ខេត្តតាកែវបាននឹងកំពុងប្រែមុខមាត់ថ្មីតាមរយៈគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រជាច្រើន

ដោយវុត្ថា

ភ្នំពេញៈ ខេត្តតាកែវនាពេលបច្ចុប្បន្ន បាននឹងកំពុងប្រែមុខមាត់ថ្មី ដែលកាលពីមុនមិនសូវមានការអភិវឌ្ឍ ហើយជីវភាពប្រជាជនពឹងផ្អែកតែលើវិស័យកសិកម្ម ព្រមទាំងខ្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ មកជាខេត្តដែលមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស មានកំណើន និងសន្ទុះនៃការអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មគួរឲ្យកត់សម្គាល់។

អភិបាលខេត្តតាកែវ លោកអ៊ួច ភា បានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០កន្លងមកថា រដ្ឋបាលខេត្តតាកែវទទួលបាននូវសមិទ្ធផលដ៏ធំធេង គឺការជួសជុល និងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២២ និងការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ ដែលមានមួយផ្នែកស្ថិតក្នុងទឹកដីនៃខេត្តតាកែវផងដែរ។

លោកថ្លែងថាការងារកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ជាការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ និងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនគ្រប់វិស័យ ជាពិសេសការងារវិនិយោគ ដែលបានចូលរួមលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែមានការ អភិវឌ្ឍរីកចម្រើនឡើងជាលំដាប់

លោកបន្ថែមថា ចំពោះ វិស័យឧស្សាហកម្ម និងសិប្បកម្ម កំពុងដើរតួរយ៉ាងសំខាន់ក្នុងចំណោមវិស័យសំខាន់ផ្សេងៗទៀត សំរាប់ធ្វើការអភិវឌ្ឍន៍ និងបង្កើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ជាមួយគ្នានេះដែរវិស័យនេះ ក៍កំពុងស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្ដអាទិភាព ដើម្បីឆ្លើយតបនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា របស់រាជរដ្ឋាភិបាលផងដែរ។

លោកអភិបាលខេត្តបានបន្តថា វិស័យកាត់ដេរ ក៏រួមចំណែកធ្វើឲ្យការអភិវឌ្ឍវិស័យឧស្សាហកម្មកម្មន្តសាលនិងសិប្បកម្មរបស់ខេត្តកាន់តែមានភាពចម្រុះសម្បូរបែបហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាលជាមួយវិស័យកសិកម្មពាណិជ្ជកម្មនិងសេវាកម្មដែលនឹងធ្វើឲ្យដំណើរការនៃការពង្រឹងសហគ្រាសធុនតូចនិងមធ្យមរបស់ខេត្តកាន់តែមានសន្ទុះរីកចម្រើនទៅមុខថែមទៀត។

ជាក់ស្តែងផ្នែកឧស្សាហកម្ម និងកម្មន្តសាល ដែលគិតមកដល់ពេលនេះ ខេត្តមានរោងចក្រធុនធំចំនួន៥១រោងចក្រ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ២៧ រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង១១ ផលិតផ្គុំតម្លើងឧបករណ៍សាកថ្មកុំព្យូទ័រ និងទូរស័ព្ទ១ ផលិតកាបូបនិងខ្សែកាបូប៥ផលិតថ្មអារ(ថ្មម៉ាត)១ ផលិតស័ង្កសី បំពង់ទីបនិងបំពង់ទីបអ៊ីណុក១ រោចក្រកិនស្រូវ០២ ផលិតបារី១ ផលិតទឹកក្រូចជាដើម៕

គម្រោងវិនិយោគធំៗចំនួន៥ស្ថិតលើផ្ទៃដី៣៣៥០០ហិកតាកំពុងកែប្រែសេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺកំពុងទាក់ទាញគម្រោងវិនិយោគជាច្រើន ដែលនៅក្នុងនោះមានគម្រោងធំៗចំនួន៥ ជាមួយទុនវិនិយោគរាប់រយលានដុល្លារ ស្ថិតលើផ្ទៃដីសរុបជាង៣៣៥០០ហិកតា ដែលនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាជួយទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។

