កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិននៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា  កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នៅមុនថ្ងៃទី១២ ខែសីហាខាងមុខនេះដែលគណៈកម្មសហភាពអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ដែលផ្តល់ដល់កម្ពុជាប្រមាណ២០ភាគរយ។

លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌ ការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជាចិន ឆ្នាំ២០១៩២០២៣ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសចិន ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ។

លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិននេះ មានន័យ២យ៉ាងទំាងសេដ្ឋកិច្ច និងនយោបាយ។ លោកបន្តថា ក្នុងន័យសេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែអភិវឌ្ឍន៍រីកចម្រើន។ ចំពោះន័យនយោបាយវិញ វាជាសារមួយបញ្ជាក់ទៅកាន់សហភាពអឺរ៉ុបថា កម្ពុជាមានច្រកសេដ្ឋកិច្ច ពិសេសមួយថែមទៀតក្រៅពីសហភាពអឺរ៉ុប

លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះឱ្យដឹងថា សម្ដេចហ៊ុន សែន នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងធ្វើការពិភាក្សាផ្សេងៗទៀតដើម្បីបង្កើនល្បឿនក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ។

លោកបន្តថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅដោយផ្ទាល់ដើម្បីធ្វើជាអធិបតី នៅក្នុងកិច្ចចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ខណៈដែលកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងរៀបចំព    ន្លឿនការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូង

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០កន្លងមកនេះ ។ ភាគីទាំងពីរបានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណីក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុង     រយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។

តាមផែនការគណៈកម្មការសភាពអឺរ៉ុប ការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុប ដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងកន្លងមកនេះថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ  និងការជំនួសមកវិញ ជាមួយនឹងពន្ធស្តង់ដាររបស់សហភាពអ៊ឺរ៉ុប  នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងដែលបានជ្រើសរើស និងរាល់ទំនិញសម្រាប់ការធ្វើដំណើរនិងស្ករសរ។

សេចក្តីប្រកាសដដែលបន្តថា ការដកនេ មានចំនួនប្រហែល១ភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេវិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ។

ការព្រមានដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់គណៈសហភាពអឺរ៉ុបនេះ បានធ្វើផលិតផលនាំចេញរបស់កម្ពុជាប្រមាណ៤០មុខ រួមមានសម្លៀកបំពាក់កាត់ដេរ សម្ភារៈធ្វើដំណើរ វ៉ាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក២០ភាគរយនោះ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងកន្លងមកនេះថា រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រួយបារម្ភពីការដក ឬព្យួរនូវប្រព័ន្ធអនុគ្រោះពន្ធEBA ពីសំណាក់គណៈកម្មសភាពអឺរ៉ុបនោះទេ ខណៈដែលកម្ពុជាបានត្រៀមខ្លួនជាស្រេច ចំពោះបញ្ហានេះ  ដោយបានដាក់ចេញនូវគោលនយោបាយផ្សេងៗ ទប់ទល់ទៅនឹងបញ្ហាញនេះ ។

សម្តេចតេជោហ៊ុន សែនបន្តថាប្រព័ន្ធអនុគ្រោះពន្ធEBAនេះ មុននឹងក្រោយ គង់តែគេដកនោះទេ នៅពេលដែលប្រទេសកម្ពុជានការរីកចំរើន។ សម្តេចបន្តថា ម្យ៉ាងទៀត កម្ពុជាក៏មិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយនឹងជំនួយនោះដែរ

សមាគមរោងចក្រកាត់ដេរកកម្ពុជា(GMAC) និងស្ថាប័ននានាកាលពីកន្លងមកនេះ បានសរសេរលិខិតទៅគណៈកម្មការសភាពអឺរ៉ុប កុំឱ្យមានការព្យួរឬដកប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ខណៈដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងទទួលរងនូវវិបត្តិនៃជំងឺ Covid-19 ដែលឈមទៅនឹងបញ្ហាសេដ្ឋកិច្ច និងការនាំចេញនានា។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះ ដោយមិនជាប់ពន្ធនាំចូលនិងកូតា។

EBA ជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់ នឹងត្រូវទទួលបាននូវការអនុគ្រោះ មិនជាប់ពន្ធនាំចូលនិងកូតាប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផល ប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេសអង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត៕

តម្រូវការដីធ្លីក្នុងខេត្តកែបកំពុងកើនឡើងស្របពេលវិស័យបដិសណ្ឋារកិច្ច ចាប់ផ្តើមរីកចម្រើន

ដោយៈ រ៉ាណេត

កែបៈ ទីផ្សារដីធ្លីដែលជាផ្នែកមួយក្នុងវិស័យអចលនទ្រព្យ នៅខេត្តកែបនាពេលបច្ចុប្បន្ននេះ កំពុងតែមានសកម្មភាពគួរឱ្យកត់សម្គាល់ ក្រោមកំណើនចំនួនវិនិយោគ និងអភិវឌ្ឍន៍តំបន់កម្សាន្តកែច្នៃ និងលំនៅឋានបែបលំហែររយៈពេលខ្លីពីវិស័យឯកជន។

ស្ថិតនៅក្នុងគោលដៅរបស់រាជរដ្ឋាភបាលកម្ពុជា ដែលពង្រឹងកិច្ចអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកែច្នៃតំបន់កម្សាន្តនានានៅទូទាំងខេត្ត ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ប្រចាំប្រទេស ពេលនេះមានវិនិយោគិនក្នុងស្រុកជាច្រើន បាន និងកំពុងបង្ហាញពីគោលបំណង ក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដែលផ្តោតសំខាន់ទៅលើសេវាទេសចរណ៍។ នេះបើតាមការបញ្ជាក់របស់លោក ភូ លិ អភិបាលរងខេត្តកែប កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។

