រដ្ឋាភិបាល អះអាងថា និន្នាការសេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានភាពវិជ្ជមាននៅក្នុងឆ្នាំនេះ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា និន្នាការសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០នេះនៅតែអាចមានលទ្ធភាពក្នុងការរក្សាបាននូវភាពវិជ្ជមាន ជាក់ស្ដែងការនាំចេញរបស់កម្ពុជាក្នុងរយៈពេល៨ខែកន្លងទៅនេះ ម្រេចបានទឹកប្រាក់រហូតដល់ចំនួន ១១,៧១៤ លានដុល្លារ។

នៅក្នុងរបាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីជាសេដ្ឋកិច្ចសកល រំពឹងថានឹងមានកំណើនអវិជ្ជមាន និងបណ្តាលប្រទេសដៃគូពាណិជ្ជកម្ម កំពុងជួបប្រទះបញ្ហានៃការរីករាលនៃជំងឺកូវីដ១៩ក្តី។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបង្ហាញថា នៅ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ១១ ៧១៤លានដុល្លារអាមេរិក កើនឡើងចំនួន១៨ភាគរយ។ ក្នុងនោះទំ និញដែលមានកំណើននាំចេញខ្ពស់ មានដូចជា អង្ករ បានកើតឡើង ២៣.១ភាគរយ កង់កើនឡើង ១៧ភាគរយ គ្រឿងអគ្គិសនី កើន ២២.៣ភាគរយ ផលិតផលកសិកម្មផ្សេងទៀតក៏កើនឡើងដែរ និងមាស កើនឡើងយ៉ាងគំហុករហូតដល់ ៧១៦.៨ភាគរយ។ គិតត្រឹមខែសីហា ឆ្នាំ២០២០នេះ ការនាំចេញមាស មានទឹកប្រាក់សរុបចំនួន ២២២០លានដុល្លារ។

ដោយឡែកសម្រាប់ការនាំចូលក្នុងរយៈពេល៨ខែឆ្នាំនេះវិញ មានទំហំទឹកប្រាក់សរុបចំនួន ១១ ៨៥៣លានដុល្លារ បានធ្លាក់ចុះ ១១.៦ភាគរយ។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតថា នៅរយៈពេល៨ខែ ឆ្នាំ២០២០នេះ សំណើសុំសាងសង់សរុបមានចំនួន ៣៣៥០គម្រោង បានកើនឡើង ៤៥៥គម្រោង ដែលមានតម្លៃ ៥០៨១លានដុល្លារ ធ្លាក់ចុះ១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

កំណើនចំនួនគម្រោងសាងសង់នេះ ភាគច្រើនជាសំណង់ប្រភេទ លំនៅដ្ឋាន។
នៅ៨ខែឆ្នាំនេះ កម្ពុជាទទួលគម្រោងវិនិយោគឯកជនសរុប ចំនួន ១១៣គម្រោង ធ្លាក់ចុះ ២២គម្រោង មានទុនវិនិយោគ ២ ៣២៩លានដុល្លារ ធ្លាក់ចុះ ៥៧ភាគរយ។ ទោះបីជាគម្រោងវិនិយោគជារួមមានការធ្លាក់ចុះក្តី គម្រោងវិនិយោគវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីក្ដីសាទរចំពោះលទ្ធផលដែលសម្រេចបានលើការនាំចេញខាងលើនេះ ដោយលោកបានមានប្រសាសន៍ថា “នៅក្នុងសម័យកាលនៃវិបត្តិសាកលនេះ កម្ពុជាក៏រងនូវផលប៉ះពាល់ទៅលើវិស័យមួយចំនួនផងដែរ ប៉ុន្តែអ្វីដែលជាឱកាសរបស់កម្ពុជា ដែលអាចបង្កើនការនាំចេញនោះគឺវិស័យកសិកម្ម ដែលជាតម្រូវការចាំបាច់ និងមានទីផ្សារខ្ពស់”។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា “កំណើននៃការនាំចេញរបស់កម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ ភាគច្រើនគឺទៅកាន់ទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិកទៅលើវិស័យកសិកម្ម កង់ និងផលិតផលអគ្គិសនី ដោយឡែកសម្រាប់ប្រទេសក្នុងតំបន់ដូចជាប្រទេសជប៉ុនដែលធ្លាប់មានតម្រូវការខ្ពស់លើវិស័យឧស្សាហកម្ម ដូចសម្លៀកបំពាក់ ស្បែកជើង ជាដើមនោះត្រូវបានធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់កំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ខ្ញុំជឿថា គឺនៅតែបន្តមានបន្ថែមទៀត ជាពិសេសនៅត្រឹមដើមឆ្នាំ២០២១ខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here