ខេត្តកំពត ជាមូលដ្ឋានផ្គត់ផ្គង់ស៊ីម៉ង់តិ៍ស្ទើរទាំងស្រុងក្នុងវិស័យសំណង់នៅកម្ពុជា

ដោយ ៖ រ៉ាណេត

កំពត ៖ ខេត្តកំពត ដែលកំពុងមានតម្រូវការទីផ្សារអចលនទ្រព្យស្ទើរទូទាំងខេត្ត ជាពិសេសនៅតាមតំបន់ឆ្នេរ និងមាត់ព្រែកសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តបែបធម្មជាតិ ខេត្តមួយនេះក៏បានក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការផលិត និងផ្គត់ផ្គង់ស៊ីម៉ង់តិ៍ក្នុងវិស័យសំណង់នៅកម្ពុជាផងដែរ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានមានប្រសាសន៍អះអាងកាលពីពេលថ្មីៗនេះថា ទោះជាស្ថិតនៅក្នុងវិបត្តិនៃសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ននេះក៏ដោយ រោងចក្រផលិតកម្មស៊ីម៉ង់តិ៍ទាំង៥ ដែលជាសមាជិករបស់ខ្លួនដោយមាន៤ទីតាំងនៅក្នុងខេត្តកំពតនៅតែបន្តមាននិរន្តភាពក្នុងផលិតសម្រាប់ទីផ្សារសំណង់ក្នុងស្រុករាប់លានតោន និងសម្រាប់ការនាំចេញ។

លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋ ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្មស៊ីម៉ង់តិ៍ក្នុងស្រុក ក៏ដូចជាក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

ជាមួយនឹងកំណើននៃចំនួនទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ លទ្ធភាពនៃការផលិតស៊ីម៉ង់តិ៍របស់រោងចក្រចំនួន៥ដែលជាសមាជិករបស់សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA សរុបបានប្រមាណជិត៨លានតោននៅក្នុងមួយឆ្នាំ។

ក្រុមហ៊ុនវិនិយោគរោងចក្រស៊ីម៉ង់តិ៍ទាំង៥រួមមាន ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ៕

សេដ្ឋកិច្ចចិនត្រូវបានព្យាករណ៍ថា នឹងកើនឡើង ២,៥ភាគរយនៅឆ្នាំនេះ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានព្យាករណ៍ថា នឹងមានកំណើនកើនឡើងប្រមាណ ២,៥ភាគរយ នៅឆ្នាំនេះ ដោយសារការស្ទុះងើបឡើងនៃការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគរឹងមាំ ខណៈកំណើនសេដ្ឋកិច្ចចិនត្រូវបានព្យាករណ៍ត្រឹមតែ១,៥ភាគរយកាលពីដើមឆ្នាំ។ នេះបើយោងតាមការព្យាករណ៍ធនាគារ UBS Group ដែលមានមូលដ្ឋាននៅប្រទេសស្វីស។

ធនាគារនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើនឡើង ៥.៥ ភាគរយនៅក្នុងត្រីមាសនេះ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ហើយនឹងមានកំណើន ៦ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ ២០២០។
ភាពរឹងមាំគួរឱ្យភ្ញាក់ផ្អើលនៃការនាំចេញរបស់ចិននៅក្នុងត្រីមាសទី២ បានជំរុញឱ្យសេដ្ឋវិទូបង្កើនការវាយតម្លៃសេដ្ឋកិច្ចរបស់ពួកគេក្នុងឆ្នាំនេះ ហើយពួកគេក៏បានធ្វើការកែប្រែការព្យាករណ៍ថា អតិផរណានឹងមាន២,៥ ភាគរយនៅឆ្នាំ ២០២០ ដោយសារទឹកជំនន់ថ្មីៗនេះនៅភាគខាងត្បូង និងការងើបឡើងវិញខ្លាំងជាងមុន។

វិស័យអចលនទ្រព្យត្រូវបានគេរំពឹងថានឹងបង្ហាញនូវភាពធន់បន្ថែមទៀត ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ច និងឥណទាន ដែលងាយស្រួលជាងមុន។