ជាមួយនឹងវត្តមានក្រុមហ៊ុនអន្តរជាតិធំៗ ដែលកំពុងបោះជំហ៊ានចូលមកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា បច្ចុប្បន្នមានក្រុមហ៊ុនចម្រុះ កំពុងដំណើរការក្នុងខេត្តមានចំនួន១៨៨ក្រុមហ៊ុន ដែលបម្រើដល់វិស័យឧស្សាហកម្មកសិកម្មហើយមួយផ្នែកទៀតបម្រើនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ។

គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជិត២០០គម្រោង មានក្រុមហ៊ុនវិនិយោគធំៗ ដែលលេចធ្លោប្រចាំខេត្តចំនួន៥ ក្នុងនោះ មានក្រុមហ៊ុន Great Field (Cambodia) International Limited អភិវឌ្ឍន៍នៅលើផ្ទដីទំហំ ៩០០០ហិកតា , ក្រុមហ៊ុន Yellow Field (Cambodia) International Limited ចំនួន៨៥០០ហិកតា ក្រុមហ៊ុន HLH Agriculture (Cambodia) Co Ltd ចំនួន ៩៩០០ហិកតា ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ មានផ្ទៃដីចំនួន ៤៧០០ ហិកតា និងក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍ កសិកម្ម ខូ អិលធីឌី មានផ្ទៃដី ចំនួន១៤០០ហិកតា។

លោកវ៉ី សំណាងបានបន្តថា រដ្ឋបាលខេត្តកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគ នៅក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតកាងារធ្វើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លោកបន្តថា យើងបានខិតខំផ្សព្វផ្សាយពីសក្កានុពលរបស់ខេត្តកំពង់ស្ពឺ ទាំងសុខសន្តិភាព និងមានផ្លូវជាតិច្រើន ជាពិសេសផ្លូវល្បឿនលឿនដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីៗបន្ថែម

តំបន់សំខាន់ៗ ដែលមានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្ម ដែលស្ថិតនៅតាមផ្លូវជាតិលេខ៤ នៅស្រុកគងពិសី និងនៅបរសេដ្ឋ ហើយក្រៅពីនេះ ក៏មាននៅតាមបណ្តោយផ្លូវជាតិលេខ៤៤ផងដែរ

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៥ខាងលើនេះ បម្រើនៅក្នុងវិស័យផ្សេងៗពីគ្នា រួមមានដូចជា វិស័យអចលនទ្រព្យ វិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យទេសចរណ៍។ ក្នុងនាមជាអាជ្ញាធរ នៅតែព្យាយាមបង្ហាញពីក្ដីសាទរ និងកិច្ចស្វាគមន៍ចំពោះវត្តមានវិនិយោគិនជាតិ និងអន្តរជាតិថ្មីៗបន្ថែមទៀត ដើម្បីវាជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិទាំងមូល

តម្លៃដីនៅកណ្តាលក្រុងភ្នំពេញស្ថិតក្នុងសភាពទ្រឹងនៅបំណាច់ត្រីមាសទី២នេះ

ដោយៈ ប៊ី

ភ្នំពេញៈ តម្លៃដីនៅកណ្តាលក្រុងភ្នំពេញ បានស្ថិតនៅទឹ្រងគិតត្រឹមបំណាច់ត្រីមាសទី២ ឆ្នាំ២០២០នេះ ខណៈតម្លៃដីនៅជាយក្រុងមានការប្រែប្រួល ធៀបនឹងដើមឆ្នាំ២០២០នេះ ខណៈអ្នកជំនាញអះអាងថា ការវិនិយោគដីធ្លីអំឡុងពេលនេះ គឺមានឱកាសចំណេញ។

របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីៗនេះឱ្យដឹងថា តម្លៃដីនៅតាមបណ្តាខណ្ឌនៅភ្នំពេញ នាដំណាច់ត្រីមាសទី២ ឆ្នាំ ២០២០ នេះបានស្ថិតនៅទ្រឹងសម្រាប់តំបន់នៅកណ្តាលក្រុង និងមានការប្រែប្រួលតិចតួច សម្រាប់តំបន់ជាយក្រុង បើធៀបទៅនឹងដើមឆ្នាំ២០២០។