លោកបន្តថា “កែប គឺជាខេត្តមួយដែលមានផ្ទៃដីតូច ចំនួនប្រជាពលរដ្ឋរស់នៅតិច ប៉ុន្តែជាតំបន់ដែលមានសក្ដានុពលខ្ពស់ លើវិស័យទេសចរណ៍បើធៀបទៅនឹងបណ្តាខេត្តផ្សេងទៀត”។ លោកបន្តថា “នៅក្នុងគោលដៅ និងផែនការចម្បងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្ត ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ គឺតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសមានការចូលរួមពីវិស័យឯកជនផងដែរ ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត និងប្រែក្លាយខេត្តមួយនេះឱ្យក្លាយជាគោលដៅទេសចរណ៍ សម្រាកលំហែរកម្សាន្តកម្រិតខ្ពស់”។

នៅក្នុងឱកាសនេះផងដែរ លោកបានអំពាវនាវដល់បណ្តាម្ចាស់ទីតាំង ដែលបម្រើដល់វិស័យទេសចរណ៍ទាំងអស់នៅទូទាំងខេត្ត ដូចជានៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនានា ត្រូវមានការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការជំងឺឆ្លងដែលកំពុងកើតមាននៅទូទាំងសាកលលោក។

សម្រាប់សេវាផ្គត់ផ្គង់ផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ រួមមានសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ សរុបចំនួន៩២ទីតាំងនៅទូទាំងខេត្ត ដែលក្នុងនោះសណ្ឋាគារមានចំនួន១៣ទីតាំង ផ្ទះសំណាក់ចំនួន៥៧ទីតាំង និងបឹងហ្គាឡូ រួមនឹងតំបន់ស្នាក់នៅបែបលំហែរសរុបចំនួន២២ទីតាំង ដោយឡែកទីតាំងរមណីយដ្ឋានគោលដៅទេសចរណ៍ប្រចាំនៅក្នុងខេត្តមានចំនួន៣៥កន្លែង ដែលរូបភាពទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងទាក់ទាញកំណើនទេសចរ យ៉ាងសំខាន់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដីធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញសកម្មភាពនៃការទិញលក់ដីធ្លី សម្រាប់វិនិយោគក្នុងរយៈពេលវែង នៅក្នុងខេត្តមួយនេះនៅតំបន់មួយចំនួន ដូចជាតំបន់ឆ្នេរ តំបន់ជាប់មាត់ព្រែក និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ ។

លោកបន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប ជាប្រភេទការវិនិ​យោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ”។លោកបន្ថែមថា“ការវិនិយោគភាគច្រើន ជាការវិនិយោគទៅលើគម្រោ​ងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃ ក្រោយបញ្ចប់ការសាងសង់រួចរាល់”៕

រដ្ឋាភិបាលចេញសេចក្ដីណែនាំលើនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ

ដោយវុត្ថា

ភ្នំពេញៈ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែ​នាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។

នៅក្នុងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្ស ដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ។

យោងតាមសេចក្ដីណែនាំដដែលនេះក៏បានបញ្ជាក់ដែរថា ឯកសារនេះពុំអាចប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជា កម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅ ក្នុងលំនៅឋានអចិន្ដ្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល គ្រួសារ  ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។

សេចក្តីណែនាំដែលបញ្ជាក់ទៀតថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្ដោប្រវេសន្ដន៍ ដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់នៅលំនៅឋាន ដែលខ្លួនស្នាក់នៅអចិន្ដ្រៃយ៍៕

សម្ដេចក្រឡាហោមសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវករណី ទន្ទ្រានដីនៅខេត្តកណ្ឌលគីរី

ដោយៈ វុត្ថា

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះធ្វើការស្រាវជ្រាវ ទៅលើករណីជនខិលខូច ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការទន្ទ្រានដី កាន់កាប់ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តមណ្ឌលគីរីរាប់ពាន់ហិកតា។

សម្ដេចក្រឡាហោមស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ២២  ខែកក្កដា  ឆ្នាំ២០២០ ម្សិលមិញនេះ បានចេញសេចក្ដីសម្រេចស្ដីពី  ការបង្កើតក្រុមការងារអន្តរក្រសួង  ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រាន កាន់កាប់ ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងខេត្ត មណ្ឌលគិរី ដោយមានសមាសភាពមន្ត្រីជាន់ខ្ពស់នៃក្រសួងពាក់ព័ន្ធសរុបចំនួន១៣នាក់។

ការសម្រេច និងបង្កើតក្រុមការងារពិសេសអន្តរក្រសួងខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីរកាប់រានទន្ទ្រានដី កាន់កាប់ពីសំណាក់ជនខិលខូចមួយចំនួន ជាពិសេសក្រោយចំណាររបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពាក់ព័ន្ធទៅនឹងករណី នៃការទន្ទ្រានដីកាន់កាប់ខុសច្បាប់ជាច្រើនហិកតា នៅក្នុងខេត្តមណ្ឌលគីរី សម្ដេចក្រឡាហោមស ខេង ធ្លាប់បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងខេត្តមណ្ឌលគីរី ដែលជាគោលដៅប៉ូលសេដ្ឋកិច្ចទី៤ប្រចាំប្រទេសមួយនេះ មានករណីទន្ទ្រានដីកាន់កាប់ខុសច្បាប់ ហើយក៏អាចមានជាប់ពាក់ព័ន្ធនឹងមន្ត្រីធំៗមួយចំនួនផងដែរ។

