តំបន់​ក្បែរ​ស្ពាន គឺមាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​អគារ​ស្នាក់នៅ​ដូចជា​ខុន​ដូ​ជាច្រើន ដែល​ជម្រុញ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ មាន​ទីផ្សារ​ស្រដៀង​នឹង​តំបន់​ក្នុង​ក្រុង​មួយចំនួន​ដែរ ដោយ​ក្នុង​មួយ​ម៉ែត្រការ៉េ​គិត​ជា​មធ្យម ស្ថិតនៅក្នុង​ចន្លោះ១៥០០-១៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តំបន់​សែន​សុខ

ដោយសារ​តែមាន​កំណើន​នៃ​ប្រជាសាស្ត្រ ចូលទៅ​រស់នៅក្នុង​តំបន់​នេះ​ច្រើន រួម​ជាមួយនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វែង​ស្វា​ត់​ច្រើន ជាពិសេស​វត្តមាន​នៃ​មណ្ឌល​ពាណិជ្ជកម្ម​បែប​ទំនើប ដូចជា ផ្សារ​ទំនើប AEON2 ផ្សារ​ទំនើប​ជីបម៉ុង ផ្សារ Makro ផ្សារ Global House មជ្ឈមណ្ឌល​សន្និបាត​វិមាន​សែន​សុខ ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា​វត្ត​មាននៃ​អគារ​ខុន​ដូ​មួយចំនួនទៀត បានប្រែក្លាយ​តំបន់​សែន​សុខ ឱ្យទៅជា​តំបន់​ដែលមាន​ប្រជាប្រិយភាព និង​ជំរុញ​តម្លៃ​ដី​ឡើង​ខ្ពស់ ប្រើ​ប្រៀប​ទៅនឹង​តំបន់​មួយចំនួនទៀត​ដែល​គិត​ជា​មធ្យម​ក្នុង​ចន្លោះ ១៣០០-១៥០០ដុល្លារ។

តំបន់​ផ្លូវ៦០ម៉ែត្រ

លោកស្រី​បាន​បញ្ជាក់ថា ដោយសារ​ផ្លូវ​នេះ​មាន៩គីឡូម៉ែត្រ ដូច្នេះ​ត្រូវបាន​បែង​ចែកជា៣តំបន់។ បើ​គិត​កំណាត់​ទី១ ចាប់ពី​ផ្លូវ​ព្រះមុនីវង្ស​ចំនួន៣គីឡូម៉ែត្រ ស្របតាម​បណ្តោយ​ផ្លូវ​នេះ​ទៅខាង​មុខ ដី​នៅ​តំបន់​នេះ​គិត​ជា​មធ្យម​មានតម្លៃ១៨០០ដុល្លារ និង​ចន្លោះ​ពី៣គីឡូម៉ែត្រ​ទៅ៦គីឡូម៉ែត្រ ដី​មានតម្លៃ៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ចាប់ពី​គីឡូម៉ែត្រ​ទី៦ ដល់​គីឡូម៉ែត្រ​ទី៩ ទល់នឹង​ផ្លូវជាតិ​លេខ២មានតម្លៃ ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ក្រៅពី​តំបន់​ទាំង៣ខាងលើនេះ យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE កាលពី​ចុង​ត្រីមាស​ទី២ ឆ្នាំ២០២០បាន​បង្ហាញថា ដី​នៅក្នុង​ខណ្ឌសំខាន់ៗ នៅ​កណ្តាល​ក្រុងភ្នំពេញ​រួមមាន​ខណ្ឌដូនពេញ ចំការមន និង​ខណ្ឌ​បឹង​កេងកង មានតម្លៃ​ជា​មធ្យម៥,៥០០ដុល្លារ​ក្នុង១ម៉ែត្រការ៉េ។ចំណែក​ដី​ក្នុង​ខណ្ឌ៧មករា​មានតម្លៃ៥០០០ដុល្លារ។