របាយការណ៍សេដ្ឋកិច្ច Oxford ក៏បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ចិនពេញមួយឆ្នាំរបស់ចិន នឹងមានកំណើនពី ២ ភាគរយដល់ ២,៥ ភាគរយ នៅសប្តាហ៍នេះ ដោយសារការស្ទុះងើបឡើងវិញខ្លាំងនៅក្នុងត្រីមាសទី ២។ ទិន្នន័យពីត្រីមាសទី ២ ក៏អាចមានកម្លាំងខ្លាំងនៃការស្ទុះងើបឡើងវិញផងដែរ៕ Bloomberg

រដ្ឋាភិបាលគ្រោងពង្រីកបណ្តាញអគ្គិសនីភាវរូបនីយកម្មជនបទជំហាន៧ ជិត ៣០០០គីឡូម៉ែត្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលគ្រោងពង្រីកបណ្តាញអគ្គិសនីភាវរូបនីយកម្មជនបទជំហាន៧ ដែលគម្រោងនេះនឹងសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង ២២ គីឡូវ៉ុល និង៣៥ គីឡូវ៉ុល មានប្រវែងសរុបប្រមាណ ២៩៧០គីឡូម៉ែត្រ និងគ្របដណ្តប់ដល់ភូមិចំនួន ១៣៣ភូមិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ។

តាមការចុះផ្សាយរបស់ក្រសួងរ៉ែ និងថាមពល នៅលើគណនីផ្សព្វោ្សាយផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថាស ខេត្តចំនួន១៤ នឹងទទួលបានពីគម្រោងនេះ រួមមាន ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តកំពត ព្រមទាំងតម្លើងត្រង់ស្វ័រម៉ាទ័រគ្រប់ប្រភេទ។

រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀត ដើម្បីធ្វើយ៉ាងណាម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្រ្តដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។
ផែនការ អភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទចំនួនពីរគឺ១-ដល់ឆ្នំា២០២០ ភូមិទាំងអស់ទូទំាងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និង ២-ដល់ឆ្នំា២០៣០ យ៉ាងហោច ៩០ភាគរយ នៃគ្រួសារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីដែលមានគុណភាពពីខែ្សបណ្តាញជាតិប្រើប្រាស់។

ដើម្បីសម្រេចតាមគោលដៅកំណត់ខាងលើ រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៦ នឹងផ្តោតការយកចិត្តទុកដាក់លើ៖ ទី១៖ គ្រប់គ្រង និងតំហែទាំហេដ្ឋារចនាសម្ព័ន្ឋដែលមានស្រាប់ ដូចជាអគារ ផ្លូវ និងដំណើរការឧស្សាហកម្មផ្សេងៗដែលបាននិង កំពុងប្រើប្រាស់ថាមពល ឲ្យមានប្រសិទ្ធភាពខ្ពស់។

ទី២៖ជម្រុញការផ្ទេរ និងការប្រើប្រាស់បច្ចេកវិទ្យាថាមពលដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលឲ្យក្នុងកម្រិត ២០% នៅឆ្នាំ២០៣៥ ដោយធៀបមូលដ្ឋានគោលឆ្នាំ២០១៤ ដែលក្នុងនោះមាន ២៥ភាគរយ សម្រាប់វិស័យអគារ និង២៥ភាគរយ សម្រាប់វិស័យឧស្សាហកម្ម ព្រមទាំង១៥ភាគរយ សម្រាប់វិស័យដឹកជញ្ជូន៕

