សេចក្តីព្រាងច្បាប់ចំនួន ៦ ត្រូវបានព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ

0

ដោយ ៖ ហ្សូលី

ភ្នំពេញ ៖ ព្រឹទ្ធសភាគ្រោងធ្វើការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រៀងច្បាប់ចំនួន ៦ បន្ទាប់ពីរដ្ឋសភាបានអនុម័តរួចជាផ្លូវការកាលពីសប្តាហ៍មុនកន្លងទៅ។ នេះបើតាមឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ។

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៦ រួចកាលពីសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់ទាំង៦នោះ ព្រឹទ្ធសភាគ្រោងនឹងធ្វើការពិនិត្យ និងឱ្យយោបល់នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ទាំង៦ ដែលព្រឹទ្ធសភា នឹងធ្វើការពិនិត្យ និងឱ្យយោបល់នោះ រួមមាន៖

១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

៦- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here