របាយការណ៍ដដែលបានបង្ហាញថា កាលពីចុងត្រីមាសទី២ ឆ្នាំ២០២០ ដីនៅក្នុងខណ្ឌសំខាន់ៗ នៅកណ្តាលក្រុងភ្នំពេញរួមមានខណ្ឌដូនពេញ ចំការមន និងខណ្ឌបឹងកេងកង មានតម្លៃជាមធ្យម៥,៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។ចំណែកដីក្នុងខណ្ឌ៧មករាមានតម្លៃ៥០០០ដុល្លារ។

តម្លៃទាំងអស់នេះ គឺរក្សានៅដដែលបើធៀបទៅនឹងដើមឆ្នាំ២០២០ ខណៈដីនៅខណ្ឌទួលគោក និងសែនសុខបានកើនឡើងប្រមាណ២ភាគរយ ដោយមានតម្លៃជាមធ្យមរៀងគ្នា៣ ៥៥០ដុល្លារ និង១ ៤២៥ ដុល្លារ កើនពី៣ ៥០០ដុល្លារ និង១៤០០ដុល្លារ។

ចំណែកដីក្នុងខណ្ឌមួយចំនួនទៀត ដូចជា ខណ្ឌឫស្សីកែវរក្សាតម្លៃដដែល១ ២៥០ ដុល្លារ និងខណ្ឌជ្រោយចង្វារតម្លៃ១១៥០ ដុល្លារ។ ដោយឡែកខណ្ឌផ្សេងៗទៀតដូចជា ខណ្ឌដង្កោ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ព្រែកព្នៅ និងខណ្ឌកំបូលមានតម្លៃជាមធ្យមចន្លោះពី១៥០ដុល្លារ ទៅដល់៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា រាល់ការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យក្នុងដំណាក់កាលនេះ មិនថាផ្នែកសំណង់លំនៅដ្ឋានឬផ្នែកដីធ្លីនោះទេ គឺមានឱកាសចំណេញដូចគ្នា ប្រសិនបើរាល់អចលទ្រព្យវត្ថុទាំងអស់នោះ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ។

លោកស្រីបញ្ជាក់ថា សកម្មភាពនៃការទិញ លក់ក្នុងពេលនេះ មានភាពស្ងប់ស្ងាត់បន្តិចបើប្រៀបធៀបទៅនឹងដើមឆ្នាំ ឬអំឡុងពេលត្រីមាសទី១ ប៉ុន្តែសម្រាប់តម្លៃវិញគឺមិនមានការធ្លាក់ចុះនោះទេ។ លោកស្រីបន្តថានៅក្នុងឆមាសទី២នៃឆ្នាំនេះ តម្លៃទីផ្សារអាចនឹងមានភាពល្អប្រសើរឡើងវិញបន្តិចបន្តួច ក្រោមវិធានការរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យផ្នែកមួយចំនួនបើកដំណើរការឡើងវិញ

ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យទាំងមូលអាចវិលត្រឡប់ ទៅរកសភាពដើមដូចចុងឆ្នាំ២០១៩ អាចត្រូវការពេលវេលាយូរបន្តិច យ៉ាងហោសណាស់១ឆ្នាំឬអាចលើសពីនេះ។នេះតាមការបញ្ជាក់ឲ្យដឹងពីលោកស្រីអាន សុធីតា៕

ស្វែងយល់ពីអគារពាណិជ្ជកម្មសម្រាប់ជួញដូរពេជ្រនៅទីក្រុងឌីបៃ

ដោយវុត្ថា

ភ្នំពេញ៖ ទីក្រុងឌូបៃពិតជាAmazing ដែលពោពេញទៅដោយការប្រមូលផ្តុំនូវអាគាខ្ពស់ៗ និងស្ថាបត្យកម្មទំនើបជាច្រើនប្រភេទ ហើយភាគច្រើនគឺជាស្ថាបត្យកម្មតាមបែបបទសាសនាអ៊ីស្លានៅក្នុងទីក្រុងឌូបៃ។