រដ្ឋាភិបាលផ្តល់ឱកាសវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្នែកកសិ-ឧស្សាហកម្មដល់ធុរជនជាតិ និងអន្តរជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញ និងផ្តល់ពីឱកាសវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើដល់វិស័យកសិ-ឧស្សាហកម្មដល់បណ្តាធុរជនជាតិ និងអន្តរជាតិទាំងអស់ ជាមួយនឹងការលើកទឹកចិត្តដោយការជួយសម្រួលនូវលក្ខខណ្ឌជាច្រើន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា មន្ត្រីក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារស្តីពី ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម ដើម្បីជំរុញលទ្ធភាពនៃការធ្វើពិពិធកម្មឱ្យមានភាពរីកចម្រើន និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកឧកញ៉ាបានបញ្ជាក់ថា “គោលបំណងនៃការសិក្សានេះគឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្តុំរោចចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មបម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះការសិក្សានេះក៏បានលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្កានុពលក្នុងការបង្កើតតំបន់ពិសេសនេះ រួមនឹងយន្តការគាំទ្រពីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្តរួមមានសារពើពន្ធ និងមិនមែនសារពើពន្ធ និងមេរៀនជាបទពិសោធន៍នានាពីបណ្តាប្រទេសដទៃទៀត”។

គម្រោងនៃការបង្កើតតំបន់ពិសេសបម្រើដល់វិស័យកសិ-ឧស្សាហកម្ម ដែលជាបណ្តុំរោងចក្រកែច្នៃកសិផលនេះ ត្រូវបានបើកយ៉ាងទូលាយពីសំណាក់រាជរដ្ឋាភិបាល ដែលអាចធ្វើឡើងបាននៅគ្រប់ខេត្ត គ្រប់តំបន់ដែលនៅជិតនឹងប្រភពកសិផល ដើម្បីធ្វើយ៉ាងណាងាយស្រួលដល់ខ្សែសង្វាក់ផលិតកម្ម ហើយអ្វីដែលកាន់តែពិសេស ជាការលើកទឹកចិត្តសម្រាប់វិស័យឯកជនអាចធ្វើការវិនិយោគដោយផ្ទាល់ ឬវិនិយោគរួមគ្នាជារាជរដ្ឋាភិបាល ដើម្បីអាចសម្រេចបានលទ្ធផលគាប់ប្រសើរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការវិនិយោគបង្កើតតំបន់ពិសេសដែលជាបណ្តុំរោងចក្រកែច្នៃកសិ-ឧស្សាហកម្មនេះ គ្រប់វិនិយោគិនទាំងអស់នឹងទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលច្រើនជាងការផ្តល់ជូនលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលបម្រើដល់វិស័យឧស្សាហកម្មទៅទៀត ហើយអាចកើតឡើងបានគ្រប់ទំហំចាប់ពីវិស័យ SMEs ឡើងទៅ ៕

ដឹងទេថា រដ្ឋាភិបាលចិនចំណាយថវិកាប៉ុន្មានលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ ២០២០ ?

ដោយ ៖ ហ្សូលី

ប៉េកាំង ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូរទាំងប្រទេសចិនបានកើនឡើង ៦ភាគរយ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២០នេះ។ នេះបើតាមឱ្យដឹងពីក្រសួងដឹកជញ្ជូនរបស់ប្រទេសចិន ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ដោយសារតែភាពរីកចម្រើននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស បានធ្វើឱ្យរដ្ឋាភិបាលចិនចាប់ផ្តើមហ៊ានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

រដ្ឋាភិបាលចិនបានចំណាយថវិកាប្រមាណ ១.៤៥ទ្រីលានយន់ ឬស្មើនឹង ២០៧ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើនប្រភេទដូចជា ផ្លូវដែក ផ្លូវហាយវេ ផ្លូវទឹក និងផ្លូវអាកាស។ តួលេខនេះគ្រាន់តែជាការសរុបសម្រាប់ការចំណាយត្រឹមពាក់កណ្តាលឆ្នាំ ២០២០ តែប៉ុណ្ណោះ ដោយយោងតាមមន្ត្រីរបស់ក្រសួងសាធារណការ។

ចិនបានស្តារសេដ្ឋកិច្ចបានមកវិញនៅក្នុងត្រីមាសទី២ ជាមួយល្បឿនដ៏លឿនស្ទើរមិនគួរឱ្យជឿ និងកំណើនវិនិយោគបានកើនឡើងដល់ ២១.៨ ភាគរយ។ បច្ចុប្បន្ន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនៅតែបន្តជាហូរហែ ទៅលើគម្រោងផ្លូវដែក ស្ពាន ផ្លូវហាយវេ និងការអភិវឌ្ឍនៅតាមជនបទដាច់ស្រយាល។

