ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោក សំ សុខនឿន បានអំពាវនាវដល់ភ្នាក់ងារអចលនទ្រព្យអាជីពទាំងអស់ គួរសិក្សាអំពីគម្រោងអចលនទ្រព្យដែលខ្លួនទទួលសិទ្ធិលក់ឱ្យបានច្បាស់លាស់មុននឹងលក់ជូនអតិថិជន ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមាន។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជានាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW SAM SN Realty Co,.Ltd បានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដើម្បីជៀសវាងមានបញ្ហាកើតឡើងរហូតដល់ការខាតបង់ទាំងពេលវេលា ទាំងលុយកាក់របស់អតិថិជន បាត់បង់ទំនុកចិត្ត ជាពិសេសប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ គ្រប់បណ្តាភ្នាក់ងារអចលនទ្រព្យអាជីពទាំងអស់ចាំបាច់ត្រូវតែសិក្សាលម្អិតទៅលើគម្រោងអភិវឌ្ឍន៍នានាឱ្យបានច្បាស់មុនពេលសម្រេចទទួលលក់បន្ត។
លោកបានមានប្រសាសន៍បញញជាក់ថា “ក្នុងនាមខ្ញុំជាប្រធានសមាគមអចលនទ្រព្យសកល សូមអំពាវនាវឱ្យភ្នាក់ងារអចលនទ្រព្យអាជីពទាំងអស់ គួរសិក្សាអំពីគម្រោងខុនដូ គម្រោងបុរី ឬគម្រោងដីឡូតិ៍ឲ្យបានច្បាស់លាស់នូវភាពស្របច្បាប់ លក្ខខណ្ឌ ដែលមានក្នុងកិច្ចសន្យាទិញលក់ ជាពិសេសបច្ចុប្បន្នភាពនៃដំណើរការសាងសង់របស់គម្រោងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានរឿងវិវាទកើតឡើង”។
លោក សំ សុខនឿន បានបញ្ជាក់អំពីមូលហេតុដែលលោកអំពាវនាវថា ការតាមដានបច្ចុប្បន្នភាពនៃការសាងសង់របស់គម្រោងនីមួយៗ គឺជាតួរនាទីរបស់ភ្នាក់ងារអាជីពដើម្បីធានាឲ្យបាននូវសុវត្ថិភាពនៃការវិនិយោគរបស់អតិថិជន ក៏ដូចជាការរួមគ្នាការពារភាពរឹងមាំវិស័យអចលនវត្ថុនៅកម្ពុជា។ ក្នុងករណីដែលអ្នកទិញ បានទិញគម្រោងណាមួយមានបញ្ហា វានឹងនាំឱ្យមានផលប៉ះពាល់ដល់វិស័យអចលនវត្ថុនៅកម្ពុជា៕