
ដោយ ៖ វុធ
អន្តរជាតិ៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយក្នុងសុន្ទរកថាគន្លឹះរបស់លោកតាមរយៈវីដេអូនៅក្នុងពិធីបើកពិព័រណ៍កាលសប្តាហ៍មុនថា ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍នាំចូលអន្តរជាតិ-ចិនលើកទី៣ (CIIE) ស្របពេលដែលមានវិធានការណ៍សុវត្ថិភាព បង្ហាញពីឆន្ទៈស្ម័គ្រចិត្តរបស់ចិនក្នុងការចែករំលែកឱកាសទីផ្សារ និងចូលរួមការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
លោកបានបន្តទៀតថា បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ៣ ឆ្នាំ ពិព័រណ័ CIIE បានក្លាយជាវេទិកាមួយសម្រាប់ការទិញទំនិញអន្តរជាតិ ជំរុញការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ ទន្ទឹមនឹងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងការបើកចំហរបស់ចិន។
លោកបានពណ៌នាពិព័រណ៍នេះថាជា “ផលិតផលសាធារណៈអន្តរជាតិ” ដោយភ្ជាប់ប្រទេសចិនទៅពិភពលោក។
ព្រឹត្តិការណ៍នៅឆ្នាំនេះ ត្រូវបានធ្វើឡើងទាំងនៅក្នុងបណ្តាញ Internet ហើយមានសហគ្រាសធំៗទូទាំងពិភពលោក ដែលចូលរួមយ៉ាងសកម្មនៅក្នុងការតាំងពិព័រណ៍នេះ។
ការតាំងពិព័រណ៍នាំចូលអន្តរជាតិ-ចិនលើកទី៣ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញពាណិជ្ជកម្មសកល និងពហុភាគី ក៏ដូចជាការបើកទីផ្សារចិនយ៉ាងសកម្មទៅកាន់ពិភពលោក ខណៈកម្ពុជា នឹងអាចទាក់ទាញការវិនិយោគអន្តរជាតិ និងចិនបន្ថែមទៀតពីពិព័រណ៍នាំចូលអន្តរជាតិមួយនេះ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ លោក ស៊ាង ថៃ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការតាំងពិព័រណ៍នាំចូលអន្តរជាតិ-ចិនលើកទី៣នេះ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបានថ្លែងថា “ពិព័រណ៍នេះបានបង្ហាញថា ប្រទេសចិនតែងតែប្តេជ្ញាចិត្តលើកកម្ពស់ពាណិជ្ជកម្ម និងពហុភាគីអន្តរជាតិ ទោះបីមានវិបត្តិជំងឺកូវីដ១៩ក៏ដោយ”៕