អត្ថប្រយោជន៍នៃការអភិវឌ្ឍនេះបានជួយសម្រួលយ៉ាងធំធេងទៅលើការដឹកជញ្ជូនទំនិញ មិនថាក្នុង និងក្រៅប្រទេសឡើយ ដែលនាំឱ្យអត្រានៃកំណើនផលិតទំនិញកើនឡើងជាប់គ្នារយៈពេល២ខែ នៅខែឧសភា និងមិថុនា ពី ០.៤ភាគរយ ដល់ ៣.៩ ភាគរយ។

ការដឹកជញ្ជូនទំនិញបានកើនឡើងពីមួយឆ្នាំទោមួយឆ្នាំ ឬស្មើនឹង ៦.៧៥ពាន់លានតោន ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះ ហើយតួលេខក៏បានកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ កំណើននេះត្រូវបានគេប៉ាន់ស្មានថា ដោយសារតម្រូវការទំនិញក្នុងអំឡុងពេលវិបត្តិ Covid-19៕ ChinaDaily

អភិបាលរាជធានីភ្នំពេញ ប្រកាសសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២៧ ទីតាំងបន្ថែមទៀត

ដោយវុត្ថា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២៧ទីតាំងបន្ថែមទៀត សម្រាប់បំរើដល់កំណើនប្រជាពលរដ្ឋនរស់នៅក្នុងក្រុងភ្នំពេញ កាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាសថ្មើរជើងត្រង់ចំណុចផ្សារដើមគរនាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ជាជំហានដំបូង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីចំនួន ២៧ នៅក្នុងរាជធានីភ្នំពេញដើម្បីជួយរំដោះការកកស្ទះ ចរាចរណ៍ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ ។

លោកបន្តទៀតថា “នៅក្នុងរាជធានីភ្នំពេញ យើងនឹងធ្វើស្ពានថ្មើរជើងនេះ រហូតដល់ ២៧ ទីតាំងបន្ថែមទៀត ហើយបើ ២៧ ទីតាំងនេះ មិនគ្រប់ និងតម្រូវការទៀត យើងនឹងធ្វើបន្ថែមទៀត ប៉ុន្តែជាបឋមនេះ យើងធ្វើប៉ុន្នេះសិន ហើយសូមមេត្តាបងប្អូនអត់ធ្មត់ ដោយសារតែថវិការបស់យើងនៅមានកម្រិត ដែលមិនអាចធសាងសង់បានព្រមគ្នា”។

លោកបន្តថា “ការសាងសង់ស្ពានអាកាសថ្មើរជើងមិនត្រឹមតែបំរើឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់តែប៉ុណ្ណោះទេ តែវាសម្រាប់បំរើដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងមូលធ្វើចរាចរណ៍ឆ្លងកាត់ និងនិយាយជារួមគឺបំរើដល់ពលរដ្ឋនៅទូទាំងប្រទេសដែលមកកាន់រាជធានីភ្នំពេញដែលមកប្រកមុខរបរផ្សេងៗ”។

លោកបន្តទៀតថា “ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ មិនមែនមានតែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកទេ ខ្ញុំសូមបញ្ជាក់ថា ដោយសារតំបន់ទួលគោកនេះ (តំបន់ផ្សារដើមគរ និង សន្ធរមុក) មានភាពមមាញឹកចរាចរណ៍ខ្លាំង ជាមួយគ្នានេះ ក៏យើងមានស្ពានអាកាសថ្មើជើង១រួចហើយដែរ គឺនៅស្តុំនាងគង្ហីង”។

លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មី២៧ទីតាំងបន្ថែមទៀតនេះនឹងត្រូវធ្វើ ឡើងនៅតំបន់ទីប្រជុំជន មុខសាសារៀន មន្ទីរពេទ្យ ផ្សារ ឬកន្លែងមួយចំនួនទៀតដែលមានចំណុចផ្លូវ ប្រសព្វពិបាកក្នុងការឆ្លងកាត់ថ្នល់។

លោកថា ការសម្រេចបង្កើន ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនទំាងប្រជាពលរដ្ឋនិងយានយន្ត ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

