ការសាងសង់របងថ្មនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រី ចេញជារូបរាងបណ្តើរៗហើយ

0

ដោយ ហ្សូលី

ភ្នំពេញ៖ គម្រោងសាងសង់របងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែង ជិត១គីឡូម៉ែត្រ ចាប់ផ្តើមលេចចេញជារបងថ្មហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានរៀបការ៉ូឡា ចាប់ពី ការ៉ាស់សាំងតូតាល់រហូតដល់ផ្លូវ R៦ (ស្តុបក្តាន់ ២) រួចរាល់ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជា ២ដំណាក់កាល ក្នុងនោះតំណាក់ កាលទី ១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីការ៉ាសសាំងតូតាល់រហូតដល់ផ្លូវ R៦ (ស្តុបក្តាន់ ២) មានប្រវែង ៦៥០ ម៉ែត្រ កម្ពស់២ម៉ែត្រ។ ក្នុងតំណាក់កាលទី ១ នេះដែរ គិតមកដល់ពេលនេះក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសំរេចជាច្រើនរយម៉ែត្រហើយ ពោលគឺបានលេចចេញជារបង។

ចំណែកតំណាក់កាលទី ២ ចាប់ផ្ដើមពីផ្លូវ R៦ (ស្តុបក្តាន់ ២)នេះ រហូតដល់វត្តនាគវ័ន្តដែលមានប្រវែង ៤៣៧ ម៉ែត្រ។ មន្ត្រីដដែលបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងនេះ ធ្វើឡើង ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងនេះបានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពនៃគម្រោងខាងលើនេះផងដែរ និងបានស្នើឱ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះ។

លោកអភិបាលរាជធានីភ្នំពេញថ្លែងថា ដោយហេតុថាកំណាត់ផ្លូវនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើឱ្យមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរឱ្យបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវសហព័ន្ធរុស្ស៊ីជាផ្លូវមួយដែលភ្ញៀវ ជាតិ-អន្តរជាតិ ឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here