ដូច្នេះចំពោះករណីបែបនេះ ត្រូវតែស្រាវជ្រាវរកមុខជនខិលខូចឱ្យបានច្បាស់ និងដាក់ទោសតាមច្បាប់ដែលបានកំណត់។ ជាក់ស្ដែងដូចជាករណីលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានដកហូតមុខតំណែង និងចាប់បញ្ជូនទៅពន្ធធនាគារ ឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធ នឹងការទន្ទ្រានដីកាន់កាប់ខុសច្បាប់ជាង១០០០ហិកតា នៅក្នុងខេត្តមណ្ឌលគីរី៕

ក្រសួងមហាផ្ទៃជំរុញឱ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយសំណើពលរដ្ឋ ដែលសុំអាស្រ័យផលលើផ្ទៃបឹងសំរោង

ដោយៈរ៉ាណេត

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់បញ្ជាឱ្យ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយករណីសំណើសុំអន្តរាគមន៍កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ៧,៤ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹង ពីវិធានការរបស់ក្រសួងមហាផ្ទៃ ដែលគេហទំព័រ www.propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា បទបញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីបានទទួលលិខិតស្នើសុំរបស់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ៧,៤ហិកតា ដែលមានទីតាំងដូចបានបញ្ជាក់ខាងលើនេះ តាំងពីអំឡុងឆ្នាំ១៩៩៤ ដោយមានការទទួលស្គា​ល់ និងមានលិខិតអនុញ្ញាតធ្វើវារីវប្បកម្មរបស់រដ្ឋបាលជលផលផងដែរ។

ក្រោយមកក្រុមហ៊ុនឡាយ ងី បានធ្វើសកម្មភាពចាក់ដីបំពេញ និងធ្វើរបងដោយសំអាងថា បានទទួលលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យចាក់បំពេញដីទំហំ១១៥.៦៦៤ ម៉ែត្រការ៉េ លើទីតាំងដូចមានក្នុងប័ណ្ណ កម្មសិទ្ឋសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព.៧១០០២ , ភព.៧១០០៥ , ភព.៧១០០៧ , ភព.៧១០១១ , ភព.៧១០១២, ភព.៣៥.៨១០ និងភព.៣៥៨១១ ដែលប័ណ្ណកម្មសិទ្ធិកាន់កាប់ទាំងនេះត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា ស្ថិតនៅក្នុងផ្ទៃបឹងសំរោង ដែលត្រូវគ្រប់គ្រង និងការពារដោយច្បាប់ស្ដីពីជលផល និងច្បាប់ភូមិបាល។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា ” ដោយពិនិត្យឃើញថាសំណើរខាងលើ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃសូមបង្វែរករណីនេះជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងដោះស្រាយស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន រួចធ្វើរបាយការណ៍អំពីលទ្ធផលសម្រេច បានជូនមកក្រសួងមហាផ្ទៃកុំបីខាន។

ជាមួយគ្នានេះ ក្រោយសង្កេតឃើញមានការ ទន្ទ្រានកាន់កាប់ និងចាក់ដីលុបបឹងព្រែកដែលជាសម្បត្តិរបស់រដ្ឋជាបន្តបន្ទាប់ រហូតដល់បង្កឲ្យមានគ្រោះទឹកជំនន់នារដូវវស្សានោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២០បានប្រាប់ទៅកាន់គ្រប់ អភិបាលរាជធានីខេត្តឲ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញអនុក្រឹត្យលេខ ៦៥ អន ក្រ បក ចុះ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ កំណត់ដាក់ផ្ទៃបឹងសំរោងស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ( ពីមុន ) ខេត្តកណ្តាល បច្ចុប្បន្ន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាសម្ត្តិសាធារណៈរបស់រដ្ឋដែលមានផ្ទៃសរុបចំនួន៣៣៦ហិកតា៕

សម្តេចតេជោ៖ កម្ពុជា មានមាសជាទុនបម្រុងរបស់ជាតិចំនួន ៣៦,៥ តោន

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានមាសដែលជាទុនបម្រុងរបស់ជាតិកើនឡើងរហូតដល់ចំនួន ៣៦,៥ តោន ដែលបានបង្ហាញពីការកើនឡើងនូវចំនួនទុនបម្រុងជាតិកម្ពុជាបើប្រៀបធៀបទៅនឹងប្រមាណជាងមួយឆ្នាំមុនដែលមានត្រឹម ៣០តោន ។

ជាការឆ្លើយតបទៅនឹងការចង់ដឹងពីសំណាក់ប្រជាពលរដ្ឋមួយចំនួនពីចំនួននៃទុនបម្រុងរបស់ជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈគណនីទំនាក់ទំនងផ្លូវការរបស់សម្ដេចថា “មួយរយះពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចងដឹងអំពីមាសដែលជាទុនបំរ៉ុងរបស់ជាតិ។ ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិត ពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូចបាន និងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជម្ងឺឆ្លងកូវីតទី១៩ ព្រោះមិនដែលឮលោក ហ៊ុន សែន និយាយពីមាសនេះទៀតទេ”។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា “ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបំរ៉ុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាស់ថា មាសរបស់យើងមាន៣០តោនតែតាមតួរលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទស្រីកញ្ជើរធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ”។

តាមរយៈសេចក្ដីបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារអាមេរិកមានចំនួន ១៩,៦ ប៊ីលានដុល្លារ។ ធនាគារជាតិត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពទុនបម្រុងទាំងនេះ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា វិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ ដូចជាដូចជារូបិយប័ណ្ណខ្លាំង និងមាស។

បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា រក្សាទុកមាស ៣៦.៥តោន ដែលក្នុងនោះរួមមាន មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមមានចំនួន១២,៤តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស ហើយមាសចំនួន១៤,១តោន កំពុងវិនិយោគនៅធនាគារកណ្តាលប្រទេសអង់គ្លេស និងមាសចំនួន១០តោនទៀត ត្រូវបានរក្សាទុកនៅកម្ពុជា ៕

ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តរួមចំណែកយ៉ាងធំលើការនាំចេញទំនិញពីកម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២០កន្លងទៅនេះ ជាលទ្ធផលនៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ សហរដ្ឋអាមេរិកនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់នៃកំណើននាំចេញរបស់កម្ពុជាលំដាប់ទីមួយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានកំណើននៅលំដាប់ទី២។

តាមរយៈអគ្គនាយដ្ឋាគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមសប្ដាហ៍នេះបានបង្ហាញពីវឌ្ឍនភាពនៃការនាំចេញផលិតផលសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលក្នុងនោះបានផ្តោតសំខាន់ទៅទីផ្សារសំខាន់ៗទាំង៦ ដែលកំពុងបន្តមានកំណើន ខណៈដែលទីផ្សារសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ ហើយទីផ្សារសហភាពអឺរ៉ុបឈនៅលេខរៀងបន្ទាប់។

ការធ្វើពាណិជ្ជកម្មនៃការនាំចេញផលិតផលសរុបរបស់កម្ពុជាគិតត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២០ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ៥៩២៨លានដុល្លារ កើនឡើងប្រមាណ១១.៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

ជុំវិញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិដែលផ្តោតសំខាន់ទៅលើទីផ្សារទាំង៦ ដោយក្នុងនោះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានកំណើនជាង ៣០ភាគរយ បន្ទាប់មកទីផ្សារសហភាពអឺរ៉ុបសម្រេចបានកំណើនប្រមាណជិត ២២ភាគរយ ដែលជាលទ្ធផលបង្ហាញពីការបន្តចូលរួមក្នុងការជំរុញកំណើននៃការនាំចេញរបស់កម្ពុជា។

ក្រៅពីទីផ្សារសំខាន់ៗទាំង២ខាងលើនេះ សម្រាប់ការនាំចេញទៅកាន់ទីផ្សារជប៉ុនមានកំណើនជាង៧ភាគរយ អាស៊ានចំនួនជាង១៦ អង់គ្លេសជាង ៥ភាគរយ និងទីផ្សារបណ្តាប្រទេសផ្សេងៗទៀតមានកំណើនប្រមាណ ១៩ភាគរយ ៕

រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតស្ថាប័នធានាឥណទាននៅកម្ពុជា

ដោយវុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំឯកទស្សនាទានសម្រាប់បង្កើតសាជីវកម្មធានាឥណទាន(Credit Guarantee) នៅកម្ពុជា ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺ Covid-19 ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុចេញផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសារជីវកម្មឥណទាន នេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ស្របតាមវិធានការជុំទី ៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺ Covid-19 និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិ។

សារជីវកម្មធានាឥណទាននេះ មានតួតនាទីផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺ Covid-19 ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅធានាបានិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺ Covid-19។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីម្សិលមិញនេះ បានបើកិច្ចពិភាក្សាស្តីពីគោលបំណង ទម្រងបង្កើត បញ្ហាប្រឈមដែលរំពឹងទុកក្នុងដំណើរការនៃការបង្កើត និងផែនការសកម្មភាពនៃការអនុវត្តគម្រោង អង្គប្រជុំបានឯកភាពជាគោលការណ៍លើឯកសារទស្សនាទាំនសម្រាប់បង្កើតអាជីវកម្មធានាឥណទាននៅកម្ពុជា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ នឹងបន្តនិតិវិធីរៀបចំក្របខណ្ឌបទប្បញ្ញត្តិ លិខិតបទដ្ឋានចាំបាច់ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដាក់ឱ្យដំណើរការសារជីវកម្មធានាឥណទាននេះ ឱ្យបានឆាប់។

ទន្ទឹមនេះ ដើម្បីធានាថា សាជីវកម្មធានាឥណទានផ្តល់ការធានាឥណទានចំទិសដៅ ប្រកបដោយប្រសិទ្ធិភាព នៅក្នុងដំណាក់កាលបន្តាន់ នៃវិបត្តិជំងឺ Covid-19 នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំគោលនយោបាយសម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ ប្រភេទក្រុមហ៊ុន និងប្រភេទអាជីវកម្ម ជាដើម ដែលមានសក្តានុពលទួលបានការធានាឥណទានពីសាជីវកម្មធានឥណទានកម្ពុជា៕

ជីវិត​កាន់តែ​ទាន់សម័យ​ជាមួយ​លំនៅដ្ឋាន​ក្នុង​គម្រោង SH Condo ជ្រោយចង្វារ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖  ជាមួយនឹង​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​តំបន់​ជ្រោយចង្វារ ដែល​ប្រែក្លាយ​ពី​តំបន់​ក្រៅ​ក្រុង​មកជា​ក្រុង​រណប​ដ៏​ទាក់ទាញ សំណង់​លំនៅដ្ឋាន​សហកម្មសិទ្ធិ​នៃ​គម្រោង​ខុន​ដូ SH ជ្រោយចង្វារ បាន និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ដែល​ប្រាថ្នា​ការរស់នៅ​បែប​ស៊ី​វិ​ល័យ។

ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ជាច្រើន គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ​ជាងគេ​នៅ​តំបន់​ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាន និង​កំពុង​ស្វាគមន៍​អតិថិជន ដែល​ប្រាថ្នា​ចង់បាន​ជីវិត និង​ការរស់នៅ​ប្រកបដោយ​ភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយ​ការលក់​ក្នុងតម្លៃ​សមរម្យ និង​មាន​លក្ខខណ្ឌ​បង់ប្រាក់​ល្អប្រសើរ​បំផុត។