គេហទំព័រPropertyarea.asia បានបង្ហាជូនអ្នកអានបានសិក្សាស្វែងយល់ ពីអគាខ្ពស់ៗជាច្រើនទាំងនៅក្នុងពិភពអារ៉ាប់ និងពិភពលោក។ សម្រាប់ពេលនេះ នឹងបន្តបង្ហាញជូននូវអគារAlmas Tower (អគារពេជ្យ) មួយបន្ថែមទៀត ទុកគ្រាន់បានស្វែងយល់ពីការរីកចម្រើនវិស័យសំណង់។

អាគារAlmas Tower ឬ ហៅថា Diamond Tower មានកំពស់៣៦០ម៉ែត្រនិង ៦៨ជាន់ គឺជាអគារខ្ពស់កប់ពពកមួយ ស្ថិតនៅក្នុងតំបន់មាត់បឹងJumeirah ទីក្រុង Dubai ប្រទេសអារ៉ាប់រួម។ អាគារនេះ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០០៥ និងបានបញ្ចប់នៅក្នុងឆ្នាំ២០០៩។

Almas Tower គឺជាអគារដែលខ្ពស់ជាងគេ ក្នុងតំបន់អភិវឌ្ឍន៍មួយនេះ ដោយសាងសាងឡើង ក្នុងគោលបំណងសម្រាប់ពាណិជ្ជកម្មពេជ្យ។ អគារនេះ ផងដែរត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Atkins Middle East ។ ចំណែកកំពូលអគារវិញ កសាងដោយក្រុមហ៊ុនTaisei Corperation របស់ប្រទេសជប៉ុន សហការជាមួយក្រុមហ៊ុន Arabian Construction Co. ដែលជាក្រុមហ៊ុនទទួលបានពានខាងផ្នែកសាងសង់ ពីក្រុមហ៊ុន Nakheel Properties កាលពីឆ្នាំ២០០៥។

អាគារAlmas Tower បំរើសេវាកម្មជាច្រើនប្រភេទ រួមមាន កន្លែងលក់ពេជ្យ ឧស្សាហកម្មត្បូង រ៉ែ  ដែលគេហៅអគារនេះថា ជាមណ្ឌលជួញដូរមាស ពេជ្យ និងរ៉ែ  ព្រមទាំងមានកន្លែងប្រជុំរបស់អ្នកជំនួញមាសនៅទូទាំងពិភពលោកផងដែរ។អគារនេះត្រូវបានគេសាងសងឡើងប្រកបដោយសុវត្ថិភាពបំផុត។

ជាមួយគ្នានោះអគារនេះ ក៏ធ្លាប់ទទួលបានរង្វាន់ជាអគារខ្ពស់លំដាប់ទី៨ ក្នុងឆ្នាំ២០០៩ ពីEmporis Skyscraperផងដែរ៕

ចំណេះដឹង!តើអ្វីជាសភាផាត់ទាត់?

ដោយវុត្ថា

ភ្នំពេញៈ សភាផាត់ទាត់ត្រូវបានបង្កើតឡើង ដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់និងទូទាត់កាតព្វកិច្ចអន្តរធនាគារដែលកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។

ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិ ដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា ។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធ ស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិកនិងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច។

ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍទៅជាប្រព័ន្ធស្វ័យប្រវត្តិនិងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូឆ្នាំ២០១២ដែលមានសមត្ថភាពផាត់ទាត់ជាលក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រនិងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិកដែលមានដូចជាឥណទានផ្ទាល់ឥណពន្ធផ្ទាល់និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិកដើម្បីដោះដូរមូលប្បទានបត្ររូបវន្តផងដែរ។

ក្រៅពីមណ្ឌលដោះដូរមូលប្បទានបត្រ ដែលមានទីតាំងនៅសភាភាត់ទាត់ជាតិ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា ក៏មានមណ្ឌលដោះដូរមូលប្បទានបត្រ៦កន្លែងទៀត នៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា គឺ ខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ៕

សភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារ “ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោះស្រាយបញ្ហាបណ្តាវិនិយោគិន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់មួយចំនួនចូលរួមក្នុងកិច្ចប្រជុំក្រុមការងារ “ឃ” នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីរកដំណោះស្រាយមួយចំនួនជូនដល់បណ្តាវិនិយោគិនដែលកំពុងជួបបញ្ហានៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ក្រោមវត្តមានរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” ផ្នែករដ្ឋាភិបាល នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កិច្ចប្រជុំត្រូវបានធ្វើឡើងជារបៀបវារៈចំនួន៥ ដែលត្រូវបានលើកយកមកពិភាក្សា។

របៀបវារៈចំនួន ៥ ដែលជាបញ្ហា និងកង្វល់ របស់វិស័យឯកជន និងត្រូវយកមកពិភាក្សាស្វែងរកដំណោះស្រាយ រួមមាន៖ (១). អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិននានា (២).ការអនុវត្តអនុក្រឹត្យលេខ៧៩ អនក្រ.ប្រក ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដែលក្នុងនោះអង្គប្រជុំបានសម្រេចឲ្យមានរយៈពេលអនុគ្រោះ មួយ(១) ឆ្នាំ ដើម្បីទុកពេលឲ្យ ក្រុមហ៊ុននៅក្នុងវិស័យឯកជនមានលទ្ធិភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរកម្មវិធីគណនេយ្យដែលអាចប្រើប្រាស់ភាសាខ្មែរ (៣).ការលើកទឹកចិត្ត SMEs ចំពោះវិស័យអាទិភាព លើការកំណត់យកឯកសារដាក់ពាក្យស្នើសុំពីក្រុមហ៊ុននីមួយៗ (៤).នីតិវិធីសម្របសម្រួលការចុះឈ្មោះសមាគមអាជីវកម្មបរទេស និង(៥). ប្រាក់តម្កល់ ៣០០០ ដុល្លារអាមេរិក សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកម្ពុជា ជាពិសេស ការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាសម្របសម្រួលពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីបានធ្វើការពិភាក្សាលើចំណុចសំណូមពរខាងលើ អង្គប្រជុំ បានឯកភាពគ្នាទៅលើបញ្ហាមួយចំនួនធំ ហើយបញ្ហាដែលនឹងត្រូវពិភាក្សាគ្នាតាមយន្តការបច្ចេកទេស ទុកឱ្យក្រុមការងារជំនាញបន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង ក្នុងការដើរតួនាទីដ៏សំខាន់ ហើយមានប្រសិទ្ធិភាព ក្នុងការសម្របសម្រួលក្រុមការងារទាំង១៣ វិស័យ ឯកជន ក្រោមឆ័ត្រនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលទទួលបានជាធាតុចូលសំខាន់ៗ បញ្ហាប្រឈម និងសំណូមពរ ជាច្រើនកន្លងមក យកមកដោះស្រាយរួមគ្នា ដើម្បីរួមចំណែកធ្វើយ៉ាងណាសម្រួលពាណិជ្ជកម្ម និង បកស្រាយបំភ្លឺបញ្ជាក់នានាដែលវិស័យឯកជនកំពុងធ្វើអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ក្នុងប្រទេសកម្ពុជា៕

ស្ពានអាកាសថ្មើរជើរផ្សារដើមគរនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកក្កដាស្អែកនេះ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ដូចទៅនឹងការគ្រោងទុក នៅត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ ស្ពានអាកាសថ្មើរជើងនៅចំណុចស្តុបផ្សារដើមគរ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងប្រាកដក្រោមវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ពិធីសម្ពោធដាក់ឱ្យដំណើរការស្ពានអាកាសថ្មើរជើង ស្ថិតនៅទីតាំងស្តុប ចំណតរថយន្តផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងប្រារព្ធឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ ព្រមទាំងបុគ្គលិកតំណាងក្រុមហ៊ុនម៉ៅការសាងសង់។

