ដោយ ហ្សូលី
ភ្នំពេញ៖ វិស័យឧស្សាហកម្មកាត់ដេរនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចមានសង្ឃឹមថា ងើបឡើងវិញបន្តិចបន្តួច បន្ទាប់ពីវិបត្តិជំងឺសកលនឹងបញ្ចប់នាពេលខាងមុខនេះ។ នេះបើតាមការព្យាករណ៍របស់សមាគម កាត់ដេរកម្ពុជា GMAC។

អគ្គលេខាធិការសមាគមកាត់ដេរកម្ពុជាលោក ខេ លូ ថ្លែងថា ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ –១៩ វិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជាអាចនឹងត្រូវងើបឡើងវិញក្នុងកម្រិតទាប ខណៈ ពិភពលោកកំពុងជួបប្រឈមបញ្ហាទីផ្សារ និងការបាត់បង់អ្នកបញ្ជាទិញជាដើម ។ ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពិភពលោករងនូវផលប៉ះពាល់យ៉ាងខ្លាំងដូចជា បាត់បង់ ទីផ្សារការងារ បាត់បង់ប្រាក់ចំណូល បាត់បង់ជីវិត ជាពិសេសធ្វើឲ្យជួបបញ្ហាវិបត្តិសេដ្ឋកិច្ច។
លោកបន្តថា ចំពោះស្ថានភាពនៅកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលនេះផងដែរ វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម កាត់ដេរសំលៀកបំពាក់ នឹងត្រូវរំពឹងថា ងើបឡើងវិញនៅក្នុងកម្រិតទាប ដោយសារទីផ្សារនៅលើពិភពលោក មិនទាន់ដំណើរការដោយរលូន ខណៈដែលមិនទាន់មានវ៉ាក់សាំងការពារច្បាស់លាស់នៅឡើយ។ ទោះបីយ៉ាងណា លោកសង្ឃឹមថា វិស័យនេះមិនអាចធ្លាក់ចុះទៅរកចំណុចអវិជ្ជមានទៀតឡើយ។
យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការនាំចេញផលិតផលវាយនភណ្ឌបានធ្លាក់ចុះ ១១,៩ ភាគរយ នៅក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ២០២០ ខណៈការនាំចេញទំនិញសរុបមានទំហំទឹកប្រាក់ ១១ ៧១៤ ពាន់លានដុល្លារ កើនឡើង១៨ ភាគរយ ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញក្នុងរង្វង់ ៣,៥% ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹង ងើបឡើងវិញក្នុងអត្រាកំណើន ៤,១% ក្នុង ឆ្នាំ ២០២១ ពីកំណើនអវិជ្ជមានក្នុង អត្រា –២,២% ក្នុង ឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថានៅរក្សាបានកំណើនល្អប្រសើរ ៕