គម្រោង​ដែល​កំពុង​ឈានទៅរក​ការបញ្ចប់​ការសាងសង់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ និង​កំពុងបើក​ទា្វរ​រង់ចាំ​ទទួល​ស្វាគមន៍​អតិថិជន​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​ម៉ាស៊ីនទឹក ក្នុង​សង្កាត់​ជ្រោយចង្វារ ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ជាមួយនឹង​តម្លៃ​ទាក់ទាញ​បំផុត អ្នកវិនិយោគ​ខុន​ដូ​នេះ​បាន និង​ផ្តល់ឱកាស​ពិសេស លោកអ្នក​កក់​តែ ៥០០ដុល្លារ នឹង​ទទួល​បានការ បញ្ចុះតម្លៃ​កាន់តែ​ពិសេស បូករួម​ទាំង ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន រួមមាន​ដូចជា -ទូរ​ទឹកកក -ទូរ​ទស្ស​ន៏ (Smart TV ) ទូរ​ចង្ក្រាន​លើ​ក្រោម ម៉ាស៊ីនទឹក​ក្តៅ(Water Heater 32L)- និង​គ្រឿង​បរិក្ខារ​ក្នុង​បន្ទប់ទឹក​ដ៏​ទាន់សម័យ​ចំនួន​មួយឈុត​ថែមទៀត​ផង។

ពាក់ព័ន្ធ​ទៅនឹង​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អាគារ​ពាណិជ្ជកម្ម ជាពិសេស​លំនៅដ្ឋាន​កម្រិត​ខ្ពស់​នៅ​តំបន់​ជ្រោយចង្វារ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia លោក ខន គង្គា ធ្លាប់បាន​ប្រាប់​គេហទំព័រ Propertyasia.area តាម​ទូរស័ព្ទ​កាលពីពេល​កន្លងទៅនេះ​ថា តំបន់​ជ្រោយចង្វារ​វា​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍ​ចំរុះ ស្របពេល​តំបន់​នេះ​មានការ​ទាក់ទាញ​ច្រើន ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន។

លោក​បាន​ឲ្យ​ដឹងថា តំបន់​ជ្រោយចង្វា​ក្នុង​ពេលនេះ និង​អនាគត​ជា​តំបន់​ល្អ​សម្រាប់​អ្នកវិនិយោគ និង​អ្នក​ដែល​ចង់​រស់នៅ ព្រោះ​តំបន់​នេះ​ហុំ​ព័ទ្ធ​ដោយ​ទន្លេ។

លោក​បន្តថា “សម្រាប់​អ្នក​ដែល​ចង់​គិតគូ​ពី​ផាសុខភាព អាច​ផ្លាស់ប្តូរ​ទៅ​រស់នៅ​តំបន់​ជ្រោយចង្វារ​វា ដោយសារ​តំបន់​ជ្រោយចង្វា​មានការ​ទាក់ទាញ​ច្រើន ហើយ​គម្រោង​អភិវឌ្ឍ​ធំ​នៅ​តំបន់​នេះ​ច្រើន” ។ លោក​បន្តថា “បច្ចុប្បន្ន​មាន​អ្នក​ចាប់អារម្មណ៍​ចង់​វិនិយោគ​នៅ​តំបន់​ច្រើន ហើយ​អ្វីដែល​សំខាន់​គឺ​ស្ថិត​លើ​ទុនវិនិយោគ​របស់គាត់ ប៉ុន្តែ​ប្រជាជន​ជាច្រើន​ចង់ទៅ​រស់នៅ​តំបន់​នេះ។ ទោះយ៉ាងណា​តម្លៃ​ខុន​ដូ​នៅ​តំបន់​ជ្រោយចង្វារ ហាក់​មានតម្លៃ​ខ្ពស់ ព្រោះ​ខុន​ដូ​នៅ​ទីតាំង​ដែល​ល្អ មិនអាច​រក​ក្នុងតម្លៃ​ចាប់ពី ១,៥០០ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​ទេ ប៉ុន្តែ​តម្លៃ​ដែល​អាច​រកបាន​មាន​ចាប់ពី​តម្លៃ ១,៨០០ដុល្លារ ដល់​ជាង ២,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ” ។

លោក​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA បាន​អះអាងថា ទោះបីយ៉ាងណា​ក៏ដោយ បើ​ប្រៀបធៀប​នឹង​តំបន់​កោះ​ពេជ្រ គុណភាព​ខុន​ដូ​គឺ​ដូចគ្នា ប៉ុន្តែ​តម្លៃ​ខុន​ដូ​នៅ​តំបន់​ជ្រោយចង្វារ​វា​មានតម្លៃ​ទាប​ជាង ដោយសារ​តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វារ​នៅមាន​តម្លៃ​សមរម្យ​នៅឡើយ។

សម្រាប់​ការសាកសួរ​ព័ត៌មាន​បន្ថែម​ពី​គម្រោង​ខុន​ដូ SH  លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ 089 787 721 ។ Smart 010  725 168 (គីម​ឈាង) 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ា​រី​ណែ​ត ៕

ប្រធាន CVEA ចាប់ផ្តើម​ប្រឡូក និង​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​យ៉ាងដូចម្តេច

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ការឈាន​ឡើង​របស់​ម​នុស្សម្នាក់ៗ អាស្រ័យ​លើ​មូលដ្ឋានខុសៗគ្នា​ដែល  ផ្តើមចេញពី​គ្រួសារ ការអប់រំ និង​ការតស៊ូ និង​មូលធន​ពី​គ្រួសារ តែ​ការឈាន​ចេញពី​ភាពក្រីក្រ​និង​បាត​ដៃទទេ​ពិតជា​ជីវិត​មួយ​ដែល​គួរ​ឲ្យ​មោទនភាព។