ស្ពានអាកាសថ្មើរជើងផ្សារដើមគ ស្ថិតនៅលើមហាវិថីម៉ៅសេទុងមួយនេះ មានបណ្ដោយ២៧ម៉ែត្រ និងទទឹង៣ម៉ែត្រ។ ស្ពានអាកាសថ្មើរជើង ផ្សារដើមគ ត្រូវបានសាងសង់ឡើងស្របគ្នានឹងស្ពានអាកាសថ្មើរជើង នៅភ្លើងស្តុបសន្ធរម៉ុក។ ប៉ុន្តែមកដល់ពេលនេះ ស្ពានអាកាសថ្មើរជើង នៅចំណុចស្តុបសាលាសន្ធរម៉ុក មិនទាន់បញ្ចប់ការសាងសង់នៅឡើយនោះទេ។

យោងតាមផែនការមេរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីស្ពានថ្មើរជើងនៅចំណុ​ចផ្សារដើមគរ នៅសាលាសន្ធរមុខ និងនៅជម្ពូរវ័ន ផ្លូវជាតិលេខ៤ នៅមានស្ពានអាកាសថ្មើរជើងចំនួន២៥កន្លែងទៀត ដែលគ្រោងសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើចរាច​រណ៍ និងកាត់បន្ថយគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរជាយថាហេតុ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្តដា២០២០នេះថា ក្រៅពីសាងសង់ស្ពានអាកាសថ្មើរជើង រហូតមកដល់ពេលនេះ ការដ្ឋានកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ក្តាន់ពីរអនុវត្តន៍បានជិតរួចរាល់ហើយ គឺនៅសល់តែការងាររៀបការ៉ូឡាលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដែលគ្រោងបញ្ចប់នៅក្នុងសប្តាហ៏ក្រោយនេះ ។

លោកបញ្ជាក់ថា ចំពោះការកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្តាន់២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្តូរទីតាំងភ្លើងស្តុប ពង្រីកផ្លូវសហព័ន្ឋរុស្ស៊ី ជីកដាក់លូទំហំ១ម៉ែត្រ និងអ៊ុតកៅស៊ូផ្លូវបានរួចរាល់ហើយ។ ក្នុងនោះមានពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើង ដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (តំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។

ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ (ផ្លូវ R៦) និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល។

មន្ត្រីដដែលបានអះអាងថា ក្រោយពីដាក់អោយដំណើរការភ្លើងស្តុបថ្មី និងការពង្រី​កផ្លូវរួច តំបន់ខាងលើនេះកាត់បន្ថយនូវការកកស្ទះចរាចរណ៍ បានប្រមាណ៦០ភាគរយ ហើយក៏ទទួលបាននូវការកោតសរសើរ និងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕

ឧទ្យានជាតិវីរៈជ័យនៃខេត្តរតនគិរីបាននឹងក្លាយជាគោលដៅទេសចរណ៍ យ៉ាងសំខាន់របស់កម្ពុជា

ដោយវុត្ថា

រតនគិរីៈ ឧទ្យានជាតិវីរៈជ័យនៅក្នុងភូមិសាស្រ្តខេត្តរតនគិរី បានកំពុងបាននិងកំពុងក្លាយជាគោលដៅទេសចរណ៍ យ៉ាងសំខាន់របស់របស់កម្ពុជានាពេលបច្ចុប្បន្នេះ  និងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។

លោកផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ភ្ញៀវទេសចរណ៍តែងតែចាប់អារម្មណ៍ តំបន់វាលធំនៃឧទ្យា​នជាតិវីរៈជ័យ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរី កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា“ភ្ញៀវទេសចរចូលមកលេងកំសាន្ដ នៅក្នុងតំបន់ការពារធម្មជាតិឧទ្យា​​នជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២០ មានចំនួន២៧ក្រុមមានចំនួនមនុស្សសរុប១០៧នាក់ ក្នុងនោះមានស្រ្តី៤១នាក់ (ភ្ញៀវជាតិចំនួន៦៣នាក់)”។

ដោយឡែកនៅតំបន់វាលធំ នៃឧទ្យានជាតិវីរ:ជ័យ មានអ្នកទេសចរជាក្រុម ចំនួន១០ក្រុម ចំនួនមនុស្ស៦៨នាក់”។