សំណង់រង្វង់មូលក្ដាន់២ និងផ្លូវថ្មើរជើងមុខទីស្ដីការគណៈរដ្ឋមន្ត្រីជិតឈានដល់ទីបញ្ជប់

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សំណង់រង្វង់មូលក្ដាន់២ ដែលសាងសង់ឡើងដើម្បីសម្រួលចរាចរណ៍ រួមជាមួយការរៀបខឿនរបងសម្រាប់ថ្មើរជើងនៅតំបន់ជុំវិញ និងមុខទីស្ដីការគណៈរដ្ឋមន្ត្រីឈានជិតដល់ទីបញ្ចប់ទាំងស្រុងហើយ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានប្រាប់កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍ ប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ ការពង្រីកផ្លូវ សហព័ន្ធរុស្ស៊ី និងដាក់លូទំហំ១ម៉ែត្រ ជាមួយនឹងការអ៊ុតកៅស៊ូ នៅខាងជើងផ្លូវមុខទីស្ដីការគណៈរដ្ឋមន្ត្រី និងរៀបការ៉ូឡាលើចិញ្ចើមផ្លូវបានឈានមកដល់ទីបញ្ចប់ហើយ។

លោកបានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចតំបន់ក្តាន់២ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះ មានភាពប្រសើរ ជាងមុន ខណៈតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ពាក់ព័ន្ធនឹងការកែសម្រួល ប្រព័ន្ធចរាចរណ៍នៅចំណុចតំបន់ក្តាន់២ និងការជីកដាក់លូតាមបណ្តោយខាង ជើងផ្លូវ សហព័ន្ធរុស្ស៊ីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាដោយពង្រីកកំណាត់ មហាវិថី សហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្ស និងមហាវិថី សហព័ន្ធរុស្ស៊ី។ ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុច ប្រសព្វក្តាន់២ រវាងវិថីស៊ីធី សេនធ័រ (ផ្លូវ R៦) និងវិថីសាធារណរដ្ឋឆេក រដ្ឋបាលរាជធានីភ្នំពេញបាន កែសម្រួលផ្ទៃសួន ច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូល ដោយរក្សារូប សំណាកក្តាន់២ឱ្យនៅដដែល។

ជាការលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យ កាន់តែមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្មនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ប្រវែងជិត១គីឡូម៉ែត្រ ដោយ ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់រហូតដល់ស្តុបវត្តនាគវ័នបន្ថែមទៀត។
មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងនៃការ រៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខ នឹងទីស្ដីការគណៈរដ្ឋមន្ត្រី នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល ដោយតំណាក់កាលទី១ ចាប់ ផ្ដើមអនុវត្តន៍ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រកម្ពស់២ម៉ែត្រ។ តំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២) រហូតដល់ទប់វត្តនាគវ័នដែលមានប្រវែង៤៣៧ម៉ែត្រ៕

បារាំងប្តេជ្ញាចូលរួមស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ)ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយបញ្ចប់វិបត្តិជំងឺ Covid-19 ខណៈវិស័យនេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

នេះ បើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង លោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ជាជនជាតិបារាំងនៅកម្ពុជាផងដែរ កាលពីទី២៣ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ។

លោក ណេប សាមុត ឱ្យដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិCovid-19 ឱ្យមានភាពល្អប្រសើរឡើងវិញ។

លោកបន្តថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការដាក់ចេញវិធានការគាំទ្រវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺ Covid-19 និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបាន ពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទីចង្អុលផ្លូវសម្រាប់ត្រៀមស្តារឡើងវិញនៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថភាព ពង្រឹងរចនាសម្ព័ន្ធវិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍ ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោងជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង៕

អគារខ្ពស់កប់ពពកមួយរបស់អាមេរិកត្រូវបានលក់ក្នុងតម្លៃទាបបំផុត

ដោយ ៖ វុត្ថា

អាមេរិក ៖ អគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងរដ្ឋ Los Angeles របស់អាមេរិក (U.S. BANK TOWER) បានប្រកាសលក់បញ្ចុះតម្លៃ ៣៤ ភាគរយ ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ( World Trade Center ) ដែលជាតម្លៃទាបមិនធ្លាប់មាន ស្ថិតនៅក្នុងក្រុង New York ដោយសារតែការធ្លាក់ចុះនៃអត្រាចំនួនអ្នកជួលការិយាល័យដែលបង្កឡើងដោយជំងឺCovid-19 ។

តាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិកឱ្យដឹងថា អគារ U.S. Bank Tower នេះ មានកំពស់ ៧៣ ជាន់ស្ថិតនៅក្នុងតំបន់ Bunker Hill ជាអគារមួយក្នុងចំណោមអគារលេចធ្លោជាងគេនៅក្នុងទីក្រុង និងជាសំណង់ខ្ពស់ជាងគេមួយនៅខាងលិចទន្លេ Mississippi ។ អគារនេះ ត្រូវបានបើកដំណើរការនៅឆ្នាំ ១៩៨៩ ហើយត្រូវបានគេស្គាល់ថាជាអគារបណ្ណាល័យ និងមជ្ឈមណ្ឌលអន្តររដ្ឋពិភពលោកទីមួយ។

ក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសសឹង្ហបុរី OUE Ltd ដែលទទួលបានសិទ្ធិលក់អគារនេះ បានឱ្យដឹងថា អគារខ្ពស់កប់ពពក U.S BANK TOWER នេះ ត្រូវបានលក់ក្នុងតម្លៃ ៤៣០ លានដុល្លារដែលជាការបញ្ចុះតម្លៃ ៣៤% ពីការវាយតំលៃតម្លៃ ៦៥០ លានដុល្លាររបស់ក្រុមហ៊ុន OUE បានប្រកាសនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន។

លោក Todd Tydlaska មន្ត្រីផ្នែកលក់នៃក្រុមហ៊ុន CBRE ដែលមិនបានទទួលគម្រោងនេះបានឱ្យដឹងថា ការលក់អគារនេះកំពុងកើតឡើងក្នុងពេលដ៏លំបាកមួយសម្រាប់ទីផ្សារអចលនទ្រព្យការិយាល័យដែលបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនមានភាពភ័យខ្លាច។

លោកបន្តថា “ការិយាល័យភាគច្រើន មិនត្រូវបានប្រើប្រាស់ដោយសារអ្នកជួលភាគច្រើនធ្វើការពីផ្ទះដើម្បីជៀសវាងពីការឆ្លងជំងឺCovid-19 ហើយវាមិនដឹងច្បាស់ថាពេលណាដែលពួកគេចង់ត្រឡប់មកអគារខ្ពស់វិញទេ”។

យោងតាមក្រុមហ៊ុនផ្ដល់ទិន្នន័យអចលនទ្រព្យ CoStar បានបង្ហាញថា អគារ U.S. Bank Tower នេះ មានទំហំជាង ១,៤ លានហ្វីតការ៉េ ហើយប្រហែល ២២ ភាគរយនៃអគារនេះមិនត្រូវបានគេជួលឡើយ។

របាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញដែរថា ចំនួនការិយាល័យទំនេរ (មិនមានអ្នកជួល) ជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលក្រុង គឺធ្លាក់ចុះ ១៣ ភាគរយនៅក្នុងត្រីមាសទី២កន្លងទៅនេះ៕

ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ជប៉ុនមានទំហំទឹកប្រាក់ជិត៩០០លានដុល្លាររយៈពេល៥ខែដំបូងឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនឡើងដល់ ៨៨៤,៩ លានដុល្លារចាប់ពីខែមករាដល់ ខែឧសភាឆ្នាំ ២០២០ ដែលធ្លាក់ចុះ ៣,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការរបាយការណ៍របស់ JETRO ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ

ស្ថិតិពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៧០៣លានដុល្លារទៅកាន់ទីផ្សារជប៉ុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំពី ០,៩ ភាគរយ។
ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនមានតម្លៃ ១៨០ លានដុល្លារ ធ្លាក់ចុះ ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុនដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ ២,២៩២ពាន់លានដុល្លារកាលពីឆ្នាំមុន៕