ជីវិត​កុមារភាព និង​ការសិក្សា

ជា​កុមារ​មាន​ភាព​ឧស្សាហ៍​ព្យាយាម និង​ស្តាប់បង្គាប់​ឪពុកម្តាយ កុមារ​ច្រឹ​ក សុខ​នី​ម ដែល​បានចាប់កំណើត​នៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ពេល​គ្រប់​វ័យ​ចូលរៀន កុមា​រូបនេះ​បានចាប់ផ្តើម​នៅ​សាលាបឋមសិក្សា​ជ្រៃវៀន ហើយ​បន្ត​មក​អនុវិទ្យាល័យ​ហ៊ុន សែន​ព្រៃឈរ និង​វិទ្យាល័យ​នរោត្តមរ​ណ​ឬ​ទ្ឋិ​គ​ន្ឋ​បុប្ផា មុនពេល​ចាប់ផ្តើម​ដំណើរ​ជីវិត​វែងឆ្ងាយ និង​ឃ្លាត​ផ្ទះសម្បែង ឪពុកម្តាយ មក​ផ្សង​ជីវិត​ដើម្បី​ស្វែងរក​គុណភាព​ជីវិត​ប្រសើរ​ជាង​មុន។ លោក​បានមក​បន្ត​ការសិក្សា​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា​ឆ្នាំ១៩៩៨ បន្ទាប់ពី​ឆ្លងកាត់​ការប្រលង​បាក់​ឌុប​ដ៏​តឹងរ៉ឹង ក្រោម​ការដឹកនាំ​របស់​លោក​អ៊ឹង ហួត រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​សម័យ​នោះ។

ជា​កូន​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ និង​យក​ការសិក្សា​ជា​គោល ដើម្បី​ឈានទៅ​មុខ និង​មាន​អនាគត​ល្អ​ក្នុងសង្គម យុវជន​ច្រឹ​ក សុខ​នី​ម​មិន​ត្រឹមតែ​រៀន​ពូកែ​និង​លេចធ្លោ​នៅ​កម្រិត​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​និស្សិត​ពូកែ​មួយរូប ដោយ​លោក​អាច​សិក្សា​បី​មហាវិទ្យាល័យ​ក្នុងពេល​តែមួយ តាមរយៈ​អាហារូបករណ៍​ដែល​សាលា​ផ្តល់ជូន ដោយសារ​លោក​ជា​សិស្ស​ពូកែ។

លោក​សុខ​នី​ម​បាន​សិក្សា​នៅ​វិទ្យាស្ថាន​ព្រះកុសុមៈ សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា និង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ក្រុងភ្នំពេញ និង​ស្នាក់នៅ​វត្ត​នាគ​វ័​ន្ត ដែលជា​អា​រ៉ា​ម​ដ៏​សុខសាន្ត​មួយ ដែល​លោក​បាន​ស្នាក់អាស្រ័យ​ជាមួយនឹង​បាយបាត្រ និង​លោកសង្ឃ។

ចាប់ផ្តើម​រៀន​បណ្តើរ​ធ្វើការ​បណ្តើរ

ជាមួយនឹង​ទំនុកចិត្ត និង​ទទួលបាន​ជោគជ័យ​លើ​ការសិក្សា បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ព្រះ​រយៈពេល​ពីរ​ឆ្នាំី​រ​ឆ្នាំ យុវជន​ដែល​ចាក​ចេញពី​ជនបទ និង​មិនទាន់​បាត់​ធំក្លិន​សន្ទូង​រូបនេះ បានចាប់ផ្តើម​ចេញ​ប្រឡូក​ការងារ ក្នុង​អង្គការ​អភិវឌ្ឍន៍​កសិក​ម្ម​កម្ពុជា និង​ផ្លាស់ប្តូរ​ការងារ​ជា​បន្តបន្ទាប់ ជាមួយ​នូវ​ការ​ឈានឡើង​ដំណែង​កាន់តែ​ធំ និង​មានការ​ទទួលខុសត្រូវ​កាន់តែច្រើន។

ការងារ​ថ្មី​ដំបូង​របស់លោក គឺ​បានចាប់ផ្តើម​ការងារ​អង្គការ​អភិវឌ្ឍន៍​កសិក​ម្ម​កម្ពុជា ពី​ឆ្នាំ២០០០ ដល់​ឆ្នាំ២០០៣ ។ ចាប់ពី​ឆ្នាំ២០០៣ ដល់​ចុងឆ្នាំ២០០៤ លោក​បាន​ផ្លាស់ប្តូរ​ការងារ មក​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ញូ​តុ​ន​ធីឡាយ និង​ចាប់ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០០៦ លោក​បាន​ផ្លាស់ប្តូរ​ការងារ​ប្រសើរ​ជាង​មុន និង​ទទួលបាន​តំណែង​ធំ​ជាង​មុន ដោយមាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ស្ថានីយ៍ ប្រេង​ឥ​ន្ឋ​នៈ​កាល់​តិច និង​ចាប់ពី​ឆ្នាំ២០០៦ ដល់​ឆ្នាំ២០០៩ បាន​ផ្លាស់ប្តូរ​មកកាន់​ការងា​រ ជា​ប្រធាន​ផ្នែក​ជាន់ខ្ពស់​គ្រប់គ្រង​ប្រ​ព័​ន្ឋ​អេ​ឡិ​ក​ត្រូ​និក នៅ​ធនាគារ​លំដាប់​អន្តរជាតិ​មួយ​គឺ ANZ Royal។

ធ្វើការ​នៅ​ធនាគារ​នេះហើយ ដែល​លោក​ចាប់ផ្តើម​យល់​និង​រៀន​ពី​ដំណើរ​វិវត្តន៍ និង​សក្តានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ទើប​ធ្វើការ​នៅ​ទីនោះ​មួយរយៈ​យក​បទពិសោធន៍​មួយរយៈ​រួច លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​ការងារ​ម្តងទៀត ដើម្បី​មក​បំពេញការងារ និង​ជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក​ដ៏​ធំ​មួយ។