លោកបន្ថែមថា អ្នកទេសចរជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះ បានសំដែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង ស្វាកន្ទុយស ស្វាព្រាហ្ម ឈ្លូស ប្រើស បានឃើញ និងលឺសម្លេងសត្វស្លាប សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្ត។

របាយការណ៍របស់ក្រសួងបរិស្ថាសនបង្ហាញថា ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីចំនួន៣៣២.៥០០ហិកតា។ បើនិយាយពីសក្តានុពល ក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រ ខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ ជាអ្វីដែលធ្វើឱ្យឧទ្យានជាតិមួយនេះមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។

របាយការណ៍ដដែលបន្តថា ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែន ដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេងយ៉ាងសប្បាយ។

ដើម្បីទៅដល់ទីតាំងកំសាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥គីឡូម៉ែត្រពីស្រុកតាវែង ទៅដល់ភូមិមណ្ឌលយ៉ន ដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅទីនោះ ហើយដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។

ដោយឡែកនៅក្នុងតំបន់ស្រស់ត្រកាលនេះ ជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់ស្រុកដែលនឹងធ្វើបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរណ៍ ដែលផ្តលការស្នាក់នៅដោយផាសុខភាពបែបជនជាតិ និងការរីករាយជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ៕

ខេត្តថ្មីចំនួន៣ទៀតចាប់ផ្តើមមានសក្តានុពលនិងរីកមុខមាត់ខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងមានវិវឌ្ឍនភាពបណ្តើរៗ ទោះបីជាកំពុងជួបវិបត្តិសេដ្ឋកិច្ចពិភពលោក​ក្តី ហើយខេត្តសំខាន់ៗចំនួន៣កំពុងទាក់ទាញ និងរីកមុខមាត់លើវិស័យសំ​ណ​ង់និងអចលនទ្រព្យ។

១.ខេត្តស្វាយរៀង

ថ្វីត្បិតតែខេត្តស្វាយរៀង គឺជាខេត្តមានសក្តានុពលពាណិជ្ជកម្មក្តី ប៉ុន្តែក្រឡេកទៅមើលវិស័យសំណង់និងអចលនទ្រព្យវិញ ឃើញថាខេត្តមានសញ្ញាវិជ្ជមានច្រើន និងមានសកម្មភាពអភិវឌ្ឍលើបណ្តាគម្រោងសាងសង់ដដែល។

តាមប្រសាសន៍របស់អភិបាលខេត្តស្វាយរៀងឱ្យដឹងថា បច្ចុប្បន្នខេត្តស្វាយរៀង មានភាពរីកចម្រើនគួរឱ្យកត់សម្កាល់ និងមានភាពទាក់ទាញមិនចាញ់ខេត្តដទៃទៀតទេ។

សំណង់លំនៅដ្ឋាន អគារខ្ពស់ៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម មិនមានការផ្អាកសកម្មភាពសាងសង់អ្វីទេ។

២.ខេត្តកោះកុង

បើប្រៀបធៀបនឹងខេត្តជាប់មាត់សមុទ្រដទៃដូចជា ព្រះសីហនុ កែប និងកំពត ខេត្តកោះកុង ហាក់បីដូចជាស្ថិតនៅជួរខាងក្រោយគេ លើការវិនិយោគក្នុងវិស័យអចលនទ្រ   ព្យ។ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះ កំពុងផុសផុលលើសកម្មភាពវិនិយោគពីបណ្តាវិនិយោគិននានា។

អ្នកជំនាញអចលនទ្រព្យធ្លាប់បានមានប្រសាសន៍ថា ខេត្តកោះកុងមានសក្តានុពលខ្ពស់ចំពោះសេដ្ឋកិច្ច ដូច្នេះទើបការវិនិយោគលើវិស័យអចលនទ្រព្យ មានជាបន្តបន្ទាប់ ពិសេសគម្រោងធំៗដូចជា ព្រលានយន្តហោះអន្តរជាតិ។

លើសពីនេះ គម្រោងស្ថាបនាកំពង់ផែទឹកជ្រៅ ការពង្រីកផ្លូវជាតិធំៗ កំពុងមានការអភិវឌ្ឍជាបណ្តើរៗ ដែលនាំឱ្យខេត្តនេះរីកមុខមាត់ខ្លាំងលើវិស័យអចលនទ្រព្យ។

