ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ លំហូរនៃជំនន់ចរាចរណ៍នៅទីក្រុងភ្នំពេញ បានចាប់់ផ្តើមបង្កការកកស្ទះខ្លាំងបណ្តើរៗហើយ ខណៈប្រជាពលរដ្ឋមានត្រឹមប្រមាណ៣លាននាក់ ប៉ុន្តែនៅឆ្នាំ២០៣០ខាងមុខ ចំនួនប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនដល់ ៤,៥ ទៅ ៥លាននាក់។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានឲ្យដឹងថា នៅពេលចំនួនមនុស្សរស់នៅកើនឡើងដល់៥លាននាក់ ប្រជាពលរដ្ឋនឹងសម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារហេតុផលមួយចំនួន។
ប៉ុន្តែជាក់ស្តែងតាមការសង្កេតជាទូទៅ គឺបច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរបានចាប់ផ្តើមរស់នៅតាមខុនដូកាន់តែច្រើនបណ្តើរៗហើយ ដោយនិន្នាការនេះបាននិងកំពុងផ្លាស់ប្តូរបែបផែនជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានរកឃើញថា ប្រជាជនរស់នៅទីក្រុង និងតាមទីប្រជុំជននានា នឹងកើនដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ដែលបានចេញផ្សាយកាលពីកំឡុងឆ្នាំ២០១៧កន្លងមកបានឲ្យដឹងថា បើគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ចំនួនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងធំៗ និងកើនពី៤ ទៅ ៧លាននាក់។ កំណើនប្រជាសាស្ត្រនេះ នឹងទាមទារឲ្យមានការផ្តត់ផ្គង់លំនៅដ្ឋាន ដ៏ច្រើនរហូតដល់ ៨៥ម៉ឺនខ្នងដល់ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង ៥ម៉ឺនខ្នង។
ការសិក្សារបស់ក្រុមហ៊ុន Urban Living Solution កាលពីឆ្នាំ២០១៨ក៏បានរកឃើញផងដែរថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ នឹងកើនដល់ ៤,៥លាននាក់ទៅ៥លាននាក់ ជាពេលវេលាដែលធ្វើឲ្យប្រជាជនកាន់តែច្រើន នឹងរស់នៅតាមខុនដូ ដោយសារទី១ កំនើនប្រជាសាស្ត្រធ្វើឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ទី២ តម្លៃអចលនទ្រព្យ ពិសេសលំនៅដ្ឋាននឹងមានតម្លៃខ្ពស់ ដែលប្រជាពលរដ្ឋថ្នាក់កណ្តាលមិនមានលទ្ឋភាពទិញលំនៅដ្ឋាននៅក្នុងទីក្រុងបាន តែពួកគេអាចទិញនៅជាយក្រុង ដែលលំបាកក្នុងការធ្វើដំណើរ។
ទី៣ ការរីកចម្រើនបច្ចេកវិទ្យានឹងធ្វើឲ្យគុណភាពជីវិតប្រសើរឡើង ដោយអ្នករស់នៅតាមខុនដូ ឬលំនៅដ្ឋាននានាអាចកុំម៉ង់អាហារទទួលទានកាន់តែងាយស្រួល។ និងទី៤ លក្ខខ័ណ្ឌកន្លែងការងារ ដែលប្រជាពលរដ្ឋមិនចង់រស់នៅឆ្ងាយពីការងារ ហើយពួកគេងាកមករស់នៅខុនដូ ដែលស្ថិតនៅជិតកន្លែងការងាររបស់ពួកគេ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ មិនមានចំនួនច្រើននោះទេ គឺមួយគីឡូម៉ែត្រមានតង់ស៊ីតេត្រឹមជាង ២០០០នាក់ ប៉ុន្តែបញ្ហាកកស្ទះចរាចរណ៍មានការកើនឡើងខ្ពស់ ខុសពីបណ្តាប្រទេសក្នុងតំបន់ដូចជាទីក្រុងបាងកក ប្រទេសថៃ ទីក្រុងហូជីម៉ិញប្រទេសវៀតណាម ដែលមានប្រជាជនរស់នៅចន្លោះ៤០០០ ទៅ ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែបញ្ហាចរាចរណ៍ហាក់មិនអាក្រក់ណាស់ណានោះទេ។
អ្នកនាងបន្តថា “រដ្ឋាភិបាលគួរចាត់វិធានការណ៍ ទៅលើបញ្ហាសណ្តាប់ធ្នាប់ចរាចរ ណ៍ តាមរយៈការដាក់ចេញវិធានការណ៍អប់រំ និងជំរុញឲ្យអ្នកបើកបរគោរពច្បាប់ តាមរយៈការធ្វើយ៉ាងណាឲ្យពួកគេយល់ដឹងពីច្បាប់។

យ៉ាងណាតាមការសង្កេតជាក់ស្តែង ការធ្វើចរាចរណ៍របស់ប្រជាលរដ្ឋខ្មែរនៅតាមដងផ្លូវនានាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តពិតជាមិនសូវមានរបៀបរៀបរយ និងមិនសូវគោរពច្បាប់ចរាចរណ៍ផងដែរ ដែលបានធ្វើឲ្យស្ថានភាពនៃការធ្វើដំណើរតាមដងផ្លូវកំពុងកកស្ទះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ពិសេសផ្លូវជាតិសំខាន់ៗចូលមកកាន់រាជធានីកំពុងកកស្ទះយ៉ាងខ្លាំងដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ៕