ក្នុងកំឡុងពេល​គិត​ចាប់ពី​ឆ្នាំ២០០៥ មកដល់​ឆ្នាំ២០០៩ លោក​បានចាប់ផ្តើម​ធ្វើកា​រងារ​ក្នុងនាម​ជា​អ្នកគ្រប់គ្រង ដោយមាន​អ្នក​នៅក្រោម​បង្គាប់​មួយចំនួន ហើយ​ជាល​ទ្ឋ​ផល​ការងារ​របស់លោក​ទទួល​បាន​ជោគជ័យ និង​ទទួលបាន​ការគោរព​ស្រលាញ់ និង​ឲ្យ​តម្លៃ​ពី​អ្នកក្រោមបង្គាប់។

ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ

ជា​មនុស្ស​ប្រកបដោយ​ទស្សនវិស័យ មាន​មហិច្ឆតា ដោយ​ប្រើប្រាស់​ចំណេះដឹង​ជា​ទុន និង​មាន​ទេពកោសល្យ​ជា​អ្នកដឹកនាំ លោក​សុខ​នី​ម​បាន​ចាក​ចេញពី​ការងារ​ចាស់​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៥ មក​ចាប់​អាជីព​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក​ធំ​មួយ គឺ​ទទួលបាន​ដំណែង​ជា​អគ្គនាយករង​ក្រុមហ៊ុន VTRUST PROPERTY

ធ្វើការ​នៅ​ក្រុមហ៊ុន VTRUST PROPERTY លោក​ច្រឹ​ក សុខ​នី​ម​ទទួល​រាប់​រង​ការងារ​ទិញ​លក់ វាយតម្លៃ ជា​ភ្នាក់ងារ និង​ការងារ​វិនិយោគ​ខ្លួនឯង​មួយចំនួន​ផងដែរ។ ការងារ​ចុងក្រោយ​នេះហើយ ធ្វើ​ឲ្យ​លោក​ជាប់​ចិត្តនឹង​វិស័យ​អចលនទ្រព្យ ដោយសារ​វា​ជា​វិស័យ​មួយ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកមាន​ធនធាន និង​ជា​វិស័យ​ដែល​អាច​រក​កម្រៃ​បាន​ច្រើន ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់លោក​កាន់តែ​ប្រសើរឡើង។

ជីវិត​គ្រួសារ

ជាមួយនឹង​ជោគជ័យ​ក្នុងការ​សិក្សា ការងារ និង​ទទួលបាន​លក្ខ​ខ័​ណ្ឌ​ជីវិត​កាន់តែ​ប្រសើរឡើង ទើប​នៅ​ឆ្នាំ២០០៧ លោក​បាន​សម្រេចចិត្ត​រៀបការ និង​ទទួលបាន​បុត្រ​ពីរស្រី១ ប្រុស១រហូតមកទល់​ពេលនេះ។

មូលដ្ឋាន​នៃ​ការឈាន​ឡើង

បុរស​ដែលមាន​សម្បុរ​ស​ស្រអែម សក់រួញ​អង្គា​សដី​រូបនេះ បានចាប់ផ្តើម​ធ្វើការ​ងា​រ និង​បើ​កក​ក្រុមហ៊ុន​ខ្លួនឯង​ពី​ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន តាមរយៈ​ការទិញ​សិ​ទ្ឋ​អាជីវកម្ម​ឬ​Franchise ពី​ក្រុមហ៊ុន Century21 Cambodia និង​បានដាក់​ឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន ជា Century21 Mekong ដោយ​យក​ដង​ទន្លេ​ដ៏​វែង​ហូរ​កាត់​ប្រទេស​ជាច្រើន​ក្នុង​តំបន់ មក​ធ្វើជា​និម្មិត​សញ្ញា និង​សម្រាប់​ការចងចាំ​ដ៏​ល្អ​មួយ។

នៅពេល​បើក​ក្រុមហ៊ុន​ខ្លួនឯង លោក​សុខ​នី​ម​មាន​បុគ្គលិក​ត្រឹម៨នាក់​ប៉ុណ្ណោះ តែ បច្ចុប្បន្ន​ក្រុមហ៊ុន Century21 Mekong បាន​ពង្រីក​ខ្លួន និង​បន្ថែម​បុគ្គលិក​រហូតដល់​ជាង១០០នាក់ ដែល​ក្រុមហ៊ុន​នេះ​ផ្តោតលើ​ការលក់​ផ្ទះ​នៅតាម​បុរី ផ្តល់​សេវាកម្ម​វាយតម្លៃ និង​វិនិយោគ​លើ​វិស័យនេះ​ដោយ​ខ្លួនឯងបណ្តើរៗផងដែរ។

មនុស្សម្នាក់ៗសុ​ទ្ឋ​តែ​ចង់​ជោគជ័យ និង​ឡើងកាន់តំណែង​កាន់តែ​ធំ និង​ជោគជ័យ​កាន់តែច្រើន តើ​លោក​ឈរលើ​មូលដ្ឋាន​អ្វីខ្លះ? លោក​សុខ​នី​ម​បាន​ថ្លែងថា ជំ​ហ៊ាន​ដំបូង​គឺ​យើង​ត្រូវ​ធ្វើជា​មនុស្ស​ស្មោះត្រង់ មាន​ជំនឿ​ចិត្ត និង​អភិវឌ្ឍន៍​ខ្លួន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ពិសេស​លោក​ស្ថិតនៅក្នុង​ក្រុមការងារ​ដែល​ជួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក “ទើប​យើង​អាច​ទៅមុខ​ទាំងអស់គ្នា រីកចម្រើន​ទាំងអស់គ្នា និង​ជោគជ័យ​ទាំងអស់គ្នា” ។