៣ ខេត្តកំពង់ស្ពឺ

ខេត្តមួយនេះ​ មានសក្តានុពលលើគម្រោងរោងចក្រ និងសហគ្រាសខុសពីគេ ដោយហេតុថា កត្តាភូមិសាស្រ្តស្ថិតនៅជិតទីក្រុងភ្នំពេញ និងអំណោយផលទៅលើការដឹកជញ្ជូន អាស្រ័យដោយការរិកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធទូរទាំងខេត្ត។ ដូច្នេះទើបបានជាបណ្តាវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ម្ចាស់គម្រោងបុរីលំនោដ្ឋានឬដីឡូតិ៍នានា នាំគ្នាសម្រុកមកវិនិយោគលើវិស័យសំណង់ជាហូរហែ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មី​ៗនេះថា ខេត្តកំពង់ស្ពឺបានទាក់ទាញលើគម្រោងវិនិយោគ ក្នុងវិស័យសំណង់ប្រមាណជាង២០០លានដុល្លារ ដែលគំរោងទាំងនោះសុទ្ធសឹង ជាគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម៕

ថៃនឹងផ្តល់នូវផ្លូវដែកប្រវែង១៤០គីឡូម៉ែត្រដល់កម្ពុជាដើម្បីសម្រួលដល់ពាណិជ្ជកម្ម រវាងប្រទេសទាងពីរ

ដោយៈប៊ី

ភ្នំពេញៈ ប្រទេសកម្ពុជានឹងស្វាគមន៍ផ្លូវដែកមួយខ្សែទៀត នៅភាគខាងជើងដែលប្រវែង១៤០គីឡូម៉ែត្រក្នុងពេលឆាប់ៗនេះ ដោយភ្ជាប់ទៅព្រំដែនថៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។

លោក វ៉ាស៊ីម សូរីយ៉ា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កាលពីថ្ងៃពុធទី២២ កខែកក្កដា ឆ្នាំ២០២០កន្លងមកថា ថៃបានសន្យាផ្តល់ផ្លូវដែកថ្មី បន្ទាប់ពីការដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨។ (ប្រទេសកម្ពុជា និងថៃបានបើកដំណើរការតភ្ជាប់ផ្លូវដែកឡើងវិញជាផ្លូវការនៅចុងឆ្នាំ ២០១៨។

លោកបានថ្លែងថាភាគីថៃនឹងប្រគល់ផ្លូវដែកប្រហែល១៤០គីឡូម៉ែត្រ ក្នុងខែសីហាឬកញ្ញា។ វានឹងពង្រឹងផ្លូវដែករបស់យើង និងលើកកម្ពស់គុណភាពនៃការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ

លោកបាននិយាយថា បន្ទាប់ពីផ្លូវដែកភាគខាងជើងត្រូវបានធ្វើឱ្យប្រសើរ ដែល អាចដឹកបាន២០តោន និងបង្កើនល្បឿនពី៣០គីឡូម៉ែត្រក្នុងមួយម៉ោងទៅ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ដោយតភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងតាមព្រំដែនថៃ ផ្លូវដែកភាគខាងជើងបានជំរុញពាណិជ្ជកម្មទ្វេភាគី។

ប្រទេសថៃជាប្រទេសនាំចូលទំនិញធំជាងគេ លំដាប់ទី៧របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន អង់គ្លេស និងកាណាដា ឬស្មើនឹង៤ភាគរយនៃការនាំចេញរបស់កម្ពុជា។

ទិន្នន័យពីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃប្រហែល៣,១ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ កើនឡើង១៨,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ២២៦,៦លានដុល្លារ ដើម្បីស្តារផ្លូវដែកភាគខាងត្បូង និងខាងលិចរបស់ប្រទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន។ ក្នុងចំណោមមូលនិធិវិនិយោគ មានប្រហែល៨៥លានដុល្លារបានមកពីថវិកាជាតិ ខណៈដែលនៅសល់១៤១,៦លានដុល្លារទៀត បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀត៕