តម្លៃ​ទាំងអស់នេះ គឺ​រក្សា​នៅ​ដដែល​បើ​ធៀប​ទៅនឹង​ដើមឆ្នាំ២០២០ ខណៈដី​នៅ​ខណ្ឌទួលគោក​បាន​កើនឡើង​ប្រមាណ២ភាគរយ ដោយមាន​តម្លៃ​ជា​មធ្យម៣៥៥០ដុល្លារ។ ចំណែក​ដី​ក្នុង​ខណ្ឌ​មួយចំនួនទៀត ដូចជា ខណ្ឌឫស្សីកែវ​រក្សា​តម្លៃ​ដដែល១ ២៥០ ដុល្លារ និង​ខណ្ឌ​ជ្រោយចង្វារ​តម្លៃ១១៥០ ដុល្លារ ។

ដោយឡែក​ខណ្ឌផ្សេងៗទៀត​ដូចជា ខណ្ឌដង្កោ មានជ័យ ច្បារអំពៅ ពោធិ៍​សែន​ជ័យ ព្រែក​ព្នៅ និង​ខណ្ឌ​កំបូល​មានតម្លៃ​ជា​មធ្យម​ចន្លោះ​ពី១៥០ដុល្លារ ទៅដល់៥០០ដុល្លារ​ក្នុង១ម៉ែត្រការ៉េ៕

ចំណេះដឹង! តើ​អ្វី​ជា​គម្រោង FMIS?

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) គឺជា​ធាតុ​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) ។

គម្រោង FMIS ត្រូវបាន​រៀបចំឡើង​ដោយ​ធាតុ​នៃ​ប្រព័ន្ធ​ជាច្រើន ដើម្បី​ជំរុញ​ឱ្យ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធារ​ណៈ​មានដំណើរ​ការ​រលូន។

គម្រោង​FMIS ផ្តល់ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នូវ​បណ្តុំ​នៃ​មុខងារសំខាន់ៗរបស់​រតនាគារ និង​ថវិកា ក្នុង​គោលបំណង​គាំទ្រ​ដល់​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) ។

គម្រោង FMIS មាន​ទិសដៅ​ដើម្បី​ផ្គត់ផ្គង់ និង​អនុវត្ត​យ៉ាង​ពេញទំហឹង នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ តាម​បណ្តា​ស្ថាប័នរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រប់​ដណ្តប់​លើ​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល ថ្នាក់កណ្តាល និង​តាម​រតនាគារ​រាជធានី-ខេត្ត។ ហើយ​គម្រោង​នេះ ក៏មាន​ទិសដៅ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ពេញលេញ ទៅដល់​រដ្ឋាភិបាល​ថ្នាក់កណ្តាល ក្រសួង និង​មន្ទីរ។

ប្រព័ន្ធ​រតនាគារ​ស្នូល​ដែល ផ្អែកលើ​ផលិតផល​ដែលមាន​ស្រាប់ (Commercial Off-the-Shelf) នឹង​គាំទ្រ​រាល់​តម្រូវការ សម្រាប់​ការអនុវត្ត​ថវិកា តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅក្នុង​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ រតនាគារ​ខេត្ត និង​បណ្តា​នាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ទាក់ទិន​នឹង​ការអនុវត្ត​ថវិកា។

ប្រព័ន្ធ​នេះ នឹង​ជួយ​ដល់​នីតិវិធី​បែងចែក​ឥណទាន​ថវិកា ការបង់ប្រាក់ វិក័យប័ត្រ ការគ្រប់គ្រង​សាច់ប្រាក់ ការត្រួតពិនិត្យ​ថវិកា និង​ផ្ទៃក្នុង គណនេយ្យ និង​របាយការណ៍ (ស្របតាម​ដំណាក់កាល​ទី១ នៃ​ការអភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដ៏​ទូលំទូលាយ​នេះ) ហើយ​ប្រព័ន្ធ​នេះ ក៏​អាច​គាំទ្រ​ដល់​ការងារ​នាពេល​អនាគត ដូចជា​ពង្រីក​មុខងារ​ការងារ​លទ្ធកម្ម ការរៀបចំ​ថវិកា ព្រមទាំង​គ្រប់គ្រង​សន្និធិ និង​ទ្រព្យ​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ទាំងមូល​ផងដែរ(ដែល​អាច​នឹង​អនុវត្ត​នៅពេល​អនាគត​ដ៏​ខ្លី)៕