លោក​បញ្ជាក់ថា “ខ្ញុំ​គិតថា​មានតែ​ការធ្វើការងារ​ជា​ក្រុម និង​មនុ​ស្សមាន​ទស្សនវិស័យ​ស្រដៀង​គ្នា​ទេ ទើប​យើង​អាច​ជោគជ័យ​ទាំងអស់គ្នា​បាន” ។ លោក​បន្តថា “ជាទូទៅ ក្នុងពេល​បំពេញការងារ​ត្រូវមាន​ក្តី​សុបិន និង​សិក្សា​ពី​ខ្លួនឯង​ថា តើ​យើង​អាចធ្វើ​អ្វី​បាន ហើយ​ស្រលាញ់​ការងារ​អ្វី បើ​យើង​រកឃើញ​ការងារ​ដែល​យើង​ស្រលាញ់​បាន ហើយ​ធ្វើ​ការងារ​នោះ យើង​នឹង​ទទួលបាន​ជោគជ័យ” ។

ការគ្រប់គ្រង​បុគ្គលិក

ការគ្រប់គ្រង​មនុស្ស​មិនមែនជា​រឿង​សាមញ្ញ​ពេក​នោះទេ បើសិនជា​យើង​គ្មាន​វិធីសាស្ត្រ និង​ប្រ​ព័​ន្ឋ​តាមដាន​ការងារ​ច្បាស់លាស់។

លោក​សុខ​នី​ម​បាន​ចែករំលែក​ការងារ​គ្រប់គ្រង​មនុស្ស​ផងដែរ​ថា អ្វី​សំខាន់​យើង​មាន​ក្រុមការងារ​ល្អ ដៃគូ​សហការ​ល្អ និង​អាចធ្វើ​ការងារ​ជាមួយគ្នា​បាន ទើប​យើង​ទទួលបាន​ជោគជ័យ។ ជារួម​ភាពសាមញ្ញ​បំផុត​របស់​មនុស្ស គឺ​ត្រូវយក ”ភាពស្មោះត្រង់” ជា​គោល ហ៊ាន​ជជែក​ដោះស្រាយ​បញ្ហា​ពីលើ​ដល់​ក្រោម។

ទាក់ទង​ការគ្រប់គ្រង​បុគ្គលិក លោក​សុខ​នី​ម​បាន​ឲ្យ​ដឹងថា ជាទូទៅ​មនុស្ស​មាន​ប្រភេទ និង​សន្តាន​សម្រាប់​គ្រប់គ្រង​ផ្សេងៗគ្នា តែ​សម្រាប់​លោក​គឺមាន​ជំនឿ​ទៅលើ​បុគ្គលិក ដោយ​ទី១ រើស​មនុស្ស​ឲ្យ​ត្រូវ និង​ដាក់​ការងារ​ឲ្យ​ត្រូវ​ជំនាញ​របស់គេ ទី២ ត្រូវ​ឲ្យ​តម្លៃ​ពួកគាត់ ព្រោះ​មនុស្ស​ត្រូវការ​តម្លៃ ទី៣ ត្រូវមាន​ប្រ​ព័​ន្ឋ​នៃ​ការគ្រប់គ្រង​ពួកគេ​ឲ្យ​បានច្បាស់លាស់ តាមរយៈ​ការ​តាន​ដាន​ការងារ​ជាប្រចាំ និង​ទី៣ ផ្តល់​ការងារ​មួយចំនួន​ដែល​អាច​ឲ្យ​ពួកគេ​អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯងបាន តាមរយៈ​ការចែករំលែក​នូវ​ប្រាក់ចំណេញ ការផ្តល់​នូវ​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត ក្នុង​កម្រិត​ណាមួយ ដែល​ពួកគេ​អាច​ទទួលខុស​ត្រូវបាន។

ជំនឿ​ចិត្ត​និង​ទស្សនវិស័យ

ជាមួយ​ការនិយាយស្តីមួយៗ និង​មាន​ភាពច្បាស់លាស់ លោក​សុខ​នី​ម​បាន​ឲ្យ​ដឹងថា ភាពជោគជ័យ​មិន​ផ្អែកលើ​សំណាង​ច្រើន​នោះទេ តែ​ទស្សនវិស័យ និង​ការតាមដាន​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​របត់​នយោបាយ ពិសេស​ការ​ទស្សន៍ទាយ​នូវ​ស្ថានភាព​ប្រទេស​ផង ទើប​យើង​អាច​ទទួលបាន​ជោគជ័យ។ ជាមួយគ្នានេះ យើង​ក៏​សេពគប់​ជាមួយ​បុគ្គល​ជោគជ័យ និង​សិក្សា​ពី​គន្លឹះ​នៃ​ភាពជោគជ័យ​របស់គេ ដើម្បី​យើង​យកមក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​យើង​ឲ្យ​បាន​ជោគជ័យ​បន្តទៀត។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា “ភាពជោគជ័យ​មិន​កំណត់​តែ​លើ​ប្រាក់កាស​មួយ​មុខ​នោះទេ តែ​វា​អាស្រ័យ​លើ​ការកសាង​សមត្ថភាព និង​ធនធាន និង​កេ​រ្ត៍​ឈ្មោះ​ផងដែរ។លោក​បន្តថា “ជំនឿ​ចិត្ត ការសិក្សា​បន្ត ការ​ស្គាល់​ខ្លួនឯង និង​ជ្រើសរើស​មុខជំនាញ​ឬ​អាជីវកម្ម​ដែល​យើង​ពេញចិត្ត ជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន សម្រាប់​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​បុគ្គ​លម្នាក់” ៕